សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សមត្ថកិច្ចចាប់ខ្លួនអគ្គហេរញ្ញិកបក្សប្រឆាំងមួយរូបពាក់ព័ន្ធសំណុំរឿងរួមគំនិតក្បត់

ប្រធានគណបក្សកម្លាំងជាតិ និងសមាជិក លើកស្លាកគណបក្សកម្លាំងជាតិ ស្រុកបារាយណ៍ ស្ថិតនៅឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។
ប្រធានគណបក្សកម្លាំងជាតិ និងសមាជិក លើកស្លាកគណបក្សកម្លាំងជាតិ ស្រុកបារាយណ៍ ស្ថិតនៅឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

សមត្ថកិច្ចក្រុងភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍នេះ បានឃាត់ខ្លួនអគ្គហេរញ្ញិកគណបក្សកម្លាំងជាតិ លោក អ៊ុំ វីរៈរដ្ឋ​ ពាក់ព័ន្ធនឹងសំណុំរឿង «រួមគំនិតក្បត់» តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ​ខេត្តកំពង់ស្ពឺ។ 

អ្នក​នាំ​ពាក្យ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សំ វិច្ឆិកា មានប្រសាសន៍ថា ប៉ូលិស​បានធ្វើការឃាត់ខ្លួន​ លោក វីរៈរដ្ឋ ក្នុងភូមិសាស្រ្តខណ្ឌមានជ័យ រាជធានីភ្នំពេញ តាមអំណាច​សាល​ក្រម​របស់​ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តកំពង់ស្ពឺ ដែលចេញថ្ងៃទី២៧ ខែមីនា។

ជុំវិញសំណុំរឿងនេះ លោក វិច្ឆិកា អះអាងថា ជាប់ពាក់ព័ន្ធនឹងសកម្មភាពរបស់លោក វីរៈរដ្ឋ ដែលធ្វើឡើងតាមបណ្ដាញសង្គម ហើយបង្កប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គមដែលបានប្រព្រឹត្តទៅកាលពីអំឡុងខែសីហា ឆ្នាំ២០១៩ រហូតមក​ដល់​បច្ចុប្បន្ន។

លោកបញ្ជាប់ថា៖ «ឃាត់ខ្លួនម្នាក់ [លោក អ៊ុំ វីរៈរដ្ឋ] ជាបេក្ខជនតំណាងរាស្រ្ត [ព្រឹទ្ធសភា] គណបក្សកម្លាំងជាតិ»។

លោកបន្ថែមថា ការចាប់ខ្លួនមន្រ្តីបក្សប្រឆាំងនេះ គឺជាសំណុំរឿងព្រហ្មទណ្ឌ ហើយមិនជាប់​ពាក់ព័ន្ធ​នឹងករណីនយោបាយនោះទេ។ លោកបន្តថា នៅរសៀលនេះ សម្ថកិច្ចកំពុងរៀបចំ​បញ្ជូន​លោក​ វីរៈរដ្ឋ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់វិធានការបន្ត។

នៅល្ងាចថ្ងៃសៅរ៍នេះ គណបក្សកម្លាំងជាតិបានចេញសេចក្ដីថ្លែងការណ៍មួយ ដោយ​សម្ដែង​ការសោកស្ដាយចំពោះការចាប់ខ្លួន លោក អ៊ុំ​ វីរៈរដ្ឋ។ បក្សកម្លាំងជាតិ បានចាត់ទុក​ការ​ចាប់​ខ្លួន​នេះជាការបំភិតបំភ័យ និងគំរាមកំហែងផ្នែកនយោបាយ ហើយបានអំពាវនាវ ឱ្យតុលាការ​ខេត្តកំពង់ស្ពឺទម្លាក់បទចោទប្រកាន់ និងដោះលែង លោក អ៊ុំ វីរៈរដ្ឋ ដោយឥតលក្ខខណ្ឌ។

ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោក សម សាមួន មិនអាចទំនាក់ទំនងបានទេ។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ លោក រ៉ា លីសួន មានប្រសាសន៍ថា សំណុំ​រឿង​នេះស្ថិតនៅសាលាដំបូងខេត្ត ខណៈអ្នកនាំពាក្យសាលាដំបូង លោក ផេង ស៊ីភ័ណ ខល​ចូល​​មិនមានអ្នកទទួល និងលោក បឿន ប៊ុនណា មិនអាចទាក់ទងបាន។

ប្រធានសមាគមអាដហុក លោក នី សុខា យល់ថា ការចាប់ខ្លួនមន្រ្តីបក្សប្រឆាំងនឹងនាំឱ្យ​បរិយាកាសនយោបាយនៅកម្ពុជាកាន់តែអួអាប់ ខណៈ លោក វីរៈរដ្ឋ បានរស់នៅ និង​ធ្វើ​សកម្មភាពក្នុងស្រុកជាធម្មតា ហើយសំណុំរឿងនេះបានកើតឡើងតាំងពីឆ្នាំ២០១៩។

លោក និយាយថា៖ «យើងគួរតែដោះស្រាយតាមរបៀបការ​សម្របសម្រួល​ខាងផ្លូវ​នយោបាយ​។ កុំឱ្យរូបភាពហ្នឹងគេមើលឃើញថា វាកាន់តែធ្វើឱ្យបរិយាកាសនយោបាយ​កាន់តែអួអាប់ ទៅៗ​​​ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍប្រទេសជាតិយើងចឹងទៅ»។

អនុប្រធានគណបក្សកម្លាំងជាតិ លោក ជា មុនី បានសម្ដែងការសោកស្ដាយ​ចំពោះការ​ចាប់​ខ្លួន​​​មន្រ្តីបក្សរបស់ខ្លួន។

លោកនិយាយថា៖ «ការចាប់ខ្លួនអគ្គហេរញ្ញិកគណបក្សកម្លាំងជាតិ ក្នុងសំណុំរឿង​ឆ្នាំ​២០១៩​នេះ សម្រាប់ខ្ញុំ ខ្ញុំមានការសោកស្ដាយដោយសារតែអ្នកខ្លះ មានការចុះចូលរួចខ្លួន អ្នកខ្លះ​ទៀត​​មិន​មានការចុះចូល ធ្វើការរិះគន់ដើម្បីស្ថាបនា ដើម្បីជាតិខ្មែរទាំងអស់គ្នា ទៅជា​រឿង​ប្រឆាំង»។

កាលពីខែមករា មានមន្ត្រីគណបក្ស​ភ្លើងទៀនចំនួន៤រូប​ត្រូវបានចាប់ខ្លួន​ពីបទ​ប្រើប្រាស់​លិខិត​ក្លែង​​ដើម្បីចុះ​បញ្ជី​ឈ្មោះ​ប្រជាជន​ដោយគ្មានការយល់ព្រមពីពួកគេ ដើម្បីដាក់ជា​បេក្ខជន​បម្រុង​​​សម្រាប់​មុខ​តំណែង​​ក្រុមប្រឹក្សា។

បើតាមរបាយការណ៍ពីអគ្គលេខាធិការបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ បានឱ្យដឹងថា គិតត្រឹមពាក់កណ្ដាលខែមករា មានសមាជិកបក្សភ្លើងទៀនចំនួន១០នាក់ ត្រូវបានចាប់ខ្លួន និង​ជាប់ពន្ធនាគារ ឬជាប់ឃុំក្នុង​រយៈពេលជិត២ឆ្នាំនេះ ខណៈមួយចំនួនទៀតបាន​រត់គេចខ្លួច​ទៅក្រៅប្រទេស៕

805 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម