សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
ពាណិជ្ជកម្ម

កម្ពុជា និងកូរ៉េខាងត្បូង ចុះអនុស្សរណៈ​យោគយល់គ្នាស្តីពីការបង្កើតក្រុមការងាររួមក្នុងការប្រឆាំងការឆបោកតាមអនឡាញ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Hyun នៅវិមានសន្តិភាព នារាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ (AKP)
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Hyun នៅវិមានសន្តិភាព នារាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ (AKP)

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Hyun ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែវិច្ឆិកា មានគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគី និងបង្កើតក្រុមការងាររួមគ្នាជាមួយកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មទាក់ទងនឹងការឆបោកតាមអនឡាញ​។

យោងតាមការបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១០ ខែវិច្ឆិកា មេដឹកនាំទាំងពីរបានពិភាក្សាគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ លោក Cho ក៏បានជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ផងដែរ។

ក្រសួងព័ត៌មានបានលើកឡើងនៅថ្ងៃទី១០ ខែវិច្ឆិកាថា លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានជួបជាមួយលោក Yoo Jae-Seong អគ្គស្នងការរងនៃទីភ្នាក់ងារប៉ូលិសជាតិកូរ៉េ។

ក្នុងជំនួបនោះ លោក ឆៃ ស៊ីណារិទ្ធ បានប្រាប់លោក Yoo ថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រីកការស្រាវជ្រាវ ដើម្បីកំណត់អត្តសញ្ញាណមេខ្លោង និងបណ្តាញនៅពីក្រោយប្រតិបត្តិការទាំងនោះ រួមទាំងប្រព័ន្ធហិរញ្ញវត្ថុរបស់ពួកគេផងដែរ។ លោកបានកត់សម្គាល់ថា ការសម្រេចបាននូវគោលដៅនេះទាមទារ «កិច្ចសហប្រតិបត្តិការល្អ ជិតស្និទ្ធនិងប្រកបដោយភាពជឿជាក់ជាមួយបណ្តាភាគី និងដៃគូពាក់ព័ន្ធ»

លោកក៏បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបង្កើត«ក្រុមការងាររួមកម្ពុជា-កូរ៉េ» ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មដែលពាក់ព័ន្ធនឹងពលរដ្ឋកូរ៉េនៅកម្ពុជា។

ការចុះហត្ថលេខានេះធ្វើឡើង បន្ទាប់ពីកិច្ចព្រមព្រៀងរវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung និងលោក ហ៊ុន ម៉ាណែត នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងកូឡាឡាំពួ កាលពីខែមុន ដើម្បីបង្កើត ​ក្រុមការងារចំពោះកិច្ចចម្រុះកម្ពុជា-កូរ៉េ ដើម្បីស៊ើបអង្កេត និងបញ្ចប់អំពើឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ដែលពាក់ព័ន្ធនឹងជនជាតិកូរ៉េនៅក្នុងប្រទេសកម្ពុជា​​។​

ក្រុមការងារនេះ ត្រូវបានប្រកាសបង្កើតឡើងភ្លាមៗ បន្ទាប់ពីការស្លាប់របស់និស្សិតកូរ៉េខាងត្បូងអាយុ២២ឆ្នាំម្នាក់ នៅក្នុងខេត្តកំពត ដែលត្រូវបានចោទប្រកាន់ថា ត្រូវបានក្រុមឧក្រិដ្ឋជនចិនធ្វើទារុណកម្មរហូតដល់ស្លាប់។

ក្រសួងព័ត៌មានកម្ពុជាបានឱ្យដឹងថា អគ្គស្នងការស្តីទី Yoo បានថ្លែងអំណរគុណដល់អាជ្ញាធរកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងទាន់ពេលវេលាក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលធ្វើឡើងដោយថ្នាក់ដឹកនាំរបស់ពួកគេ ដែលឈានទៅដល់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតក្រុមការងាររួមកម្ពុជា-កូរ៉េ។

លោកបាននិយាយថា៖ «ក្រុមការងារចម្រុះនេះនឹងក្លាយជានិម្មិតរូបនៃសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កូរ៉េ ហើយវាក៏ជាការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះក្រុមឧក្រិដ្ឋជន»។​

យោងតាមអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង លោក Lee Jae-woong បានឱ្យដឹងនៅថ្ងៃទី៦ ខែវិច្ឆិកាថា កម្លាំងប្រតិបត្តិការនេះ នឹងជួយជនជាតិកូរ៉េដោះស្រាយបញ្ហាទាក់ទងនឹងឧក្រិដ្ឋកម្មឆបោកនៅកម្ពុជាយ៉ាងសំខាន់។

ទន្ទឹមនឹងនេះ នៅក្នុងការបង្ហោះលើហ្វេសប៊ុករបស់ខ្លួន លោក ហ៊ុន ម៉ាណែត បានឱ្យដឹងថា ប្រទេសទាំងពីរបានព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម ការពារជាតិ សន្តិសុខ ឧស្សាហកម្ម និងទេសចរណ៍ ហើយកម្ពុជានឹងធានាសុវត្ថិភាព និងសុខុមាលភាពរបស់ពលរដ្ឋកូរ៉េដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា។

រដ្ឋាភិបាលកូរ៉េខាងត្បូងប៉ាន់ប្រមាណថា ប្រជាជនរបស់ខ្លួនប្រមាណ ១ ​​​​​​​០០០ នាក់ មានទំនាក់ទំនងជាមួយសកម្មភាពឆបោកដែលបានរៀបចំឡើងនៅក្នុងប្រទេសកម្ពុជា។ ប្រតិបត្តិការជាច្រើនក្នុងចំណោមប្រតិបត្តិការទាំងនេះ ត្រូវបានគេជឿថាមានមូលដ្ឋាននៅក្នុងទីតាំងដែលគ្រប់គ្រងដោយបណ្តាញជនជាតិចិន ដែលជាផ្នែកមួយនៃប្រព័ន្ធឧក្រិដ្ឋកម្មក្នុងតំបន់ដ៏ធំ ដែលត្រូវបានគេរាយការណ៍ថា បានជួញដូរមនុស្សប្រមាណ ១៥០ ០០០ នាក់ មកពីប្រទេសជាច្រើន​។

រដ្ឋាភិបាលកូរ៉េខាងត្បូងបានទទួលបានសេចក្តីរាយការណ៍ចំនួន ៣៨៦ ករណី ពាក់ព័ន្ធនឹងការចាប់ជំរិត ឬឃុំឃាំងពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា នេះបើយោងតាមរដ្ឋមន្ត្រី Cho ដោយដកស្រង់តួលេខពីកំណត់ត្រារបស់ពួកគេកាលពីខែកញ្ញា។ កាលពីថ្ងៃទី១៨ ខែតុលា អាជ្ញាធរកម្ពុជាបានបណ្តេញជនជាតិកូរ៉េខាងត្បូងចំនួន ៦៤ នាក់ ដែលត្រូវបានចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។ ការធ្វើមាតុភូមិនិវត្តន៍នេះធ្វើឡើងបន្ទាប់ពីការបញ្ជូនក្រុមឆ្លើយតបរបស់កូរ៉េខាងត្បូង ដើម្បីជួយពលរដ្ឋរបស់ខ្លួនដែលជាប់នៅក្នុងទីតាំងឆបោកនានាក្នុងប្រទេសកម្ពុជា។ ក្នុងចំណោមអ្នកដែលត្រូវបានបញ្ជូនត្រឡប់ទៅវិញទាំងនោះ មាន​៥៩នាក់ត្រូវបានឃុំខ្លួន បន្ទាប់ពីការបង្ក្រាបរបស់សមត្ថកិច្ចកម្ពុជា ខណៈដែលអ្នកផ្សេងទៀតត្រូវបានជួយសង្គ្រោះបន្ទាប់ពីស្វែងរកជំនួយ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia and South Korea Sign MoU on Online Scam Joint Task Force

33 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម