ឃ្លាដ៏ទាក់ទាញចំនួន២កំពុងទទួលបានការចាប់អារម្មណ៍នៅក្នុងប្រទេសកម្ពុជា ដែលឃ្លាទាំងនោះឆ្លុះបញ្ចាំងពីការបារម្ភពីសាធារណៈកាន់តែខ្លាំងឡើងនៅពេលដែលសាកសពជារឿយៗត្រូវបានរកឃើញថារងគ្រោះដោយសារក្រុមឧក្រិដ្ឋកម្មឆ្លងដែន ដែលសាកសពទាំងនោះត្រូវបានដាក់ក្នុងវ៉ាលិស ឬនៅជិតបរិវេណកាស៊ីណូដែលពាក់ព័ន្ធទៅនឹងប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិត។
ខណៈពេលដែលអ្នកបង្កើតនៃឃ្លាទាំង២នេះគឺថ្មី ប៉ុន្តែអំពើហិង្សាទាំងនេះមិនមែនជារឿងថ្មីនោះទេ។
ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានឧក្រិដ្ឋកម្មច្រើនជាងគេក្នុងតំបន់។ នេះបើយោងតាមវេទិកាទិន្នន័យដែលមានប្រភពពីមហាជន សន្ទស្សន៍ឧក្រិដ្ឋកម្មចុងក្រោយបង្អស់របស់ Numbeo ដែលវាស់វែងកម្រិតឧក្រិដ្ឋកម្មតាមរយៈការស្ទង់មតិសាធារណៈ និងភ្ញៀវទេសចរណ៍។ កម្ពុជាទទួលបានពិន្ទុ ៥១,៣ ដោយនាំមុខមីយ៉ាន់ម៉ានៅ ៥០,៩ ។
ចំណាត់ថ្នាក់នេះឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវរបស់ឯកសារមជ្ឈមណ្ឌលសម្រាប់ឧក្រិដ្ឋកម្មឆ្លងដែន និងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត។ របាយការណ៍ពីគម្រោងប្រឆាំងការជួញដូរបានប៉ាន់ប្រមាណថា មនុស្សជាង ១៥០ ០០០ នាក់ ដែលភាគច្រើនជាជនបរទេសដែលត្រូវបានទាក់ទាញដោយការផ្សាយពាណិជ្ជកម្មក្លែងក្លាយត្រូវបានជួញដូរទៅក្នុងមជ្ឈមណ្ឌលបោកប្រាស់ក្នុងប្រទេសកម្ពុជា ដោយបង្កើតប្រាក់ចំណូលខុសច្បាប់យ៉ាងហោចណាស់ ១២,៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ។
កាលពីឆ្នាំមុន អ្នកឃ្លាំមើលឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតបានតាមដានភាពសាហាវដែលចងភ្ជាប់ជាមួយបណ្តាញទាំងនេះ ដោយកត់សម្គាល់ពីសកម្មភាពទាំងនេះដែលកើតឡើងម្ដងហើយម្ដងទៀត ដូចជាការសម្លាប់ដាក់សាកសពក្នុងវ៉ាលិស បុគ្គលិក«កាស៊ីណូ»ដែលជាជនជាតិបរទេសធ្លាក់ពីលើអគារដោយចោទថាធ្វើអត្តឃាត ហើយជួនកាលកើតឡើងនៅទីតាំងដដែលៗ និងដោយគ្មានការចាប់ខ្លួនជនបង្ក។
របាយការណ៍ប្រភពបើកចំហដែលសារព័ត៌មានខេមបូចាបានរកឃើញមានយ៉ាងហោចណាស់ ១៤ ករណីនៃឃាតកម្ម និងករណីជំរិតទារប្រាក់ដោយហិង្សានៅក្បែរ ឬជាប់នឹងមជ្ឈមណ្ឌលឆបោកក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២៥ ដែលបូកបញ្ចូលករណីដែលមិនទាន់បានដោះស្រាយកាលពីឆ្នាំមុន។
ជនរងគ្រោះជាច្រើនក៏ត្រូវបានគេដាក់ក្នុងវ៉ាលិសយកទៅបោះចោលនៅជិតកាស៊ីណូ ឬធ្លាក់ពីលើអាគារទៅស្លាប់នៅក្នុងបរិវេណនោះ។
ខណៈពេលដែលជនរងគ្រោះជាច្រើនជាជនបរទេស ភស្តុតាងបង្ហាញថា ជនល្មើសអាចជាប់ពាក់ព័ន្ធទៅនឹងក្រុមឧក្រិដ្ឋកម្មឆ្លងដែនដ៏ធំ។ ក្រុមទាំងនេះដែលមានដើមកំណើតនៅទីក្រុងម៉ាកាវ និងហុងកុង បានផ្លាស់ប្តូរទីតាំងមកប្រទេសកម្ពុជា ដែលឥឡូវនេះពួកគេដំណើរការប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិតទ្រង់ទ្រាយធំ។ ការកើនឡើងនៃប្រតិបត្តិការទាំងនេះឆ្លុះបញ្ចាំងពីនិន្នាការឧក្រិដ្ឋកម្មកាន់តែទូលំទូលាយ មិនមែនជាការឆ្លុះបញ្ចាំងពីសញ្ជាតិ ឬក្រុមណាមួយឡើយ។
ក្រុមសិទ្ធិមនុស្សនិយាយថា កម្សោយនៃការអនុវត្តច្បាប់គឺជាកត្តាជំរុញដ៏សំខាន់នៅពីក្រោយការកើនឡើងនៃអំពើហិង្សាទាក់ទងនឹងផែនការឧក្រិដ្ឋកម្ម ដែលឥឡូវនេះកំពុងជះឥទ្ធិពលដោយផ្ទាល់ដល់ប្រជាពលរដ្ឋ អ្នកវិនិយោគ និងឧស្សាហកម្មទេសចរណ៍របស់កម្ពុជា។
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក បានមានប្រសាសន៍ថា៖ «យើងមើលឃើញថាបញ្ហានេះគឺការអនុវត្តច្បាប់ក្នុងសង្គមរបស់យើងមានភាពធូររលុងដែលអាចធ្វើឲ្យឧក្រិដ្ឋជនមិនខ្លាចច្បាប់»។
ក្នុងចំណោមករណីចុងក្រោយបំផុត សាកសពដែលរលួយមិនទាន់ស្គាល់អត្តសញ្ញាណ សញ្ញាណសញ្ញាណ ត្រូវបានរកឃើញនៅក្នុងវ៉ាលិសមួយតាមបណ្តោយផ្លូវជាតិក្នុងខេត្តកោះកុងកាលពីថ្ងៃទី២៥ ខែមីនា។ ខេត្តនេះជាដើមកំណើតរបស់ខេត្តព្រះសីហនុ ដែលចាត់ទុកថាមានទំនាក់ទំនងនៃឧស្សាហកម្មឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់ប្រទេសកម្ពុជា។
ប៉ុន្មានសប្តាហ៍មុននេះ សាកសពមិនស្គាល់អត្តសញ្ញាណម្នាក់ទៀត ត្រូវបានគេរកឃើញនៅក្នុងខេត្តកណ្តាល ដោយដាក់ក្នុងវ៉ាលិសជាមួយនឹងដុំដែកចំនួន២ ហើយយកទៅបោះចោលក្នុងប្រឡាយ។
យោងតាមគម្រោងការប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា (CTIP) ខេត្តកណ្តាលជាទីតាំងល្បែងស៊ីសងតាមអ៊ីនធឺណិត និងមជ្ឈមណ្ឌលឆបោកយ៉ាងតិចចំនួន១២ ដែលបុគ្គលជាច្រើនត្រូវបានបង្ខំឱ្យចូលរួមក្នុងសកម្មភាពឧក្រិដ្ឋក្រោមការគំរាមកំហែងនៃអំពើហិង្សា ឬការសងសឹក។
ក្នុងករណីដាច់ដោយឡែកមួយនៅខេត្តកណ្តាល ជនជាតិចិនឈ្មោះ Liu Sen ត្រូវបានចាប់ជំរិត។ ក្រោយមកប៉ូលិសបានចាប់ខ្លួនជនសង្ស័យជនជាតិខ្មែរម្នាក់ឈ្មោះ ជា វុទ្ធី ប៉ុន្តែបួននាក់ផ្សេងទៀតនៅមិនទាន់មានព័ត៌មានចាប់ខ្លួននៅឡើយទេ។
ខេត្តព្រះសីហនុ ជាកន្លែងដែលមានមជ្ឈមណ្ឌលឆបោកយ៉ាងតិចចំនួន១០៧។
អាជ្ញាធរមិនទាន់កំណត់អត្តសញ្ញាណជនសង្ស័យបន្ថែម មូលហេតុនៅពីក្រោយ ឬការចាប់ខ្លួននៅក្នុងករណីទាំងនេះនៅឡើយទេ។
អគ្គស្នងការនគរបាលជាតិបានរាយការណ៍ថា កាលពីខែមីនាកន្លងទៅមានការចាប់ខ្លួនជនជាតិចិន និងមីយ៉ាន់ម៉ាដែលជាប់ពាក់ព័ន្ធក្នុងការលាក់សាកសពបុរសជនជាតិចិនម្នាក់ដែលពួកគេលើកឡើងថាបុរសនោះ «ធ្លាក់» ពីលើអគារ នៅក្នុងខេត្តត្បូងឃ្មុំ ដែលជាកន្លែងមានមជ្ឈមណ្ឌលឆបោករាប់សិបនាក់។ ទន្ទឹមនេះ អាជ្ញាធរមិនបានប្រាប់ឱ្យដឹងថា បុរសនោះធ្លាក់ពីទីតាំងអាគារណានោះទេ ។
នៅក្នុងករណីមួយផ្សេងទៀត គឺជនជាតិចិនមួយក្រុមបានប្រើប្រាស់វ៉ាលិសក្នុងការចាប់ជំរិតស្ត្រីជនជាតិវៀតណាម និងស្ត្រីជនជាតិចិននៅក្នុងទីក្រុងភ្នំពេញកាលពីខែមករា ដោយដាក់ចូលទៅក្នុងវ៉ាលិសរឹង បន្ទាប់ពីជនរងគ្រោះត្រូវបានវាយធ្វើបាប។ នេះបើយោងតាមរបាយការណ៍របស់ប៉ូលីស និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ ប្រតិបត្តិការនេះបង្ហាញពីសញ្ញានៃឧក្រិដ្ឋកម្មដែលមានការរៀបចំកាន់តែទូលំទូលាយ និងសកម្មភាពជួញដូរមនុស្សក្នុងតំបន់។ ជនសង្ស័យបានសារភាពចំពោះសមត្ថកិច្ចថា ខ្លួនបានប្រើវិធីនេះយ៉ាងតិច៦លើកមកហើយ ។

ករណីអំពើហិង្សា និងជំរិតទារប្រាក់ នៅរាជធានីភ្នំពេញ ជនបរទេសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់កប់ក្នុងដីវាលស្រែ ខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី១២ ខែមីនា។ អាជ្ញាធរបានហៅករណីនេះថា ជាអំពើឃាតកម្ម ពាក់ព័ន្ធនឹងការជំរិតទារប្រាក់ តែមិនមានព័ត៌មានលម្អិតបន្ថែមនោះទេ។
នៅក្នុងករណីផ្សេងទៀត ដែលទាក់ទងជាមួយនឹងការជំរិតទារប្រាក់ និងប្រតិបត្តិការឆបោកបាននាំឱ្យមានអំពីសម្លាប់ដោយហិង្សាផងដែរ។
កាលពីចុងខែកុម្ភៈ អាជ្ញាធរបានរកឃើញសាកសពស្ត្រីអាយុ១៨ឆ្នាំម្នាក់កប់នៅក្បែរស្រះទឹកមួយជាយរាជធានីភ្នំពេញ។ ប៉ូលិសនិយាយថា បុរសជនជាតិចិន ៣នាក់បានធ្វើទារុណកម្ម និងសម្លាប់នាង បន្ទាប់ពីនាងបានដឹងពីប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត និងប្រតិបត្តិការលាងលុយ។ ក្រុមជនជាតិចិនទាំងនេះបានល្បួងនាងជាមួយនឹងការផ្តល់ការងារឱ្យស្រ្តីរូបនោះ។
ជនជាតិចិនទាំង៣នាក់នេះត្រូវបានបញ្ជូនទៅតុលាការក្រុង ប៉ុន្តែនគរបាលជាតិមិនបានឆ្លើយតបនឹងសំណើសុំធ្វើបច្ចុប្បន្នភាពលើការជំនុំជម្រះរបស់ពួកគេទេ។
នៅពេលនោះ វិទ្យុអាស៊ីសេរីបានរាយការណ៍ថា នៅពេលដែលម្តាយរបស់ជនរងគ្រោះព្យាយាមផ្តល់សាក្សីដល់ប៉ូលិស តែប៉ូលិសបានប្រាប់អ្នកស្រីឱ្យ«រក្សាភាពស្ងៀមស្ងាត់»។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន មិនបានឆ្លើយតបនឹងសំណួរថាតើអាជ្ញាធរបានព្រមានម្តាយជនរងគ្រោះឲ្យនៅស្ងៀមដែរឬអត់នោះទេ។
ខណៈពេលដែលខ្វះព័ត៌មានលម្អិត ឧក្រិដ្ឋកម្មហិង្សាទាំងនេះក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំនេះ បានបង្កឱ្យមានការព្រួយបារម្ភជាសាធារណៈលើសន្តិសុខ ដែលបង្កើនការភ័យខ្លាចអំពីការកើនឡើងនៃឧក្រិដ្ឋកម្ម នៅពេលដែលអាជ្ញាធរនិយាយថាពួកគេកំពុងពង្រីកការបង្ក្រាបលើប្រតិបត្តិការឆបោក និងឧក្រិដ្ឋកម្មឆ្លងដែន។
លោក សុខា មានប្រសាសន៍ថា៖ «ប្រសិនបើបញ្ហាទាំងនេះនៅតែបន្តកើតមាន វានឹងប៉ះពាល់ដល់ការអភិវឌ្ឍន៍ជាតិ ដោយបង្អាក់ដល់អ្នកវិនិយោគ និងអ្នកទេសចរ»។ លោកបន្តថា ឧក្រិដ្ឋកម្មឆ្លងដែនបានធ្វើឱ្យការចូលរួមរបស់វិនិយោគិនបរទេសចុះខ្សោយនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ លោកបន្ថែមថា៖ «ទន្ទឹមនឹងនេះ ឧក្រិដ្ឋកម្មទាំងនេះបង្កើតការភ័យខ្លាចក្នុងចំណោមពលរដ្ឋ និងរំខានដល់ការរស់នៅ»។
ការភ័យខ្លាចនោះត្រូវបានផ្សំឡើងដោយការស្លាប់ជាច្រើននៅក្នុងខែមករា ដែលភាគច្រើនត្រូវបានមានទំនាក់ទំនងដោយផ្ទាល់ទៅនឹងកាស៊ីណូដែលសង្ស័យជាយូរមកហើយថាមានទំនាក់ទំនងទៅនឹងប្រតិបត្តិការបោកប្រាស់។

កាលពីថ្ងៃទី៧ ខែមករា បុរសជនជាតិថៃម្នាក់បានធ្លាក់ពីកាស៊ីណូ Genting ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានទីតាំងឆបោកយ៉ាងតិច៣០កន្លែង នេះបើយោងតាម CTIP ។
ក្រុងប៉ោយប៉ែតបានក្លាយជាចំណុចក្ដៅកាន់តែខ្លាំងកាលពីពេលថ្មីៗនេះ បន្ទាប់ពីអាជ្ញាធរថៃបានកាត់សេវាទូរគមនាគមន៍ក្រុងនេះកាលពីដើមឆ្នាំ ដោយលើកឡើងថាការប្រើប្រាស់សេវារបស់ពួកគេសម្រាប់ប្រតិបត្តិការឆបោក។ មន្ត្រីថៃថែមទាំងបានបង្ហើបពីគំនិតសាងសង់ជញ្ជាំងព្រំដែនដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់របស់ឧក្រិដ្ឋជននៅក្រុងប៉ោយប៉ែត ដែលជាប់ពាក់ព័ន្ធនឹងការឆបោក និងការរត់ពន្ធតាមអ៊ីនធឺណិត។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អ្នកគ្រប់គ្រងនៅកាស៊ីណូ Genting ដែលជាផ្នែកមួយនៃអគារកាស៊ីណូក្រោនដ៏ធំបានព្យាយាមបំបិទព័ត៌មាននៃការធ្លាក់ស្លាប់នេះ។
កាស៊ីណូនេះជាកម្មសិទ្ធិរបស់សមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាច លោក កុក អាន ដែលជាប់ពាក់ព័ន្ធនឹងមជ្ឈមណ្ឌលឆបោកក្នុងក្រុងព្រះសីហនុ និងប៉ោយប៉ែត ជាទីដែលជនរងគ្រោះដោយការជួញដូរត្រូវបានគេរាយការណ៍ថាឃុំខ្លួន។
នៅថ្ងៃបន្ទាប់ បុរសថៃម្នាក់ទៀតត្រូវរកឃើញថាបានធ្លាក់ស្លាប់នៅកាស៊ីណូ Golden ក្នុងបរិវេណកាស៊ីណូក្រោន។ ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា បុរសនេះត្រូវបានគេជួញដូរចូលប្រទេសកម្ពុជាដើម្បីធ្វើការតាមប្រព័ន្ធអ៊ីនធឺណិត។
ករណីបន្ថែមក្នុងក្រុងប៉ោយប៉ែត រួមមានបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលត្រូវគេរាយការណ៍ថាបានធ្លាក់ពីលើអគារកាស៊ីណូក្រោន កាលពីថ្ងៃទី១ ខែកុម្ភៈ និងបុរសជនជាតិថៃអាយុ១៩ ឆ្នាំម្នាក់ដែលបានស្លាប់បន្ទាប់ពីធ្លាក់ពីកាស៊ីណូដូចគ្នាកាលពីថ្ងៃទី៤ ខែមីនា។
ករណីស្រដៀងគ្នាមួយត្រូវបានរាយការណ៍កាលពីបីឆ្នាំមុនដោយសារព័ត៌មានវីអូឌីដែលបច្ចុប្បន្នឈប់ប្រត្តិបត្តិក្នុងប្រទេសកម្ពុជាហើយ។
ត្រឡប់មករាជធានីភ្នំពេញវិញ បុរសជនជាតិចិនម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្បែរកាស៊ីណូណាហ្គាវើលទី២ កាលពីថ្ងៃទី១២ ខែមករា។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ និងប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ង៉េង ជួ បដិសេធមិនធ្វើអត្ថាធិប្បាយទេ។
ស្ថានទូតឥណ្ឌូនេស៊ីបានប្រាប់សារព័ត៌មានខេមបូចាថា ខ្លួននឹងតាមដានករណីទាំងនេះ ប៉ុន្តែមិនបានធ្វើការឆ្លើយតបបន្ថែមទេ មុនពេលបោះពុម្ពផ្សាយ។ ស្ថានទូតចិន និងថៃនៅភ្នំពេញមិនបានឆ្លើយតបទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Bodies in Suitcases, Deaths at Casinos: The Crime Wave Trending on Social Media