សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ម្ហូបអាហារអ្នកក្រុងបាត់ដំបងត្រូវបញ្ជូលក្នុងបញ្ជីនៃបណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់យូណេស្កូ

ទឹកគ្រឿងបាត់ដំបងជាមុខម្ហូបដែលជាទីពេញនិយមមួយរបស់ទីក្រុងនេះ។ (ហ្វេសប៊ុក/ក្រសួងទេសចរណ៍)
ទឹកគ្រឿងបាត់ដំបងជាមុខម្ហូបដែលជាទីពេញនិយមមួយរបស់ទីក្រុងនេះ។ (ហ្វេសប៊ុក/ក្រសួងទេសចរណ៍)

បាត់ដំបង ជាទីក្រុងដែលសម្បូរទៅដោយវប្បធម៌ និងអាហារប្រពៃណី បានក្លាយជា​ទីក្រុង​ដំបូងគេរបស់កម្ពុជាដែលចូលរួមជាមួយបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UCCN) សម្រាប់ទិសដៅអាហារដ្ឋាន ដោយអាជ្ញាធរមូលដ្ឋាន និងអាជីវករសន្យា​ថា ​នឹងបង្កើនការផ្សព្វផ្សាយ និងបន្តកែលម្អផលិតផលរបស់ពួកគេ ដើម្បីទាក់ទាញភ្ញៀវ​ទេសចរ​កាន់តែច្រើន។

យោងតាមអង្គការយូណេស្កូ ទីក្រុងចំនួន ៥៥ បានចូលរួមចុះបញ្ជីជាមួយបណ្តាញ​ទីក្រុង​ដែលមានភាពច្នៃប្រឌិត ក្នុងទិវាទីក្រុងពិភពលោកឆ្នាំ២០២៣នេះ បន្ទាប់ពីមានការសម្រេច​ដោយអគ្គនាយកនៃអង្គការយូណេស្កូ លោក Audrey Azoulay ។ ទីក្រុងថ្មី រួមទាំង​ក្រុង​បាត់ដំបង ត្រូវបានទទួលស្គាល់ចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំ​របស់ក្រុងនេះក្នុងការ​ទាញ​យក​វប្បធម៌ និងការច្នៃប្រឌិតជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ខ្លួន ក៏ដូចជាការបង្ហាញ​សកម្មភាពប្រកបដោយភាពច្នៃប្រឌិតក្នុងការរៀបចំផែនការទីក្រុងដែលផ្តោតលើធនធាន​មនុស្ស។

តាមរយៈការចុះបញ្ជីចុងក្រោយបំផុត បច្ចុប្បន្នបណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិត​របស់​អង្គការ​នេះ មានទីក្រុងចំនួន៣៥០ មកពីជាង១០០ប្រទេសចូលរួមជាសមាជិក ដោយ​តំណាង​ឱ្យផ្នែកនៃភាពច្នៃប្រឌិតចំនួន៧ប្រភេទ រួមមាន សិប្បកម្ម និងសិល្បៈប្រជាប្រិយ ការរចនា ភាពយន្ត ម្ហូបអាហារ អក្សរសិល្ប៍ សិល្បៈនៃប្រព័ន្ធផ្សព្វផ្សាយ និងតន្ត្រី។

ការដាក់បញ្ចូលទីក្រុងបាត់ដំបងនៅក្នុងបណ្ដាញនៃប្រភេទម្ហូបអាហារ មិនត្រឹមតែបង្ហាញពី​លក្ខណៈ​ពិសេសរបស់វាប៉ុណ្ណោះទេ ប៉ុន្តែ​វាក៏​លើក​កម្ពស់​ការ​អភិវឌ្ឍ​ក្នុង​តំបន់ និង​ការ​ផ្លាស់​ប្តូរ​វប្បធម៌​សកលផងដែរ។

តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា លោក Sardar Umar Alam បានលើកឡើងថា៖ «យូណេស្កូ សូមអបអរសាទរដល់កម្ពុជាចំពោះសមិទ្ធិផលលើកដំបូងដែលមិនធ្លាប់មាននេះ។ ការ​ទទួល​ស្គាល់​ខេត្ត​បាត់ដំបង​ជា​ទីក្រុង​ច្នៃប្រឌិត​នៃ​ម្ហូប​អាហារ​គឺ​ជា​កិត្តិយស​ដល់​សម្បត្តិ​វប្បធម៌​​របស់​ទីក្រុង។ [វា] នឹងក្លាយជាឧបករណ៍សំខាន់ក្នុងការលើកកម្ពស់វប្បធម៌ និងភាពច្នៃ​ប្រឌិត និងលើកកម្ពស់កំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលទេសចរណ៍របស់សហគមន៍»

ក្នុងឆ្នាំនេះ អង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា បានផ្តល់ជំនួយបច្ចេកទេសដល់រដ្ឋាភិបាល និង​ជួយសម្រួលដល់សកម្មភាពកសាងសមត្ថភាពសម្រាប់ការលើកកម្ពស់លើ UCCN ដែល​សហការរៀបចំដោយសាលាក្រុងបាត់ដំបង ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ​នៅខេត្តបាត់ដំបង។

មុខម្ហូបប្រចាំតំបន់ដូចជា ណែមបាត់ដំបង (ណែមសាច់ត្រី)  ប្រហុកបាត់ដំបង អាម៉ុក​បាត់ដំបង  ក្រឡានបាត់ដំបង សង្វាក់បាត់ដំបង  បុកល្ហុងបាត់ដំបង  បុកកន្ទុយហែស​បាត់ដំបង  សំបកណែម​បាត់ដំបង និង ទឹកគ្រឿងបាត់ដំបង សុទ្ធសឹងតែជាមុខម្ហូបពេញ​និយមប្រចាំថ្ងៃ​របស់ប្រជាពលរដ្ឋក្នុងខេត្តនេះ។

ការស្ទង់មតិបានបង្ហាញថា អាជ្ញាធរមូលដ្ឋាន និងអាជីវករមានសេចក្តីរីករាយ​ចំពោះសមិទ្ធិផល​នេះ ហើយបានសន្យាថានឹងបន្តធ្វើឱ្យមានភាពប្រសើរឡើងនៃផលិតផល​របស់ពួកគេ​បន្ថែម​ទៀត។

លោក សុខ លូ អភិបាល​ខេត្ត​បាត់ដំបង បាន​ថ្លែង​អំណរគុណ​ចំពោះ​អង្គការយូណេស្កូ ដែល​បាន​ទទួល​ស្គាល់​នូវ​ភាព​ទាក់ទាញនៃម្ហូប​អាហារ​របស់​ទីក្រុងនេះ។ លោកថា សមិទ្ធិផលនេះ ឆ្លុះបញ្ចាំងពីសន្តិភាពក្នុងប្រទេស ដែលបានជំរុញឱ្យប្រជាជនក្នុងតំបន់អាចបង្ហាញ​ពី​ភាពច្នៃ​ប្រឌិត​ក្នុងការផលិតមុខម្ហូបខ្មែរ និងតាំងបង្ហាញស្នាដៃរបស់ពួកគេនៅ​ពេលមានពិធីបុណ្យ​ក្នុង​ស្រុក​ម្ដងៗ។

លោករំពឹងថា ខេត្តបាត់ដំបងនឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើន ដែល​នឹង​ជួយបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋក្នុងស្រុក។

លោកមានប្រសាសន៍ថា៖«បាទ! ដូចខ្ញុំបានជម្រាបខាងដើមអ៊ីចឹង កាលណាទីក្រុង​យើង​បាន​ទទួល​ការចុះបញ្ជីនេះគឺភ្ញៀវទេសចរនឹងមកលេងបាត់ដំបងកាន់តែច្រើន ប្រាកដហើយ​ម្ហូប​អាហារ​ក៏កាន់តែដាច់ សេវាកម្មសណ្ឋាគារ ផ្ទះសំណាក់ បន្លែ ផ្លែឈើ ដែលបងប្អូនបង្កបង្កើន​ផលបាននោះ នឹងមានទីផ្សារលក់កាន់តែដាច់ដែលវាធ្វើឱ្យកម្រិតជីវភាព​របស់បងប្អូនយើង​មាន​ការកើនឡើងជាបន្តបន្ទាប់ ដែលនេះគឺជាផលប្រយោជន៍ដ៏ធំសម្រាប់បងប្អូន​ប្រជាពលរដ្ឋ​យើងទាំងអស់នៅបាត់ដំបងនេះ»

ប្រហុក​ខ្ទិះបាត់ដំបង​ជា​មុខម្ហូបផ្ទាប់នឹងបន្លែដ៏​ពេញ​និយម​ក្នុង​ពេល​ទទួលទាន​អាហារ។ (ហ្វេសប៊ុក/ក្រសួងទេសចរណ៍)

ជាមួយគ្នា លោក សុខ លូ ក៏បានថ្លែងអំណរគុណដល់ប្រជាជនខេត្តបាត់ដំបង​ចំពោះការ​ខិតខំ​ប្រឹងប្រែងរបស់ពួកគេក្នុងការជួយដណ្តើមបានតំណែងមួយនេះពីបណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UCCN) ។​ ដោយលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ​ក្នុង​តំបន់ឱ្យបន្តបង្កើតមុខម្ហូបថ្មី និងឆ្ងាញ់បន្ថែមទៀត ក៏ដូចជាធានាគុណភាព អនាម័យ និង​រក្សា​តម្លៃមួយសមរម្យផងដែរ ដើម្បីរក្សាតំណែងរបស់ខ្លួននៅក្នុងបណ្ដាញនេះ។

អ្នកស្រី សុខ រចនា ម្ចាស់អាជីវកម្មរបស់យីហោហាងកន្ត្រកមាស ដែលមានលក់ផលិតផល​ម្ហូប​អាហារច្នៃប្រឌិតដូចជា ណែម សង្វាក់ បង្អែម​ និងផ្លែឈើនៅខេត្តបាត់ដំបង ថា អ្នកស្រី​មាន​សេចក្ដីរីករាយដែលទីក្រុងខ្លួនមានការទទួលស្គាល់ពីអង្គការយូណេស្កូ។

អ្នកស្រី រចនា បញ្ជាក់ថា៖ «ក្នុងនាមជាម្ចាស់អាជីវកម្ម និងជាអ្នករស់នៅខេត្តបាត់ដំបង ខ្ញុំពិត​ជា​ភ្ញាក់​ផ្អើល រំភើប និង រីករាយ​ខ្លាំងមែនទែន ដែលទទួលបានលទ្ធផលធំសម្រាប់កម្ពុជា»។អ្នកស្រីបន្ថែមថា៖«យើងនឹងខិតខំពង្រឹងនិងផ្សព្វផ្សាយបន្ថែមទៀតទៅលើអ្វីដែលមានស្រាប់ និងច្នៃបន្ថែមដោយរក្សាគ្រឿងផ្សំរសជាតិដើម»

នៅពេលដែលសួរអំពីការវេចខ្ចប់ និងគុណភាពម្ហូបអាហារក្នុងខេត្តរបស់ខ្លួន អ្នកស្រី សុខ​រចនា លើក​ឡើងថា អាជ្ញាធរពាក់ព័ន្ធបានបន្តចុះពិនិត្យ​នៅតាមកន្លែងធ្វើ​អាជីវកម្ម​របស់​ពួក​គាត់។ អ្នកស្រីបន្ថែមថា សព្វថ្ងៃនេះ អ្នកលក់ក្នុងស្រុកមានការយល់ដឹងច្រើន ដោយ​ក្នុងនោះ​ឧស្សាហកម្មវេចខ្ចប់ក៏មានភាពប្រសើរឡើង និងបានបំពេញតាមស្តង់ដារសុវត្ថិភាព​ចំណី​អាហារ។

អ្នកស្រី រចនា ឱ្យដឹងថា៖ «ខ្ញុំសម្គាល់ឃើញថា [អាជីវករ] មានការយល់ដឹង និងការវិវឌ្ឍ​ជា​ច្រើន​ទាក់ទង​នឹងការវេចខ្ចប់​មានអនាមយ័ដែលគិតគូរពីសុខភាពអ្នកបរិភោគ»។ អ្នកស្រីបន្ត​ថា៖«ឧទាហរណ៍ កាលពីមុន ណែមគឺមានការវេចខ្ចប់បែបបុរាណ ប៉ុន្តែ​ការវេច​ខ្ចប់ឥឡូវ​ស្រប​តាម​សុវត្ថិភាពស្តង់ដា​ចំណី​អាហារ ដោយយើងប្រើប្រាស់ប្រអប់ ស្លឹក​ចេកដែលមានការគិតគូរ​ដល់បរិស្ថាន»

ដើម្បីរក្សាកេរ្តិ៍ឈ្មោះនៃម្ហូបអាហាររបស់ក្រុងបាត់ដំបងលើបណ្ដាញទីក្រុងដែលមានភាព​ច្នៃ​ប្រឌិត (UCCN) ឲ្យបានតាមស្តង់ដារនោះ អ្នកស្រីបានជំរុញឲ្យភាគីពាក់ព័ន្ធបន្តសហការ​ជាមួយ​​​​អាជីវករ​ក្នុងការផ្តល់ដំបូន្មាន និងបង្កើនការផ្សព្វផ្សាយអំពីម្ហូបខ្មែរ។

អ្នកស្រី រចនា បន្ថែមថា៖ «ខ្ញុំក៏សំណូមពរដល់រាជរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលក្នុង​ការ​ជួយ​ប្រឹក្សាយោបល់​បន្ថែម​​ដើម្បីអភិវឌ្ឍទៅតាមបច្ចេកវិទ្យាទំនើប និងអ្នកជំនាញពាក់ពន្ធ័​មួយចំនួន ដើម្បីបង្កើន​ទំនុកចិត្តដល់អ្នកទិញ និងការជួយគាំទ្រផលិតផលខ្មែរតាមរយៈការ​ផ្សព្វផ្សាយបន្ត»

កញ្ញា ប៉ែន មិនា ជាម្ចាស់អាជីវកម្មអាហារដ្ឋានម្ហូបខ្មែរ ប៉ែន ចេង ដែលបានដំណើរ​ការតាំង​ពី​ឆ្នាំ១៩៨៥  មានប្រសាសន៍ថា​ ម្ហូបអាហារបែបប្រពៃណីគឺជា«ចំណុចពិសេស»​ សម្រាប់​ខេត្ត​បាត់ដំបង​ដោយសារតែរសជាតិប្លែក របៀបចម្អិនអាហារ និងជាអត្តសញ្ញាណនៃម្ហូបខ្មែរ។

 អ្នកស្រីបន្ថែមថា៖«ក្នុងនាមជាម្ចាស់អាជីវកម្មម្ហូបអាហារខ្មែរ ខ្ញុំយល់ឃើញថា ម្ហូបខ្មែរមានការ​ពេញ​និយមយ៉ាងខ្លាំងនៅក្នុងភោជនីយដ្ឋាន។ ក្រៅពីតំបន់ទេសចរណ៍ ខេត្តបាត់ដំបង គឺ​ជា​គោល​ដៅទេសចរណ៍សម្រាប់ម្ហូបអាហារ ដែលភ្ញៀវទេសចរណ៍មកម្តងហើយម្តងទៀត ដើម្បី​ទទួលទានអាហារក្នុងស្រុកដ៏មានឱជារស»

អ្នកស្រីបន្ថែមថា៖«យើងនឹងបន្តសហការជាមួយអាជ្ញាធរ និងមន្ទីរខេត្តដើម្បីលើកស្ទួយ ឧស្សាហកម្ម​ម្ហូបខ្មែរ និងរក្សារសជាតិដើមរបស់ម្ហូបខ្មែរឱ្យមានកេរ្តិ៍ឈ្មោះល្បី»

ជាមួយគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអបអរសាទរក្រុងបាត់ដំបង ដែលត្រូវ​បាន​ដាក់បញ្ចូលក្នុងបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូផងដែរ។

លោក ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកបច្ចេកទេសវប្បធម៌នៃក្រសួងខាងលើ បានប្រាប់ ខេមបូចា កាលពីថ្ងៃពុធថា លោកសប្បាយចិត្តសម្រាប់ក្រុងបាត់ដំបង និងប្រជាជនរបស់ខេត្តនេះ ដែល​ម្ហូបអាហារប្រចាំតំបន់របស់ពួកគាត់ត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ។ បន្ទាប់ពី​ខក​ខានមិនបានចូលរួមក្នុងបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតជាមួយអង្គការយូណេស្កូ​ក្នុង​​ឆ្នាំ២០២១ លោក ស៊ីយ៉ុន បាននិយាយថា អភិបាលខេត្តបាត់ដំបងបានខិតខំប្រឹងប្រែង​ដើម្បី​​ធានាថា តម្រូវការ និងស្តង់ដារទាំងអស់ត្រូវបានបំពេញ ដើម្បីទទួល​បានការ​ទទួល​ស្គាល់។

តាមការលើកឡើងរបស់លោក សុភារិទ្ធ ឱ្យដឹងថា បាត់ដំបងគឺជាទីក្រុងតែមួយគត់​នៃ​ប្រទេស​កម្ពុជាដែលបានចុះឈ្មោះចូលរួមប្រកួតនៅក្នុងបណ្ដាញនៃការច្នៃប្រឌិតនេះ។ ដោយលោកថា ទីក្រុង​ផ្សេង​ទៀត គឺ​មិន​ទាន់​មាន​គំនិត​ផ្ដួចផ្ដើម​នៅ​ឡើយ​។ លោក​បន្ត​ថា ទោះ​ជា​យ៉ាង​ណា​បន្ទាប់​​ពីទទួលបានសមិទ្ធផល​នេះ ក្រសួង​ពាក់ព័ន្ធ​នឹង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ផ្សេង​ទៀត ដើម្បី​រៀបចំ និង​មាន​ក្រុង​បន្ថែម​ទៀត​ចូល​រួម​ជាមួយ UCCN។

ទោះបីជា «អាម៉ុក» ជាមុខម្ហូបដ៏ល្បីនៅកម្ពុជា ប៉ុន្តែអាម៉ុកបាត់ដំបងមានរសជាតិ ប្លែក​ពីគេ។ (ហ្វេសប៊ុក/ក្រសួងទេសចរណ៍)

នៅក្នុងសារអបអរសាទរចំពោះក្រុងបាត់ដំបងកាលពីថ្ងៃពុធសប្តាហ៍មុន ក្រសួងទេសចរណ៍​ឱ្យដឹង​ថា ភាពជោគជ័យនៃការដាក់បញ្ចូលនេះគឺជាផ្លែផ្កានៃកិច្ចសហការជិតស្និទ្ធ និង​ស៊ី​សង្វាក់​រវាងក្រសួងពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ការិយាល័យអង្គការយូណេស្កូនៅកម្ពុជា ផ្នែក​ឯកជនក្នុងវិស័យទេសចរណ៍​ និងភាគីពាក់ព័ន្ធទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ។

កិច្ចសហការ ដែលបានធ្វើឡើងចាប់ពីដំណើរការដាក់បញ្ចូលតាំងពីឆ្នាំ២០២១ រហូត​ទទួល​បាន​ការប្រកាសជាផ្លូវការកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ គឺរាប់តាំងពីការសិក្សា​ឯកសារ​ទស្សនទាន ការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ការបំពេញពាក្យស្នើសុំ និង​ឯកសារ​ពាក់ព័ន្ធ និងការសម្របសម្រួលជាមួយលេខាធិការដ្ឋាន​របស់បណ្ដាញទីក្រុងដែលមានភាពច្នៃ​ប្រឌិត​នៃអង្គការយូណេស្កូ។

ក្រសួងបានលើកឡើងលើគេហទំព័រហ្វេសប៊ុកផ្លូវការថា៖ «ការសម្រេចបានូវជោគជ័យ​ខាង​លើនេះ គឺជាផ្នែកមួយនៃសមិទ្ធផលរបស់រាជរដ្ឋាភិបាល​អាណត្តិ​​ទី៧ ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី​នៃព្រះរាជាណាចក្រកម្ពុជា​។ ទន្ទឹមនឹង​នេះ​ សមាជិកភាពក្នុងបណ្តាញនេះ ក៏ជាចលករ​មួយ​ក្នុងការសម្រេចនូវគំនិតផ្តួចផ្តើម​យុទ្ធសាស្រ្ត «បង្កើន៥ អភិវឌ្ឍ៣ (BUILD+3Ds)» ពិសេស​លើមុំ «បង្កើនប្រសិទ្ធភាពនៃ​ការគ្រប់​គ្រង​កិត្តិនាមកម្ពុជា (Brand Management)» រួមចំណែក​ក្នុងការសម្រេចបាននូវវិស័យ​ទេសចរណ៍​ប្រកបដោយភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន»​

អ្នក​នាំពាក្យ​ក្រសួង​ទេសចរណ៍ លោក ជុក ជំនោរ និង​មន្ត្រី​ស្រាវជ្រាវ​ទំនាក់ទំនង​វប្បធម៌ អប់រំ និង​ទេសចរណ៍​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក​បណ្ឌិត ឈត ប៊ុនថង មិន​អាច​ទាក់ទង​សុំ​ការ​​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Battambang Gastronomy Delights UNESCO Creative Cities Network – First Cambodian City To Join List

800 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម