សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

មេដឹកនាំអាស៊ានសម្រេចឯកភាពគ្នាលើ៥ចំណុច ដោយជំរុញឱ្យបញ្ចប់អំពើហិង្សានៅមីយ៉ាន់ម៉ា

មេដឹកនាំអាស៊ានបានជួបគ្នាកាលពីថ្ងៃសៅរ៍នៅទីក្រុងហ្សាកាតា សម្រាប់កិច្ចប្រជុំកំពូលពិសេសមួយ ដើម្បីដោះស្រាយអំពើហិង្សាក្រោយរដ្ឋប្រហារនៅមីយ៉ាន់ម៉ា។ រូបថតបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
មេដឹកនាំអាស៊ានបានជួបគ្នាកាលពីថ្ងៃសៅរ៍នៅទីក្រុងហ្សាកាតា សម្រាប់កិច្ចប្រជុំកំពូលពិសេសមួយ ដើម្បីដោះស្រាយអំពើហិង្សាក្រោយរដ្ឋប្រហារនៅមីយ៉ាន់ម៉ា។ រូបថតបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

មេដឹកនាំនិងអ្នកតំណាងប្រទេសជាសមាជិកអាស៊ានបានឈានដល់ការឯកភាពគ្នាជា ឯកច្ឆន្ទលើ៥ចំណុចកាលពីថ្ងៃសៅរ៍ ដើម្បីដោះស្រាយស្ថានការណ៍ក្រោយរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ា ដោយជំរុញឱ្យបញ្ឈប់អំពើហិង្សាជាបន្ទាន់នៅក្នុងប្រទេសនេះ។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី១ ក្នុងទម្រង់ជាការចូលរួមដោយផ្ទាល់ចាប់តាំង ពីការរាតត្បាតជំងឺកូវីដ-១៩បានផ្ទុះឡើង មេដឹកនាំអាស៊ានបានជួបគ្នាសម្រាប់កិច្ចប្រជុំពិសេសមួយ នៅទីក្រុងហ្សាកាតាជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា គឺឧត្តមសេនីយ៍ Min Aung Hlaing ដើម្បីពិភាក្សាពីលទ្ធភាពនៃការស្វែងរកដំណោះស្រាយវិបត្តិនយោ បាយដែលកំពុងបន្តកើតមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា។

លោក Min Aung Hlaing ជាប្រមុខកងទ័ពជាតិបានដឹកនាំធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ដើម្បីទម្លាក់មេដឹកនាំស៊ីវិលដែលបានជាប់ឆ្នោតនៅប្រទេសនេះ និងបានដាក់ប្រទេសនេះ ឲ្យស្ថិតក្រោមការគ្រប់គ្រងដោយកងកម្លាំងយោធាជាថ្មី។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំដែលកាន់អំ ណាចយូរជាងគេបំផុតនៅលើពិភពលោកបានថ្លែងតាមរយៈសារដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីកិច្ចប្រជុំកំពូលនេះថា ប្រទេសកម្ពុជានឹងត្រៀមខ្លួនជួយអាស៊ានក្នុងការបន្ធូរបន្ថយស្ថានការណ៍នៅមីយ៉ាន់ម៉ា។

លោក ហ៊ុន សែន បានសរសេរថា៖ «ប្រមុខដឹកនាំអាស៊ានបានគូសបញ្ជាក់ពីសារៈសំខាន់នៃតម្រូវការស្តារឡើងវិញឲ្យបានឆាប់នូវបរិយាកាសស្ថិរភាពនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីសុខុមាលភាពរបស់ប្រជាជន»

លោកបានបន្ថែមថា មេដឹកនាំនៃប្លុកក្នុងតំបន់បានបោះជំហានសំខាន់ៗ ដើម្បីបន្ធូរបន្ថយភាពតានតឹងនិងជំរុញកិច្ចសន្ទនានៅក្នុងប្រទេសនោះ។

ជាមួយគ្នានេះដែរ លោក  ហ៊ុន សែន បានថ្លែងបញ្ជាក់ជាថ្មីថា ប្រទេសកម្ពុជាប្រកាន់ខ្ជាប់គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិក ជាគោលការណ៍មួយ ដែលអ្នករិះគន់អះអាងថា ធ្វើឲ្យមេដឹកនាំតំបន់អាស៊ីអាគ្នេយ៍មើលរំលងការរំ លោភសិទ្ធិ ដូចជាករណីដែលប្រព្រឹត្តឡើយដោយយោធាមីយ៉ាន់ម៉ា។

យោងតាមក្រុមសង្គមស៊ីវិលមីយ៉ាន់ម៉ាបានឲ្យដឹងថា ចាប់តាំងពីមានរដ្ឋប្រហារ កង កម្លាំងសន្តិសុខបានចាប់ខ្លួនក្រុមអ្នកតវ៉ាដោយសន្តិវិធីជាង៤.០០០នាក់ ដែលជាង ៣.០០០នាក់ក្នុងចំណោមនោះកំពុងជាប់ឃុំនៅឡើយ។ សមាជិកយោធានិងប៉ូលីស បានសម្លាប់មនុស្សប្រមាណជាង៧០០នាក់ ដែលតវ៉ានឹងការផ្តួលរំលំរដ្ឋប្រជាធិបតេយ្យរបស់ពួកគេ។ កម្លាំងសន្តិសុខក៏បានសម្លាប់អ្នកឈរមើលនិងកុមាររួមទាំងក្មេងខ្លះអាយុត្រឹម៥ឆ្នាំផងដែរ។

ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte និងនាយករដ្ឋមន្រ្តីឡាវលោក Phankham Viphavanh មិនបានចូលរួមក្នុងកិច្ចប្រជុំនេះទេ។ លោកនាយករដ្ឋមន្រ្តីថៃ Prayuth Chan-o-Cha ដែលបានដឹកនាំរដ្ឋប្រហារយោធាកាលពីឆ្នាំ២០១៤និងក្រោយ មកបានក្លាយជាមេដឹកនាំយោធានោះ ក៏មិនបានចូលរួមប្រជុំដែរ។

បន្ទាប់ពីជំនួបកំពូលនេះ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo បានបញ្ចេញ មតិយោបល់មួយចំនួនជាពិសេសទៅលើផ្នែកយោធា។ ក្រៅពីការលើកឡើងពីបរិយា កាសទូទៅនៃអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា ប្រធានាធិបតីឥណ្ឌូនេស៊ីបានជំរុញឱ្យក្រុមយោធាខ្លួនឯងបញ្ឈប់ការប្រើអំពើហិង្សានិងដោះលែងអ្នកទោសនយោបាយ។

ការមូលមតិគ្នាជាឯកច្ឆន្ទរបស់អាស៊ានទាំង៥ចំណុចនោះរួមមាន ទី១ ការបញ្ឈប់រាល់អំពើហិង្សាជាបន្ទាន់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវរក្សាការអត់ធ្មត់ខ្ពស់បំផុត។ ទី២ កិច្ចសន្ទនាប្រកបដោយការស្ថាបនារវាងភាគីពាក់ព័ន្ធដើម្បីផលប្រយោជន៍របស់ប្រជាជន។ទី៣ ការចាត់តាំងប្រេសិតពិសេសរបស់អាស៊ាន ដើម្បីសម្របសម្រួលដំណើរការកិច្ច សន្ទនាដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទី៤ ផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ាន។ ទី៥ ទស្សនកិច្ចរបស់ប្រេសិតពិសេសនៅមីយ៉ាន់ម៉ា ដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

លោកបណ្ឌិត Sasa អ្នកនាំពាក្យរបស់រដ្ឋាភិបាលឯកភាពជាតិ ដែលគាំទ្រដោយជន ស៊ីវិលនិងជារដ្ឋមន្រ្តីសហភាពសហប្រតិបត្ដិការអន្ដរជាតិបានស្វាគមន៍មតិឯកឆន្ទរបស់អាស៊ានក្នុងសេចក្ដីថ្លែងការណ៍ក្រោយកិច្ចប្រជុំកំពូលនេះ។

លោក Sasaបានសរសេរថា៖ «យើងទន្ទឹងរង់ចាំការចូលរួមរបស់អគ្គលេខាធិការអាស៊ានដែលត្រូវបានតម្រូវដោយកិច្ចប្រជុំនេះ»។ ដោយបន្ថែមថា សមាជិករដ្ឋាភិបាលស៊ីវិល «ពេញចិត្តនឹងពាក្យសំដីខ្លាំងៗរបស់ប្រធានាធិបតី Widodoរបស់ប្រទេសឥណ្ឌូនេស៊ី ដែលអំពាវនាវឱ្យមានការដោះលែងវីរៈបុរសរបស់យើង»

លោក Sasa បានសរសេរថា៖ « យើងទន្ទឹងរងចាំវិធានការណ៍ម៉ឺងម៉ាត់របស់អាស៊ាន ដើម្បីពិនិត្យបន្ថែមលើការសម្រេចចិត្តរបស់ខ្លួន និងដើម្បីស្តារលទ្ធិប្រជាធិបតេយ្យរបស់យើង និងសេរីភាពសម្រាប់ប្រជាជនរបស់យើងនិងក្នុងតំបន់»

អង្គការសង្គមស៊ីវិលនៅប្រទេសក្នុងតំបន់អាស៊ានបានទាមទារឲ្យរបបយោធាភូមាបញ្ឈប់ការកាប់សម្លាប់ជនស៊ីវិល ស្របពេលធ្វើយុទ្ធនាការទាមទារឲ្យរដ្ឋជាសមាជិកនៃប្លុកនេះ បដិសេធមិនទទួលស្គាល់ឧត្តមសេនីយ៍យោធា ជាមេដឹកនាំស្របច្បាប់របស់ប្រទេសមីយ៉ាន់ម៉ា។

ក្រៅពីអំពើហិង្សានៅតាមទីប្រជុំជនក្នុងក្រុង យោធាមីយ៉ាន់ម៉ាក៏បានប្រើយន្ដហោះចម្បាំងដើម្បីទម្លាក់គ្រាប់លើជនស៊ីវិលនៅក្នុងតំបន់ជនជាតិដើមភាគតិច រួមទាំងរដ្ឋការ៉ែនផងដែរ ដែលបណ្តាលឱ្យមានអ្នកស្លាប់និងរបួសជាច្រើន។ ប្រជាជនជាង៨ម៉ឺននាក់នៅរដ្ឋការ៉ែន កាឈិន និងរដ្ឋសាន ត្រូវបានគេរាយការណ៍ថា បានផ្លាស់ទីលំនៅ។

លោក Aung Shin អ្នកកាសែតក្នុងស្រុកមកពីប្រទេសមីយ៉ាន់ម៉ា បានប្រាប់ខេមបូចាតាមរយៈសារហ្វេសប៊ុកថា អាស៊ានបានខកខានមិនបានលើកឡើងចំៗអំពីពលរដ្ឋដែលត្រូវបានសម្លាប់យ៉ាងឃោរឃៅដោយយោធាទេ។

លោកបាននិយាយថា៖ «យើងព្រួយបារម្ភថា លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាននឹងផ្តល់ពេលវេលានិងឱកាសបន្ថែមទៀតដល់របបយោធា ដើម្បីគ្រប់គ្រងយូរជាងនេះ»ដោយលោកបានបន្ថែមថា មេដឹកនាំទាំងអស់មិនគួរ «ព្រងើយកន្តើយនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដោយរបបយោធានេះទេ»

លោក Aung Shin បានសរសេរថាទៀតថា៖ «យើងចង់បាននិងរំពឹងថា  នឹងមានសម្ពាធបន្ថែមទៀតទៅលើរបបយោធា។ បើមិនដូច្នេះទេ គ្មានឱកាសស្តារលទ្ធិប្រជាធិបតេយ្យឡើង វិញទេ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ At Saturday summit, ASEAN leaders reach five-point consensus urging an end to violence in Myanmar

498 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម