សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រដ្ឋបាលខេត្តបាត់ដំបង ជម្រុញឱ្យពលរដ្ឋចូលរួមថែរក្សាអនាម័យ និងបរិស្ថាន ក្នុងពិធីបុណ្យអុំទូក

ពលរដ្ឋចោលសំរាមពាសវាលពាសកាលនៅតាមទីសាធារណៈ។ រូបថត៖ ឈឿន ថៃកឿ
ពលរដ្ឋចោលសំរាមពាសវាលពាសកាលនៅតាមទីសាធារណៈ។ រូបថត៖ ឈឿន ថៃកឿ

រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹង ដល់ប្រជា​ពលរដ្ឋ​ចូលរួមពិធីបុណ្យអុំទូកបណ្តែត​ប្រទីប នៅក្នុងខែតុលា ត្រូវថែរក្សាអនាម័យ បរិស្ថាន ដោយកុំចោលសំរាមពាលវាលពាសកាល ដែល​នឹងធ្វើ​ឱ្យប៉ះពាល់ដល់សោភណ័ភាពទីក្រុង​។

តាមសេចក្តីជូនដំណឹងដដែល កំណត់ឱ្យមន្ទីរអង្គភាព គ្រឹះស្ថានសាធារណៈរបស់រដ្ឋ រដ្ឋបាល ស្រុក ក្រុង ត្រូវ រៀបចំតុបតែង លំអរភ្លើង ចងទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ ព្រមទាំងសម្អាត បរិស្ថាន អនាម័យ ជាប្រចាំ។

តាមសេចក្តីជូនដំណឹងដដែលឲ្យ​ដឹង​ថា ម្ចាស់ស្តង់លក់ទំនិញ ទីតាំងប្រគំតន្រ្តី អ្នកលក់ដូរទាំងអស់ ត្រូវ មានធុងសំរាម ឬ ថង់សម្រាប់ទុកដាក់ សំរាមផ្ទាល់ខ្លួនឱ្យ មានត្រឹមត្រូវ ។ លិខិតដដែលថាបានសរសេរថា៖ «ពលរដ្ឋ​ កីឡាករអំទូក អ្នកមកដើរលេង កម្សាន្តទាំងអស់ ត្រូវវេចខ្ចប់ ឬទុកដាក់សំរាម ក្នុងធុងឱ្យបានត្រឹមត្រូវ»។

អភិបាលក្រុងបាត់ដំបង លោក ផេង សុទ្ធី បានឲ្យ​ដឹង​ថា កាលបុណ្យអុំទូកកន្លងទៅ លោក​សង្កេតឃើញឥរិយាបថ ប្រជាពលរដ្ឋមួយចំនួន ពេលទទួលទានហើយ នៅតែចោលពាសវាលពាសកាលនិងមិនព្រមចោលក្នុងធុងសំរាមដែលរដ្ឋបាលក្រុងបាត់ដំបងបានដាក់ឲ្យចោលនោះទេ។

លោកអភិបាលក្រុង បានលើកឡើងថា ​៖ «បុណ្យអុំទូកឆ្នាំ​នេះ មិនបានដាក់ធុងញែកប្រភេទសំរាមដូចឆ្នាំកន្លងទៅនោះទេ ដោយសារតែ ប្រជាពលរដ្ឋមួយចំនួន នៅតែទុកដាក់សំរាមមិនបានត្រឹមត្រូវ ទៅតាមប្រភេទធុងសំរាមដែលបានដាក់នោះ»។

លោកបន្ដថា សម្រាប់ពិធីបុណ្យអុំទូកឆ្នាំនេះរដ្ឋបាលក្រុងបានដាក់ឲ្យក្រុមហ៊ុនស៊ីនទ្រី និងក្រុមហ៊ុនលៀប លឹម ប្រមូលសំរាមឲ្យបានទាន់ពេលវេលា។

លោកថា៖ «រដ្ឋបាលក្រុងបាត់ដំបងយើងបានដាក់រាយធុងសំរាម ជាច្រើនទីតាំងសម្រាមឲ្យប្រជាពលរដ្ឋអាចចោលសំរាម។ រដ្ឋបាលក្រុងតែងតែយកចិត្តទុកដាក់ត្រៀមជានិច្ចសម្រាប់ធុងដាក់សំរាម និងការប្រមូលសំរាមគឺធ្វើយ៉ាងណា ដើម្បីឲ្យការប្រមូលទាន់ពេលវេលានិងជៀសវាងការរាំងស្ទះជាដើម»។

សូមបញ្ជាក់ថា រាល់ពេលពិធីបុណ្យអុំទូកម្តងៗ គេតែងសង្កេតឃើញ មានពលរដ្ឋមួយចំនួន បោះសំរាមចោល ពាសវាលពាសកាល ឬ បោះចូលក្នុងស្ទឹង ដែលពួកគាត់ ហាក់ មិនបានគិតដល់ សេចក្តីថ្លៃថ្នូ ក្នុងសង្គម ធ្វើឱ្យប៉ះពាល់ ដល់សោភណ័ភាព តំបន់ពិធីទាំងមូល៕

194 views

ព័ត៌មានទាក់ទង