យុវជន ធែល ធីលែន ដែលចេញមុខរិះគន់ការផ្ដល់បណ្ណស្នាក់នៅអចិន្រ្តៃយ៍ និងប្រឆាំងការបង្កើតដេប៉ាតឺម៉ង់វៀតណាម នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីគាត់ចាកចេញពីកិច្ចប្រជុំនៅសាលាក្រុងភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ។ នេះបើតាមការបញ្ជាក់ពីលោក អ៊ំ ឆុម សមាជិកនៃក្រុមយុវជន។
លោក អ៊ំ ឆុម អាយុ ៣៥ឆ្នាំ ជាសមាជិកនៃក្រុមយុវជន ដែលដាក់ញត្តិប្រឆាំងការផ្ដល់បណ្ណស្នាក់នៅអចិន្រ្តៃយ៍ និងការបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាម អះអាងថា សមាជិករបស់ខ្លួន គឺលោក ធែល ធីលែន ត្រូវបានជនស្លៀកពាក់ស៊ីវិលជាច្រើននាក់ ចាប់ខ្លួនវាយខ្នោះដាក់ឡាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាមួយសាលាក្រុងភ្នំពេញទាក់ទងនឹងការធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ។
លោកថ្លែងថា៖ «គេចាប់ខ្លួនគាត់នៅម៉ោងប្រមាណ១១ព្រឹកនៅខាងមុខសាលាក្រុងភ្នំពេញ គឺសាហាវមែនទែនដូចពលពតអ៊ីចឹង សង្កត់កគាត់ហើយវាយខ្នោះ។ ហើយនៅពេលខ្ញុំទាញទូរសព្ទថតចាប់ដោយទាំងខ្ញុំទៀត»។
លោក ឆុម សន្មតថា ការចាប់ខ្លួនលោកធីលែនភ្លាមៗបែបនេះ គឺជាការរៀបចំហើយទាក់ទងនឹងបញ្ហាដែលក្រុមលោក រិះគន់ការផ្ដល់បណ្ណស្នាក់នៅអចិន្រ្តៃយ៍ដល់ជនបរទេស និងការបង្កើតដេប៉ាតឺមង់ភាសាវៀតណាម។
លោកអះអាងយ៉ាងដូច្នេះថា៖ «តាមខ្ញុំគិតគឺជាការរៀបចំរបស់គេ ដែលគេលាបពណ៌ ឬដាក់គំនាប។ ការចាប់ខ្លួននេះ គឺវាពាក់ព័ន្ធនឹងរឿង២ ទីមួយរឿងដែលយើងកំពុងតែធ្វើនេះគឹធ្វើបាតុកម្មបញ្ឈប់ដេប៉ាតឺម៉ង់ភាសាវៀតណាមនៅកម្ពុជា ក៏ដូចជាបណ្ណស្នាក់នៅអចិន្រ្តៃយ៍។ រឿងទី២ គាត់ធ្លាប់មានវិវាទដីធ្លីជាមួយបុគ្គលម្នាក់នៅខេត្តកណ្ដាល ហើយរឿងហ្នឹងកើតឡើងតាំងពីឆ្នាំ២០២០»។
សម្រាប់លោក ឆុម យល់ឃើញថា ប្រសិនបើលោកធីលែន មានទោសកំហុសទាក់ទងនឹងរឿងដីធ្លីពិតមែន អាជ្ញាធរគួរមានដីកាចាប់ខ្លួនពីតុលាការ មិនមែនចាប់នៅតាមផ្លូវដូចពិរុទ្ធជនកំឡុងពេលដែលក្រុមលោកកំពុងធ្វើការតវ៉ាដូច្នេះទេ។
លោកបញ្ជាក់ថា៖ «ការចាប់ខ្លួននេះមិនមានដីកា ពួកគាត់ស្លៀកពាក់ស៊ីវិល ហើយគាត់មកចាប់យើងក្រៀកដូចអ្នកទោសសម្លាប់មនុស្សចឹង»។
លោក ឆុម ដាក់ការសង្ស័យថា សាលាក្រុងភ្នំពេញប្រាកដជាបានដឹងរឿងនេះជាមុន ត្បិតថានៅពេលប្រជុំចប់ មន្រ្តីនៅសាលាក្រុងព្យាយាមដេញសមាជិកផ្សេងទៀតចេញក្រៅ ដោយទុកតែលោក ធីលែន តែម្នាក់ក្នុងបន្ទប់ប្រជុំ។
លោកឆុមនិយាយថា៖ «រឿងនេះជាគម្រោង ហើយសាលារាជធានីក៏ដឹងរឿងនេះដែរ ព្រោះព្រឹកមិញនេះគាត់ព្យាយាមដេញពួកខ្ញុំឱ្យមកមុន ទុកតែលោកធីលែនម្នាក់ទេ តែពួកខ្ញុំមានការសង្ស័យ ពួកខ្ញុំអត់ចេញទេ គ្រាន់តែចេញផុតពីក្លោងទ្វារ ពួកគាត់ធ្វើសកម្មភាពលោក ធីលែន តែម្ដង»។
សមាជិកម្នាក់ទៀត គឺលោក អន រតនា លើកឡើងស្រដៀងគ្នាថា សមត្ថកិច្ចបានចាប់ខ្លួនលោក ធែល ធីលែន នៅខាងមុខសាលាក្រុងភ្នំពេញ ប៉ុន្តែលោកមិនប្រាកដថាចាប់ពីបទចោទអ្វីឡើយ ដោយសារតែអ្នកដែលមកចាប់ខ្លួនគឺជាជនស៊ីវិល និងមិនមានដីកា។
លោក រតនា ឱ្យដឹងថា៖ «យើងមិនដឹងច្បាស់ថាគេចាប់ពីបទអ្វី ក៏ប៉ុន្តែវាស្របពេលដែលលោក ធីលែន ចេញមុខតវ៉ាសម្ដែងមតិឈឺឆ្អាលបញ្ហាសង្គម ហើយក៏មានការចាប់ខ្លួន ចឹងរឿងវាពាក់ព័ន្ធគ្នា»។
លោក រតនា សម្ដែងការមិនពេញចិត្ត ចំពោះចំណាត់ការសមត្ថកិច្ច ចុះមកចាប់ខ្លួនលោក ធីលែន កណ្ដាលផ្លូវ ព្រោះប្រសិនបើទាក់ទងនឹងបទល្មើសណាមួយ អាជ្ញាធរគួរបង្ហាញដីកា និងកោះហៅទៅសាកសួរជាមុនសិន។
ជុំវិញបញ្ហានេះ លោក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ថ្លែងថា ពិតជាមានការចាប់ខ្លួន យុវជន ធែល ធីលែន ប៉ុន្តែលោកមិនបានបញ្ជាក់បីបទអ្វីឡើយ។
ចំណែកលោក ឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ខេត្តកណ្ដាល បញ្ជាក់ថា សមត្ថកិច្ចបានចុះចាប់ខ្លួនលោក ធែល ធីលែន តាមដីកាបង្គាប់របស់តុលាការខេត្តកណ្ដាល និងបានបញ្ជូនខ្លួនទៅតុលាការហើយ។ ប៉ុន្តែលោក ម៉េងធី មិនបានបញ្ជាក់ពីបទចោទអ្វីឡើយ ដោយបង្វែរសំណួរទៅអ្នកនាំពាក្យតុលាការខេត្តកណ្ដាល។
លោកថា៖ «ខ្ញុំអនុវត្តទៅតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់តុលាការ ចឹងបងអាចសួរទៅខាងអ្នកនាំពាក្យតុលាការបន្ថែមបាន»។
អ្នកនាំពាក្យតុលាការខេត្តកណ្ដាល លោក ឯក ស៊ុនរស្មី ឆ្លើយថា លោកមិនទាន់ទទួលបានព័ត៌មានលម្អិតឡើយ។
លោកថា៖ «ខ្ញុំអត់ទាន់បានទទួលព័ត៌មានផង ពីព្រោះខ្ញុំកំពុងរវល់ស្វែងរកភស្ដុតាងបទល្មើសព្រហ្មទណ្ឌមួយ»។
យ៉ាងណាមិញលោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការ លីកាដូ មានប្រសាសន៍ថា យុវជន ធែល ធីលែន ត្រូវបានតុលាការដំបូងខេត្តកណ្ដាលចេញដីកាចាប់ខ្លួនតាំងពីឆ្នាំ២០២១ ពីបទលួចលក់អចលនទ្រព្យអ្នកដទៃ។
លោកថ្លែងថា៖ «គេឃាត់ទៅតាមដីកាបស់សាលាដំបូងខេត្តកណ្ដាល ដីកាបង្កាប់ឱ្យឃាត់ខ្លួនហើយរឿងហ្នឹងតាំងពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ហើយដីកាបង្គាប់តាំងពីថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០២១»។
លោក សំអាត ចាត់ទុកថា ការចាប់ខ្លួនយុវជនរូបនេះ គឺជាការគំរាមកំហែងចំពោះការនិយាយពីបញ្ហាសង្គម ពិសេសការតវ៉ារឿងដេប៉ាតឺម៉ងភាសាវៀតណាម និងការតវ៉ារឿងបណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេស។
លោកបន្ថែមថា៖ «បើផ្អែកទៅលើដីកា គេចេញតាំងពីឆ្នាំ២០២១ ចឹងធ្វើឱ្យមានគេសង្ស័យថា ការចាប់ខ្លួននេះ ជាការគំរាម បំផិតបំភ័យការចូលរួមសកម្ម និងក្រុមយុវជន ព្រោះមួយឆ្នាំជាងហើយហេតុអ្វីមិនចាប់ខ្លួន? ស្រាប់តែពេលដែលគាត់មានសកម្មការងារសង្គម បែរទៅជាមានការចាប់ខ្លួនទៅវិញ?»។
គួរជម្រាបជូនថា លោក ធែល ធីលែន ជាយុវជនមួយរូបរស់នៅខេត្តសៀមរាប ថ្មីៗនេះ លោកបានចេញមុខសម្ដែងមតិរិះគន់ និងដាក់ញត្តិឱ្យក្រសួងមហាផ្ទៃបញ្ឈប់ការផ្ដល់បណ្ណស្នាក់នៅអចិន្រ្តៃយ៍ដល់ជនបរទេស និងប្រឆាំងការដាក់បញ្ចូលដេប៉ាតឺម៉ង់ភាសាវៀតណាម។
ដោយឡែក កាលពីថ្ងៃ៣០ ខែកញ្ញា កន្លងទៅ រូបលោកក៏បានទៅដាក់ញតិ្តនៅសាលាក្រុងភ្នំពេញ ដើម្បីស្នើសុំការប្រមូលផ្ដុំទ្រង់ទ្រាយធំនៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី៧ ខែតុលា ដើម្បីសម្ដែងមតិជុំវិញបញ្ហាខាងលើ៕