តំណាងសហគមន៍ព្រៃឈើដែលជាជនដើមភាគតិចពូនងចំនួន៤នាក់នៅខេត្តមណ្ឌលគិរីដាក់ពាក្យប្ដឹងអាជ្ញាធរមូលដ្ឋានទៅកាន់តំណាងអយ្យការសាលាដំបូងខេត្ត ដោយចោទប្រកាន់ពួកគេថាមិនបានទប់ស្កាត់បទល្មើសព្រៃឈើឱ្យទាន់ពេលវេលា។
យោងតាមពាក្យបណ្ដឹងដែលខេមបូចាទទួលបាន បង្ហាញថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រជាសហគមន៍ព្រៃឈើនៅភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ដាក់ពាក្យប្ដឹងបរិហារលើមន្រ្តីមូលដ្ឋាននិងឈ្មួញដីធ្លីសរុបចំនួន៤នាក់ដែលមិនយកចិត្តទុកដាក់ និងពុំទប់ស្កាត់បទល្មើសកាប់រានឈូសឆាយដីព្រៃទាន់ពេលដែលមានទំហំ២០ហិកតាស្ថិតនៅត្រង់ចំណុចយោគយ៉ាវ និងយោគគង់គ្លែ ក្នុងភូមិពូត្រែងនៃឃុំដាក់ដាំ។
យោងតាមពាក្យបណ្ដឹងនេះ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ប្រជាសហគមន៍បានចុះល្បាតព្រៃ ដោយសង្កេតឃើញថាតំបន់ព្រៃឈើនោះត្រូវបានជនល្មើសកាប់រានអស់ជាច្រើនសន្ធឹកព្រមទាំងហ៊ុមព័ទ្ធ ដើម្បីធ្វើជាកម្មសិទ្ធិ។ ពាក្យបណ្ដឹងក៏ស្នើឱ្យដកហូតដីព្រៃនេះប្រគល់ជូនប្រជាសហគមន៍ឱ្យគ្រប់គ្រងជំនួសវិញ។
ដើមបណ្ដឹងបានចោទប្រកាន់អាជ្ញាធរមូលដ្ឋានថា គ្មានទំនួលខុសត្រូវក្នុងការការពារព្រៃសហគមន៍ ដោយលើកឡើងថាពួកគេបានគេចវេះនៅពេលចុះល្បាតព្រៃជាមួយប្រជាសហគមន៍ ដោយការបកត្រឡប់ក្រោយវិញអំឡុងពេលធ្វើដំណើរតាមផ្លូវទៅកាន់តំបន់ព្រៃឈើ។
ដើមបណ្ដឹង លោក ទឺយ ធិ ជាជនជាតិដើមភាគតិចពូនង និងជាលេខាធិការសហគមន៍ព្រៃឈើនៅភូមិពូត្រែង ថ្លែងថា ក្នុងរយៈពេលជាង២ខែចុងក្រោយនេះ អាជ្ញាធរមូលដ្ឋានពុំបានចូលរួមចុះល្បាតព្រៃដល់កន្លែងកាប់ឆ្ការដោយផ្ទាល់ឡើយ ហើយការប្ដឹងនេះដើម្បីជំរុញឱ្យពួកគេយកចិត្តទុកដាក់ក្នុងការការពារព្រៃឈើ។
លោក ទឺយ ធិ និយាយថា៖ «សហគមន៍ទៅជាមួយប៉ុស្ដិ៍ មន្រ្តីក្រុមប្រឹក្សា ថាចុះទៅមើលកន្លែងគេធ្វើផ្ទះ គេកាប់ព្រៃហ្នឹង។ គេកាប់ជើងក្រោម(ដើមឈើ) ចឹងគាត់ទៅត្រឹមផ្ទះសហគមន៍ថតរូបភាពអីហ្នឹង ដឹងគាត់គេចទៅណា?។ គាត់ថាទៅមុនៗពួកខ្ញុំទៅមុន ងាកមកក្រោយអត់ឃើញបាត់ឈឹង។…ទៅជាមួយសហគមន៍ គាត់ចេញពីភូមិមែន គ្រាន់តែផុតភូមិបកមកក្រោយ»។
លោក ធិ ឱ្យដឹងថា ដីព្រៃសហគមន៍នេះរងនូវការកាប់ទន្រ្ទានអស់រយៈពេល២ឆ្នាំរួចមកហើយ។ ក្នុងនោះប្រភេទដើមឈើដែលត្រូវកាប់បំផ្លាញច្រើនជាងគេគឺ ដើមគគីរ បេង និងនាងនួន។ លោកបន្តថា សហគមន៍លោកធ្លាប់ចាប់ជនសង្ស័យបានចំនួន២លើក និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះបន្តទៀត។
លោក ធិ បន្តថា ពលរដ្ឋជនជាតិដើមភាគតិចព្នងជាង១០០គ្រួសារបានអាស្រ័យផលលើដីព្រៃសហគមន៍នោះ ដែលបានជួយប្រយោជន៍ដល់ពួកគេយ៉ាងសម្បូរបែបរាប់ទាំង ត្រពាំង ផ្សិត និងថ្នាំបុរាណផ្សេងៗ។

ដើមបណ្ដឹងម្នាក់ទៀត លោក ព្យាន ច្រេន ជាអនុប្រធានសហគមន៌ព្រៃឈើនៅភូមិពូត្រែង មានប្រសាសន៍ថា ដីព្រៃចំនួន៥ហិកតាក្នុងចំណោម២០ហិកតាត្រូវបានជនល្មើសកាប់ទន្រ្ទាន។ លោកបន្ថែមថា អស់រយៈពេល២០ថ្ងៃដែលដាក់ពាក្យប្ដឹងប៉ុន្តែលោកពុំទាន់ទទួលបានការកោះហៅពីតំណាងអយ្យាការដើម្បីសួរនាំលើករណីនេះនៅឡើយទេ។
លោក ច្រេន និយាយថា៖ «[ហេតុអ្វីប្ដឹងតែមន្រ្តីមូលដ្ឋាន]អភិបាលស្រុកអភិបាលខេត្តខ្ញុំអត់ដឹងដែរ។ យើងឃើញតែមេភូមិមេឃុំនៅផ្ទះ យើងហៅគាត់ទៅ គាត់ចុះល្បាតអី គាត់អត់ទៅ។ ទៅពាក់កណ្ដាលផ្លូវគាត់បកត្រឡប់ទៅក្រោយវិញ»។
លោក ក្រាង ផ្លោះ កសិករមួយរូបនៅឃុំដាក់ដាំ ដែលមានដីចម្ការនៅក្បែរតំបន់ព្រៃឈើនោះ និយាយថា លោកធ្លាប់ឃើញជនល្មើសជាង១០នាក់ប្រើពូថៅលួចកាប់ឈើ។ អ្នកលួចកាប់ឈើទាំងនោះ មានទាំងអ្នកភូមិ និងអ្នកមកពីចម្ងាយ។ លោកបន្តថា ជនល្មើសបានសាងសង់រោងផ្ទះចំនួន២ខ្នងនៅតំបន់ព្រៃសហគមន៍នោះដើម្បីចាំយាមនិងលក់ឈើឱ្យឈ្មួញ។
លោក ផ្លោះ និយាយថា៖ «គេកាប់ត្រាយផ្លូវ អត់ឱ្យពួកខ្ញុំដើរកជ័រ[ច្បក់]អី។ គេមិនឱ្យកាប់កន្លែងព្រៃត្រណម វាកាប់អស់រលីង។ គេកាប់[ឈើ]ផ្ដួលរលំចោល ទុកចោល ទុកធ្វើស្អីទេ យើងមិនដឹងផង។ ថ្ងៃមុនពួកខ្ញុំឃាត់អាអិច(គ្រឿងចក្រ)គេបាន។…តែឥឡូវពួកខ្ញុំឃាត់មិនបានទេ ខ្លាចគេមានអាវុធមានអីទៅ ខ្លាចគេបាញ់។
លោកបន្ថែមថា៖ «នៅព្រៃអាចរកជ័រច្បោះបាន កាប់ចុងផ្ដៅអីនៅកន្លែងណុង រកជ័រ រកបេង កាប់ចុងផ្ដៅយកធ្វើម្ហូប»។
សហគមន៍ព្រៃឈើនេះមានឈ្មោះដើមថា «ច្យារកាប់កេះកាប់ចង់លុង» ស្ថិតនៅភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយមានការទទួលស្គាល់ពីរដ្ឋបាលថ្នាក់ក្រោមជាតិ។
កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ក្រុមអង្គការសង្គមស៊ីវិល និងសហគមន៍ការពារព្រៃឈើ បានដាក់ញត្តិដោយស្នើឱ្យក្រសួងបរិស្ថាននិងក្រសួងកសិកម្មប្ដេជ្ញាចិត្តក្នុងការការពារព្រៃឈើនិងយកចិត្តទុកដាក់លើការទប់ស្កាត់បទល្មើសធនធានធម្មជាតិ។
ក្នុងញត្តិនោះ បានឱ្យដឹងថា រយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ស្ថានភាពគម្របព្រៃឈើនៅកម្ពុជាបានបន្តធ្លាក់ចុះយ៉ាងឆាប់រហ័សពីចំនួន៦១,១៥% នៅឆ្នាំ២០០២ មកត្រឹម៤៦,៨៦% គិតត្រឹមឆ្នាំ២០១៨។ និន្នាការនៃការធ្លាក់ចុះគម្របព្រៃឈើនេះ ជាសញ្ញាមួយបង្ហាញថា កម្ពុជាទំនងមិនអាចអនុវត្តនៅទិសដៅក្នុងការបង្កើតគម្របព្រៃឈើឡើងវិញឱ្យបាន៦០% នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជាត្រឹមឆ្នាំ២០២៩បានឡើយ។
កន្លងមកប្រទេសកម្ពុជា ធ្លាប់បរាជ័យក្នុងការលុបបំបាត់នៅភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងការធានានិរន្តរភាពបរិស្ថាននិងការថែរក្សាឱ្យបាននៅគម្របព្រៃឈើ៦០%ត្រឹមឆ្នាំ២០១៥ផងដែរ។
អាជ្ញាធរមូលដ្ឋានបានបដិសេធចំពោះការចោទប្រកាន់នេះទាំងស្រុង ដោយពួកគេលើកឡើងថា ព្រៃឈើសហគមន៍ទំហំ២០ហិកតានោះពុំមានរងការខូចខាតអ្វីឡើយ។
លោក ជ័យ ចាន់ដារ៉ា មន្រ្តីប៉ូលិសនៅប៉ុស្ដិ៍រដ្ឋបាលឃុំដាក់ដាំ ជាជនសង្ស័យមួយរូបនៃបណ្ដឹងរបស់ប្រជាសហគមន៍ ថ្លែងថា នៅពេលដែលលោកទៅចូលរួមល្បាតព្រៃជាមួយសហគមន៍ មិនធ្លាប់ឃើញមានជនណាម្នាក់កាប់បំផ្លាញព្រៃឈើម្ដងឡើយ។
លោក ចាន់ដារ៉ា ថ្លែងថា៖ «[ប្រជាសហគមន៍]ហៅទៅល្បាតប៉ុន្តែមិនដែលឃើញទេ ធ្លាប់ទៅជាមួយគ្នា២ទៅ៣ដងប៉ុន្តែមិនដែលឃើញអ្នកកាប់ព្រៃទេ។ ល្បាតព្រៃទាល់គាត់(សហគមន៍)សំណើ បានខ្ញុំទៅ អត់ទៀងទេ ជូនកាលគាត់ស្នើសុំបានចុះទៅ គាត់ឃើញ[កាប់ព្រៃ]គាត់ស្នើទៅ។
ដោយឡែកចំពោះការចោទប្រកាន់ថាបកត្រឡប់ក្រោយពេលធ្វើដំណើរតាមផ្លូវនៅពេលចុះល្បាត លោក ចាន់ដារ៉ា បញ្ជាក់ថា៖ «ផ្លូវពិបាកពេក ខ្ញុំឈរចាំគាត់ខាងលើ ខ្ញុំថាអត់បានទៅទេ ផ្លូវវាពិបាកជិះ ម៉ូតូខ្ញុំអាសង់(Honda Dream) គាត់ម៉ូតូអាប្រយុទ្ធ(ម៉ូតូកែច្នៃ) យើងយកអាសង់០៦ ទៅរុកដីភក់អត់កើតទ។ យើងអង្គុយចាំគាត់ខាងលើ ឱ្យគាត់ចុះក្រោមទៅ»។
មន្រ្តីនគរបាលនៃឃុំដាក់ដាំរូបនេះ បញ្ជាក់ថា ដើមឈើរលំទុកក្នុងព្រៃ ដែលប្រជាសហគមន៍អះអាងថាត្រូវបានគេលួចកាប់នោះ គឺជាដើមឈើដែលត្រូវបានកាប់ទុកចោលយូរមកហើយ។

លោក ប្លង់ សេង មេភូមិពូត្រែង ឃុំដាក់ដាំ មានប្រសាសន៍ថា លោកពុំទាន់ទទួលដំណឹងថា លោកត្រូវបានប្ដឹងដោយប្រជាសហគមន៍ឡើយ។ ក្នុងមួយខែលោកនិងប្រជាសហគមន៍តែងចុះសង្កេតមើលព្រៃឈើនៅតំបន់នោះ យ៉ាងហោចណាស់ម្ដង ឬពីរដងតាមការស្នើសុំពីសហគមន៍។ ក្នុងករណីលោកជាប់រវល់ ក៏ចាត់ឱ្យជំនួយការភូមិចុះល្បាតជំនួសផងដែរ។
លោក សេង លើកឡើងថា៖ «អត់សុខចិត្តទេ ខ្ញុំប្ដឹងបកវិញហើយ។ មើលព្រៃអត់បានខូចខាតអីផង ២០ហិកតាហ្នឹង ព្រៃនៅតែព្រៃ ដីនៅតែដី»។
លោក សេង ហួរ មេប៉ុស្ដិ៍រដ្ឋបាលឃុំដាក់ដាំ ស្រុកអូររាំង យល់ថាប្រជាសហគមន៍ទំនងបំភ្លៃការពិតជុំវិញការកាប់ទន្ទ្រានដីព្រៃនៅតំបន់នោះ ដោយលោកសង្កេតឃើញថា ព្រៃសហគមន៍នោះ មានតែអ្នកភូមិជនជាតិដើមភាគតិចមួយចំនួនតូចកាប់ឆ្ការដើម្បីធ្វើចម្ការសម្រាប់ជីវភាព គ្រួសារប៉ុណ្ណោះ ហើយពួកគេទាំងនោះ ជារឿយៗផ្លាស់ប្ដូរដីចម្ការពីមួយតំបន់ទៅមួយតំបន់ផ្សេងទៀត។ យ៉ាងណា នៅចុងសប្ដាហ៍នេះរូបលោកនឹងចុះទៅពិនិត្យមើលទីតាំងព្រៃនោះដោយផ្ទាល់។
លោក ហួរ និយាយថា៖ «បងប្អូន(ជនជាតិដើមភាគតិច)គាត់មួយគ្រួសារកាប់ទៅបាន១ហិកតា គាត់ដាំស្រូវ ប្រជាពលរដ្ឋ(ជនជាតិដើមភាគតិច)ណុង ដាំអត់មានដូចយើងធ្វើស្រែទេ បើមួយឆ្នាំពីរឆ្នាំមិនកើតទៀត គាត់ទុកព្រៃណុងដុះវិញ គាត់ទៅកាប់ឯនោះ កន្លះហិកតាអីទៀត វាបន្តចឹង»។
លោក ស៊ាវ ងីឆាន់ អ្នកនាំពាក្យតំណាងអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី មានប្រសាសន៍ថា តំណាងអយ្យាការនឹងកោះហៅដើមបណ្ដឹងដើម្បីសួរនាំករណីនេះនៅដើមខែក្រោយ។ ចំណែកការចោទប្រកាន់ពីបទអ្វីគឺផ្អែកលើការស៊ើបអង្កេតជាមុនសិនថាតើជនសង្ស័យអាចស្ថិតក្រោមបទចោទណាខ្លះ។ លោក ងីឆាន់ បន្តថា ក្នុងសំណុំរឿងដែលលោកកាន់នៅខេត្តមណ្ឌលគិរី មានតែមួយករណីនេះប៉ុណ្ណោះដែលប្រជាសហគមន៍ប្ដឹងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធនឹងការមិនទប់ស្កាត់បទល្មើសព្រៃឈើ។
លោក ងីឆាន់ មានប្រសាសន៍ថា៖ «គេកោះដើមបណ្ដឹងឱ្យចូលមកបំភ្លឺលើពាក្យបណ្ដឹងរបស់គាត់សិន សម្រាប់ភាគីពាក់ព័ន្ធគេកោះដែរបន្តបន្ទាប់គ្នា។ តែអ្នកដែលត្រូវចូលមុនគេគឺដើមបណ្ដឹង។…កោះហៅដូចជាដើមខែក្រោយតែខ្ញុំអត់ចាំ[ថ្ងៃណា]ទេ។… បទចោទនៅពេលដែលយើងរកឃើញទើបអាចសន្និដ្ឋានបាន»។
លោក គ្រើង តុលា មន្រ្តីអង្កេតនៃសមាគមអាដហុកប្រចាំខេត្តមណ្ឌលគិរី ផ្ដល់យោបល់ថា អាជ្ញាធរពាក់ព័ន្ធនិងប្រជាសហគមន៍ គួរចុះទៅល្បាតព្រៃរួមគ្នាដើម្បីឱ្យដឹងច្បាស់ថាតើមានការកាប់ទន្រ្ទានព្រៃនិងហ៊ុមព័ទ្ធដីដូចការលើកឡើងដែរឬទេ?។
លោក តុលា បន្ថែមថា៖ «ដើម្បីបញ្ចប់នៅការខ្វែងគំនិតគ្នាហ្នឹង គឺអាជ្ញាធរមូលដ្ឋានជាសាមី គាត់គួរតែចុះផ្ទាល់ជាមួយសហគមន៍…សហការជាមួយមន្រ្តីជំនាញចុះជាមួយគ្នា»។
យោងតាមច្បាប់ស្ដីពីព្រៃឈើ មាត្រា១០០ ឱ្យដឹងថា សកម្មភាពទាំងឡាយណាដែលធ្វើឡើងដោយមន្រ្តីអាជ្ញាធរដែនដី មន្រ្តីនគរបាល មន្រ្តីនៃកងយោធពលខេមរភូមិន្ទ ឬមន្រ្តីអាជ្ញាធរផ្សេងទៀត ដើម្បីធ្វើអន្តរាគមន៍ផ្ដល់ការអនុញ្ញាតដោយផ្ទាល់ ឬដោយប្រយោលជួយដល់អាជីវកម្មព្រៃឈើ និងធ្វើសកម្មភាពគ្រប់យ៉ាងផ្ទុយនឹងបទបញ្ញត្តិនៃច្បាប់នេះ ឬធ្វើការគំរាមកំហែងដល់មន្រ្តីរដ្ឋបាលព្រៃឈើ ឬរាំងស្ទះដល់ការបំពេញភារកិច្ច និងកិច្ចប្រតិបត្តិការរបស់មន្រ្តីរដ្ឋបាលព្រៃឈើ ត្រូវចាត់ទុកជាបទល្មើសដែលត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ចំនួនពី១០លានរៀល ទៅ ១០០លានរៀល៕