ពលរដ្ឋ២នាក់ក្នុងចំណោម៧នាក់ដែលរស់នៅជាប់បឹងតាមោកមកបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញតាមដីកាកោះពីបទរារាំង ញុះញង់ បង្កើតសកម្មភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ ខណៈពួកគេតវ៉ាឱ្យមានការដោះស្រាយបញ្ហាដីធ្លី។ បើតាមពលរដ្ឋអះអាងថា ដើមបណ្ដឹងជាប្រធានសន្តិសុខខណ្ឌព្រែកព្នៅ។
នៅព្រឹកថ្ងៃអង្គារ ខែសីហា នេះពលរដ្ឋប្រមាណ៣០នាក់ បានមកតាមដានការបង្ហាញខ្លួនរបស់ពលរដ្ឋរងបណ្ដឹងនៅសាលាដំបូងរាជធានីភ្នំពេញចំនួន២នាក់ ដោយមានពលរដ្ឋម្នាក់ចូលបំភ្លឺពេលព្រឹក និងម្នាក់ទៀតវេនថ្ងៃ។
បើតាមដីកាកោះហៅរបស់តុលាការ លោក មាស សម្បូរ ជាដើមបណ្តឹងបានប្តឹងពលរដ្ឋ៧នាក់ពីបទរារាំង ញុះញង់ បង្កើតសកម្មភាពអនាធិបតេយ្យ តាមដងផ្លូវសាធារណៈ ប្រព្រឹត្តនៅផ្លូវលេខ១៥២ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ និងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២។
តាមប្រភពដដែល តុលាការតម្រូវឱ្យសមីខ្លួនចូលបំភ្លឺនៅតុលាការតាមកាលកំណត់រៀងៗខ្លួន ដោយចាប់ផ្តើមពីថ្ងៃទី២ ខែសីហានេះទៅ និងអ្នកខ្លះត្រូវបំភ្លឺនៅថ្ងៃទី៣ ទី៤ និងទី៩ ខែសីហានេះ។
បន្ទាប់ពីបញ្ចប់ការចូលបំភ្លឺនៅតុលាការរួច អ្នកស្រី ប្រាក់ សុភា ជាពលរដ្ឋមួយរូបក្នុងចំណោមចុងចោទ៧នាក់ បានថ្លែងថា អ្នកស្រីក៏ដូចជាពលរដ្ឋផ្សេងទៀតទទួលរងនូវភាពអយុត្តិធម៌ដោយសារតែរងបណ្ដឹងពីអាជ្ញាធរក្នុងមូលដ្ឋានខ្លួន ព្រោះពួកគេមិនបានប្រព្រឹត្តនូវទោសកំហុសដូចការចោទរបស់អាជ្ញាធរឡើយ។ ពួកគាត់គ្រាន់តែការទាមទារឱ្យមានដំណោះស្រាយសមរម្យសម្រាប់បញ្ហាដីធ្លីនៅបឹងតាមោកតែប៉ុណ្ណោះ។
អ្នកស្រីបន្ថែមថា អ្នកស្រីមានការឈឺចាប់ និងទទួលរងនូវអយុត្តិធម៌បំផុត ខណៈដែលពលរដ្ឋទាមទារសិទ្ធិលំនៅដ្ឋានបែរជារងបណ្ដឹងពីអាជ្ញាធរទៅវិញ ដូច្នេះអ្នកស្រីបដិសេធមិនទទួលបទញុះញង់ និងស្នើសុំយុត្តិធម៌សម្រាប់អ្នកជាប់បណ្ដឹងទាំង៧នាក់។
អ្នកស្រី សុភា ថ្លែងថា៖ «វាអយុត្តិធម៌សម្រាប់ពួកខ្ញុំដែលជាតំណាងពលរដ្ឋ២៥០គ្រួសារ គ្រាន់តែទាមទារប្លង់កម្មសិទ្ធិអភិវឌ្ឍន៍នឹងកន្លែងសោះ ហេតុអ្វីប្ដឹងពួកខ្ញុំ៧នាក់។ ពួកខ្ញុំអត់បានប្រព្រឹត្តបទល្មើសអីទាំងអស់ពួកខ្ញុំជាពលរដ្ឋស្លូតត្រង់ធ្វើដើម្បីសហគមន៍ ហើយខ្ញុំសូមលើកលែងបទចោទ»។
អ្នកស្រីបន្តថា៖ «ខ្ញុំមិនបានរារាំងការអភិវឌ្ឍទេ សម្ដេចអភិវឌ្ឍន៍ចុះកណ្ដាលបឹង តែសូមកុំឱ្យមន្រ្តីក្រោមសម្ដេចអភិវឌ្ឍន៍ជម្រកពួកខ្ញុំ ព្រោះអភិវឌ្ឍន៍លើលំនៅដ្ឋានពួកខ្ញុំស្មើនឹងអភិវឌ្ឍន៍លើទឹកភ្នែកខ្ញុំ។ ការអភិវឌ្ឍមានតែការឈឺចាប់ឱ្យពលរដ្ឋ ចឹងតើអភិវឌ្ឍន៍មានន័យអី?»។
អ្នកស្រីបន្ថែមទៀតថា ពលរដ្ឋដែលមកទាមទារមិនឱ្យឈូសឆាយផ្ទះពួកគេ គឺរស់នៅតំបន់បឹងតាមោកតាំងពីឆ្នាំ១៩៩០ ប៉ុន្តែគ្មានសៀវភៅស្នាក់នៅ គ្មានប្លង់កម្មសិទ្ធិមានតែអត្តសញ្ញាណបណ្ណសម្រាប់បោះឆ្នោតបក្សប្រជាជនតែប៉ុណ្ណោះ។
ពលរដ្ឋមួយរូបទៀត គឺអ្នកស្រី ខេន សាអយ អាយុ ៣៧ឆ្នាំ ប្រាប់ឱ្យដឹងថា ពលរដ្ឋដែលរងបណ្ដឹងទាំងអយុត្តិធម៌ មិនបានទៅរារាំងអាជ្ញាធរ ឬបិទផ្លូវសាធារណៈឡើយ គ្រាន់តែដើរតាមចិញ្ចើមផ្លូវធ្វើការទាមទារតែប៉ុណ្ណោះ។
អ្នកស្រី សាអយ អះអាងថា អ្នកស្រីសង្ឃឹមថាយុត្តិធម៌នឹងមានសម្រាប់ប្រជាជនស្លូតត្រង់ ព្រោះនៅពេលដែលពលរដ្ឋបានទៅដាក់ញត្តិនៅរដ្ឋសភា រដ្ឋសភាបានបោះត្រាទទួលដោះស្រាយឱ្យពលរដ្ឋសហគមន៍ ខណៈខុទ្ទកាល័យនាយករដ្ឋមន្រ្តីមិនបានដោះស្រាយឱ្យឡើយ។
អ្នកស្រីបន្ថែមថា អ្វីដែលពលរដ្ឋស្នើសុំ គឺប្លង់កម្មសិទ្ធិដីធ្លី សុំសៀវភៅស្នាក់នៅ ការអភិវឌ្ឍនៅនឹងកន្លែង និងមិនយល់ព្រមការដោះដូរដីទៅកន្លែងផ្សេងគ្មានការអភិវឌ្ឍឡើយ ដោយរំពឹងថាអាជ្ញាធរនឹងមិនដាក់បន្ទុកលើពលរដ្ឋ។
អ្នកស្រីថ្លែងថា៖ «ឱ្យខ្ញុំទៅនៅព្រៃខ្ញុំម៉េចទៅ បើផ្ទះខ្ញុំនៅតាំងពីឆ្នាំ៩០នោះ។ ខ្ញុំមានសង្ឃឹមព្រោះគាត់[រដ្ឋសភា]បានបោះត្រាទទួលញត្តិពួកខ្ញុំ និងចរចាជាមួយក្រុង កន្លះខែទៀតទៅជួបគាត់ផ្ទាល់»។
ខេមបូចា មិនអាចទាក់ទង លោក មាស សម្បូរ ប្រធានសន្តិសុខខណ្ឌព្រែកព្នៅ ដើម្បីបំភ្លឺជុំវិញបញ្ហាខាងលើ នៅរសៀលថ្ងៃនេះបានទេ។ ដោយឡែក លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ ក៍មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានដែរ។
ចំណែកលោកសុខ ខេមា អតីតអភិបាលរងខណ្ឌព្រែកព្នៅ ដែលទើបប្ដូរតំណែងទៅជាអភិបាលខណ្ឌដូនពេញបានប្រាប់ថា លោកមិនបានដឹងច្បាស់ជុំវិញករណីនេះឡើយ ដោយឱ្យសាកសួរទៅអភិបាលខណ្ឌជំនួសវិញ។
លោក ខេមា បញ្ជាក់ថា៖ «អានេះខ្ញុំមិនបាននេះផង កាលពីមុនអភិបាលគេអ្នកចាត់ចែង ទាល់តែសួរបងសម្បត្តិអភិបាលខណ្ឌ»។
ចំណែកលោក ស៊ឹម សុផង់ នាយករដ្ឋបាលខណ្ឌព្រែកព្នៅគ្រាន់តែប្រាប់យ៉ាងខ្លីថា រវល់ប្រជុំ។
លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការ លីកាដូ មានប្រសាសន៍ថា លោកមានការខកចិត្តដែលអាជ្ញាធរក្នុងមូលដ្ឋានយកប្រព័ន្ធតុលាការមកប្ដឹងប្រជាជនដែលមានបញ្ហាដីធ្លីនៅបឹងតាមោកជាច្រើននាក់។ លោកស្នើឱ្យអាជ្ញាធរពិនិត្យឡើងវិញ ចំពោះភាពមិនប្រក្រតីនេះ។
លោកសំអាតបន្ថែមថា នេះមិនមែនជារឿងចម្លែកឡើយ ព្រោះកន្លងមកពលរដ្ឋនៅបុរីកីឡាពលរដ្ឋនៅសហគមន៍ផ្សេងៗទៀតក៏រងការចាប់ និងឃុំខ្លួនតាមប្រព័ន្ធផ្លូវច្បាប់ដូចគ្នាដែរ ដោយសារតែបញ្ហាដីធ្លី។
លោក សំអាត ថ្លែងថា៖ «យើងមានការបារម្ភដែរទាក់ទងនឹងសហគមន៍នៅបឹងតាមោកនេះ យើងឃើញដីនៅបឹងតាមោក កន្លងមករដ្ឋាភិបាលធ្លាប់ធ្វើការកាត់ទៅឱ្យក្រុមហ៊ុនឯកជនមួយចំនួន ឬក៏សាងសង់អគាររដ្ឋបាលរបស់រដ្ឋ ចឹងទេអាជ្ញាធរគួរជជែកជាមួយពលរដ្ឋដើម្បីដោះស្រាយដោយសន្តិវិធី»។
លោកអះអាងថា អាជ្ញាធរគួរចៀសវាងការប្រើប្រាស់ប្រព័ន្ធតុលាការក្នុងការប្ដឹងផ្ដល់ពលរដ្ឋ ដើម្បីឱ្យពលរដ្ឋរស់នៅដោយសុខុដុមរមនា។
បឹងកប់ស្រូវ ឬបឹងតាមោក ត្រូវបានគេស្គាល់ថាជាបឹងមួយដែលនៅសល់ចុងក្រោយក្នុងចំណោមបឹងរំដោះទឹកដ៏ធំៗនៅក្នុងរាជធានីភ្នំពេញ មានទំហំ៣ ២៣៩ហិកតា គ្រប់ដណ្ដប់ដោយ១៩ភូមិ ៥សង្កាត់ និង២ខណ្ឌ។ ភាគច្រើន ប្រជាពលរដ្ឋដែលរស់ជុំវិញបឹងនោះបានអាស្រ័យផលពីបឹងមានដូចជា ការធ្វើស្រែ រកត្រី និងដាំដំណាំជាដើម។
គួររម្លឹកថា នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ រដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការកំណត់ផ្ទៃបឹង ចំនួន៣២៣៩ហិកតា ដែលគ្របដណ្តប់បឹងតាមោក (បឹងកប់ស្រូវ) និងដីជុំវិញទុកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ ដូច្នេះយោងតាមច្បាប់ភូមិបាល ដីសាធារណៈរបស់រដ្ឋ គឺមិនអាចត្រូវបានគ្រប់គ្រងដោយនរណាម្នាក់នោះទេក្រៅពីរដ្ឋ។
ក៏ប៉ុន្តែមកដល់បច្ចុប្បន្ននេះ ផ្ទៃដីបឹងតាមោកជិត២ពាន់ហិកតានៃទំហំសរុបជាង៣ពាន់ហិកតារបស់បឹងតាមោក ត្រូវបានដោះដូរ និងកាត់ឱ្យស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងបុគ្គលដែលមានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីធ្វើការអភិវឌ្ឍតាមរយៈអនុក្រឹត្យចុះកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១៕