សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

សមត្ថកិច្ចបង្ក្រាបជនល្មើស និងសង្គ្រោះ​ជនរងគ្រោះ​ពាក់ព័ន្ធនឹងអំពើ​​ជួញដូរមនុស្សបានយ៉ាងហោចណាស់១៧សញ្ជាតិកន្លងមក

អ្នកចូលរួមសិក្ខាសាលាស្តីពី«ការយល់ដឹងពីការប៉ះទង្គិចផ្លូវចិត្តដល់កុមាររងគ្រោះដោយការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ» នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)
អ្នកចូលរួមសិក្ខាសាលាស្តីពី«ការយល់ដឹងពីការប៉ះទង្គិចផ្លូវចិត្តដល់កុមាររងគ្រោះដោយការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ» នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានលើកឡើងថា សមត្ថកិច្ចបានបង្ក្រាបជនល្មើសពាក់ព័ន្ធនឹងអំពើជួយដូរមនុស្ស និងសង្គ្រោះបាន​ជនរងគ្រោះកន្លងមក យ៉ាងហោចណាស់១៧សញ្ជាតិ ក្នុងនោះភាគច្រើនជាជនជាតិចិន និងទី២គឺជនជាតិវៀតណាម។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុ​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស បានលើកឡើងនៅក្នុងសិក្ខាសាលាស្តីពី«ការយល់ដឹងពីការប៉ះទង្គិចផ្លូវចិត្តដល់កុមាររងគ្រោះដោយការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធ​អនឡាញ» នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ថា ការបង្ក្រាបនោះ យ៉ាងហោចណាស់មាន១៧សញ្ជាតិ ដែលមានចម្រុះជាតិសាសន៍ ប៉ុន្តែសួរថា តើនរណាជាមេខ្លោង គ្មាននរណាហ៊ានប្រាប់ថានរណាជាមេខ្លោង ហើយយើងក៏មិនដឹងថា នរណាជាមេខ្លោងដែរ ហើយបើសិនសមត្ថកិច្ចបង្ក្រាបបានមេខ្លោង គឺល្អហើយ ប៉ុន្តែខណៈនោះ លោកស្រីក៏មិនបានបង្ហាញពីតួលេខនៃជនល្មើសដែលបង្ក្រាប និងជនរងគ្រោះដែលសង្គ្រោះបាននោះដែរ​។

លោកស្រី ប៊ុនអេង ថ្លែងថា៖ «បទល្មើសឃើញផ្ទាល់នឹងភ្នែក ដែលហៅថាបទល្មើសជាក់ស្តែង ហ្នឹងយើងចាប់ យើងឃាត់ខ្លួន រឺយើងសង្គ្រោះយក ដែលហៅថាយកជនរងគ្រោះមកកំណត់​អត្តសញ្ញាណ រឺមួយផ្តល់សេវា»។ លោកស្រីបន្តថា៖ «ប៉ុន្តែសួរថា តើប៉ុន្មាននាក់ទៀតដែលគេមិនបានឆ្លើយការពិតប្រាប់យើងដែលនៅក្នុងនោះ ជាជនល្មើស រឺជនរងគ្រោះ ប៉ុន្តែបើយើងដាក់ទោសគេ តើដាក់ដោយរបៀបណា បើគ្មានភស្តុតាង ហើយបើគិតថាគាត់ជាជនរងគ្រោះ តើច្បាស់ទេគាត់ជាជនរងគ្រោះ នេះជារឿងស្មុគស្មាញនៅក្នុងបទល្មើសបែបនេះ»

លោកស្រីបន្ថែមទៀតថា កុំមើលតែកម្ពុជា ឃើញទេប៉ុន្មានថ្ងៃនេះ នៅប្រទេសថៃ ឬតាមព្រំដែនថៃ-ភូមា ការបង្ក្រាបអ្នកប្រព្រឹត្តអំពើជួញដូរមនុស្សបានរាប់ពាន់នាក់ ហើយលោកស្រីបានប្រៀបធៀបការបង្ក្រាបអំពើជួញដូរមនុស្សនេះ ហាក់ដូចជាសំបុកអង្ក្រងអ៊ីចឹង នៅពេលកកូរកកាយ តើអង្ក្រងប៉ុន្មានដែលរត់រួច ហើយទៅពួនផ្តុំនៅកន្លែងផ្សេងទៀត។

ក្នុងពេលថ្មីៗនេះ នគរបាលជាតិ​កម្ពុជា​បាន​ឆ្មក់​ចូល​ឆែកឆេរពីរទីតាំង​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ និង​បាន​រក​ឃើញ​ជនបរទេស​ចំនួន ២៣០ នាក់ ក្នុង​នោះ​មាន​ស្ត្រី ៦៨ នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ។

ការបង្រ្កាបរយៈពេលពីរថ្ងៃគឺថ្ងៃទី២២ និង២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេលជាង៣ខែ និងបានរកឃើញជនបរទេសដែលក្នុងនោះ ១២៣នាក់ជាជនជាតិថៃ។ ពួកគេ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​សាកសួរ។

ប៉ូលិសបាននិយាយកាលពីថ្ងៃចន្ទថា៖ «ជនបរទេសទាំងនោះកំពុងសំងំលាក់ខ្លួនលួចលាក់ធ្វើប្រតិបត្តិការអនឡាញខុសច្បាប់ ​ដោយមានមេក្លោងជាជនជាតិចិន» ប៉ូលិសបន្តថា អ្នកបោកប្រាស់ត្រូវបានគេចោទប្រកាន់ថារស់នៅ «រស់នៅធម្មតា» និង«ស្ម័គ្រចិត្ត» ទទួលយកការងារខុសច្បាប់។

ប៉ូលិសបានលើកឡើងទៀតថា នគរបាលជាតិកម្ពុជានឹងស្នើសុំកិច្ចសហការជាមួយនគរបាលថៃ ដើម្បីបន្តនីតិវិធីច្បាប់ពាក់ព័ន្ធនឹងជនជាតិថៃ ក៏ដូចជាការចាប់ខ្លួនជនសង្ស័យផ្សេងទៀត៕​

103 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម