អាជ្ញាធរតម្រូវឱ្យពលរដ្ឋរស់នៅលើទូកចាកចេញពីទីតាំងចាស់ ក្រោមវិធានការរឹតបន្តឹងសន្តិសុខក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញនៅក្នុងសប្តាហ៍នេះ។
ប្រជានេសាទខ្មែរឥស្លាមទាំងក្មេងចាស់ប្រុសស្រីរាប់រយនាក់បានផ្លាស់ទីពីក្បែរសណ្ឋាគារសុខាភ្នំពេញទៅចតទូកចម្ងាយប្រមាណជាង៥រយម៉ែត្រពីសណ្ឋាគារនោះ។ ទូកខ្លះត្រូវអូសចូលគុម្ពត្រែង ខ្លះទៀតត្រូវចល័តទៅកណ្ដាលទន្លេគេចឱ្យផុតពីភ្នែករបស់អ្នកចូលរួមប្រជុំនៅក្នុងសណ្ឋាគារ។
បុរសអ្នកនេសាទម្នាក់ពាក់មួកពណ៌ប្រផេះ ពាក់អាវដៃខ្លីពណ៍ស ស្លៀកខោជើងវែងពណ៌ស្វាយ លោក ឡោះ អាលី កំពុងអង្គុយផ្ទាល់ដី ដៃកាន់ថ្នាំលាបទូករបស់លោកយ៉ាងផ្ចិតផ្ចង់។ អាលី ប្រាប់ថា អ្នកភូមិបានរើអីវ៉ាន់ចាកចេញពីទីតាំងចាស់តាំងពីល្ងាចថ្ងៃទី២៨ ខែកក្កដា គឺបន្ទាប់ពីអាជ្ញាធរប្រាប់ឱ្យចាកចេញ។ លោកបន្ថែមថា អាជ្ញាធរតែងតែជម្លៀសពលរដ្ឋចេញនៅពេលមានកិច្ចប្រជុំធំៗម្ដងៗ។
លោក អាលី ប្រាប់ថា៖ «រាល់ដងនៅនេះឱ្យតែមានកិច្ចប្រជុំថ្នាក់ជាតិធំៗអីហ្នឹង ខាងសមត្ថកិច្ចឱ្យពួកខ្ញុំរើចេញចៀសពីមុខគេបន្តិចទៅ ប៉ុន្តែលើកនេះគេឱ្យចេញឱ្យឆ្ងាយព្រោះខាងបរទេសច្រើនគេមក»។
លោកបន្តថា ការផ្លាស់ទីលើកនេះបង្កក្ដីបារម្មណ៍ខុសពីលើកមុនៗដោយសារតែស្ថានភាពអាសកាសធាតុមិនសូវល្អ។
លោក អាលី ឱ្យដឹងទៀតថា៖ «បើភ្លៀងមកខ្លាំងមែនបោះយុទ្ធការណ៍អត់ជាប់ទេ។ ឆ្នាំមុនមានគេប្រជុំគេឱ្យយើងចេញពីទីតាំងចាស់ ភ្លៀងខ្លាំងខ្យល់ខ្លាំងលិចទូកព្រាត ក្មេងៗហែលទឹកឡើងគោកសឹងមិនចង់ទាន់។ លើកនេះយើងផ្លាស់ទីមកចំមុខខ្យល់ធំផង ខ្ញុំពិតជាបារម្មណ៍ណាស់»។
ប្រជានេសាទម្នាក់ទៀត លោក រ៉ូត អ៊ីសា លើកឡើងថា អាជ្ញាធរឱ្យពលរដ្ឋចេញឆ្ងាយពីទីតាំងចាស់ ដោយសារបញ្ហាសន្តិសុខនិងមុខមាត់របស់ប្រទេស។
លោក អ៊ីសា ថ្លែងថា៖ «យើងនៅលើទូកលើអីហ្នឹងមើលទៅដូចជាមិនសម ទើបអាជ្ញាធរឱ្យពួកយើងចេញ កុំឱ្យគេឃើញខ្មាស់គេ។ ពលរដ្ឋពួកខ្ញុំយល់ពីបញ្ហាអស់ហ្នឹងនាំគ្នាចេញមកមិនមានការថ្នាំងថ្នាក់អីទេ»។
ទោះជាយ៉ាងណា លោកមានការព្រួយបារម្មណ៍ចំពោះសុវត្ថិភាពកូនៗដែរពេលដែលផ្លាស់ពីទីតាំងចាស់។
លោក អ៊ីសា បន្ថែមថា៖ «យើងផ្លាស់មកនៅចំផ្លូវខ្យល់ បើខ្យល់ល្មមៗមិនជាបញ្ហាទេ ព្រោះយើងនៅនឹងទន្លេស្រាប់ប៉ុន្តែបើមានភ្លៀងខ្យល់ខ្លាំងគឺភ័យដែរ ព្រោះខ្ញុំមានកូនតូចអ៊ីចឹងត្រូវប្រយ័ត្ន»។
ទោះបីជាអាជ្ញាធរជម្លៀសអ្នកនៅលើទូកចេញឆ្ងាយពីទីតាំងប្រជុំប៉ុន្តែសាឡង់បូមខ្សាច់ធំៗនៅដំណើរដឹកខ្សាច់នៅលើផ្ទៃទន្លេចតុមុខដដែលនាព្រឹកថ្ងៃទី០១សីហាឆ្នាំ២០២២។
នៅផ្នែកខាងលើគោកជិតសណ្ឋាគារសុខាឯណោះវិញ កងកម្លាំងរាប់រយនាក់ ត្រូវបានដាក់ពង្រាយនិងយាមកាមឃ្លាំមើលគ្រប់ច្រកល្ហក។ ហាងកាហ្វេ ហាងគុយទាវ តូបលក់អីវ៉ាន់ តាមដើមឈើជុំវិញសណ្ឋាគារ សុទ្ធតែកម្លាំងសមត្ថកិច្ចខ្លះស្លៀកឯកសណ្ឋាននិងខ្លះទៀតស្លៀកពាក់ស៊ីវិល។
ម្ចាស់ហាងកាហ្វេមួយសុំមិនបង្ហាញឈ្មោះបានប្រាប់ថា ភ្ញៀវរបស់គាត់ចាប់ផ្ដើមខ្សត់នៅពេលអាជ្ញាធរបង្កើនកម្លាំងយាមកាមការពារព្រឹត្តិការណ៍ប្រជុំអាស៊ាននេះ។
អ្នកស្រីអះអាងថា៖ «តាំងពីថ្ងៃសុក្រ ហាងខ្ញុំលក់អត់បានទេព្រោះក្មេងៗម៉ូយៗមិនហ៊ានចូលព្រោះឃើញសុទ្ធតែប៉ូលិស ប៉េអឹម។ ថ្ងៃនេះ(ថ្ងៃទី១សីហា)លក់បានដែរតែបានតិច ឧបមាថារាល់ថ្ងៃលក់បានមួយរយកែវតែប៉ុន្មានថ្ងៃនេះលក់បាន៣០ទៅ៤០កែវអីហ្នឹងអស់ហើយ។
ខេមបូចាមិនអាចទាក់ទងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី និង អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង ដើម្បីសម្ភាសន៍បន្ថែមជុំវិញករណីនេះ។
យ៉ាងណាមិញ រដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន សរសេរក្នុងទំព័រហ្វេសប៊ុកផ្លូវការ ដោយអំពាវនាវឱ្យពលរដ្ឋយោគយល់ចំពោះការកកស្ទះចរាចរណ៍និងកិច្ចការរៀបចំទទួលភ្ងៀវ។
លោក ប្រាក់ សុខុន មានប្រសាសន៍ថា៖ «យើងស្នើសុំការយោគយល់ពីបងប្អូនកូនក្មួយនៅភ្នំពេញទាំងអស់ ចំពោះការកកស្ទះចរាចរណ៍ និងការរៀបចំបដិសណ្ឋារកិច្ចនានា។ កាតព្វកិច្ចម្តងក្នុងមួយទស្សវត្សរ៍នេះ នឹងក្លាយជាសមិទ្ធផលដ៏សំខាន់មួយទៀតសម្រាប់កម្ពុជាក្នុងនាមសមាជិកអាស៊ាន»។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានប្រព្រឹត្តិទៅសណ្ឋាគារសុខាភ្នំពេញ ចាប់ពីថ្ងៃទី31 ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា។ ព្រឹត្តិការណ៍នេះមានកម្មវិធីប្រជុំដ៏ច្រើនរួមមាន កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (AMM) សន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ាន (PMC) កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបី (23rd APT FMM) កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ីបូព៌ាលើកទី១២ (12th EAS FMM) ព្រមទាំងវេទិកានិងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត។
ក្រសួងការបរទេសកម្ពុជារំពឹងថា អ្នកកាទូត អ្នកសារព័ត៌មាន និងភ្ញៀវបរទេសរាប់ពាន់នាក់នឹងមានវត្តមានជាបន្តបន្ទាប់នៅកម្ពុជា។
អគ្គស្នងការរងនិងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន មានប្រសាសន៍ថា អគ្គស្នងការនគរបាលជាតិបានកសាងផែនការនិងដាក់ចេញការងារប្រតិបត្តិដើម្បីការពារព្រឹត្តិការណ៍នេះដោយគោលបំណងការពារឱ្យបានដាច់ខាតនូវសន្តិសុខបុគ្គល សុវត្ថិភាពគណៈប្រតិភូដែលមកបំពេញបេសកម្មក្នុងកិច្ចប្រជុំ។ ប៉ុន្តែលោកមិនអាចប្រាប់ពីចំនួនកងកម្លាំងដែលត្រូវដាក់ពង្រាយបាននោះទេ។
លោក គឹមខឿន ថ្លែងថា៖ «បងមិនអាចជម្រាបពីការងារលម្អិតបានថាយើងដាក់កម្លាំងប៉ុន្មានអីប៉ុន្មានទេព្រោះជាការងារវិជ្ជាជីវៈ។ គ្រាន់តែជម្រាបថា យើងធានាឱ្យបានដាច់ខាតនូវសុវត្ថិភាពទាំងស្រុងទាំងការចុះចតនៅព្រលានយន្ដហោះ ទាំងការធ្វើដំណើរតាមដងផ្លូវ ទាំងកន្លែងស្នាក់នៅនិងកន្លែងប្រារព្ធពិធីផ្សេងៗទាំងអស់ របស់គណៈប្រតិភូ»។
កិច្ចប្រជុំ ដែលមានកម្ពុជាជាប្រធាននេះ រដ្ឋមន្ត្រីការបរទេសចំនួន៣៩ប្រទេសចូលរួម រាប់ទាំងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ចិន និងវត្តមានរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកចូលរួមផង។ កាលពី១០ឆ្នាំមុនកម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំធំបែបនេះម្ដងរួចហើយ ក្នុងនាមជាប្រធានអាស៊ាន ដោយកាលណោះកិច្ចការពារសន្តិសុខប្រព្រឹត្តទៅដោយរលូនគ្មានការរំខានណាមួយឡើយ។
នាយកវិទ្យាស្ថានកិច្ចការបរទេសនៃរាជបណ្ឌិតសភាកម្ពុជា លោក គិន ភា មានប្រសាសន៍ថា ការងារសន្តិសុខជាកិច្ចការដ៏មានសារៈសំខាន់មិនអាចមើលរំលងបាន ក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានពេលនេះ។
លោក គិន ភា ឱ្យដឹងថា៖ «ព្រឹត្តិការណ៍អន្តរជាតិថ្មីៗហេតុការណ៍បាញ់សម្លាប់ស៊ិនស៊ូអាបេ ជាហេតុផលសំខាន់មួយថែមទៀតដែលនាំឱ្យកម្ពុជាកាន់តែរឹតបន្តឹងកិច្ចការពារសន្តិសុខសុវត្ថិភាពជូនមន្ត្រីជាន់ខ្ពស់និងគណៈប្រតិភូបរទេសទាំងអស់»។
លោក គិន ភា បន្ថែមថា៖ «យើងមិនអាចទាយថាអ្នកណាខ្លះស្រលាញ់ឬស្អប់កម្ពុជាទេ ដូច្នេះមានតែត្រូវធ្វើការងារឱ្យបានល្អ បើធ្វើមិនបានល្អនោះនឹងជះឥទ្ធិអវិជ្ជមានមកវិញដែលនាំឱ្យកម្ពុជាខាតបង់ទាំងផ្នែកសេដ្ឋកិច្ចនិងនយោបាយ»៕