នាពេលរសៀលថ្ងៃជ្រេរាងត្រជាក់បន្តិចមានមនុស្សម្នាកំពុងតែអង្គុយអានសៀវភៅដែលដាក់នៅសួនវត្តបទុមវតីដោយមានសៀវភៅតំរៀបជាជួរមានរបៀបរៀបរយ យុវតីម្នាក់មានសក់ខ្មៅទឹករលក និងបង់កក្រមា ដោយទឹកមុខញញឹមញញែម គឺកញ្ញា ឆែម ស្រីគា អាយុ២០ឆ្នាំ បានរៀបរាប់ប្រាប់ថា ពេលទំនេរពីការសិក្សា និងធ្វើការ គាត់បានឆ្លៀតពេលរៀងរាល់ចុងសប្តាហ៍ដាក់តាំងសៀវភៅ ប៉ុន្តែក៏មានការដេញមិនឱ្យដាក់ពីសន្តិសុខសួនពីរបីដងផងដែរ។
រាល់សៀវភៅទាំងអស់គឺដាក់អានដោយឥតគិតថ្លៃរឺហៅថាសួនអំណានភ្នំពេញដែលភាគច្រើនគេស្គាល់តាមរយៈទំព័រហ្វេសប៊ុកឈ្មោះខ្លឹមសារនៅសួនសាធារណៈវត្តបទុមវតីក្បែររូបសំណាក់ហង្ស ដោយក្តីស្រឡាញ់ និងមានឆន្ទៈលើកស្ទួយការអាននៅកម្ពុជា និងជាការចែករំលែកដល់អ្នកគ្មានលទ្ធភាពទិញសៀវភៅដើម្បីអាន។
កញ្ញាបន្តថា ការដាក់សៀវភៅតាមសួននេះ កញ្ញាដាក់៣ឆ្នាំហើយកាលរៀននៅថ្នាក់វិទ្យាល័យនៅខេត្តប៉ៃលិន ហើយបានបន្តមកដាក់តាមសួននៅភ្នំពេញខណៈពេលដែលកញ្ញាឡើងមករៀនមហាវិទ្យាល័យនៅភ្នំពេញ ហើយការដាក់តាំងនៅភ្នំពេញដំបូងធ្វើនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ដែលមានសៀវភៅមិនដល់៩០ក្បាលផង។
កញ្ញា ស្រីគា លើកឡើងថា៖ «គិតមកដល់ឥឡូវនេះសៀវភៅដែលដាក់ឱ្យអានមានជិត ១០០០ក្បាលហើយ គឺជាប្រភេទសៀវភៅអភិវឌ្ឍន៍ខ្លួន លើកទឹកចិត្ត ប្រលោមលោក សៀវភៅរឿងនិទានកុមារ ហើយភាគច្រើនបានមកពីការបរិចា្ចគរបស់អ្នកនិពន្ធ និងមិត្តអ្នកអានហើយការដាក់សៀវភៅនេះធ្វើឡើងរាល់ចុងសប្តាហ៍វេលាម៉ោង៥-៧ល្ងាច សម្រាប់មិត្តអ្នកអានណាមានបំណងចង់ខ្ចីសៀវភៅគាត់អាចខ្ចីយកទៅអានបាន»។
កញ្ញាបានប្រាប់បន្តថា ទន្ទឹមនឹងនេះក៏មានផលលំបាកដែលប្រឈមសម្រាប់គាត់ដែរ គឺមានការរារាំងពីអាជ្ញាធរពីរលើកមកហើយ លើកទីមួយកញ្ញាដាក់សៀវភៅនៅក្បែរសួននាគបាញ់ទឹកមានការរារាំងក្រោមហេតុផលខូចសណ្តាប់ធ្នាប់សួនសារធារណៈ នាងទទួលស្គាល់ថាទីកន្លែងនោះមានមនុស្សដើរច្រើនពេលខ្លះវាអាចដែរ។
កញ្ញា ស្រីគា បន្តទៀតថា ក្រោយមកនៅសប្តាហ៍បន្ទាប់មកទៀតនាងរើទៅដាក់តាំងនៅក្បែររូបសំណាក់ហង្សវិញម្តងព្រោះទីនេះមិនសូវមានមនុស្សទើសផ្លូវគេដើរទៀតនោះទេ ហើយវាក៏មិនប៉ះពាល់សណ្តាប់ធ្នាប់នោះទេប៉ុន្តែខាងអាជ្ញាធរក៏រារាំងជាលើកទីពីរដោយមិនប្រាប់ហេតុផលគឺតម្រូវឱ្យរើ ដំបូងមានអ្នកថែសណ្តាប់ធ្នាប់សួនពីរនាក់មកមើលបន្ទាប់មកក៏មានសន្តិសុខពីរនាក់ទៀតមកប្រាប់ឱ្យរើចេញ កញ្ញាសួររកហេតុផលគាត់ថាគ្មានចម្លើយទេ ប៉ុន្តែមេឱ្យរើត្រូវតែរើ។
កញ្ញាឱ្យដឹងថា៖ «បើមិនរើចេញទេខាងគាត់លើកដាក់កង់បីទៅហើយខ្ញុំក៏ព្រមរើទាំងឆ្ងល់ក្នុងចិត្តហេតុអីឱ្យរើចេញដោយមិនប្រាប់ហេតុផលអ៊ីចឹង»។
មុនពេលដាក់តាំងសៀវភៅខ្ញុំក៏ធ្លាប់បានទាក់ទងទៅខាងអង្គការសង្គមស៊ីវិលដូចជា អង្គការ លីកាដូ គាត់ថាដូចជាមិនមានអ្វីប៉ះពាល់នោះទេ ព្រោះគ្រាន់តែជាការដាក់សៀវភៅអានដោយឥតគិតថ្លៃប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយកញ្ញានៅតែបន្តធ្វើដើម្បីប្រយោជន៍រួមហើយពិតជាសប្បាយចិត្តណាស់ដែលបានរួមចំណែក និងមានការគាំទ្រពីបងប្អូនមិត្តអ្នកអាន ជាពិសេសយុវជនក្មេងៗអាណាព្យាបាល ហើយនាងគិតថាថ្នាក់ដឹកនាំដែលលោកបានខិតខំប្រឹងប្រែងដើម្បីលើកស្ទួយការអានក៏សប្បាយចិត្តដែរព្រោះប្រទេសខ្លាំងបានមកពីមានអ្នកអានច្រើន។

កញ្ញា ដាំ សុស្រីនាង សមាជិកសមាគមបណ្តាញយុវជនកម្ពុជា(CYN) លើឡើងថា មិនមែនមានយុវជនគ្រប់គ្នាសុទ្ធតែមានគំនិតលះបង់ពេលវេលាផ្ទាល់ខ្លួនចុងសប្តាហ៍មកដាក់សៀវភៅឱ្យអានដោយឥតគិតថ្លៃបែបនេះទេ ហើយវាក៏ជាគំរូមួយល្អមែនទែនសម្រាប់យុវជនដើម្បីបណ្តុះវប្បធម៌នៃការអាន។ ការអានវាជួយឱ្យបណ្តុះគំនិត និងស្មារតីដល់ប្រជាជនខ្មែរងាកមកចាប់អារម្មណ៍ការអានកាន់តែច្រើនសម្បូរធនធានមនុស្សនៅកម្ពុជា។
ស្រីនាង លើកឡើងថា៖ «ខ្ញុំយល់ថាការដាក់សៀវភៅឱ្យអាននៅតាមសួនសាធារណៈនេះវាមិនមានអ្វីជាការប៉ះពាល់និងខូចខាតអ្វីដល់សណ្តាប់ធ្នាប់សួនដូចខាងបងប្រជាការពារលើកឡើងនោះទេព្រោះមិនមានអ្វីដែលធ្វើឱ្យរំខានដល់អ្នកដទៃឡើយពួកគាត់មកអាននៅទីនេះដោយរក្សាភាពស្ងៀមស្ងាត់ និងមិនមានការចោលសំរាមដែលធ្វើឱ្យខូចសណ្តាប់ធ្នាប់ដូចការលើកឡើងនោះទេ»។ កញ្ញាបន្តថា៖ «ខ្ញុំសូមសំណូមពរដល់អជ្ញាធរឱ្យគាត់ជួយសម្រួល កុំមកដេញចេញឱ្យរើចេញបែបហ្នឹងអីវាមិនសមរម្យទេ»។
ស្រីនាង បន្ថែមថា នាងស្គាល់សួនអំណានភ្នំពេញតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដល់ពេលឃើញព័ត៌មានគេដេញលើកទី១និងលើកទី២ គួរឱ្យសោកស្តាយមែនទែននៅពេលដែលសកម្មភាពល្អៗបែបនេះត្រូបានហាមខាត់ពីអាជ្ញាធរ។ នាងធ្លាប់ស្គាល់អំណានតាមសួនបែបនេះពីមុនដែរ ហើយឥឡូវឃើញមាននៅរាជធានីភ្នំពេញតាមសួនអ៊ីចឹងពិតជាសប្បាយចិត្តវាក៏មានបរិយាកាសល្អម្យ៉ាងស្រឡះមុខស្រឡះមាត់បានទាំងអានសៀវភៅនិងមកហាត់ប្រាណផង។
ព្រះសង្ឃព្រះនាម ប្រុស ធារ៉ា ជានិស្សិតផ្នែកច្បាប់មានសង្ឃដីកាថា ជាលើកទី២ហើយដែលបានមកអានសៀវភៅនៅទីនេះកាលពីលើកទីមួយមកចំពេលគេឱ្យរើចេញថាខូចសណ្តាប់ធ្នាប់សួនប៉ុន្តែដូចមិនសមហេតុផលសោះការដាក់សៀវភៅឱ្យអាននេះគួរតែជារឿងគួរតែលើកតម្កើងទៅវិញទេជាជាងការរារាំង។
ព្រះអង្គ ធារ៉ា បន្តថា នេះជារឿងមួយល្អសម្រាប់សង្គមវាសបញ្ជាក់ថាយុវជនសម័យនេះមានទស្សនៈវិស័យវែងឆ្ងាយដែលមានគំនិតលើកស្ទួយការអាននៅសួនសារធារណៈបែបនេះ។ណាមួយជាការបង្ហាញពីគំរូមួយដ៏ល្អ ប៉ុន្តែព្រះអង្គចូលរួមខកចិត្តនៅពេលដែលអាជ្ញាធរឱ្យរើសៀវភៅចេញមិនឱ្យដាក់នៅសួនបែបនេះ។ ប្រទេសមួយខ្លាំងមានការអភិវឌ្ឍន៍ និងសម្បូរធនធានមនុស្សគឺមកពីមានអ្នកអានច្រើន។
ព្រះអង្គ ធារ៉ា លើកឡើងថា៖ «ប៉ុន្តែអាត្មាសោកស្តាយដែលមានការរារាំងពីអាជ្ញាធរកន្លងមក យ៉ាងណាក៍ត្រេកអរដោយសារឥឡូវឃើញថាមានភាពល្អប្រសើរឡើងវិញ»។
កញ្ញា យុន សៀវហ័ន ជាសិស្ស និងបុគ្គលិក´ធ្វើការឯកជន´´´មួយកន្លែង យល់ឃើញថា នេះជាការគាំទ្រការអាន និងចែករំលែកសៀវភៅអានដោយឥតគិតថ្លៃសម្រាប់អ្នកគ្មានលទ្ធភាពទិញមកអានដូចជានាងផ្ទាល់ព្រោះសៀវភៅមួយចំនួនដែលខ្ញុំចង់អាននោះវាមានតម្លៃថ្លៃ។
សៀវហ័ន ឱ្យដឹងថា៖ «ខ្ញុំកាន់តែសប្បាយចិត្ត និងសង្ឃឹមថាអំណានបែបនេះនិងមាននៅគ្រប់ខេត្តទាំងអស់នៅកម្ពុជា និងសំណូមពរឱ្យមានការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធយកចិត្តទុកដាក់ដើម្បីការអាននៅកម្ពុជាជាពិសេសសម្រាប់មនុស្សជំនាន់ក្រោយ និងសង្គមជាតិ»។

អ្នកស្រី អ៊ុក ចំរើន អាយុ៤០ឆ្នាំ លើកឡើងថា ជាលើកទីមួយហើយដែលបាននាំកូនមកលេងនៅសួនគេដាក់សៀវភៅឱ្យអានបែបនេះ កូនខ្ញុំឃើញសៀវភៅច្រើនមើលទៅគាត់សប្បាយចិត្តដោយសារភាគច្រើនក្មេងគាត់លេងទូរសព្ទច្រើនដល់ពេលមានគេឯងអានទៅគាត់អានដែរ។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំចង់ឱ្យសួនផ្សេងៗមានសៀវភៅដាក់បែបនេះឱ្យកាន់តែច្រើន វាជារឿងសំខាន់ និងមានប្រយោជន៍មួយសម្រាប់ប្រជាជន។ ខ្ញុំគិតថាវាមិនជាប៉ះពាល់សណ្តាប់ធ្នាប់សួនទេតែជាសកម្មភាពល្អព្រោះការអានបង្ហាញពីភាពចង់ចេះដឹងដើម្បីមានការគិតបែបទូលំទូលាយកុំតែថ្ងៃនេះខ្ញុំមករាងល្ងាចទេកុំអីខ្ញុំអានជាមួយកូនបាត់ហើយ»។
លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ានិងជាប្រធានសមាគមបណ្ណាល័យកម្ពុជា លោកយល់ឃើញថា ការដាក់សៀវភៅឱ្យអាននេះវាជាប្រយោជន៍មួយរួមជាពិសេសសារធារណជនអាចអានបាន និងមិនបាច់ចំណាយលុយ។ ប៉ុន្តែចំពោះអំណានតាមសួននេះក៏គួរតែសុំការអនុញ្ញាតពីសំណាក់អាជ្ញាធរនៅតំបន់នោះដែរ ព្រោះជាធម្មតាទេតាមសួនសាធារណៈមួយៗគឺតែងតែមានការគ្រប់គ្រងពីអាជ្ញាធរ។
លោកបន្តថា៖ «ប្រាប់គាត់ទៅថាខ្ញុំសុំដាក់សៀវភៅឱ្យគេអានមួយថ្ងៃរឺក៏ប៉ុន្មានថ្ងៃក្នុងមួយសប្តាហ៍ ខ្ញុំគិតថា ជាការណ៍មួយគួរតែយើងសុំការអនុញ្ញាតពីអាជ្ញាធរដែនដីគេបើយើងទៅដាក់ឆៅៗតែម្តងគេអាចមិនយល់មិនដឹងពីគោលបំណងយើងច្បាស់នោះ គេក៏អាចនឹងហាមខាត់យើងបាន»។
លោក កុក រស់ ប្រធាននាយកដ្ឋានសៀវភៅ និងការអាន លើកឡើងថា នេះជាចំណុចចាប់ ផ្តើមល្អមួយដែលចូលរួមចំណែកលើកស្ទួយការអាននៅកម្ពុជាពីព្រោះវប្បធម៌នៃការអាននៅកម្ពុជាមិនសូវមានសំទុះឈានឡើងប៉ុន្មានទេកន្លងមកដល់ពេលបានការចាប់អារម្មណ៍ពីសំណាក់យុវជនក្រុមនិស្សិតចូលរួមចំណែកតាមរូបភាពផ្សេងៗជាពិសេសធ្វើឱ្យមនុស្សសឹងគ្រប់វ័យ ក្មេងៗចាប់អារម្មណ៍ច្រើន។
លោកថ្លែងថា៖ «អំណានតាមសួន រឺការដាក់សៀវភៅឱ្យអានឥតគិតថ្លៃបែបនេះក៏មានច្រើនកន្លែងដែរហើយដូចជាខាងខេត្តបាត់ដំបងគឺផ្ទះអំណានគន្ធី ក្រុងកំពង់ចាមគឺមានព្រះសង្ឃរៀបចំឡើង និងរាជធានីភ្នំពេញគឺប្អូន ស្រីគា(ខ្លឹមសារ)»។ លោកបន្តទៀតថា៖ «ខ្ញុំមានសុទិដ្ឋិនិយមចំពោះការដាក់សៀវភៅតាមសួនរបស់ ស្រីគា ដែលគាត់មានឆន្ទៈចែករំលែក និងដើម្បីឱ្យសាធារណជនមានវប្បធម៌នៃការអាននៅកម្ពុជាកាន់តែទូលំទូលាយ»។
អ្នកយកព័ត៌មានខេមបូចា មិនអាចទាក់ទង លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ សុំការឆ្លើយបំភ្លឺបាននៅឡើយទេ។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា ដើម្បីកុំឱ្យមានការរារាំងនៅតាមសួនសាធារណៈ សាមីខ្លួនគួរតែស្នើសុំទៅកាន់សាលារាជធានីភ្នំពេញ៕