គ្រូបង្រៀនភាសាបាលីនៅខេត្តបាត់ដំបងប្រឈមនឹងការបោះបង់អាជីព ខណ:មួយចំនួនទៀត បានជ្រើសរើសការងារផ្សេង ព្រោះពួកគេយល់ឃើញថា ប្រាក់ខែទទួលបានពីការបង្រៀននេះ មិនអាចដោះស្រាយជីវភាពប្រចាំថ្ងៃឱ្យបានប្រសើរនោះទេ។
លោក ហួរ ហាំ ដែលប្រឡូកក្នុងវិស័យសិក្សាធិការអស់រយៈពេលជាង១៥ឆ្នាំមកហើយ បច្ចុប្បន្ន ជាគ្រូបង្រៀនកិច្ចសន្យាខាងផ្នែកភាសាបាលីម្នាក់នៅសាលាពុទ្ធិកបឋមសិក្សាវត្តស្លាកែត ខេត្តបាត់ដំបង បានត្អូញត្អែរថា លោកកំពុងពិចារណាអាចនឹងបោះបង់អាជីពនេះផងដែរ។
លោកបន្តថា ការដែលលោកមានគម្រោងលាឈប់ ក៏ព្រោះតែវិស័យមួយនេះ បានក្លាយជាសម្ពាធសម្រាប់អ្នកដែលមានជីវភាពខ្វះមុខ ខ្វះក្រោយ ហើយបញ្ហានេះ វាបានកើតឡើងដដែលៗច្រើនជំនាន់មកហើយ ប៉ុន្តែនៅតែគ្មានដំណោះស្រាយ។
បើគិតពីចំណូលដែលលោកទទួលបានពីការបង្រៀន នៅសាលាពុទ្ធិកបឋមសម្រាប់ឆ្នាំ២០២៤ មានចំនួន៧៧ម៉ឺនរៀល និងសម្រាប់ឆ្នាំ២០២៥ មានចំនួន៧៩ម៉ឺន៥ពាន់រៀល ក្នុងមួយខែ។ ដែលចំនួននេះ គឺមិនស៊ីគ្នាទៅនឹងទំនិញដែលចេះតែបន្តឡើងថ្លៃនៅទីផ្សារនោះទេ។
អតីតគ្រូភាសាបាលីម្នាក់ ដែលបច្ចុប្បន្នជាសាស្ត្រាចារ្យភាសាវិទ្យា និងបង្រៀនអង់គ្លេសក្រៅម៉ោង គឺលោក ជា សុភាព ថ្លែងថា លោកបានផ្អាកបង្រៀនភាសាបាលីជាង៦ឆ្នាំមកហើយ ដោយសារកង្វះការលើកទឹកចិត្ត។ ម្យ៉ាងទៀត ជំនាញនេះ ក៏ពុំទាន់សម្បូរឯកសារ និងវិធីសាស្ត្របង្រៀនគ្រប់គ្រាន់ជាផ្លូវការនៅឡើយដែរ។
លោកបន្តថា៖ «ខាងស្ថាប័នភាសាបាលីមិនមានឱកាសច្រើនដូចក្រសួងអប់រំទេ ដែលគេបើកឱ្យប្រឡងគ្រូ និងប្រគល់ក្របខណ្ឌឱ្យគ្រូ ដែលវាប៉ះពាល់ដល់ជីវភាពគ្រូខ្លាំង»។
ស្រដៀងគ្នាដែរ លោក ពត ជីវ័ន្ត ជាអតីតគ្រូបង្រៀនភាសាបាលីម្នាក់ដែរ ហើយសព្វថ្ងៃ លោកជាម្ចាស់អាជីវកម្មរសជាតិកសិផលខ្មែរ ឱ្យដឹងថា លោកបានឈប់បង្រៀនភាសាបាលីដូចលោក ជា សុភាព ដែរ។ មូលហេតុនៃការសម្រេចចិត្តលាឈប់ ព្រោះប្រាក់ខែដែលទទួលបានពីវិស័យមួយនេះ ចាយមិនគ្រប់។ លោកបន្តថា ជាទូទៅក្នុងមួយខែ លោកទទួលបានថវិកាពីការបង្រៀនចំនួន៧០ម៉ឺនរៀល ទៅ ៨០ម៉ឺនរៀល។ ហេតុនេះ ទើបបង្ខំចិត្តប្តូរមុខរបរទៅប្រកបការងារច្នៃនំស្រួយវិញ។
លោកបានឱ្យដឹងថា៖ «មុខវិជ្ជានេះមិនមែនកើតគ្រូហើយមិនស្រាវជ្រាវទេ សា្រវជ្រាវសឹងតែយើងគ្មានពេលនឹងចាប់អាជីពដទៃ តែលុយតិចចិញ្ចឹមក្រពះ និងគ្រួសារមិនរស់ ចំណុចនេះហើយ ដែលគិតថាមិនអាចទៅមុខរួច»។
បញ្ហាបាក់ទឹកចិត្តក្នុងការបង្រៀនភាសាបាលីរបស់លោក ពត ជីវ័ន្ត ក៏មានស្ថានភាពមិនខុសគ្នាប៉ុន្មានពីគ្រូបង្រៀនសាលាបាលីផ្សេងទៀត។

រីឯនាយកសាលាបឋមសិក្សាពុទ្ធិកវត្តស្លាកែត ព្រះតេជគុណ ខុំ រី មានសង្ឃដីកាថា សាលាបាលីដែលព្រះតេជគុណគ្រប់គ្រង បច្ចុប្បន្ន មានគ្រូបង្រៀនក្របខណ្ឌម្នាក់ និងគ្រូបង្រៀនកិច្ចសន្យា៤នាក់។ ព្រះតេជគុណ បន្តថា ពួកគាត់មានបញ្ហាខ្វះខាតទាំងផ្នែកជីវភាព ថវិកា និងឯកសារ ព្រមទាំងការលើកទឹកចិត្តផ្សេងៗក៏មិនសូវមាន ខណ:កន្លងមកខាងសាលាបាលីបានត្រឹមរៃអង្គាសផ្តល់ជំនួយតិចតួចប៉ុណ្ណោះ។
ព្រះតេជគុណ ខុំ រី បន្តថា៖ «គ្រូបង្រៀនបាលីគាត់ខ្វះខាត ហើយមិនមែនតែវត្តស្លាកែតទេ វត្តផ្សេងក៏សម្បូរ ត្រឹម៧០ដុល្លារ ទៅ៨០ដុល្លារ ពិបាកជីវភាពតែគាត់នៅស៊ូព្រោះស្រឡាញ់! អាត្មាសំណូមពរចង់បានការលើកទឹកចិត្តផ្នែកបច្ច័យ និងចង់ឱ្យក្រសួងយកចិត្តទុកដាក់ទាំងគ្រូ និងសិស្សដើម្បីជំរុញមុខវិជ្ជានេះ ព្រោះសមណសិស្សសម័យឥឡូវមិនសូវយកចិត្តទុកដាក់រៀនទេ អ្នករៀនក៏រៀន អ្នកមិនរៀននៅតែមិនរៀន»។
ផ្អែកតាមរបាយការណ៍ដែលទទួលបានពី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក ចាយ បូរិន ស្តីពីអនុក្រឹត្យកែប្រែ នៃការតម្លើងកាំប្រាក់ ចេញផ្សាយកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ទាំងក្រសួង និងរដ្ឋាភិបាលបានកំណត់ជាគោលការណ៍ ដោយដាក់ឱ្យអនុវត្តលើយន្តការនេះ ចាប់ពីខែមករា ឆ្នាំ២០២៥ តទៅ។ សម្រាប់គ្រូឧត្តមសិក្សានៅពុទ្ធិកសិក្សាទទួលបានប្រាក់ខែជាង១លាន១សែនរៀល ក្នុងមួយខែ ខណៈដែលគ្រូនៅកម្រិតវិទ្យាល័យ ទទួលបានជាង១លានរៀល ក្នុងមួយខែ។ ចំណែក គ្រូភាសាបាលីនៅកម្រិតអនុវិទ្យាល័យ ទទួលបានប្រមាណ៩៥ម៉ឺនរៀល និងគ្រូពុទ្ធិកបឋមសិក្សា ទទួលបាន៨៥ម៉ឺនរៀលក្នុងមួយខែ។
លោក ចាយ បូរិន មានប្រសាសន៍ថា៖ «ខាងក្រសួងធម្មការនិងសាសនាកំពុងគិតគូរហើយក្មួយ!»។
យ៉ាងណាតួលេខនេះ បើធៀបនឹងប្រាក់បៀវត្សរបស់គ្រូបង្រៀនអប់រំវិញមានគម្លាតខុសគ្នា។ របាយការណ៍នៃតារាងប្រាក់បៀវត្ស ដែលចេញក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំ២០២៥ បង្ហាញថា សម្រាប់គ្រូបង្រៀននៅកម្រិតឧត្តមសិក្សាទទួលបៀវត្សសរុបចន្លោះពីជិត២លាន ទៅជាង២លាន២០ម៉ឺនរៀល។ ស្របពេលជាមួយគ្នានេះ សម្រាប់គ្រូដែលបង្រៀននៅអនុវិទ្យាល័យ ទទួលបានចន្លោះពីជិត២លាន ទៅជាង២លានរៀល។ ដោយឡែក សម្រាប់កម្រិតបឋមសិក្សាវិញ គឺចន្លោះជិត១លាន ៥០ម៉ឺន ទៅជិត២លានរៀល ក្នុងមួយខែ។
ជុំវិញរឿងនេះ ប្រធានផ្នែកពុទ្ធិកបឋមសិក្សា និងធម្មវិន័យ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រះតេជគុណ សុខ សុភាព មានសង្ឃដីកាប្រាប់ អ្នកសារព័ត៌មានខេមបូចា នៅថ្ងៃទី២៩ ខែសីហា ថា បច្ចុប្បន្ន ក្រសួងធម្មការ និងសាសនា ជាមួយអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិមានគ្រូបង្រៀនកិច្ចសន្យាសរុបចំនួន១៤៣៦អង្គ/នាក់។
ព្រះតេជគុណ សុខ សុភាព មានសង្ឃដីកាថា៖ «ចំពោះគ្រូពុទ្ធិកបឋមសិក្សានេះ គ្រូកាន់ក្របខណ្ឌមានប្រាក់បៀវត្សរ៍ដូចគ្នា គ្រាន់តែបៀវត្សរ៍កិច្ចសន្យាទាបជាង ហើយទាក់ទងនឹងខេត្តបាត់ដំបងនេះ អាត្មាក៏មិនបានប្រាកដដែរ តែក្នុងខេត្តបាត់ដំបងក្រសួងទម្លាក់គ្រូកិច្ចសន្យាជាង១០០នាក់ សម្រាប់គ្រូបង្រៀន ហើយទាក់ទងនឹងការងារផ្សេងៗទៀតក្រែងអាត្មាមិនបានសិក្សាគ្រប់ជ្រុងជ្រោយ ប្រសិនបើមានហេតុការណ៍បែបណាៗទៀតអាត្មានឹងពិនិត្យមើលលក្ខខណ្ឌទាំងអស់នោះ ដោយសារអាត្មាក៏មិនជាប់លាប់ដែរ ទទួលពត៌មានពីខាងមន្ទីរ សាលាអនុគុណ និងតាមបណ្តារាជធានី-ខេត្តមក»។

ប្រធានសមាគមពុទ្ធសាសនាដើម្បីការអប់រំកម្ពុជា(ព.អ.ក) ព្រះតេជគុណ ហាក់ សៀងហៃ មានសង្ឃដីកាពន្យល់ថា ភាសាបាលីមានសារ:សំខាន់ណាស់សម្រាប់ប្រទេសដែលកាន់ពុទ្ធសាសនា។ ព្រះអង្គបន្តថា ភាសាបាលី បានដើរតួនាទីដែលខ្វះមិនបានដើម្បីសម្រាយទៅជាភាសាជាតិងាយយល់ ទាំងផ្នែកអក្សរសិល្ប៍ពុទ្ធសាសនា ព្រះធម៌ និងព្រះវិន័យ។ ព្រះអង្គសង្កត់ធ្ងន់ថា សូម្បីពាក្យខ្មែរមួយចំនួនដែលពលរដ្ឋខ្មែរប្រើរាល់ថ្ងៃក៏មានឫសគល់ និងកម្ចីពីភាសាបាលីដូចជា ពាក្យធម៌ មនុស្ស និងប្រយោជន៍ ជាដើម។
ព្រះតេជគុណមានសង្ឃដីកាបញ្ជាក់ថា៖ «នៅបាត់ដំបងអ្នកចេះបាលីក៏ច្រើន គ្រូក៏ច្រើន ប៉ុន្តែអ្នកដែលមានសមត្ថភាពចេះដឹងភាសាបាលីពិតប្រាកដក្លាយទៅជាគ្រូក៏មិនសូវសម្បូរ ភាគច្រើនលោកគ្រាន់រៀនមួយចេះ ដឹងយល់ មិនសូវមានបំណងធ្វើគ្រូប៉ុន្មាន ដោយសារមិនងាយសិក្សា។ ម្យ៉ាងទៀត ត្រូវស្រាវជ្រាវបន្តតាមថ្នាក់ គ្រាន់តែថារាងចង្អៀត ទី១ខ្វះគ្រូ ទី២សាលាបង្រៀនមិនសូវសម្បូរ ជួនកាលកន្លែងខ្លះវត្តបើកអត់មានសិស្សរៀន ចឹងទើបគ្រូបាលីគាត់មិនមានការលើកទឹកចិត្ត គាំទ្រ ក៏បោះបង់ធ្វើកិច្ចការផ្សេង»។
ប្រទេសកាន់ពុទ្ធសាសនាចាំបាច់ណាស់ត្រូវតែមានអ្នកចេះភាសាបាលី ព្រោះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្តែងពីព្រះធម៌ គឺទាក់ទងនឹងភាសាបាលី គម្ពីរក៏ជាបាលី ដូចជាអ្នកប្រាជ្ញខ្មែរជំនាន់មុនលោកសម្រាយបិដកមកជាខ្មែរ គឺប្រយោជន៍បានចេះទាំងអស់គ្នា នេះបើតាមការបញ្ជាក់របស់ព្រះតេជគុណ ហាក់ សៀងហៃ។
អ្នកសម្របសម្រួល នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ ប្រចាំខេត្តបាត់ដំបង និងបន្ទាយមានជ័យ លោក អ៊ិន គង់ជិត សង្កេតឃើញថា បច្ចុប្បន្ន អ្នកចេះជំនាញអក្សរសាស្ត្របាលី ដែលចង់ផ្ទេរចំណេះដឹងដល់អ្នកជំនាន់ក្រោយ គឺកាន់តែស្បើយទៅៗ រៀងរាល់ឆ្នាំ។ លោកបន្តថា រដ្ឋាភិបាលគួរពន្លឿន និងពិនិត្យឡើងវិញ ដោយផ្តល់ប្រាក់បៀវត្សរ៍បន្ថែម ពិសេសគ្រូកិច្ចសន្យា ដើម្បីលើកទឹកចិត្តពួកគាត់ បន្តផ្ទេរចំណេះដឹងដល់យុវជនជំនាន់ក្រោយ លើផ្នែកភាសាបាលីនេះ ឱ្យបានទូលំទូលាយជាងមុន។
លោក គង់ជិត បានបន្ថែមថា៖ «រដ្ឋាភិបាលត្រូវតែផ្តល់ប្រាក់ពួកគាត់ឱ្យបានច្រើនជាងហ្នឹងទៅ! ព្រោះគាត់ជាអ្នកអភិរក្សអក្សរសាស្ត្រដែរ ទាំងព្រះសង្ឃ ទាំងគ្រហស្ថ» ។
របាយការណ៍ស្តីពីតារាងស្ថិតិសង្ខេប នៃពុទ្ធិកសិក្សាទូទាំងប្រទេស ដែលចេញដោយអគ្គាធិការដ្ឋាន នៃពុទ្ធិកសិក្សាជាតិ នៃក្រសួងធម្មការ និងសាសនា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ បង្ហាញថា ចំនួនគ្រូបង្រៀនភាសាបាលីទូទាំងប្រទេសសរុបមាន ៣ ៧៩៦នាក់។ ក្នុងនោះ ខេត្តបាត់ដំបងមានគ្រូទុតិយភូមិមាន២៤នាក់ គ្រូមធ្យមមាន៣៣នាក់ ខណៈគ្រូបង្រៀនកម្រិតបឋមចំនួនសរុបមាន២២១នាក់៕









