កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយបញ្ចប់តំណែងរបស់លោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម ខេត្តកណ្ដាល។
ការសម្រេចនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា លោក លី សាម៉េត ដែលជាទីប្រឹក្សារបស់លោកបានធានាថានឹងជួយរកតំណែងក្នុងជួររដ្ឋាភិបាលដល់លោក កន សុខកាយ ជាថ្នូរនឹងការផ្ដល់សំណូកជាច្រើនម៉ឺនដុល្លារ។
លោក ហ៊ុន សែន បានលាចេញពីតំណែងនាយករដ្ឋមន្ត្រីកាលពីឆ្នាំទៅ និងបានកាន់តំណែងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន។ លោកបានអំពាវនាវឲ្យមានការបង្កកទ្រព្យសម្បត្តិរបស់លោក លី សាម៉េត និងបានអំពាវនាវឲ្យក្រសួងយុត្តិធម៌មានវិធានការលើលោក លី សាម៉េត ឲ្យសងប្រាក់ទៅម្ចាស់ដើមវិញ។ បើតាមលោក ហ៊ុន សែន ប្រាក់ទាំងនោះមានជាង១០,៥លានដុល្លារ។
បើតាមអនុក្រឹត្យការដកតំណែងលោក កន សុខកាយ គឺផ្អែកលើ «សមីខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរ» ផ្ទុយពីច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។
លោក ហ៊ុន សែន កាលពីថ្ងៃចន្ទ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក ដោយចោទលោក លី សាម៉េត ថា៖ «បានប្រើឈ្មោះរបស់លោកទៅដើរបោកគេ» ហើយការបង្ហោះសារនេះទំនងជាកើតចេញពីសារជាវីដេអូឯកជនមួយបានពីលោក កន សុខកាយ។ នៅក្នុងសារនោះ លោក កន សុខកាយ បានអះអាងថា ខ្លួនបានឲ្យលុយទៅលោក លី សាម៉េត ចំនួន៣០ម៉ឺនដុល្លារ ដើម្បីបានតំណែងជាអភិបាលនៅក្រុងថ្មីមួយរបស់ខេត្តកណ្ដាល។
លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលខេត្តកណ្ដាល ប្រាប់ ខេមបូចា ថា លោក កន សុខកាយ ត្រូវបានដកតំណែងពីអភិបាលស្រុកល្វាឯមហើយ ប៉ុន្តែលោកមិនបានផ្ដល់ព័ត៌មានលម្អិតពីរឿងនេះទេ ដោយថាករណីនេះ ហួសពីសមត្ថកិច្ចរបស់រដ្ឋបាលខេត្តកណ្ដាលហើយនៅពេលនេះ។
លោក ស៊ីវុត្ថា បញ្ជាក់ថា បានតែងតាំងជាអភិបាលរងស្រុកល្វាឯមជាស្ដីទីបណ្ដោះអាសន្នជំនួសតំណែងលោក កន សុខកាយ។
ក្នុងសំណេររបស់ខ្លួន លោក ហ៊ុន សែន បានបង្ហាញឲ្យដឹងថា មានបុគ្គលពីររូបផ្សេងទៀតបានផ្ដល់សំណូកជាច្រើនដល់លោក លី សាម៉េត តែលោកថា ប្រាក់ទាំងនេះបានប្រគល់ឲ្យម្ចាស់ដើមវិញហើយ។ ជាមួយគ្នានេះដែរ លោក ហ៊ុន សែន ក៏បានចោទលោក លី សាម៉េត ថា បានបោកប្រាស់ប្រជាពលរដ្ឋជាច្រើននាក់ផ្សេងទៀតដែរក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះ។
ប្រធានព្រឹទ្ធសភារូបនេះបានជំរុញឲ្យអ្នកផ្សេងទៀតដែលបានឲ្យលុយទៅលោក លី សាម៉េត ឲ្យដាក់ពាក្យបណ្ដឹង និងទាក់ទងផ្ទាល់ទៅក្រុមមេធាវីរបស់លោកដើម្បីស្វែងរកជំនួយផ្នែកច្បាប់ទាមទារយកប្រាក់ទាំងនោះវិញ។
អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយលោក សយ ច័ន្ទវិចិត្រ ប្រាប់ ខេមបូចា ថា លោក លី សាម៉េត ទំនងជាជាប់ពាក់ព័ន្ធនឹងករណីឆបោក ហើយថាក្រសួងយុត្តិធម៌ និងអង្គភាពប្រឆាំងអំពើពុករលួយកំពុងស៊ើបអង្កេតលើរឿងនេះ។
លោកមានប្រសាសន៍ថា៖ «អ្វីដែលយើងមើលឃើញគឺជារឿងឆបោក ដូចនេះក្រសួងយុត្តិធម៌នឹងចាត់វិធានការជាដំណាក់កាលដំបូង…បន្ទាប់មកទៀតយើងនឹងមានវិធានការបន្ត»។
លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាក់ថា សមត្ថកិច្ចបានទៅផ្ទះលោក លី សាម៉េត កាលពីព្រឹកថ្ងៃអង្គារ ដើម្បីសាកសួរ ប៉ុន្តែថាលោក លី សាម៉េត មិននៅផ្ទះនោះទេ។ លោកបន្តថា នៅពេលនេះកម្លាំងនគរបាលនៅបន្តឃ្លាំមើលផ្ទះលោក លី សាម៉េត។
លោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ បានប្រាប់ខេមបូចាតាមប្រព័ន្ធតេឡេក្រាមថា «មានជនរងគ្រោះពីការឆបោកចំនួនបីនាក់ហើយ» បានទាក់ទងរកជំនួយពីក្រុមមេធាវី។
លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ប្រាប់ ខេមបូចា ថា អំពើសូកប៉ាន់បាន ធ្វើឲ្យមានផលអវិជ្ជមានដល់ការផ្ដល់សេវាសាធារណៈរបស់ប្រទេស និងថាបានធ្វើឲ្យបាត់ទំនុកចិត្តនៅក្នុងភាពជាអ្នកដឹកនាំផងដែរ។
លោកមានប្រសាសន៍ថា៖ «បើសិនជាគេមើលឃើញថាត្រឹមតំណែងអភិបាលស្រុកតូចមួយត្រូវចំណាយលុយដ៏ច្រើនបែបនេះ នោះគេក៏អាចបារម្ភដែរថាសម្រាប់តំណែងនយោបាយធំៗក៏អាចនឹងត្រូវចំណាយច្រើនស្រដៀងគ្នានេះដែរ»។
លោកលើកឡើងទៀតថា ការរីករាលដាលនៃអំពើពុករលួយ ទាំងតូច និងធំ គឺនៅតែកើតមាននៅក្នុងប្រទេសកម្ពុជា ជាពិសេសទាក់ទងនឹងអំពើពុករលួយជាប្រព័ន្ធ។ លោកអះអាងថា អំពើទាំងនេះនៅតែជាឧបសគ្គដ៏ធំមួយដែលធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់លទ្ធភាពរបស់រដ្ឋាភិបាលក្នុងការផ្ដល់សេវាសាធារណៈល្អដល់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរ អ្នកវិភាគនយោបាយឯករាជ្យ លោក មាស នី បានបង្ហាញការគាំទ្រចំពោះ រដ្ឋាភិបាល ដែលទំនងជាបានចាត់វិធានការប្រឆាំងអំពើពុករលួយលើករណីនេះ។ លោកឲ្យដឹងដែរថា អំពើពុករលួយផ្នែកនយោបាយក៏បាននាំឲ្យមានការគ្រប់គ្រងខុស។
លោកមានប្រសាសន៍ថា៖ «ដោយសារតែមានការសូកប៉ាន់យកតំណែង យើងនឹងបានប្រព័ន្ធមួយដែលមិនមានសមត្ថភាព»។
នៅក្នុងសម្ទុះនៃការយល់ឃើញអំពីអំពើពុករលួយ ដែលបានប្រើជាសកល និងចាត់ថ្នាក់ដោយអង្គការតម្លាភាពអន្តរជាតិ បានដាក់ពិន្ទុឲ្យកម្ពុជា២២លើ១០០ ទាក់ទងនឹងអំពើពុករលួយ។
តាមរយៈការដាក់ពិន្ទុនេះ ធ្វើឲ្យកម្ពុជាស្ថិតនៅលំដាប់លេខរៀងទី១៥៨ ក្នុងចំណោមប្រទេស១៨០ ខណៈឆ្នាំកន្លងទៅកម្ពុជានៅលេខរៀងទី១៥០។ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក កម្ពុជាមានពិន្ទុល្អជាងតែលើប្រទេសកូរ៉េខាងជើង ដែលមាន១៧ពិន្ទុ ប្រទេសអាហ្គានីស្ថាន ដែលមាន២០ពិន្ទុ និងប្រទេសមីយ៉ាន់ម៉ា ដែលមាន២០ពិន្ទុដែរ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Bribery Allegations Brought by Hun Sen Prompt Dismissal of District Governor