មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ជំរុញអោយកសិករប្រមូលផ្តុំគ្នាជាសហគមន៍ ដើម្បីអាចចចារតម្លៃជាមួយម៉ាស៊ីនកិនស្រូវលក់បានតម្លៃខ្ពស់ប្រសើរជាងការលក់ឱ្យឈ្មួញកណ្តាលដែលចុះទិញតាមទីវាលដែលទម្លាក់តម្លៃស្រូវរបស់កសិករ។
លោក ហ៊ិន វិទ្ធី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានមានប្រសាសន៍ ខណៈចូលជា វាគ្មិនរបស់កម្មវិធីសន្ទនាមតិវិទ្យុជាតិចំការចេកថា ដើម្បីជំរុញទីផ្សារស្រូវលក់បានថ្លៃ កសិករត្រូវប្រមូលផ្តុំគ្នាជាសហគមន៍ ត្រូវជ្រើសរើសពូជ ការប្រមូលផលស្រូវតាមស្តង់ដារ។
លោកបន្តថា៖ «កសិករត្រូវសហការជាមួយរោងម៉ាស៊ីន ដោយកំណត់ពេលវេលាច្បាស់លាស់ ក្នុងការប្រមូលផលស្រូវ»។
ការលើកឡើងរបស់មន្រ្តីខាងលើនេះស្របពេលដែលកសិករមួយចំនួនត្អូញត្អែរថា តម្លៃស្រូវធ្លាក់ចុះក្រោយពីឡើងបានមួយឆាវប៉ុណ្ណោះ។
កសិករមួយរូបសុំមិនបញ្ជេញឈ្មោះបានឱ្យដឹងថា អំឡុងពេលប្រមូលផលលើកទី១ តម្លៃស្រូវស្រង៉ែ ឈ្មួញទិញក្នុងតម្លៃ១តោន ១លាន៣០ម៉ឺន ឈ្មួញខ្លះហ៊ានដេញថ្លៃឱ្យលើហ្នឹងបន្តិចបន្តួច តែក្រោយមកមួយសប្តាហ៍បានធ្លាក់ថ្លៃវិញយ៉ាងលឿន។ លោកថា បច្ចុប្បន្ននេះស្រូវខ្លះបានរងគ្រោះដោយទឹកជំនន់ផង ការចំណាយលើដើមច្រើនផង កសិករមិនសូវចំណេញប៉ុន្មាននោះទេ។
កសិករខាងលើបន្ថែមថា៖ «ខ្ញុំព្រួយបារម្ភចំណាយលុយធ្វើស្រែទូទាត់ថ្លៃដើមមិនរួច ធ្វើឱ្យកសិករបាក់ទឹកចិត្ត ទៅចំណាកស្រុក ខ្លះលក់ដីយកមកសងគេ ហើយលែងបានបង្កបង្កើនផលតទៅទៀត»។
ទាក់ទងការលើកឡើងនេះ លោក ហ៊ិន វិទ្ធី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានឆ្លើយតបថា ស្ថានភាពស្រូវបច្ចុប្បន្ន មានការធ្លាក់ចុះបន្តិចបើប្រៀបធៀបដើមដៃ ប៉ុន្តែបើប្រៀបធៀបតម្លៃនៅឆ្នាំ ២០២២វិញ គឺនៅប្រសើរជាង ។
លោកបន្ថែមថា៖ «ការធ្លាក់ថ្លៃនេះ ទាក់ទងនឹងអត្រាប្តូរប្រាក់បាតផងដែរ នៅឆ្នាំនេះតម្លៃស្រូវលក់នៅខែសីហា ប្រភេទសែនក្រអូនតម្លៃ ១លាន៤សែន ស្រូវស្រង៉ែ១លាន៣សែន កាលនោះអត្រាប្តូរប្រាក់ លុយបាត១២ជាង ប៉ុន្តែបច្ចុប្បន្នលុយបាតនៅសល់១១ជាងទេ»។
ទោះបីយ៉ាងណាលោកបញ្ជាក់ថា តម្លៃទីផ្សារស្រូវនៅកម្ពុជាមានភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ពោលគឺ ឆ្នាំ២០២២ល្អជាង២០២១ ឆ្នាំ២០២៣ល្អជាងឆ្នាំ២០២២ ដោយសារទីផ្សារប្រទេសក្រៅល្អ ហើយគួបផ្សំនឹងស្រូវសែនក្រអូបរបស់កម្ពុជាបានចំណាត់ថ្នាក់លេខ១ផងនោះ ធ្វើឱ្យការនាំចេញបានច្រើន និងមានតម្លៃ។
លោកបន្ថែមថា ការធ្លាក់ថ្លៃក៏ពាក់ព័ន្ធនឹងការសម្រុកប្រមូលផលស្រូវរបស់កសិករដំណាល គ្នាផងដែរ នៅពេលស្រូវទុំ ធ្វើឱ្យជុញនៅតាមរោងម៉ាស៊ីន សម្ងួតមិនទាន់។ លោកថានៅខេត្ត បាត់ដំបងតាមរោងម៉ាស៊ីនមានលទ្ធភាពសម្ងួតស្រូវបានតែ១ម៉ឺនតោនក្នុងមួយថ្ងៃ៕