ក្រុមប្រជាសហគមន៍សំរោងត្បូង នាតំបន់បឹងតាមោក ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ បានបញ្ចេញប្រតិកម្មភ្លាមៗ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រម ដោយកាត់ទោសពួកគាត់ចំនួន ៩នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល ១ខែ ក្រោមបទប្រឆាំងនឹងមន្ត្រីរាជការសាធារណៈ ដោយសារការដែលពួកគាត់តវ៉ារឿងជីកប្រឡាយ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ។
ក្នុងពេលប្រកាសសាលក្រម នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ចៅក្រម អ៊ួង វុទ្ធា ចោទក្រុមប្រជាសហគមន៍ថា “ ប្រឆាំងមន្រ្តីរាជការសាធារណៈ ” ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ថា ត្រូវអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ១ ខែ ឬក៏ត្រូវព្យួរទោសនោះទេ ដែលនាំឱ្យប្រជាសហគមន៍មិនអស់ចិត្ត អល់អែកចង់សួរបញ្ជាក់ ប៉ុន្តែស្ទាក់ស្ទើរ ព្រោះគ្មានឱកាស ។
ករណីនេះធ្វើឱ្យមន្ត្រីអង្គការសង្គមស៊ីវិល ដែលតាមដានឃ្លាំមើលការរំលោភសិទ្ធិមនុស្ស ក៏ដូចជាសិទ្ធិលំនៅឋាន បញ្ចេញទស្សនៈថា វិវាទដីធ្លីគួរត្រូវបានដោះស្រាយដោយសន្តិវិធី ហើយយុត្តិធម៌គប្បីត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋ ។
វិវាទដីធ្លីនៃសហគមន៍បឹងតាមោក ជាករណីវិវាទ ដែលដើមបណ្ដឹងជាមន្ត្រីអាជ្ញាធរខណ្ឌព្រែកព្នៅ ។
ក្រោមគោលនយោបាយដោះដូររបស់សាលារាជធានីភ្នំពេញ អាជ្ញាធរបានបែងចែកដីដែលស្ថិតនៅចម្ងាយប្រមាណ ៣ គីឡូម៉ែត្រ ពីទីតាំងចាស់ សម្រាប់សង់ផ្ទះឱ្យអ្នកដែលព្រមចាកចេញ និងផ្ដល់សំណងចាប់ពី ១ ម៉ឺនដុល្លារឡើងទៅ តាមចំនួនសមាជិកគ្រួសារ ទំហំដី និងទំហំផ្ទះនីមួយៗ ។
ការព្រមទទួលយកគោលនយោបាយដោះដូរ បានចាប់ផ្ដើមតាំងពី ឆ្នាំ២០២៤ ម៉្លេះ គឺបន្ទាប់ពីការតវ៉ាប្រឆាំង អស់រយៈពេលជិត ៦ឆ្នាំ ជំទាស់នឹងការបង្ខំឱ្យរុះរើលំនៅឋានពីដីធ្លី ដែលរដ្ឋាភិបាលរឹបអូសយកពីគ្រួសារប្រជាពលរដ្ឋ ដែលកំពុងតែរស់នៅតជំនាន់ នាតំបន់បឹងតាមោក ។
ទោះបីយ៉ាងណា ក្ដីរំពឹងរបស់ក្រុមប្រជាសហគមន៍សំរោងត្បូង ថាតុលាការនឹងទម្លាក់ចោលនូវរាល់បទចោទចំពោះពួកគាត់នោះ បានធ្វើឱ្យពួកគាត់ខកចិត្តយ៉ាងខ្លាំង ។ ខកចិត្តដ្បិតពួកគាត់ព្រមទទួលយកគោលនយោបាយដោះដូរ និងបានចាកចេញពីទីតាំងទំនាស់ហើយ ប៉ុន្តែនៅឡើយចំណាត់ការតុលាការមិនទាន់ចប់នោះទេ ៕





