សាលាដំបូងខេត្តបាត់ដំបងកាលពីថ្ងៃព្រហស្បតិ៍បានសម្រេចផ្តន្ទាទោសលោក ឡី សុខុន សកម្មជនគណបក្សភ្លើងទៀនខេត្តបាត់ដំបង ដាក់ពន្ធនាគារ៦ខែពាក់ព័ន្ធនឹងបទចោទរំលោភលើលំនៅឋាន ខណៈមេធាវីនិងសង្គមស៊ីវិលថាជារឿងអយុត្តិធម៌សម្រាប់គាត់។
ចៅក្រមសាលាដំបូងខេត្តបាត់ដំបង អ្នកស្រី ហៃ ណៃហេង បានប្រកាសសាលក្រមផ្តន្ទាទោសលោក ឡី សុខុន សមាជិកក្រុមការងារគណបក្សភ្លើងទៀនខេត្តបាត់ដំបងទទួលបន្ទុកនៅស្រុកឯកភ្នំ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ឱ្យជាប់ពន្ធនាគារ៦ខែគិតពីថ្ងៃចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសរំលោភលើលំនៅឋាន បន្ទាប់ពីសាលាដំបូងខេត្តបាត់ដំបងបានបើកសវនាការជំនុំជម្រះនិងសួរដេញដោលលើលោក ឡី សុខុន នៅថ្ងៃទី៣ ខែវិច្ឆិកា។
ជុំវិញការកាត់ក្តីនេះលោក សំ សុគង់ មេធាវីការពារក្តីលោក ឡី សុខុន បានសម្តែងការខកចិត្តដោយលោកចាត់ទុកថា វាជារឿងអយុត្តិធម៌សម្រាប់កូនក្តីរបស់លោកព្រោះបើពិនិត្យមើលទិដ្ឋភាពច្បាប់លើបទល្មើសរំលោភលំនៅឋានលុះត្រាតែកូនក្តីរបស់លោកចូលក្នុងលំនៅឋានគេហើយប្រើហិង្សានិងកលល្បិចប៉ុន្តែបើពិនិត្យមើលអង្គហេតុ កូនក្តីរបស់លោកនៅក្រៅរបងផ្ទះនិងក្រៅលំនៅឋានដែរ។
លោក សំ សុគង់ បានចាត់ទុកថា រឿងនេះពាក់ព័ន្ធហ្នឹងរឿងនយោបាយ គឺពេលនោះចំពេលដែលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កូនក្តីរបស់លោកបានទៅពិនិត្យមើលក្រែងមានការសូកប៉ាន់ក្នុងរឿងបោះឆ្នោត ហើយវាប៉ះទៅហ្នឹងអាជ្ញាធរនិងប៉ះអ្នកនៅជុំវិញហ្នឹង ក៏មានការចោទប្រកាន់កូនក្តីលោក។
លោក សំ សុគង់៖ «នៅពេលដែលកូនក្តីរបស់ខ្ញុំត្រូវបានដោះលែងឱ្យមានសេរីភាពវិញខ្ញុំនឹងពិភាក្សាជាមួយកូនក្តីខ្ញុំពិនិត្យមើលសិទ្ធិក្នុងការប្តឹងឧទ្ធរណ៍ចំពោះការសម្រេចផ្តន្ទាទោសនេះ»។
លោក ឡី សុខុន ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ពីបទរំលោភលើលំនៅឋាន ពាក់ព័ន្ធនឹងលោកបានចុះទៅថតរូបមន្រ្តីគណបក្សប្រជាជនកំពុងអង្គុយកត់ឈ្មោះប្រជាពលរដ្ឋទៅបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលប្រព្រឹត្តនៅភូមិកំពង់សំបួរ ឃុំសំរោង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ គិតមកទល់ពេលនេះលោកត្រូវបានឃុំខ្លួនអស់រយៈពេលជាង៥ខែមកហើយ។ តាមការប្រកាសសាលក្រមខាងលើលោក ឡី សុខុន នឹងត្រូវដោះលែងឱ្យមានសេរីភាពនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ។
អ្នកស្រី លីន លីដា អាយុ២៩ឆ្នាំ ជាភរិយារបស់លោក ឡី សុខុន បានឱ្យដឹងថា វាជារឿងអយុត្តិធម៌សម្រាប់ប្តីរបស់គាត់ព្រោះដើមបណ្តឹងបានដកពាក្យបណ្តឹងតាំងពីថ្ងៃចាប់ខ្លួន តែព្រះរាជអាជ្ញានៅតែធ្វើការស៊ើបសួរប្រើរយៈពេលយូររហូតដល់ជាង៥ខែ ទើបសម្រេចកាត់ទោស។
អ្នកស្រី លីដា ថ្លែងថា៖ «វាប៉ះពាល់ជីវភាពគ្រួសារខ្ញុំខ្លាំងមែនទែនហើយម្តាយបងសុខុនធ្លាក់ខ្លួនឈឺទៀត សេដ្ឋកិច្ចគ្រួសារត្រូវយ៉ាប់យ៉ឺនហើយសុខភាពបង(ប្តីគាត់)ជាប់ពន្ធនាគារសុខភាពមិនសូវល្អ វាប៉ះពាល់ច្រើនដែរ»។
អ្នកស្រី លីដា បន្ថែមថា អ្នកស្រីក៏សប្បាយចិត្តដែរខណៈដែលទទួលដំណឹងថាប្តីរបស់គាត់នឹងត្រូវដោះលែងនៅដើមខែធ្នូខាងមុខនេះ ហើយម្តាយក្មេករបស់អ្នកស្រីក៏សប្បាយចិត្តដែរខណៈគាត់កំពុងធ្លាក់ខ្លួនឈឺបន្ទាប់ពីកូនរបស់គាត់ត្រូវបានឃុំខ្លួន។
ខេមបូចា មិនអាចទំនាក់ទំនងលោកស្រី ជា ច័ន្ទរស្មី អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបងដើម្បីបំភ្លឺបន្ថែមបានឡើយ។
កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ លោកស្រីចៅក្រមជំនុំជម្រះ ហៃ ណៃហេង បានសម្រេចបង្វែរសំណុំរឿងធ្វើការស៊ើបសួរបន្ថែមលើដើមបណ្តឹងនិងសាក្សីម្តងហើយ។
ពេលនោះ លោក ឡី សុខុន ស្នើឱ្យលោកស្រីចៅក្រមលើកលែងទោសឱ្យរួចផុតពីបទចោទខាងលើ ដោយហេតុថាពេលនោះបានជាខ្លួនដើរល្បាតនិងឃ្លាំមើលភាពមិនប្រក្រតីក្នុងពេលបោះឆ្នោតព្រោះមានប្រជាពលរដ្ឋរាយការណ៍មកថានៅខាងមុខការិយាល័យបោះឆ្នោតវត្តកែវមានការទិញសន្លឹកឆ្នោតដូច្នេះគាត់ទៅថតរូបទុកជាភស្តុតាងទុកឱ្យ គជប ប៉ុណ្ណោះ។
លោក ឡី សុខុន បានបញ្ជាក់ក្នុងសវនាការពេលនោះថា ខ្លួនមិនបានចូលទៅក្នុងលំនៅឋានឈ្មោះ សុខ លីម នោះទេ គ្រាន់តែសួរថាប្រាក់នៅនឹងដៃឈ្មោះ ឡាញ់ ជុន ជាប្រាក់អ្វី? ឈ្មោះ ឡាញ់ ជុន ឆ្លើយថា ជាប្រាក់ខ្លួនលក់ត្រី លោកក៏សុំទោសនិងថាមិនអីទេរួចក៏ចាកចេញ។
លោក ឡាញ់ ជុន បានសរសេរក្នុងលិខិតសុំដកពាក្យបណ្តឹងកាលពីថ្ងៃទី៩ ខែមិថុនា ថា លោកខឹងនឹងលោក ឡី សុខុន ដោយសារតែគាត់ចូលទៅផ្ទះអ្នកជិតខាងហើយថតវីដេអូបង្ហោះលើបណ្តាញសង្គមនឹងបានសុំមើលលុយរបស់ខ្លួនដែលកាន់នៅនឹងដៃ ដោយលោកយល់ថាវាប៉ះពាល់សិទ្ធិរបស់ខ្លួន។ តែនៅពេលលោក ឡី សុខុន និងគ្រួសារបានសន្យាធ្វើវីដេអូសុំទោសជាសាធារណៈនៅពេលបាននៅក្រៅឃុំនិងយល់ឃើញថាវាជាកំហុស តិចតួចហើយលោក ឡី សុខុន យល់ព្រមលុបវីដេអូនោះចេញវិញផង លោកក៏សម្រេចចិត្តដកពាក្យបណ្តឹងវិញ ។
លោក អ៊ិន គង់ជិត មន្រ្តីសម្របសម្រួលអង្គការសិទ្ធិមនុសុ្ស លីកាដូ ខេត្តបាត់ដំបងដែលឃ្លាំមើលករណីនេះ បានចាត់ទុកការសម្រេចផ្តន្ទាទោសលោក ឡី សុខុន ជារឿងអយុត្តិធម៌ ព្រោះលោក ឡី សុខុន មិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។
លោក គង់ជិត បញ្ជាក់ថា៖ «គាត់គ្រាន់តែសួរនាំដោយឃើញមានការសង្ស័យថាមានកត់ឈ្មោះកត់អី អញ្ចឹងគាត់មិនបានប្រើកលល្បិច មិនបានប្រើហិង្សាមិនបានគំរាមកំហែងទៅលើម្ចាស់លំនៅឋានទេ»។ លោកបន្ថែមថា៖ «ថ្ងៃហ្នឹងម្ចាស់លំនៅឋានក៏គាត់អត់នៅដែរ អ្នកដែលប្តឹងហ្នឹងគឺឈ្មោះ ឡាញ់ ជុន ជាអ្នកប្តឹងទេ ហើយប្តឹងរឿងបង្ហោះហ្វេសប៊ុកនោះទេហើយលោក ឡាញ់ ជុន ក៏បានដកពាក្យបណ្តឹងហើយដែរ»៕