សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តុលាការខេត្តបាត់ដំបងបានផ្តន្ទាទោសចាងហ្វាងកាសែតម្នាក់ និងពលរដ្ឋពីរនាក់ដាក់ពន្ធនាគារម្នាក់ៗ​មួយឆ្នាំ

ស្ត្រីពីរជិះម៉ូតូឆ្លងកាត់មុខសាលាដំបូងខេត្តបាត់ដំបង ខណៈបុរសម្នាក់កំពុងអង្គុយលើម៉ូតូដែលចតនៅខាងមុខច្រកចូលតុលាការ។ រូបថតនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី
ស្ត្រីពីរជិះម៉ូតូឆ្លងកាត់មុខសាលាដំបូងខេត្តបាត់ដំបង ខណៈបុរសម្នាក់កំពុងអង្គុយលើម៉ូតូដែលចតនៅខាងមុខច្រកចូលតុលាការ។ រូបថតនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី

សាលាដំបូងខេត្តបាត់ដំបងបានផ្តន្ទាទោសចាងហ្វាងកាសែតបាត់ដំបងប៉ុស្តិ៍ម្នាក់ និង​ពលរដ្ឋ​ពីរនាក់នៅស្រុកភ្នំព្រឹក ឱ្យមានទោសម្នាក់មួយឆ្នាំពាក់ព័ន្ធនឹង​បទល្មើស​«ញុះញង់​ឱ្យប្រព្រឹត្ត​បទឧក្រិដ្ឋជាអាទិ» តែអនុវត្តទោស​ក្នុង​ពន្ធនាគារ​រយ:ពេលតែបីខែមួយសប្តាហ៍ ចំណែក​ទោស​នៅសល់ត្រូវព្យួរ យោងតាមមន្ត្រីអង្គការ លីកាដូ។

លោក អុិន គង់ជិត មន្រ្តីសម្របសម្រួលអង្គការសិទ្ធិមនុស្ស លីកាដូ ខេត្តបាត់ដំបង និងប៉ៃលិន​ដែលតាមដានសំណុំ រឿងនេះ​បានថ្លែងថា​ការប្រកាសសាលក្រមនេះចៅក្រមបាន​សម្រេច​ផ្តន្ទាទោសជនសង្ស័យទាំងបីនាក់​នេះមានទោសម្នាក់មួយឆ្នាំក្រោមបទចោទ៖ «ញុះញង់ឱ្យ​ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ» តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

លោក គង់ជិត បានថ្លែងថា៖ «ប៉ុន្តែជនសង្ស័យទាំងបីបានអនុវត្តទោស​ក្នុងពន្ធនាគាររយ:ពេល​៣ខែ១សប្តាហ៍កន្លងមក​ហើយគិតមកដល់ត្រឹមថ្ងៃទី២១តុលាដែលជាថ្ងៃលោកចៅក្រម​ស៊ើប​សួរ ឆែ វីរ: ចេញដីកា​ដោះលែង ចំណែកទោសនៅសល់ជិត៨ខែទៀតត្រូវព្យួរ…»

លោក ឃី ឆៃ ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង​ដែលកាន់សំណុំរឿងនេះ​បាន​បដិសេធមិនធ្វើអត្ថាធិប្បាយនៅពេលអ្នកសារព័ត៌មានខេមបូចាសាកសួរ។

លោក ឃី ឆៃ មានប្រសាសន៍ថា៖ «អត់អីទេចាំយកព័ត៌មានកន្លែង​រដ្ឋបាលទៅ​គេដឹងហើយ​តិចទៀតខ្ញុំទម្លាក់ឯកសារទៅ»

ចំណែកអ្នកស្រីជា ច័ន្ទរស្មីអ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង មិនទាន់អាចធ្វើ អត្ថាធិប្បាយបាននៅឡើយទេ ដោយអ្នកស្រីសុំពេលពិនិត្យមើលសំណុំរឿងសិន នាថ្ងៃទី២៣ ខែធ្នូ ២០២២។ ក្រោយប៉ុន្មានម៉ោងអ្នកសារព័ត៌មានខេមបូចា​ទាក់ទងម្តងទៀតតាមទូរស័ព្ទ​ជាច្រើនសារមិនមានអ្នកទទួលនោះទេ។

លោក សែម ឌីយ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរជាចាងហ្វាងកាសែតបាត់ដំបងប៉ុស្តិ៍ និង អ្នកទិញ លក់ពោតពីរនាក់ទៀតឈ្មោះ ហ៊ឹម ចាន់គ្រឹស្នា ភេទប្រុសអាយុ២២ឆ្នាំ និងឈ្មោះកែវ វាសនា ភេទប្រុស អាយុ៣៣ឆ្នាំ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពីថ្ងៃទី២១ ខែតុលា បន្ទាប់​ពីពួកគេត្រូវបានឃុំខ្លួន៣ខែនិង១សប្តាហ៍មក។ អ្នកទាំងបីរស់នៅភូមិភ្នំតូច ឃុំ​ពេជ្យចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នកាល​ពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ក្រោមបទចោទខាងលើ។

ការសម្រេចឃុំខ្លួននេះក្រោយពួកគេទាំងបីនាក់ បានឡាយវីដេអូ និងផុសរូបតាម​បណ្តាញ​សង្គម​កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ ខណៈដែលប្រជាពលរដ្ឋរាប់រយនាក់បានប្រមូលផ្តុំ​គ្នារារាំងមិនឱ្យមន្រ្តីក្រសួងសាធារណៈ និងដឹកជញ្ជូន ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ​ឃាត់​រថយន្ត​ដឹកពោតរបស់ឈ្មួញថៃដែលដឹកលើសទម្ងន់នៅចំណុចសៃឡូឈ្មោះសុវត្តិ រុងរឿងស្ថិតនៅ​ក្នុង​ភូមិភ្នំតូច ឃុំពេជ្យចិន្តា ស្រុកភ្នំព្រឹក យកទៅអនុវត្តតាមច្បាប់។

ពេលនោះប្រជាពលរដ្ឋ​អះអាងថា មូលហេតុដែលពួកគាត់រារាំងមិនឱ្យមន្រ្តីជំនាញ​យក​រថយន្ត​ថៃដែលចូលទិញពោតកសិករខ្មែរហើយដឹកលើសទម្ងន់នេះដោយខ្លាចក្រែងក្រុមឈ្មួញថៃលែងហ៊ានយករថយន្ត​ចូលមកទិញ កសិផលពួកគាត់ទៀតដែលនាំឱ្យពោតធ្លាក់ថ្លៃ។

លោក សែម ឌីយ៉ា ចាងហ្វាងកាសែតបាត់ដំបងប៉ុស្តិ៍​ដែលបានចូលស្តាប់ការ​ប្រកាស​សាលក្រម​នាព្រឹកថ្ងៃព្រហស្បត្តិ៍ មិនបានឆ្លើយតបនោះទេ ខណៈដែលអ្នកសារព័ត៌មាន​ខេមបូចាសាកសួរតាមទូរស័ព្ទលោកក៏ចុចផ្តាច់ និងតេទៅច្រើនសារមិនមានការទទួល។

ចំណែក លោក ង៉ាន់ ចិន្តា​ មេធាវីការពារក្តីឱ្យលោក សែម ឌីយ៉ា បានបដិសេធការធ្វើ​អត្ថាធិប្បាយលើរឿងនេះ។

អ្នកស្រី នាង រ៉ាន់ ម្ចាស់សៃឡូ រុងរឿងនឹងជាម្តាយបង្កើត​របស់ជនសង្ស័យឈ្មោះ ហ៊ឹម ចាន់គ្រឹស្នា បានថ្លែងថាគាត់ មិនទាន់បានទទួលព័ត៌មាន​ពីការប្រកាសសាលក្រម​រឿងក្តី​របស់កូនអ្នកស្រីនៅឡើយទេព្រោះអ្នកស្រីមិនបានចូលរួមស្តាប់នោះទេ​ដោយជាប់​រវល់​យកកូនទៅព្យាបាលជំងឺនៅប្រទេសថៃតាមការណាត់របស់គ្រូពេទ្យ។

ទោះបីយ៉ាងណា អ្នកស្រី នាង វ៉ាន់ បានថ្លែងថា កូនរបស់គាត់រួមទាំងប្រជាពលរដ្ឋម្នាក់ ​និង​អ្នកកាសែត ខាងលើត្រូវបានឃុំខ្លួនក្នុង​ពន្ធនាគារអស់ជាងបីខែទើបគេដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្នកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ហើយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ គាត់​បាន​នាំកូនប្រុសរបស់គាត់ទៅតុលាការខេត្តបាត់ដំបង ដើម្បីចូលរួមសវនាការជំនុំជម្រះ។

អ្នកស្រី នាង រ៉ាន់ បញ្ជាក់ថា៖ «ខ្ញុំអត់ទាន់ទទួលព័ត៌មានទេដោយអត់បានចូលស្តាប់ កូនរបស់​ខ្ញុំ​(ហ៊ឹម ចាន់គ្រឹស្នា) ចេញពីពន្ធនាគារកើត រមាស់ដាច់សាច់ឡើង​ខូង​ត្រូវព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ថៃ​ មួយខែចាក់ថ្នាំម្តង។ តាំងពីមានរឿងហ្នឹងមក ខ្ញុំខ្លាចណាស់ ធ្វើអីខ្លាចតែខុស ឃើញ​គេ​មាន​រឿងអីខ្ញុំបិទទ្វារហើយព្រោះមិនដែលជួបទេ គ្រួសារខ្ញុំធ្វើតែបុណ្យ»

អុិត សូធឿត នាយកប្រតិបត្តិស្តីទីប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា​ដើម្បីប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ឯករាជ្យ(CCIM) បានសាទរចំពោះការដោះលែងអ្នកកាសែតនិងប្រជាពលរដ្ឋ​ខាងលើ​នៅក្រៅឃុំ ប៉ុន្តែ​ពួកគាត់នៅតែមានទោសនៅឡើយ ដោយសារតុលាការសម្រេចកាត់​ទោស​ពួកគាត់ពាក់ព័ន្ធនឹងការញុះញង់ដែលជាបទល្មើសព្រហ្មទណ្ឌ។

លោកថ្លែងថា ក្នុងនាមយើងជាអ្នកធ្វើការលើវិស័យព័ត៌មានចង់ឱ្យអាជ្ញាធរ និងតុលាការ​ប្រើ​ច្បាប់ស្តីពីរបបសារព័ត៌មានដើម្បីដោះស្រាយរឿងក្តីរបស់អ្នកកាសែត ជាជាងប្រើច្បាប់​ក្រម​ព្រហ្មទណ្ឌកាត់ទោសអ្នកកាសែតឱ្យជាប់ពន្ធនាគារទាក់ទងនឹងការបំពេញការងាររបស់គាត់ ហាក់ដូចជាការរឹតត្បិតសេរីភាពសារព័ត៌មាន។

លោក សូធឿត បន្ថែមថា៖ «ការប្រើក្រមព្រហ្មទណ្ឌដើម្បីប្រឆាំងនឹងអ្នកសារព័ត៌មាននេះ វាអាចលេចជារូបភាពនៃការគំរាមកំហែង ជាពិសេសនៅពេលដែលបញ្ហាទាំងអស់ហ្នឹងវា ពាក់ព័ន្ធនិងអាជ្ញាធរ»

កម្រិតសេរីភាពនៃការបញ្ចេញមតិសេរីភាព​សារព័ត៌មាននិងសិទ្ធិទទួលបានព័ត៌​មាននៅ​ក្នុង​ប្រទេសកម្ពុជានៅមានកម្រិតទាប ហើយបរិយាកាសការងារ​សម្រាប់អ្នកសារព័ត៌មាន ​និង​អ្នក​ការពារសិទ្ធិមនុស្សគឺ «កាន់តែគ្រោះថ្នាក់» នេះ​បើ​យោង​តាម​របាយការណ៍មួយ​ដែល​បាន​ចេញ​ផ្សាយ​ដោយ​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​កាលពីខែវិច្ឆិកានេះ។

នៅក្នុងរបាយ​ការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពី​ស្ថានភាពសេរីភាព​នៃការបញ្ចេញមតិ​ សេរីភាព​សារព័ត៌មាន ​និង​សិទ្ធិ​ទទួលបានព័ត៌មាន​ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​បានបង្ហាញថា ​យ៉ាង​ហោចណាស់អ្នកកាសែត២០នាក់បានប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់ចាប់ពីខែកញ្ញា ឆ្នាំ២០២១ ​ដល់ ខែសីហា ឆ្នាំ២០២២ ដោយ១៤នាក់ត្រូវបានឃុំខ្លួន​និង២នាក់ត្រូវបាន​ផ្តន្ទាទោស​ដោយសារ​ការ​ធ្វើ​សេចក្តីរាយការណ៍ព័ត៌មាន​របស់ពួកគេ។ អ្នកការពារសិទ្ធិមនុស្ស​ចំនួន១៣នាក់ប្រឈមមុខនឹងវិធានការផ្លូវច្បាប់ក្នុងរយៈពេលដូចគ្នាផងដែរ​ ដោយតុលាការ​បាន​ឃុំខ្លួនមនុស្សចំនួន៤នាក់ និងផ្តន្ទាទោសចំនួន៤នាក់ផ្សេងទៀត៕

944 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម