អាជ្ញាធរកម្ពុជាចាប់ផ្តើមត្រួតពិនិត្យអ្នកដំណើរទូទាំងប្រទេស រួមទាំងមានការពិនិត្យសីតុណ្ហភាពលើរាងកាយផង ខណៈការឆ្លងវីរុសកូវីដ១៩ ក្នុងសហគមន៍ទាក់ទងនឹងព្រឹត្តិការណ៍២០ កុម្ភៈ កើនដល់ជិត៥៥០ករណី។
ការពិនិត្យសីតុណ្ហភាពរាងកាយត្រូវធ្វើបានឡើង ខណៈការរាលដាលវីរុសកូវីដ១៩ ក្នុងសហគមន៍ មាននៅខេត្តផ្សេងក្រៅពីនៅភ្នំពេញ និងខេត្តកណ្ដាល ដូចជានៅខេត្តព្រះសីហនុ កោះកុង កំពង់ធំ កំពង់ស្ពឺ និងព្រៃវែង។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថាការវាស់កម្ដៅនេះគឺធ្វើឡើងលើអ្នកដំណើរដែលធ្វើដំណើរចេញពីខេត្តមួយទៅខេត្តមួយទៀត។
លោកមានប្រសាសន៍ថា៖ «ក្មួយឯងទៅខេត្តមណ្ឌលគិរី គេនឹងវាស់ [កម្ដៅក្មួយ] ហើយបើក្មួយទៅខេត្តបាត់ដំបង គេក៏វាស់កម្ដៅរបស់ក្មួយដែរ»។ យ៉ាងណា លោកបានបដិសេធធ្វើអត្ថាធិប្បាយលម្អិត។
អាការៈក្ដៅខ្លួនគ្រាន់តែជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាផ្សេងទៀត ដែលបញ្ជាក់ថាមានឆ្លងវីរុសកូវីដ១៩ ហើយវីរុសនេះអាចសម្ងំបានរហូតដល់១៤ថ្ងៃ មុនចេញរោគសញ្ញាផ្សេងៗ ថាអ្នកណាម្នាក់មានផ្ទុកវីរុសនេះ។
អភិបាលរងខេត្តសៀមរាប លោក លី សំរិទ្ធិ បញ្ជាក់ថាអាជ្ញាធរមូលដ្ឋានបានរៀនចំប៉ុស្តិ៍ត្រួតពិនិត្យស្រដៀងគ្នានេះសម្រាប់អ្នកដំណើរចូលខេត្តសៀមរាប និងលើកលែងតែរថយន្តដឹកទំនិញ។
លោកបន្ថែមថា៖ «យើងមានការព្រួយបារម្ភថាមនុស្សមួយចំនួនមានផ្ទុកវីរុសនេះចូលមកក្នុងខេត្តសៀមរាប»។
អភិបាលខេត្ត កណ្ដាល លោក គង់ សោភ័ណ្ឌ បានបញ្ជាឲ្យបិទបណ្ដោះអាសន្នកាស៊ីណូចំនួនប្រាំ និងសណ្ឋាគារមួយក្នុងឃុំសំពៅពូន ក្នុងស្រុកកោះធំ បន្ទាប់ពីមានមនុស្សតេស្តវិជ្ជមានវីរុសកូវីដ១៩ លើជនបរទេសប្រាំនាក់។
លោកឲ្យដឹងថា៖ «យើងបានបិទកន្លែងខ្លះនៅជ្រៃធំ ដែលជាប់ពាក់ព័ន្ធនឹងសណ្ឋាគារមួយ និងកាស៊ីណូ»។
លោក គង់ សោភ័ណ្ឌ ឲ្យដឹងទៀតថាមានមនុស្សប្រហែល៦ ០០០នាក់កំពុងធ្វើចត្តាឡីស័កក្នុងពេលបច្ចុប្បន្ននេះ និងថាក្រុមការងារកំពុងតាមដាន និងធ្វើតេស្តសំណាករកកូវីដ១៩។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន មានប្រសាសន៍ថាប៉ុស្តិ៍ត្រួតពិនិត្យទាំងនោះធ្វើឡើងដើម្បីការពារអ្នកមានធ្វើដំណើរ និងចម្លងវីរុសទៅអ្នកផ្សេង។
លោកបន្ថែមថា៖ «យើងបារម្ភថាអ្នកដែលគ្មានជំងឺ នឹងជួបជាមួយអ្នកមានជំងឺ»។ យ៉ាងណា លោកបានបដិសេធផ្ដល់ព័ត៌មានលម្អិតផ្សេងទៀត ទាក់ទងនឹងវិធានការបញ្ឈប់ការរាលដាលក្នុងសហគមន៍នេះ។
អភិបាលរងខេត្តព្រៃវែង លោក ចាន់ ថា មានប្រសាសន៍ថាមានមនុស្សចំនួន១២នាក់តេស្តវិជ្ជមានវីរុសកូវីដ១៩ ក្នុងស្រុកពាមរោទិ៍ និងថាមនុស្សចំនួន២៦១នាក់បានជាប់ពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក។ លោកថា សាលារៀននៅក្នុងស្រុកនោះក៏បានបិទផងដែរ។
លោក អំពាវនាវឲ្យប្រជាពលរដ្ឋទៅធ្វើតេស្តកូវីដ១៩ ឬនៅធ្វើចត្តាឡីស័ក ដើម្បីជួយការពារការរាលដាលវីរុសកូវីដ១៩។
លោកមានប្រសាសន៍ថា៖ «យើងអំពាវនាវឲ្យប្រជាពលរដ្ឋដែលរស់នៅទីនេះកុំចេញទៅក្រៅ ហើយប្រជាពលរដ្ឋផ្សេងកុំចូលក្នុងតំបន់នេះ»។
បើតាមក្រសួងសុខាភិបាលនៅថ្ងៃអង្គារ មានករណីឆ្លងវីរុសកូវីដ១៩ថ្មីទាក់ទងនឹងព្រឹត្តិការណ៍២០ កុម្ភៈ ចំនួន៤៨ករណី ធ្វើឲ្យចំនួនឆ្លងក្នុងសហគន៍ឡើងដល់៥៤៩ករណី និងចំនួនអ្នកឆ្លងសរុបគិតតាំងពីឆ្នាំមុនមកមានដល់១ ០៦០ករណី។
គិតត្រឹថ្ងៃទី៨ ខែមីនា អ្នកទទួលបានវ៉ាក់សាំងបង្ការកូវីដ១៩ យ៉ាងហោចណាស់បានចាក់លើកទីមួយ មានចំនួន៧៧ ៩៦៣នាក់ ហើយសម្រាប់ក្រសួងការពារជាតិវិញអះអាងថា ត្រឹមថ្ងៃសៅរ៍ មានកងកម្លាំងប្រដាប់អាវុធចំនួន៩៦ ០៨០នាក់ បានចាក់វ៉ាក់សាំង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីរសៀលថ្ងៃអង្គារ បានបញ្ជាឲ្យក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ រៀបចំអនុក្រឹត្យមួយដែលអាចអនុញ្ញាតឲ្យរដ្ឋបូជាសពអ្នកស្លាប់ដោយជំងឺកូវីដ១៩។
លោកមានប្រសាសន៍ថា៖ «កាលពីមុន យើងមិនបានគិតអំពីរឿងនេះទេព្រោះតែស្ថានការណ៍មិនធ្ងន់ធ្ងរ ប៉ុន្តែឥឡូវនេះយើងជឿថាវាជាបញ្ហាធ្ងន់ធ្ងរ ដូចនេះយើងមិនអាចបាត់បង់ការគ្រប់គ្រងបានទេ»។
លោកបន្ថែមថា៖ «យើងត្រូវតែកំណត់ថាអ្នកដែលស្លាប់ដោយសារកូវីដ១៩ ត្រូវតែបូជា។ ត្រង់ចំណុចនេះ វាអាចយល់បានថាមិនមែនជាប្រពៃណីរបស់ជនជាតិខ្លះនោះទេ ដែលត្រូវបូជានោះ ក្នុងករណីនេះយើងត្រូវតែធ្វើដូចនេះ»។
ចំនួនមនុស្សតិចតួចដែលនឹងអនុញ្ញាតឲ្យចូលរួមពិធីបុណ្យសព ហើយកន្លែងបូជាសពក៏ត្រូវនៅឆ្ងាយពីកន្លែងមនុស្សរស់នៅ។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃចន្ទ បានស្នើឲ្យស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនបន្ថយចំនួនបុគ្គលិកមកធ្វើការយ៉ាងតិចរយៈពេលមួយសប្ដាហ៍ និងអនុញ្ញាតឲ្យអ្នកទាំងនោះធ្វើការពីផ្ទះ។ លោកមានប្រសាសន៍ថាកងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ ទីផ្សារ និងកម្មកររោងចក្រត្រូវនៅបន្តធ្វើការជាធម្មតា។
លោកបញ្ជាក់ថា៖ «មានការឆ្លងដល់មន្ត្រីនគរបាលជាតិ មន្ត្រីស៊ីវិល និងសិល្បករ-សិល្បការនី»។ ដោយលោបន្ថែមថា៖ «ដូចនេះគ្រប់ស្ថានប័នមិនត្រូវបិទទាំងស្រុងទេ តែត្រូវបន្ថយចំនួនមនុស្សយ៉ាងតិច៩០ភាគរយ»។
លោក ក៏បានស្នើឲ្យព្រឹទ្ធសភា អនុម័តបន្ទាន់លើសេចក្ដីព្រាងច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ផងដែរ ដែលសេចក្ដីព្រាងច្បាប់នេះត្រូវបានរដ្ឋសភាអនុម័តរួចហើយកាលពីថ្ងៃសុក្រ។
(រាយការណ៍ដោយ ឃី សុវុឌ្ឍី ឃួន ណារីម និងស៊ន សារ៉ាត)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Authorities checking travelers’ body temperatures at provincial checkpoints