សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋស្រុកបន្ទាយស្រីបដិសេធមិនទទួលសំណងដែលផ្តល់ដោយអាជ្ញាធរអប្សរាចំពោះវិវាទដីធ្លី

ពលរដ្ឋស្រុកបន្ទាយស្រីធ្វើការតវ៉ានៅខាងក្រៅសាលាខេត្តសៀមរាបកាលពីថ្ងៃចន្ទ ដោយស្នើឲ្យមានដំណោះស្រាយសមស្របចំពោះវិវាទដីធ្លី ដែលមានតាំងពីឆ្នាំ ២០០៥មក ជាមួយនឹងអាជ្ញាធរជាតិអប្សរា។ ខេមបូចា/ បញ្ញា ឆព័ណ្ណ
ពលរដ្ឋស្រុកបន្ទាយស្រីធ្វើការតវ៉ានៅខាងក្រៅសាលាខេត្តសៀមរាបកាលពីថ្ងៃចន្ទ ដោយស្នើឲ្យមានដំណោះស្រាយសមស្របចំពោះវិវាទដីធ្លី ដែលមានតាំងពីឆ្នាំ ២០០៥មក ជាមួយនឹងអាជ្ញាធរជាតិអប្សរា។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ពលរដ្ឋ​ប្រមាណ ២០​គ្រួសារ​បាន​បដិសេធ​មិន​ទទួល​សំណើរ​របស់​​អាជ្ញាធរ​អប្សរា​ឲ្យ​ពួកគេ​ផ្លាស់ទៅ​នៅ​លើ​ដី​ទំហំ​តូច​ជាង​មុន​ក្នុង​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប ខណៈ​អាជ្ញាធរ​​គំរាម​ចាត់​វិធានការ​ផ្លូវ​ច្បាប់​​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ខាង​មុខ។ ​

អ្នក​ភូមិ​ប្រមាណ ៤០​នាក់ មក​ពី២១​គ្រួសារ​បាន​ធ្វើការ​តវ៉ា​នៅ​ខាង​ក្រៅ​រដ្ឋបាល​ខេត្ត​សៀមរាប ដោយ​បដិសេធ​មិន​ទទួល​សំណង​របស់​​អាជ្ញាធរ​អប្សរា​នូវ​ដី​ទំហំ​២០​x៣០​ម៉ែត្រ​ នៅ​ក្នុង​ឃុំ​តែ​មួយ​ ដែល​ពួកគេ​កំពុង​ស្នាក់​នៅ។ អ្នក​ភូមិ​និយាយ​ថា ពួកគេ​កំពុង​រស់​នៅ​លើ​ដី​ធំ​ជាង​នេះ និងមាន​ដីស្រែ​របស់​ខ្លួន។

រដ្ឋបាល​​ខេត្ត​សៀមរាប​បាន​ចេញ​លិខិត​ជូនដំណឹង​មួយ​កាល​ពី​ថ្ងៃ​ទី១៩ ខែ​កក្កដា​ដោយ​ផ្តល់​ឲ្យ​ពលរដ្ឋ​ក្នុង​ភូមិ​តានី​ ​ឃុំ​រុនតាឯក​ ដែលមាន​ដី​ទំហំ​ ៦០០​ម៉ែត្រ​ការ៉េ ដើម្បី​ឲ្យ​ពួកគេ​ចាកចេញ​ពី​ដីធ្លី​​របស់​ខ្លួន​នា​ពេល​បច្ចុប្បន្ន។ ដី​ឡូតិ៍​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​ឃុំ​តែ​មួយ ហើយ​ពលរដ្ឋ​ត្រូវ​បាន​ផ្តល់​រយៈពេល​១៥​ថ្ងៃ​ដើម្បី​ទទួល​សំណង​នេះ។​

លិខិត​ខាង​លើ​បាន​សរសេរ​ថា៖ «ផុត​រយៈពេល ១៥​ថ្ងៃ ក្នុង​ករណី​បងប្អូន​ប្រជាពលរដ្ឋ​ទាំង២១​គ្រួសារ ដែល​មិន​ព្រម​ទទួល​យក​ការ​ដោះស្រាយ​គោលនយោបាយ​នេះ រដ្ឋបាល​ខេត្ត​សៀមរាប និង​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បញ្ចប់​ការ​ដោះស្រាយ​ជា​ស្ថាពរ ព្រម​ទាំង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន​ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ដែល​នៅ​បន្ត​តវ៉ា​ទាមទារ​ត​ទៅ​ទៀត»។

យោង​ទៅ​តាម​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ជម្លោះ​ដី​ធ្លី​នេះគឺ​​មាន​តាំង​ពី​ឆ្នាំ ២០០៥​មក នៅ​ពេល​អាជ្ញាធរ​អប្សរា​គ្រោង​បង្កើតតំបន់អភិវឌ្ឍន៍​ភូមិ​​ធម្មជាតិ​មួយ​​ ដោយ​ផ្ទៃដី ២៧០​ហិចតា​នៃ​គម្រោង​នេះ​បាន​ជាន់​លើ​ដី​ស្រែ​របស់​អ្នក​ភូមិ​តានី។ អង្គការ​គាំពារ​សិទ្ធិ​នេះ​បាន​និយាយ​ថា ពលរដ្ឋ​បាន​កាន់កាប់​ដី​នេះ​ចាប់តាំង​ពី​ឆ្នាំ១៩៧៩​មក ជាមួយ​នឹង​ប្លង់​ទន់ ដោយ​មិនមាន​ប្រឈម​បញ្ហា​អ្វី​នោះ​ទេ រហូត​ដល់​ពេល​អាជ្ញាធរ​អប្សរា​ចូល​មក​ពាក់ព័ន្ធ។

លោក​ ហ៊ន់ រ៉ាវុធ​ អាយុ ៤០​ឆ្នាំ​ ជា​ពលរដ្ឋ​ម្នាក់​ដែល​បាន​ធ្វើការ​តវ៉ា​កាល​ពី​ថ្ងៃ​ចន្ទ ហើយ​កំពុង​ប្រឈម​នឹង​ការ​បាត់បង់​ដី​ចំនួន ១,៥​ហិចតា ប្រសិន​បើ​អាជ្ញាធរ​អប្សរាធ្វើតាម​សេចក្តី​បង្គាប់។ លោក​បាន​និយាយ​ថា ដី​នោះ​ជា​កេរ្តិ៍​បន្សល់​ទុក និង​មាន​សារៈសំខាន់​សម្រាប់​រូបលោក​ធ្វើ​កសិកម្ម​ដើម្បី​ជីវភាព។

លោក​បាន​ថ្លែង​ថា៖ «បន្ទាប់​មក ពួកគេ​ចង់​ឲ្យ​ដី​យើង​ទំហំ ២០x៣០ ម៉ែត្រ តើ​យើង​អាច​ធ្វើ​ស្រែដើម្បី​រស់​យ៉ាង​ដូចម្តេច​ទៅ? វា​តូច​ខ្លាំង​ណាស់​បើ​ប្រៀប​ជាមួយ​នឹង​ដី​យើង​នា​ពេល​បច្ចុប្បន្ន»។

លោក​បាន​បន្ត​ថា៖ «ខ្ញុំ​មិន​អាច​ធ្វើស្រែ ឬ​ដាំ​ដំណាំ​ណា​មួយ​ដើម្បី​ចិញ្ចឹម​គ្រួសារ ហើយ​ពួកគេ​បាន​ហៅ​យើង​មក​យក​ដី​ថ្មី ប៉ុន្តែ​ខ្ញុំ​មិន​ទទួល។ ខ្ញុំ​ត្រូវ​ការ​ដំណោះស្រាយ​ត្រឹមត្រូវ​ ពីព្រោះ​យើង​ជា​គ្រួសារ​ក្រីក្រ ហើយ​ពឹងលើ​ដី​ស្រែ​របស់​ពួក​យើង»។

​លោក​បាន​លើកឡើង​ថា លោក​បដិសេធ​មិន​ទទួល​សំណង​ពី​អាជ្ញាធរ​អប្សរា​ក្នុង​ការ​ទិញ​ដី​ក្នុង​តម្លៃ ៥០០ ទៅ៧០០​ដុល្លារ​ក្នុង​មួយ​ហិចតា ក៏ដូចជា ដំណោះស្រាយ​មួយ​ទៀត​ដែល​តម្រូវ​ឲ្យ​លោក​ផ្លាស់​ទៅ​ឃុំ​ត្បែង​ក្នុង​ស្រុក​ដូចគ្នា ជា​ទី​ដែល​មិនមាន​ដី​ល្អ​សម្រាប់​កសិកម្ម។

លោក​បាន​និយាយ​ថា៖ «យើង​នៅ​តែ​តវ៉ា​ដើម្បី​ដី​យើង​ បើ​ទោះជា​អាជ្ញាធរ​មក​ចាប់ ឬ​គំរាម​ពួកយើង​ក៏​ដោយ»។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​បាន​ផ្តោត​លើ​ជម្លោះ​ដីធ្លី​នេះ​និយាយ​ថា ខណៈ​អាជ្ញាធរ​​អប្សរា​បាន​ធ្វើការ​សន្យា​​ជា​ពាក្យ​សម្តី​ក្នុង​ការ​ផ្តល់​ឲ្យ​អ្នកភូមិ​នូវ​សំណង​ ៥០០​ ទៅ​៧០០​ដុល្លារ​ក៏​ដោយ អ្នក​ភូមិ​មួយ​ចំនួន​បាន​ផ្តិត​មេដៃ​លើ​ឯកសារ​ដែល​មាន​សំណង​តិច​ជាង​អ្វី​ដែល​បាន​សន្យា។

លោក​ លី​ សំរិទ្ធ​ អភិបាល​រង​ខេត្ត​សៀមរាប​ បាន​មានប្រសាសន៍​ថា អាជ្ញាធរ​នឹង​ចាត់វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​ពលរដ្ឋ​ណា​​ ដែល​នៅ​បន្ត​ធ្វើ​ការ​ទាមទារ ដោយសារ​តែ​ជម្លោះ​ដីធ្លី​នេះ​ត្រូវ​បាន​ដោះស្រាយ​រួច​ហើយ។

លោក​បាន​ថ្លែង​ថា៖ «យើង​បាន​ផ្តល់​ឲ្យ [ពួកគាត់] នូវ​ដី​ក្នុង​តំបន់​តែ​មួយ ហើយ​ប្រសិន​បើ​ពួកគាត់​មិន​ពេញចិត្ត យើង​មិនដឹង​ថា​ធ្វើ​អ្វី​នោះ​ទេ»។

លោក​បាន​អះអាង​ថា អ្នកភូមិ​ «មិនមាន​សិទ្ធិ​ស្របច្បាប់» ចំពោះ​ដី​នេះ​ទេ ពីព្រោះ​ពួកគេ​មិនមាន​ប្លង់​ត្រឹមត្រូវ ដោយ​បន្ថែម​ថាពួកគេ​បាន​ «ចូលកាន់កាប់​ដី»។​

លោក ឡុង កុសល​ អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា​ បាន​និយាយ​ថា អាជ្ញាធរ​បាន​ចរចា​ជាមួយ​នឹង​អ្នកភូមិ​ជា​ច្រើន​លើក ដោយ​សុំ​ទិញ​ដី ឬ​ស្នើ​ឲ្យ​ផ្លាស់ទី​ទៅ​ទីតាំង​ថ្មី​ ប៉ុន្តែ​អ្នក​ភូមិ​បាន​បដិសេធ​ជម្រើស​សំណង​ទាំងពីរ។

លោក​បាន​អះអាង​ថា អាជ្ញាធរ​បាន​សាងសង់​​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ពលរដ្ឋ​ដែល​នឹង​ផ្លាស់ទៅ​នៅ​ទីតាំងថ្មី ដោយ​លើកឡើង​ថា អ្នកភូមិ​ទើប​នឹង​ចាប់ផ្តើម​ប្រើប្រាស់​ដី​ បន្ទាប់​ពី​មាន​អនុក្រឹត្យ​ឲ្យ​​ប្រែផ្លាស់ដី​ទៅ​ជា​តំបន់​ធម្មជាតិ​តែ​ប៉ុណ្ណោះ។

លោក​កុសល​បាន​ថ្លែង​ថា៖ «ពី​មុន​មក ពលរដ្ឋ​មិនបាន​ធ្វើ​អ្វី​លើ​ដី​នេះ​ទេ។ ប៉ុន្តែ​នៅ​ពេល​អនុក្រឹត្យ​បាន​ចេញ ហើយ​អាជ្ញាធរ​បាន​ចាត់វិធានការ​ ពួកគេ​បាន​ចាប់ផ្តើម​ធ្វើ​អ្វី​មួយ​លើ​ដី​នោះ។ ប្រសិន​បើ​ពួកគេ [ធ្វើ​ស្រែ​លើ​ដី​នោះ] ហេតុអ្វី​បាន​ជា​យើង​មិន​ឃើញ​អ្វី​សោះ​ពី​មុន​មក»។

លោក ហ៊ុប​ តូច អ្នកភូមិ​តានី​ម្នាក់​ទៀត បាន​និយាយ​ថា លោក​មាន​ដីស្រែ ៩​ហិចតា​នៅ​ក្នុង​តំបន់​នេះ ហើយ​លោក​​នឹង​ធ្វើការ​តវ៉ា​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​អាជ្ញាធរ ប្រសិន​បើ​ពួកគេ​ប៉ុនប៉ង​ជម្លៀស ឬ​ប្តឹង​រូប​លោក។​

លោក​បាន​ថ្លែង​ថា៖ «ប្រសិន​បើ​អាជ្ញាធរ​ចាត់វិធានការ​ផ្លូវ​ច្បាប់ ខ្ញុំ​នឹង​តតាំង ហើយ​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ ពីព្រោះ​ខ្ញុំ​រស់នៅ​លើ​ដី​នេះ​ជា​យូរ​មក​ហើយ។ ប្រសិន​បើ​ពួកគេ​ចង់​បាន​ដី​ខ្ញុំ សូម​ឲ្យ​ច្បាប់​សម្រេច​តាម​ហ្នឹង​ចុះ»។

លោក​ សួស ណារិន ជា​អ្នក​សង្កេតការណ៍​​នៅអង្គការ​គាំពារ​សិទ្ធិមនុស្ស Adhocប្រចាំខេត្តសៀមរាប បាន​និយាយ​ថា អាជ្ញាធរ​បាន​រំលោភ​បំពាន​សិទ្ធិ​ដីធ្លី​របស់​ពលរដ្ឋ​ ដោយ​ផ្តល់​ឲ្យ​ពួកគេ​នូវ​ដី​តូច​ជាង​មុន ដែល​នេះ​មិនមែន​ជា​ដោះស្រាយ​សមស្រប​ចំពោះ​ជម្លោះ​នោះ​ទេ។​

លោក​បាន​ថ្លែង​ថា៖ «យើង​អាច​ឃើញ​ថា [ដំណោះស្រាយ] គឺ​មិន​យុត្តិធម៌ ពីព្រោះ​អ្នកខ្លះ​មាន​ដី ៣​ហិចតា ប៉ុន្តែ​ពួកគេ​ទទួល​បាន​ដី​ត្រឹម ២០x៣០ម៉ែត្រ​វិញ» ដោយ​បន្ថែម​ថា ការ​ផ្តល់​សំណង​នេះ​គឺ​មិន​ស្រប​ជាមួយ​នឹង​លក្ខខណ្ឌ​ចែង​នៅ​ក្នុង​ច្បាប់​ដី​ធ្លី​នោះ​ទេ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Banteay Srei Residents Defy Apsara Authority’s Offer to Claim Their Land

408 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម