សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សាលាដំបូងខេត្តបាត់ដំបងបើកសវនាការលើ​ករណី​អគ្គនាយកទូរទស្សន៍​អនឡាញTNM​ពាក់ព័ន្ធនឹងបទបរិហាកេរ្តិ៍

លោក សែម បូរ៉ា អគ្គនាយកទូរទស្សន៍អនឡាញTNM ផ្តល់បទសម្ភាសន៍ដល់អ្នកកាសែតក្រោយពីចេញពីបន្ទប់ជំនុំជម្រះក្តី នោថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ មាស ភារុណ)
លោក សែម បូរ៉ា អគ្គនាយកទូរទស្សន៍អនឡាញTNM ផ្តល់បទសម្ភាសន៍ដល់អ្នកកាសែតក្រោយពីចេញពីបន្ទប់ជំនុំជម្រះក្តី នោថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ មាស ភារុណ)

សាលាដំបូងខេត្តបាត់ដំបងនៅថ្ងៃទី២៥ ខែមេសា បានបើកការជំនុំជម្រះក្តីជាថ្មីលើអគ្គនាយកទូរទស្សន៍អនឡាញ​TNMពី​បទ​បរិហាកេរ្តិ៍​​​ជាសាធារណៈ បន្ទាប់ពីអ្នកកាសែត​រូបនេះ​ត្រូវបានតុលាការ​សម្រេចផ្តន្ទាទោសដោយ​ផាកពិន័យចំនួន៤លានរៀលដោយសាលក្រមកំបាំងមុខ​កាលពី​ឆ្នាំ២០២២ យោងតាមបណ្តឹងរបស់អភិបាលស្រុកឯកភ្នំ។

ការជំនុំជម្រះក្តីសារថ្មីនេះក្រោយពីលោក សែម ​​បូរ៉ា អគ្គនាយកទូរទស្សន៍អនឡាញTNM បាន​ប្តឹង​ជំទាស់​ទៅនឹងការប្រកាសសាលក្រមកំបាំងមុខរបស់សាលាដំបូងខេត្តបាត់ដំបង​ដែល​បាន​ប្រកាស​នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ​ ដោយអវត្តមានជនជាប់ចោទលោក សែម បូរ៉ា និង​កំបាំង​មុខដើមបណ្តឹងរដ្ឋប្បវេណីលោក​ ម៉ឹល សុផល អភិបាលស្រុកឯកភ្នំ។

សាលក្រមកំបាំងមុខនេះបានសម្រេចចោទប្រកាន់លោក សែម បូរ៉ា ដែលមានទីលំនៅ​ក្នុង​សង្កាត់​បឹងសាឡាង ខ័ណ្ឌទួលគក រាជធានីភ្នំពេញ ពិន័យជាទឹកប្រាក់៤លានរៀល​ចូល​ថវិកា​រដ្ឋ​ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តលើបណ្តាញសង្គម​ហ្វេសប៊ុកកាល​ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។

លោក អ៊ុន ចាន់ថុល មេធាវីការពារក្តីឱ្យលោក សែម បូរ៉ា បានឱ្យដឹងថា ក្រោយពីការ​ជជែក​ដេញដោល តាមនីតិវិធីច្បាប់រវាងមេធាវីតំណាងកូនក្តីទាំងសងខាង ព្រមទាំងចុងចោទ និង​តំណាងអយ្យការក្នុងបន្ទប់ជំនុំជម្រះជិត២ម៉ោង តំណាងអយ្យការ​បានសម្រេច​លើក​ការ​ប្រកាស​សាលក្រមទៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ។

លោកមេធាវីបន្ថែមថា មូលហេតុដែលកូនក្តីគាត់ប្តឹងតវ៉ាឱ្យមានការជំនុំជម្រះសារថ្មីនេះ​ដោយ​សារ​តែការប្រកាសសាលក្រមកំបាំងមុខលើកមុន កូនក្តីរបស់លោកមិនបានទទួល​ដីកាកោះ ពីតុលាការនោះឡើយ ។

លោក អ៊ុន ចាន់ថុល បានបន្ថែមថា៖ «គាត់ជំនុំជម្រះលើកមុនគឺកំបាំងមុខយើង កូនក្តីយើងអត់ ទាំងដឹងខ្លួនថា មានបណ្តឹងចោទប្រកាន់​គាត់ពីបទបរិហាកេរ្តិ៍ជាសាធារណៈដល់អ្នក​សារព័ត៌មាន​ហ្នឹងទេ រហូតដល់ចេញ​សាលក្រមកំបាំងមុខមកបានឃើញ បើសិនគាត់ បានទទួលដីកាកោះលើកទី១ ទី២ ទី៣ អីហ្នឹង! គាត់ចូលហើយ! ប៉ុន្តែតុលាការ​ទទួល​ស្គាល់ថាបានចេញដីការកោះហៅយើងហើយ តែវាមិនដល់»

ទោះបីយ៉ាងណាលោកមេធាវីបានបញ្ជាក់ថា ក្នុងអង្គជំនុំជម្រះជាថ្មីនេះលោកបានស្នើ​ឱ្យ​តុលាការផ្តន្ទាទោសកូនក្តីលោកតាមច្បាប់ស្តីពីរបបសារព័ត៌មានព្រោះជាច្បាប់ពិសេសសម្រាប់អនុវត្តន៍លើអ្នកសារព័ត៌មាន មិន​ត្រូវយកក្រមព្រហ្មទណ្ឌមកផ្តន្ទាទោស​លើកូនក្តីរបស់ខ្លួន​ដែលជាអ្នកកាសែតនោះ​ទេ។

លោក​បន្តថា កូនក្តីរបស់លោកផ្សាយព័ត៌មានមិនបានបំភ្លៃបំភ្លើសការពិតនោះទេ គឺចុះផ្សាយ​តាម​ការស្នើសុំរបស់ប្រជាពលរដ្ឋជាង២០០គ្រួសារដែលហៅគាត់ទៅ ហើយកូនក្តីរបស់លោក ក៏បានព្យាយាមរកការឆ្លើយតបពីអាជ្ញាធរពាក់ព័ន្ធផងដែរ ដោយទាំងដាក់លេខទូរសព្ទ​ឱ្យ​ទំនាក់​ទំនងក្នុងអត្ថបទទៀត។

លោកមេធាវី អ៊ុន ចាន់ថុល លើកឡើងថា៖ «ពេលធ្វើសន្និដ្ឋានខ្ញុំបានសួរថាតាមមាត្រា១០ ជន​គ្រប់​រូបបើសិន ជាផ្សាយទៅប៉ះពាល់កេរ្តិ៍ឈ្មោះ​កិត្តិយស​ត្រូវប្តឹងអ្នកព័ត៌មានហ្នឹង​ឱ្យធ្វើការ​កែ​តម្រូវ រឺប្តឹងទៅតុលាការឱ្យធ្វើការកែតម្រូវ គាត់ប្តឹងមកតុលាការក៏មិនខុស ប្តឹងមកអ្នក​កាសែត​​​កែតម្រូវ​ក៏មិនខុស ឱ្យតែផ្តល់ព័ត៌មានមក គេកែឱ្យហើយ យើងនិយាយ​តាមច្បាប់»​។ លោក​បន្ត​ថា៖ «យើងផាកពិន័យចូលរដ្ឋ៤លានហ្នឹង តើអ្នកកាសែត គាត់មានលុយទេ មាន​ប្រាក់ខែ​ទេ!»

ទោះបីយ៉ាងណាលោកមេធាវីបញ្ជាក់ថា ការសម្រេចសាលក្រមយ៉ាងណានៅថ្ងៃទី៩ ខែឧសភា ខាងមុខនេះ វាជាឆន្ទានុសិទ្ធិរបស់តុលាការ បើសិនជាតុលាការសម្រេចឱ្យកូនក្តី​របស់​លោក​បង់​លុយពិន័យទៀត លោកនឹងបន្តប្តឹងទៅសាលាឧទ្ធរណ៍ បើសាលាឧទ្ធរណ៍ចាញ់ក្តីទៀត នឹងបន្តប្តឹងទៅកំពូលបន្តទៀត។

លោក សែម បូរ៉ា អគ្គនាយកទូរទស្សន៍អនឡាញTNM បានប្រាប់ ខេមបូចា នារសៀល​ថ្ងៃ​ទី២៥ ខែមេសា ថា លោកសរសេរអត្ថបទមានវិជ្ជាជីវៈត្រឹមត្រូវ មិនមានបំណងបរិហាកេរ្តិ៍​លើអាជ្ញាធរនោះទេ។ លោកស្នើឱ្យតុលាការយកច្បាប់​ស្តីពីរបបសារព័ត៌មាន មកជំនុំជម្រះក្តី​របស់លោក ហើយលោកសង្ឃឹមថា តុលាការនឹងលើកលែងការចោទប្រកាន់​មកលើរូបលោក​ដែលជាអ្នកសារព័ត៌មានវិជ្ជាជីវៈមួយរូប។

លោក សែម បូរ៉ា បញ្ជាក់ថា៖ «ខ្ញុំទាមទាឱ្យមានសេរីភាពរួចពីការចោទប្រកាន់ឡើងវិញ កុំឱ្យមានការដាក់ទោសទណ្ឌលើអ្នកកាសែតដែលមានវិជ្ជាជីវៈ យើងផ្សាយព័ត៌មានតាម​វិជ្ជាជីវៈ យើងមិនមែនផ្សាយតែមួយចំហៀងនោះទេ!»។ លោកបន្ថែមថា៖ «យើងផ្សាយ​ទាំងសងខាង យើងទាក់ទងអាជ្ញាធរដែរ តែមិនមានការឆ្លើយតប! ហើយយើងរង់ចាំការបំភ្លឺ​របស់លោក ម៉ឹល សុផល ប៉ុន្តែគាត់អត់មានបំភ្លឺ គាត់សម្រេចចិត្តប្តឹងទៅតុលាការវិញ»

លោក សែម បូរ៉ា អគ្គនាយកទូរទស្សន៍អនឡាញTNM​(ឈរកណ្ដាល) សហការី​របស់​លោក និងលោក អ៊ុន ចាន់ថុល មេធាវីការពារក្តី ផ្តល់ព័ត៌មានដល់អ្នកកាសែត​ក្រោយពីចេញពី​បន្ទប់​ជំនុំជម្រះក្តី នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ មាស ភារុណ)

ទាក់ទងសំណុំរឿងខាងលើនេះលោក ម៉ឹល សុផល អភិបាលស្រុកឯកភ្នំ ដែលជាដើមបណ្តឹង បានបដិសេធធ្វើអត្ថាធិប្បាយ ដោយលោករុញឱ្យសួរមេធាវីការពារក្តីរបស់លោកវិញ។

លោក ម៉ឹល សុផល ឆ្លើយយ៉ាងខ្លីថា៖ «អាហ្នឹងខ្ញុំប្រគល់សិទ្ធិឱ្យមេធាវីខ្ញុំហើយ ខ្ញុំជាប់ពិភាក្សា​ការងារតិច សុំទោសណា!?»

ខេមបូចា មិនអាចទំនាក់ទំនងលោក ហួន វិទ្យា មេធាវីការពារក្តីដើមចោទដែលការពារឱ្យលោកអភិបាលស្រុកឯកភ្នំ បានទេ។

ខេមបូចា ក៏មិនអាចទំនាក់ទំនងលោក ថាន់ ឃុន ចៅក្រមនៃសាលាដំបូងខេត្តបាត់ដំបង ខណៈលោក ឡាច លីនិត ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តបាត់ដំបង បានបដិសេធ​ ដោយ​លោករុញឱ្យសួរអ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបងវិញ ដោយលោកបញ្ជាក់ថា ក្នុងដំណាក់កាលជំនុំជម្រះលោកគ្មានសិទ្ធឆ្លើយនោះទេ។

លោក ​ឡាច លីនិតបញ្ជាក់ខ្លីថា៖ «អាធ្យាស្រ័យបងចង់សួរអី បងសួរអ្នកនាំពាក្យខាង សាលាដំបូង និងអ្នកនាំពាក្យអយ្យការអមសាលាដំបូង បងអត់មានសិទ្ធសួរខ្ញុំទេបង ដោយសារច្បាប់គេកំណត់អញ្ចឹង ដោយសារដំណាក់កាលនេះដំណាក់កាលជម្រះ អញ្ចឹងណាបង!»។

ចំណែកអ្នកស្រី ជា ច័ន្ទរស្មី អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង បានបញ្ជាក់ថា លោកស្រី​មិនទាន់បានទទួលព័ត៌មានការជំនុំជម្រះក្តីអ្នកកាសែតខាងលើនេះនៅឡើយទេ លោកស្រីថា​នឹងពិនិត្យមើលសំណុំរឿងនេះ ឆ្លើយតបតាមក្រោយ នៅរសៀលថ្ងៃទី២៥ ខែមេសា។ ប៉ុន្តែព្រឹកថ្ងៃសុក្រទី២៦ ខែមេសានេះ ខេមបូចាព្យាយាមទំនាក់ទំនងតាមទូរស័ព្ទទៅអ្នកស្រីម្តងទៀត គាត់បានបញ្ជាក់ថា កំពុងជាប់កម្មវិធីប្រជុំ។

សូមបញ្ជាក់ថា លោកសែម ​​បូរ៉ា អគ្គនាយកទូរទស្សន៍អនឡាញTNM ត្រូវបានលោក ម៉ឹល សុផល អភិបាលស្រុកឯកភ្នំ ប្តឹងពី​បទ​បរិហាកេរ្តិ៍​ជាសាធារណៈ ក្រោយពីលោកចុះផ្សាយ​ព័ត៌មាន ទាក់ទងទៅនឹងទំនាស់ ដីធ្លីនៅចំណុចអាងភាស​តាមការស្នើសុំ​ឱ្យចុះផ្សាយ​ពី​ប្រជាពលរដ្ឋ​ជាង២០០គ្រួសារកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។

តាមចម្លើយរបស់លោក ហួន វិទ្យា មេធាវីតំណាងដោយអណត្តិឱ្យលោក ម៉ឹល សុផល (តំណាងរដ្ឋបាលខេត្ត)ដែលត្រូវបានសរសេរក្នុងសាលក្រមព្រហ្មទណ្ឌលេខ៩៤«ជ» បាន​ឆ្លើយក្នុងដំណាក់កាលអយ្យការថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ គណនេយ្យហ្វេសប៊ុក​ឈ្មោះ សែម បូរ៉ា អគ្គនាយកទូរទស្សន៍អនឡាញ TNM បានធ្វើការផ្សាយព័ត៌មានខុស​ពី​ការ​ពិត និងញុះញង់ធ្វើឱ្យមតិ​សាធារណៈ​មានការយល់ច្រឡំក្នុងករណីអាងភាស​ដែល​ស្ថិតក្នុង​ភូមិសាស្រ្តស្រុកឯកភ្នំ និងស្រុកថ្មគោលដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូ​របស់​អាជ្ញាធរ សមត្ថកិច្ចស្រុកឯកភ្នំ និងរដ្ឋបាលខេត្តបាត់ដំបង ។

លោក ណុប វី នាយកប្រតិបត្តិខេមបូចា បានលើកឡើងថា អាជ្ញាធររដ្ឋមានតួនាទីក្នុងការ​ដោះ​ស្រាយបញ្ហាផ្សេងៗជូនដល់​ប្រជាពលរដ្ឋ ចំណែកអ្នកសារព័ត៌មានដើរតួនាទីក្នុងការ​បង្ហាញ​បញ្ហានានាក្នុងសហគមន៍ដែលប្រជាពលរដ្ឋបានលើកឡើងមក។ លោកបន្តថា ការប្តឹង​ផ្តល់​ពី​បទបរិហាកេរ្តិ៍ពីមន្រ្តីសាធារណៈរបស់រដ្ឋលើអ្នកកាសែតមិនគួរឱ្យ​កើតមានឡើង​នោះទេ។

លោក ណុប វី ថ្លែងថា៖ «ព្រោះបើសិនជាយើងមិនពិនិត្យ និងដោះស្រាយបញ្ហា យើងគិតតែ​រឿងប្តឹងផ្តល់អ្នកផ្តល់ព័ត៌មាន ខ្ញុំគិតថា វាជារឿងមួយបន្ទច់បង្អាក់ដល់ការផ្តល់ព័ត៌មានពីបញ្ហា​នានាដែលកើតមានឡើងនៅសហគមន៍ដល់អាជ្ញាធររដ្ឋ»។ លោកបន្តថា៖ «បើ​សិន​ការពិនិត្យមើល​ខ្លឹមសារ​អត្ថបទ​ផ្សេងៗ បើសិនយើងពិនិត្យឃើញថា មានការខុសឆ្គង គួរតែមានការ​បកស្រាយ​ពន្យល់បង្ហាញ រឺការស្នើឱ្យអ្នកសារព័ត៌មានធ្វើការចុះផ្សាយបន្ថែម រឺបំភ្លឺបន្ថែមជុំវិញ​ចំណុច​ដែល​មានការខុសឆ្គង ប្រសើរជាងប្រើប្រព័ន្ធច្បាប់»

លោក ណុប វី បានបន្ថែមថា ការប្រើប្រព័ន្ធច្បាប់ពីមន្រ្តីសាធារណៈ វាមិនមែន​ជាការដាក់ចេញ រឺការប្រកាន់យកសកម្មភាពមួយដ៏ល្អ​ក្នុងការជួយជំរុញ​ឱ្យមានការលើកកម្ពស់​សេរីភាព​ក្នុង​សង្គម និងតម្លាភាព រឺគណនេយ្យភាពសង្គមនោះទេ ចំណុចនេះភាគីពាក់ព័ន្ធគួរតែពិនិត្យ​មើល​ឡើង​វិញដែរ៕

942 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម