សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សមត្ថកិច្ចចាប់ខ្លួនអគ្គនាយករដ្ឋបាលបក្សកម្លាំងជាតិពាក់ព័ន្ធនឹងបទញុះញង់

លោក ជិន ប៊ុណ្ណារ័ត្ន ក្នុងកម្មវិធីរបស់គណបក្សកម្លាំងជាតិកាលពីពេលកន្លងទៅ។ រូប(ភាព៖ ទំព័រហ្វេសប៊ុកគណបក្សកម្លាំងជាតិខេត្តកំពត)
លោក ជិន ប៊ុណ្ណារ័ត្ន ក្នុងកម្មវិធីរបស់គណបក្សកម្លាំងជាតិកាលពីពេលកន្លងទៅ។ រូប(ភាព៖ ទំព័រហ្វេសប៊ុកគណបក្សកម្លាំងជាតិខេត្តកំពត)

សាច់ញាតិអះអាងថា អាជ្ញាធរក្រុងភ្នំពេញ បានចាប់ខ្លួនអគ្គនាយករដ្ឋបាលបក្សកម្លាំងជាតិ លោក ជិន ប៊ុណ្ណារ័ត្ន ពាក់ព័ន្ធនឹងបទ​ចោទ​«ញុះញង់»​។ ​មន្រ្តីបក្សនេះ បញ្ជាក់ថា ចាប់តាំងពីការបង្កើតគណបក្សបានរយៈពេលជិត១ឆ្នាំមកនេះ មានមន្រ្តីនិងថ្នាក់ដឹកនាំចំនួន៩រូបហើយដែលត្រូវសមត្ថកិច្ចចាប់ខ្លួន។

គណបក្សកម្លាំងជាតិ បានថ្លែងថា កាលពីថ្ងៃចន្ទ សមត្ថកិច្ចបានចាប់ខ្លួនមន្រ្តីជាន់ខ្ពស់របស់ខ្លួន លោក ជិន​ ប៊ុណ្ណារ័ត្ន ក្នុងភូមិសាស្រ្តខណ្ឌមានជ័យ រាជធានីភ្នំពេញ។  

ចំណែក ភរិយារបស់លោក ប៊ុណ្ណារ័ត្ន គឺអ្នកស្រី ស៊ីវ សុភា ប្រាប់ថា អ្នកភូមិបានប្រទះឃើញ ប្ដីរបស់អ្នកស្រី ត្រូវបានសមត្ថកិច្ចស្លៀកស៊ីវិលជិះម៉ូតូ៥គ្រឿង និងរថយន្តម៉ាកព្រូស (Prius) មួយគ្រឿងមកចាប់ខ្លួន ដោយគ្រៀកចូលរថយន្តព្រូសនៅចម្ងាយ៥០ម៉ែត្រពីផ្ទះ ក្នុងភូមិខ្នាត សង្កាត់ស្ទឹងមានជ័យ។

ភរិយាវ័យ៣៥ឆ្នាំរូបនេះ បន្តថា អ្នកស្រីមិនបានដឹងអំពីមូលហេតុនៃការចាប់ខ្លួនប្ដីរបស់ខ្លួននេះទេ។

អ្នកស្រីនិយាយថា៖«វាដូចជាអយុត្តិធម៌ ខ្ញុំទទួលយកអត់បានទេ ព្រោះមកចាប់មនុស្សស្ដែងៗចឹង ទាំងអត់មានអីទាំងអស់ ហើយស្លៀកស៊ីវិលមិនពាក់ឯកសណ្ឋាន ហើយចាប់ញាត់មនុស្សចូលយកៗ ដូចវាហួសហេតុ ទទួលយកអត់បានទេ»

បន្ទាប់ពីទទួលបានដំណឹងក្រៅផ្លូវការ ថាប្ដីរបស់ខ្លួន​ត្រូវបានបញ្ជូនទៅពន្ធនាគារ អ្នកស្រី សុភា និងសាច់ញាតិ នៅរសៀលថ្ងៃចន្ទទី៣ ខែកញ្ញា ក៏បានទៅជួប លោក ប៊ុណ្ណារ័ត្ន នៅឯមណ្ឌលអប់រំកែប្រែម១។ អ្នកស្រី អះអាងថា លោក ប៊ុណ្ណារ័ត្ន បានប្រាប់ថា លោក ត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់» ពាក់ព័ន្ធនឹងការចែករំលែកលើបណ្ដាញសង្គមហ្វេសប៊ុក។

លោកមេធាវី ជូង ជូងី មានប្រសាសន៍ថា ករណីរបស់លោក ប៊ុណ្ណារ័ត្ន មានជាប់ទាក់ទិននឹងសំណុំរឿងលោក ស្រ៊ុន ស្រ៊ន ដោយពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណរួមគ្នារវាងកម្ពុជា ឡាវ និងវៀតណា (CLV)។

តែទោះជាយ៉ាងណាក៏ដោយ មេធាវីរូបនេះ បានបដិសេធក្នុងការផ្ដល់ព័ត៌មានបន្ថែម ក្រោមហេតុផលថា មានការរឹតត្បឹតនូវការបញ្ចេញមតិ។ 

លោក បញ្ជាក់ថា៖ «ពាក់ព័ន្ធនឹង CLV ជាមួយនឹង ស្រ៊ុន​ ស្រ៊ន។ ចឹងប៊ុណ្ណារ័ត្នហ្នឹង ពាក់ព័ន្ធនឹងសំណុំរឿងជាមួយគ្នាហ្នឹង»។

បក្សកម្លាំងជាតិ បានអំពាវនាវរដ្ឋាភិបាលកម្ពុជាដោះលែងមន្រ្តីរបស់ខ្លួនវិញ ​​ដោយឥតលក្ខខណ្ឌ ព្រមទាំងបើកលំហសេរីភាពនយោបាយដែលជាដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ បក្សប្រឆាំងនេះ ក៏បានសម្ដែងការសោកស្ដាយ និងចាត់ទុកការចាប់ខ្លួន លោក ជិន ប៊ុណ្ណារ័ត្ន ថា ជាការគំរាមកំហែង បំភិតបំភ័យ និងជាការធ្វើទុក្ខបុកម្នេញយ៉ាងធ្ងន់ធ្ងរមកលើគណបក្ស។

អ្នកនាំពាក្យបក្សកម្លាំងជាតិ លោក ជា មុនី មានប្រសាសន៍ថា ការចាប់ខ្លួនសកម្មជនសង្គមនិងសកម្មជននយោបាយរបស់សមត្ថកិច្ច​ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ មិនមានការបង្ហាញដីកាឡើយ។

លោក និយាយថា៖«ការចាប់ខ្លួនទាំងឡាយដែលធ្វើឡើងដូចផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ

 ដែល​បានចែងថា ការចាប់ខ្លួនត្រូវតែបង្ហាញពីឯកសារ​ ការចាប់ខ្លួនត្រូវតែមានសម្លៀកបំពាក់ជាឯកសណ្ឋានជាប៉ូលិស ឬជាទាហាន ឬសមត្ថកិច្ចអីមួយច្បាស់លាស់ មិនមែនមកធ្វើឆូងឆាំងចឹងទេ»។

បើតាមលោក ជា មុនី សមាជិករបស់គណបក្សកម្លាំងជាតិដែលត្រូវបានចាប់ខ្លួន ជាបន្តបន្ទាប់ភាគច្រើនជាថ្នាក់ដឹកនាំបក្ស មានដូចជា លោក ស៊ុន ចន្ធី ប្រធានគណបក្ស លោក អ៊ុំ វីរៈរដ្ឋ​​អគ្គហេរញ្ញិក និងលោក ជិន ប៊ុណ្ណារ័ត្ន អគ្គនាយករដ្ឋបាលជាដើម។

បើតាមការបញ្ជាក់របស់លោក រ៉ុង ឈុន ទីប្រឹក្សាបក្សកម្លាំងជាតិ ឱ្យដឹងថា មន្រ្តី និងថ្នាក់ដឹកនាំបក្សចំនួន៩នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន​ ចាប់តាំងពីការបង្កើតគណបក្សបានជិតមួយឆ្នាំនេះ។

អធិការនគរបាលខណ្ឌមានជ័យ លោក អ៊ុក បូនីន ប្រាប់ ខេមបូចា ឱ្យសួរទៅកាន់ លោក ប៊ុន សុសិក្ខា ស្នងការរងទទួលផែនការងារសន្តិសុខនៅស្នងការនគរបាលរាជធានីភ្នំពេញ។

លោកនិយាយថា៖ «ទៅសួរនាំខាងគេទៅ បានគេមានដីកាគេដឹង ពួកខ្ញុំមិនមែនជាអ្នកអនុវត្តទេ ទៅសួរអ្នកអនុវត្តបានគាត់ដឹង»

តែលោក ប៊ុន សុសិក្ខា ស្នងការរងទទួលផែនការងារសន្តិសុខនៃស្នងការនគរបាលរាជធានីភ្នំពេញ ប្រាប់ ខេមបូចា ឱ្យសួរទៅកាន់អ្នកនាំពាក្យនគរបាលរាជធានីភ្នំពេញជំនួសវិញ។

លោក សំ វិច្ឆិកា អ្នកនាំពាក្យនគរបាលក្រុងភ្នំពេញ​ ខលចូលតែមិនមានអ្នកទទួល និងផ្ញើសំណួរតាមតេឡេក្រាមមិនមានអ្នកចូលមើល។ ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ បានប្រាប់ ខេមបូចា ឱ្យសួរទៅកាន់ អ្នកនាំពាក្យនគរបាលក្រុងភ្នំពេញវិញ។ លោក ស ថេត អគ្គស្នងការនគរបាលជាតិ ខលចូលតែមិនមានអ្នកទទួលទេ។

លោក ឆាយ គឹមឃឿន អ្នកនាំពាក្យនគរបាលជាតិ ថ្លែងប្រាប់ខេមបូចា តាមរយៈប្រព័ន្ធតេលេក្រាម ថា ការចាប់ខ្លួន លោក ប៊ុណ្ណារ័ត្ន ជាការអនុវត្តតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបទចោទ«ញុះញង់បង្ក​ឲ្យមានភាពវឹកវរធ្ងន់ធ្ងរ​ដល់​សន្តិសុខសង្គម»។

លោកបន្តថា៖ «មកដល់ពេលនេះ តុលាការចេញសាលក្រមឃុំខ្លួននៅមណ្ឌលកែប្រែម១»។

លោក ខៀវ សុភ័គ និងលោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ខលចូលតែមិនមានអ្នកទទួល និងផ្ញើសំណួរតាមតេឡេក្រាមមិនមានអ្នកចូលមើលផងដែរ។

​លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បដិសេធក្នុងការផ្ដល់អត្ថាធិប្បាយ ដោយថា ជារៀងរាល់ថ្ងៃ មានមនុស្សត្រូវចាប់ឃុំខ្លួនជាច្រើននាក់ លោកមិនចាំឈ្មោះទេ។ លោកប្រាប់ ខេមបូចា ឱ្យសួរទៅកាន់តុលាការក្រុងភ្នំពេញ​វិញ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ និងលោក សួស វិទ្យារ៉ាន់ឌី ខលចូលតែមិនមានអ្នកទទួល និងផ្ញើសំណួរតាមតេឡេក្រាមក៏មិនមានការឆ្លើយតបផងដែរ។

នាយក​ប្រតិបត្តិអង្គការសិទ្ធិមនុស្សលីកាដូ​ លោក អំ សំអាត ថ្លែងថា សមត្ថកិច្ចត្រូវបង្ហាញដីកានិងប្រាប់អំពីមូលហេតុនៃការចាប់ខ្លួន ដើម្បីចៀសវាងសាច់ញាតិជនសង្ស័យមានការព្រួយ​បារម្ភ​។

លោកបានបញ្ជាក់ថា៖ «ទោះបីបទល្មើសជាក់ស្ដែង បទល្មើសមិនជាក់ស្ដែង គឺប្រាប់អំពីមូលហេតុ ហើយផ្ដល់ដំណឹងសម្រាប់ពួកគេ អំពីមូលហេតុនៃការចាប់ខ្លួន ឬក៏បទល្មើសក្នុងការចាប់ខ្លួនហ្នឹងដើម្បីឱ្យបានដឹង វាជាការលើកឡើងដោយផ្លូវច្បាប់ ជាពិសេស គឺក្រមនីតិវិធីព្រហ្មទណ្ឌ»

យោងតាមដីការបស់សាលាដំបូងខេត្តរតនគិរី ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣​ ហើយទើបតែបែកធ្លាយកាលពីថ្ងៃអង្គារទី៣ ខែកញ្ញា ឱ្យដឹងថា លោក សាយ គួហាវ ចៅក្រមស៊ើបសួរសាលា​ដំបូងខេត្តរតនគិរី បានបង្គាប់ឱ្យចាប់ខ្លួនលោក មាជ សុវណ្ណារ៉ា ពាក់ព័ន្ធនឹងបទចោទ «ញុះញង់ឱ្យមានការរើសអើង» តាមបញ្ញត្តិមាត្រា ៤៩៤ និង៤៩៦ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះ គឺបានប្រព្រឹត្តក្នុងភូមិសាស្រ្តខេត្តរតនគិរី កាលពីថ្ងៃទី៣១ ខែសីហា។

ឆ្លើយតបចំពោះដីកាចាប់ខ្លួននេះ លោក មាជ សុវណ្ណារ៉ា បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ថា ចំណាត់ការរបស់តុលាការ ហាក់សន្មត់ទុកជាមុនថា លោក មានទោសរួចជាស្រេច។

លោក ចាត់ទុកថា ទង្វើនេះ បានប៉ះពាល់ដល់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌សម្រាប់​លោក ដោយសារតំណាងអយ្យការ និងចៅក្រមស៊ើបសួរ មិនដែលចេញដីកាកោះហៅ និងដីកាបង្គាប់ឱ្យលោកចូលខ្លួនម្ដងទេ។

លោកបន្ថែមថា៖ «ចំណាត់ការបែបនេះ បានប៉ះពាល់ដល់សិទ្ធិនៃការជំនុំជម្រះដោយយុត្តិធម៌ លើសពីនេះទៀតតំណាងអយ្យការមិនដែលចេញដីកាកោះ ក៏ដូចជាចៅក្រមស៊ើបសួរមិនដែលចេញដីកាបង្គាប់ឲ្យចូលខ្លួនសូម្បីតែម្តង»

236 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម