សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ទាហានការពារព្រំដែនម្នាក់ប្តេជ្ញាស្លាប់នៅនឹងកន្លែងបើអាជ្ញាធរឈូសឆាយផ្ទះ

ផ្ទះរបស់ប្រជាពលរដ្ឋនៅសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលអាជ្ញាធរខណ្ឌជូនដំណឹងបង្ខំឱ្យម្ចាស់រុះរើ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយគ្មានសំណង។ រូបភាពថតថ្ងៃទី១ ខែសីហា ឆ្នាំ២០២១។ ខេមបូចា/ អាន វិចិត្រ
ផ្ទះរបស់ប្រជាពលរដ្ឋនៅសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលអាជ្ញាធរខណ្ឌជូនដំណឹងបង្ខំឱ្យម្ចាស់រុះរើ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយគ្មានសំណង។ រូបភាពថតថ្ងៃទី១ ខែសីហា ឆ្នាំ២០២១។ ខេមបូចា/ អាន វិចិត្រ

មន្ត្រីទាហានការពារព្រំដែនម្នាក់ប្តេជ្ញាថា លោកសុខចិត្តស្លាប់ទាំងគ្រួសារនៅនឹងកន្លែង បើសិនជាអាជ្ញាធរខណ្ឌមានជ័យបង្ខំរុះរើផ្ទះលោកនៅថ្ងៃស្អែកនេះ ដោយមិនផ្តល់សំណង ព្រោះរូបលោក និងក្រុមគ្រួសារមិនដឹងទៅរស់នៅទីណា ខណៈម្តាយឆ្លងមេរោគកូវីដ១៩ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។​

អនុការិយាល័យកិច្ចការព្រំដែនកម្ពុជា-ឡាវ លោក សូរ ចិត្រ្តា អះអាងថា ដីរបស់លោក និងដីសាច់ញាតិផ្សេងៗទៀតនៅក្បែរគ្នានៅសង្កាត់បឹងទំពុនទី១ខណ្ឌមានជ័យ បានកាន់កាប់រយៈពេល៣០ ទៅ៤០ឆ្នាំហើយ ដោយមានឯកសារច្បាប់ត្រឹមត្រូវ។ លោកបន្តថា ការតម្រូវឱ្យរុះរើចេញដោយមិនបានផ្តល់សំណងនេះស្មើនឹងប្លន់ឬសម្លាប់យកដី ហើយថា លោកមិនចាកចេញតាមការណែនាំរបស់អាជ្ញាធរទេ។​

លោក សូរ ចិត្រ្តា ថ្លែងថា៖«ធ្វើចឹងដដែលបាញ់ប្លន់យកដីខ្ញុំម៉ងទៅកុំឱ្យពិបាកអស់សំណងច្រើនធ្វើអីទៀត បាញ់ឱ្យងាប់ទៅពីរបីគ្រួសារហ្នឹង បាញ់ឱ្យងាប់ឱ្យអស់ទៅ។ មិនបាច់រស់នៅទេ មិនដឹងរស់នៅណាទៀតទេ បាញ់ឱ្យងាប់ម៉ងទៅ។ ខ្ញុំអត់តដៃទេ មិនបាច់យកកាំភ្លើងយក កងរាជអាវុធហត្ថអីមកដាក់ទេ ហើយខ្ញុំអត់រត់ទេ»។​

លោក សូរ ចិត្រ្តា អះអាងថា លោកចូលបម្រើការងារជាទាហានតាំងពីឆ្នាំ១៩៩៥ ហើយគ្រួសារលោកមានតែផ្ទះមួយកន្លែងនេះសម្រាប់រស់នៅ។​ លោកឱ្យដឹងទៀតថា លោកបានរុះរើផ្ទះតូចចេញនៅឆ្នាំ២០១៧ ហើយសាងសង់ផ្ទះថ្មីដោយចំណាយជិត២០ម៉ឺនដុល្លារក្នុងនោះលោកបានខ្ចីលុយធនាគារចំនួន​៦ម៉ឺនដុល្លារដើម្បីចំណាយលើការសាងសង់នេះ។​

លោក សូរ ចិត្រ្តា បានបន្ថែមថា គ្រួសារលោកបច្ចុប្បន្នជួបការលំបាកដោយសារធ្លាក់ចុះចំណូលហើយត្រូវចំណាយច្រើនលើការផ្គត់ផ្គង់កូន៣នាក់ មានម្តាយចាស់ និងត្រូវបង់សងធនាគារទៀត។ វាជាហេតុនាំឱ្យលោកសម្រេចចិត្តប្តូរផ្តាច់ការពារផ្ទះនេះដែលជាទីពឹងសម្រាប់រស់នៅ។​

លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានចេញលិខិតចំនួន១១ច្បាប់ដាច់ដោយឡែកពីគ្នាចុះថ្ងៃទី៦ខែសីហា ផ្ញើទៅម្ចាស់ផ្ទះ ឬសំណង់នៅភូមិសន្សំកុសល២ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ដែលតម្រូវឱ្យម្ចាស់សំណង់ ឬផ្ទះ រុះរើចេញក្នុងរយៈពេល១សប្តាហ៍។ ក្នុងលិខិតបញ្ជាក់ថា ការចូលកាន់កាប់នោះខុសច្បាប់ ព្រោះជាអាងស្តុកទឹកគឺដីសាធារណៈរបស់រដ្ឋ។

ការអះអាងពីភាពអយុត្តិធម៌ក្នុងដំណើរការរៀបចំអាងស្តុកទឹកនៅបឹងតូចនេះ មិនមែនតែលោក ​ សូរ ចិត្រ្តា ទេគឺម្ចាស់ដីផ្សេងៗទៀតក៏អះអាងប្រហាក់ប្រហែលគ្នាដែរថា ពួកគេរងភាពអយុត្តិធម៌។

លោក សារី វ៉ាន់ដា មានផ្ទះនៅក្នុងទីតាំងនេះដែរ អះអាងថា ប្រពន្ធរបស់លោកនឹងត្រូវសម្រាលកូននៅខែក្រោយ ចំណែកម្តាយកំពុងដាក់អុកស៊ីហ្សែនសង្គ្រោះបន្ទាន់នៅមណ្ឌលព្យាបាលកូវីដ។ លោកបន្តថា ក្នុងស្ថានភាពលំបាកនេះលោកមិនអាចរុះរើផ្ទះចេញតាមការណែនាំរបស់អាជ្ញាធរដោយមិនមានសំណងនោះទេ។

លោក សារី វ៉ាន់ដា ថ្លែងថា ៖​«ឱ្យយើងចេញទៅនៅណា បើយើងមានតែផ្ទះតូចមួយប៉ុណ្ណឹង ឱ្យទៅនៅក្រោមដើមឈើក៏នៅអត់កើតដែរ។ នៅទ្រាំទាមទារទាល់តែថា គេមើលឃើញគ្រប់គ្នា បើថា ងាប់ក៏ងាប់នៅក្នុងផ្ទះទៅ។ ដំណោះស្រាយរកអត់ទាន់ឃើញ ហើយឱ្យយើងដើរចេញ ឱ្យគេមកបំផ្លាញផ្ទះយើង ឱ្យយើងទៅនៅណា? ម្តាយចាស់ជរា ហើយប្រពន្ធជិតសម្រាលកូន ម៉ាក់គាត់ឈឺទៀត»។

លោក សារី វ៉ាន់ដា អះអាងថា ដីរបស់លោកមានលិខិតទទួលស្គាល់ពីអាជ្ញាធរតាំងពីអំឡុងឆ្នាំ១៩៩០។ លោកថា លោកខំសន្សំលុយបានពីធ្វើពលករនៅកូរ៉េដើម្បីយកមកធ្វើផ្ទះនេះ។ បច្ចុប្បន្នលោករត់ម៉ូតូ និងដឹកអីវ៉ាន់ពីអ្នកលក់តាមអនឡាញខ្លះបានចំណូលគ្រាន់តែចិញ្ចឹមជីវិតប៉ុណ្ណោះ ដោយមិនមានសល់លុយអាចទិញផ្ទះកន្លែងផ្សេងរស់នៅបានទេ។​

ពលរដ្ឋដែលមានផ្ទះ និងដីនៅតំបន់នេះម្នាក់ទៀត អ្នកស្រី សុទ្ធ ទីន ក៏បញ្ជាក់ជំហរថា មិនរុះរើតាមការតម្រូវរបស់អាជ្ញាធរទេ ព្រោះមិនមានកន្លែងផ្សេងសម្រាប់រស់នៅ។ អ្នកស្រីស្នើឱ្យមានការដោះស្រាយរកចំណុចកណ្តាលមួយដើម្បីបានទាំងការអភិវឌ្ឍធ្វើស្តុកទឹក និងមានដីសម្រាប់ពលរដ្ឋរស់នៅ។

អ្នកស្រី សុទ្ធ ទីន ថ្លែងថា៖«យើងប្រកាន់ជំហរមិនរើចេញដាច់ខាតព្រោះរើចេញមិនដឹងនាំកូននាំចៅទៅរស់នៅឯណា? ប៉ុន្តែយើងក៏អត់មានអីតតាំងជាមួយកម្លាំងគេដែរ មានតែម្រាមដៃដប់លើកសំពះក្រែងគេទុកកន្លែងឱ្យយើងនៅខ្លះ»។​

ខេមបូចា បានទាក់ទងទៅលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោក ឡុង ង៉ែត អភិបាលរង ដើម្បីសាកសួរជុំវិញបញ្ហានេះ ប៉ុន្តែមិនមានអ្នកទទួលទូរសព្ទ ចំណែកសារតាមតេឡេក្រាមក៏មិនមានការឆ្លើយតបដែរ។

លោក ឃួង ស្រេង អភិបាលរាជធានីប្រាប់ថា លោកជាប់ប្រជុំ។ ចំណែកលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីមិនទទួលទូរសព្ទ។​ 

ចៅសង្កាត់បឹងទំពុនទី១ លោក សួស សារិន ថ្លែងថា ផែនការនៃការរុះរើនៅថ្ងៃស្អែកមិនមានការប្រែប្រួលទេគឺសម្រាប់ម្ចាស់ផ្ទះឬសំណង់ដែលមិនបានរុះរើគឺអាជ្ញាធរដាក់កម្លាំងរុះរើដោយខ្លួនឯង។

លោក សួស សារិន និយាយថា៖«អត់មានអីប្រែប្រួលទេគឺគម្រោងថ្នាក់លើរៀបចំជាអាង។ រុះរើហើយ ដាក់កម្លាំងរុះរើ»។​

មន្ត្រីស៊ើបអង្កេតនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វ៉ាន់ សូផាត ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយសំណងសមរម្យផ្អែកលើគោលការណ៍សិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ដែលមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ។​

លោក វ៉ាន់ សូផាន និយាយថា៖«ត្រូវមានសំណងសមរម្យក្នុងការដោះដូរដីអភិវឌ្ឍន៍ ដើម្បីឱ្យគាត់រស់នៅសមរម្យ បានដូចដើមចឹង។​ រហូតដល់ពេលបច្ចុប្បន្ននេះអំឡុងកូវីដ១៩ អាជ្ញាធរតែងតែយកឱកាសនេះ ដើម្បីបណ្តេញប្រជាពលរដ្ឋចេញដោយគ្មានសំណងសមរម្យ ចឹងវាធ្វើឱ្យពួកគាត់កាន់តែរងគ្រោះបន្ថែមទៀត»។​

កាលពីថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៩ អាជ្ញាធរខណ្ឌមានជ័យបានដឹកនាំក្រុមការងារចុះទៅជួបពលរដ្ឋជាម្ចាស់ដីនៅតំបន់បឹងតូចចំនួន៣៨គ្រួសារដែលកាន់កាប់លើផ្ទៃដី១២,៩ហិកតា ដើម្បីឱ្យបោះបង្គោលព្រំដីឱ្យជាក់លាក់។ លុះក្រោយមកអាជ្ញាធរបានឈូសឆាយជាបន្តបន្ទាប់លើដីដែលមិនមានសំណង់រឹង ឬផ្ទះ ដើម្បីរៀបចំធ្វើជាផ្ទៃអាងរំដោះទឹកដោយសំអាងថា ជាដីសាធារណៈរបស់រដ្ឋ ហើយពលរដ្ឋចូលទៅកាន់កាប់ខុសច្បាប់។ ប៉ុន្តែពលរដ្ឋនៅទីនោះអះអាងថា ដីដែលពួកគេរស់នៅ និងកាន់កាប់មានលិខិតទទួលស្គាល់ពីអាជ្ញាធរខណ្ឌ និងសង្កាត់។​

ចំណែក១១គ្រួសារដែលអាជ្ញាធរកំណត់ឈូសឆាយចុងក្រោយនៅថ្ងៃទី១២ខែសីហាននេះ គឺជាដីដែលមានផ្ទះ និងសំណង់រឹងផ្សេងៗនៅលើផ្ទៃដីជិត១ហិកតា៕

1,304 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម