ធ្វើបច្ចុប្បន្នភាពព័ត៌មាន៖ រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យគណបក្សកម្លាំងជាតិរៀបចំសមាជរបស់ខ្លួនដែលមានអ្នកចូលរួមប្រមាណ៤០០នាក់ នៅឯទីស្នាក់ការប្រចាំរាជធានីភ្នំពេញឡើយ ក្រោមហេតុផលថា រក្សាសណ្ដាប់ធ្នាប់សាធារណៈ។
តែទោះជាយ៉ាងណាក៏ដោយ មន្រ្តីជាន់ខ្ពស់របស់បក្សកម្លាំងជាតិ អះអាងថា គណបក្សនៅតែប្រកាន់ជំហរយ៉ាងរឹងមាំក្នុងការរៀបចំសមាជដដែល ដែលនឹងប្រារព្ធឡើងនៅថ្ងៃអាទិត្យទី២៥ ខែសីហា ឆ្នាំ២០២៤នេះ។
យោងតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលជម្រាបមកប្រធានស្ដីទីបក្សកម្លាំងជាតិ លោក ជា មុនី ចុះថ្ងៃទី២០ ខែសីហា បានស្នើឱ្យបក្សកម្លាំងជាតិ ពន្យាពេលក្នុងការរៀបចំសមាជវិសាមញ្ញរបស់ខ្លួន ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៥ ខែសីហា ខាងមុខ។
លិខិតដដែលបានសង្កត់ធ្ងន់ថា ប្រសិនបើបក្សកម្លាំងជាតិនៅតែរៀបចំសមាជធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់ និងមិនគោរពតាមស្មារតីនៃអង្គប្រជុំកាលពីថ្ងៃទី២០ ខែសីហានោះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
កាលពីចុងសប្ដាហ៍មុនរហូតដល់ថ្ងៃទី២១ ខែសីហានេះ អាជ្ញាធរបានចាប់ខ្លួនសកម្មជននយោបាយ សិទ្ធិមនុស្ស និងយុវជនជាង២០នាក់ នៅមុនពេលដែលមានគម្រោងជួបជុំគ្នាមួយនៅថ្ងៃទី១៨ ខែសីហា ដើម្បីប្រឆាំងនឹងកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) នៅរាជធានីភ្នំពេញ ។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក កើត ឆែ ថ្លែងប្រាប់ ខេមបូចា ឱ្យដកស្រង់ព័ត៌មានចេញពីកំណត់ហេតុនៃអង្គប្រជុំដែលមានសមាសភាពចូលរួមពីអាជ្ញាធរក្រុង និងតំណាងបក្សកម្លាំងជាតិ។
ខ្លឹមសារនៃកំណត់ហេតុស្ដីពីកិច្ចពិភាក្សា ឱ្យដឹងថា ក្រោយពីការពិភាក្សា អង្គប្រជុំបានសម្រេច មិនអនុញ្ញាតឱ្យបក្សកម្លាំងជាតិធ្វើសមាជដោយមានការប្រមូលផ្ដុំគ្នាបានទេ ដោយសារស្ថានភាពក្នុងរាជធានីភ្នំពេញ មានការប្រមូលផ្ដុំប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល ដែលសមត្ថកិច្ចពុំអាចការពារសន្តិសុខនៅពេលធ្វើសមាជក្នុងរាជធានីភ្នំពេញបានឡើយ។
ទន្ទឹមនេះ ក៏មានការស្នើឱ្យបក្សកម្លាំងជាតិធ្វើការពន្យាពេលនៃការរៀបចំសមាជ រហូតដល់ស្ថានការណ៍ត្រឡប់ទៅកាន់ភាពល្អប្រសើរ រួមទាំងណែនាំគណបក្សឱ្យដាក់លិខិតស្នើសុំធ្វើសមាជម្ដងទៀត នៅក្រោយថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានសម្ដែងការសោកស្ដាយជុំវិញករណីនេះ។ លោក និយាយថា៖ «អ្វីដែលយើងសោកស្ដាយទៅជាអាជ្ញាធររាជធានីមិនអនុញ្ញាត ហើយជំហរបស់គណបក្សកម្លាំងជាតិ យើងនៅតែទទូច ហើយប្រកាន់ជំហរធ្វើការរៀបចំ ដែលរៀបចំទៅតាមការគ្រោងទុករបស់យើង»។
បើទោះបីជាសាលាក្រុង មិនអនុញ្ញាតក្ដី លោក ឈុន ថា បក្សកម្លាំងជាតិនៅតែប្រកាន់ជំហរក្នុងការរៀបចំសមាជ ដោយសំអាងថា អ្នកចូលរួមមានចំនួនតិច ដែលមិនបង្កឱ្យប៉ះពាល់ដល់សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គមឡើយ។
លោកបញ្ជាក់ថា៖ «ពីព្រោះយើងនៅតែគិតថា គ្មានអ្វីដែលកើតឡើង វាអត់មានអីដែលត្រូវប៉ះពាល់ដល់សុខសុវត្ថិភាព សណ្ដាប់ធ្នាប់នៅរាជធានីភ្នំពេញ»។
លោក អះអាងថា នៅលើបណ្ដាញសង្គមកន្លងមក លោកសង្កេតឃើញមានតែក្រុមពលរដ្ឋដែលចង់ឱ្យរដ្ឋាភិបាលយកខេត្តបួនក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ វៀតណាម មកអភិវឌ្ឍដោយខ្លួនឯង ហើយមិនមានក្រុមណាចង់ផ្ដួលរំលំរដ្ឋាភិបាលទេ។
បើតាមលោក រ៉ុង ឈុន ការធ្វើសមាជនេះ ដើម្បីជ្រើសរើសមេដឹកនាំថ្មីរបស់គណបក្ស បន្ទាប់ពីប្រធានបក្សត្រូវបានចាប់ខ្លួនកាលពីខែឧសភា ឆ្នាំនេះ និងបន្ថែមនូវសមាជិកគណៈកម្មការនាយកមួយចំនួនផងដែរ។
លោក ផុន សុភា សមាជិកគណៈកម្មការនាយកបក្សកម្លាំងជាតិ និងជាប្រធានប្រតិបត្តិគណបក្សនៅខេត្តកណ្ដាល ថ្លែងថា លោកនឹងមកចូលរួមសមាជនៅថ្ងៃអាទិត្យនេះ ដោយអះអាងថា បក្សរបស់លោកដើរតាមគោលការណ៍ប្រជាធិបតេយ្យ ដោយមិនមានគោលដៅអ្វីផ្សេងពីនេះនោះទេ។
លោកលើកឡើងថា៖ «គណបក្សរបស់យើងប្រកាន់ជំហរលទ្ធិប្រជាធិបតេយ្យ យើងអត់មានគោលដៅអីផ្សេងក្រៅពីហ្នឹងទេ ចឹងយើងអត់មានទៅរអៀសខ្លួន ឬពាក់ព័ន្ធជាមួយនឹងនរណាអីផ្សេងទេ»។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា យល់ថា ប្រជាពលរដ្ឋក៏ដូចជាអ្នកនយោបាយនៅតែអាចអនុវត្តសិទ្ធិរបស់ខ្លួនបានតាមច្បាប់ លុះត្រាតែមានសេចក្ដីណែនាំពីរដ្ឋាភិបាលពាក់ព័ន្ធនឹងការរឹតបន្តឹងសន្តិសុខ។
លោកថ្លែងថា៖ «អ្វីដែលជាការលើកឡើង ជាការសម្រេចដោយសាលាក្រុងក្ដី អាជ្ញាធរនៅមូលដ្ឋានក្ដី ខ្ញុំគិតថា ដូចជាមិនមានការផ្អែកទៅលើគោលការណ៍ច្បាប់ ឬគោលការណ៍ណែនាំពីរដ្ឋាភិបាលឱ្យបានច្បាស់លាស់យើងមិនទាន់ឃើញមាន»។
លោកចាត់ទុកការ មិនអនុញ្ញាតឱ្យបក្សនយោបាយរៀបចំសមាជរបស់ខ្លួន ជាការរំលោភសិទ្ធិរបស់គេ ដែលបានធានាដោយច្បាប់។ លោក អះអាងទៀតថា ប្រសិនបើការរៀបចំសមាជធ្វើឡើងនៅទីស្នាក់ការបក្ស ឬទីតាំងឯកជន អាចនឹងគ្មានគោលការណ៍ត្រូវសុំការអនុញ្ញាតពីអាជ្ញាធរនោះទេ។
កាលពីថ្ងៃទី១២ ខែសីហា សាលារាជធានីភ្នំពេញ ក៏បានចេញលិខិតមួយ ដោយមិនអនុញ្ញាតឱ្យបក្សកម្លាំងជាតិ រៀបចំសមាជរបស់ខ្លួននៅឯទីលានប្រជាធិបតេយ្យផងដែរ ក្រោមហេតុផលថា ទីលានប្រជាធិបតេយ្យជាទីតាំងសម្រាប់ធ្វើការបញ្ចេញមតិជាសាធារណៈប៉ុណ្ណោះ ពុំមែនជាទីកន្លែងសម្រាប់គណបក្សនយោបាយណាមួយរៀបចំធ្វើសមាជឡើយ៕
ធ្វើបច្ចុប្បន្នភាពព័ត៌មាននៅវេលាម៉ោង១១ និង១៥នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤៖ គណបក្សកម្លាំងជាតិនៅព្រឹកថ្ងៃទី២២ ខែសីហា នេះ បានចេញសេចក្ដីប្រកាសមួយ ដោយសម្រេចពន្យាពេលក្នុងការរៀបចំសមាជ ដែលគ្រោងធ្វើឡើងនៅថ្ងៃអាទិត្យនេះ ទៅប្រារព្ធនៅពេលក្រោយ តែមិនទាន់កំណត់ពេលវេលាជាក់លាក់នៅឡើយទេ។