លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាមួយឲ្យហាមឃាត់ការនាំចូល ការលក់ ការចែកចាយ ផ្សព្វផ្សាយ និងការប្រើប្រាស់បារីអេឡិចត្រូនិក និងស៊ីហ្សា នៅទូទាំងប្រទេស ដោយបានលើកឡើងពីក្ដីបារម្ភលើសុខភាពសាធារណៈ និងការញៀនរបស់យុវជន។
បទបញ្ជានេះក៏បានហាមឃាត់លើការកាន់កាប់ ផលិត ឬស្តុកទុកឧបករណ៍សម្រាប់ជក់បារីអេឡិចត្រូនិក និងសារធាតុគីមីដែលប្រើសម្រាប់ជក់ និងស៊ីហ្សាផងដែរ។
សេចក្ដីសម្រេចនេះធ្វើឡើងក្នុងគោលបំណងការពារសុខភាពសាធារណៈ ជាពិសេសកុមារ សិស្ស និងយុវវ័យ ក៏ដូចជារក្សាសណ្ដាប់ធ្នាប់សង្គម ខណៈដែលអាជ្ញាធរបានរកឃើញពីការកើនឡើងយ៉ាងឆាប់រហ័សក្នុងការប្រើប្រាស់ផលិតផលទាំងនេះក្នុងចំណោមយុវវ័យ ដែលការណ៍នេះអាចនាំឲ្យមានការញៀនទៅនឹងសារធាតុនីកូទីន និងអាចមានលទ្ធភាពដល់ញៀនថ្នាំផងដែរ។
ក្រសួង និងស្ថាប័នមួយចំនួនត្រូវបានណែនាំឲ្យអនុវត្តបម្រាមនេះតាមរយៈការត្រួតពិនិត្យ ដកហូត និងរៀបចំយុទ្ធនាការបញ្ជ្រាបការយល់ដឹងពីរឿងនេះ។ បន្ថែមពីនេះ ក្រសួងសុខាភិបាល នឹងត្រូវអប់រំប្រជាពលរដ្ឋអំពីហានិភ័យសុខភាព ខណៈដែលក្រសួងអប់រំ នឹងត្រូវអនុវត្តបម្រាមនេះទាំងនៅក្នុងសាលា និងជុំវិញសាលា និងស្ថាប័នអប់រំផ្សេងទៀត។
មន្ត្រីរដ្ឋាភិបាល នគរបាល និងកងរាជអាវុធហត្ថ ក៏ត្រូវហាមឃាត់មិនឲ្យប្រើប្រាស់ ឬជាប់ពាក់ព័ន្ធនឹងផលិតផលទាំងនេះដែរ។
អ្នកដែលបំពាន រួមទាំងមន្ត្រីរដ្ឋាភិបាលផង នឹងត្រូវរងការព្រមានផ្ទាល់មាត់ ឬជាលាយលក្ខអក្សរ ដកហូតផលិតផល និងត្រូវព្យួរអាជ្ញាប័នអាជីវកម្ម ឬបទវិន័យផ្សេងទៀត។ នេះបើតាមបទបញ្ជាដដែល។
ថ្នាំជក់ត្រូវបានគេរកឃើញថា បានបណ្ដាលឲ្យមនុស្សស្លាប់ប្រហែល១៥ ០០០នាក់ជារៀងរាល់ឆ្នាំ ឬប្រហែល២៩០នាក់ក្នុងមួយសប្ដាហ៍។ នេះបើតាមតួលេខរបស់អង្គការសុខភាពពិភពលោកចេញផ្សាយនៅដើមឆ្នាំនេះ។ ក្រៅពីបណ្ដាលឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ថ្នាំជក់ក៏បានដាក់បន្ទុកបន្ថែមដល់គ្រួសារ សហគមន៍ និងសេដ្ឋកិច្ចផងដែរ ជាការប៉ាន់ស្មាន កម្ពុជាខាតបង់ប្រហែល៦៦៣លានដុល្លារក្នុងមួយឆ្នាំៗ ហើយប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបរងគ្រោះពីបញ្ហានេះ។
លោកវេជ្ជបណ្ឌិត Saia Ma’u Piukala នាយកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច មានប្រសាសន៍ថា បារីអេឡិចត្រូនិក បង្កើតឡើងមកមានភាពទាក់ទាញសម្រាប់យុវវ័យ ជាមួយនឹងក្លិនក្រអូប ហើយមើលទៅឃើញថាទាន់សម័យ។ ប៉ុន្តែលោកបន្ថែមថា នៅពីក្រោយអ្វីទាំងនេះ គឺជា«ផ្លូវគ្រោះថ្នាក់ទៅរកការញៀនជាតិនីកូទីន និងហានិភ័យសុខភាពរយៈពេលវែង…ការពារកុមារពីផលិតផលគ្រោះថ្នាក់ទាំងនេះ គឺជារឿងបន្ទាន់មួយត្រូវធ្វើសម្រាប់សុខភាពសាធារណៈ»។
វុធដាវ ជាយុវជនម្នាក់ធ្លាប់ប្រើប្រាស់បារីអេឡិចត្រូនិក បានប្រាប់ សារព័ត៌មានខេមបូចា ថា ខ្លួនប្រើបារីប្រភេទនេះ ក៏ព្រោះតែបានឃើញមនុស្សជាច្រើនប្រើវា និងលក់វាតាមប្រព័ន្ធបណ្ដាញសង្គម ហើយមាន «ភាពងាយស្រួល» ក្នុងការប្រើប្រាស់ជាងបារីធម្មតា ហើយយុវជនរូបនេះក៏បានប្ដូរពីទម្លាប់ជក់បារីធម្មតា មកជក់បារីអេឡិចត្រូនិកវិញ។
ក្រោយពីបានជក់បារីអេឡិកត្រូនិកមួយរយៈ សុខភាពរបស់លោកក៏ចាប់ផ្ដើមវិវឌ្ឍទៅជាមានបញ្ហា គឺលោកជួបបញ្ហាសួត និងត្រូវចំណាយប្រាក់ជាច្រើនក្នុងការព្យាបាល និងត្រូវប្ដូរមកអនុវត្តរបបអាហារសុខភាពវិញ។ លោកថា៖ «ផលិតផលទាំងនេះបានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពទាំងដែលអ្នកប្រើផ្ទាល់មិនបានដឹងខ្លួន»។
វុធដាវ សង្ឃឹមថា បទបញ្ជារបស់រដ្ឋាភិបាលនឹងមានប្រសិទ្ធភាព និងថាការអនុវត្តច្បាប់តឹងរ៉ឹងនឹងជួយទប់ស្កាត់ការចែកចាយ ការលក់ដូរ និងការប្រើប្រាស់បារីអេឡិចត្រូនិក ដោយថាវាគ្រោះថ្នាក់ដល់សុខភាពសាធារណៈ។
លោកបន្ថែមថា៖ «វាពិតជាល្អបើសិនជារដ្ឋាភិបាលបានរឹតបន្តឹងវាឲ្យខ្លាំង តាំងពីខ្ញុំធ្លាក់ខ្លួនឈឺមក សុខភាពរបស់ខ្ញុំគឺចុះខ្សោយ។ ខ្ញុំត្រូវញ៉ាំថ្នាំរាល់ថ្ងៃ។ ដូចនេះ ការហាមឃាត់ការនាំចូល ការលក់ដូរ និងការប្រើប្រាស់បារីអេឡិចត្រូនិក គឺល្អព្រោះថាវាគ្រោះថ្នាក់ដល់សុខភាព»។
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាសុខភាពកម្ពុជា មានប្រសាសន៍ថាភាពងាយស្រួលក្នុងការរកបានបារីអេឡិចត្រូនិក និងផលិតផលបារីអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការផ្សព្វផ្សាយទូលំទូលាយក្នុងបណ្ដាញសង្គម គឺជាហេតុផលចម្បងក្នុងការកើនឡើងនៃអ្នកប្រើប្រាស់ក្នុងចំណោមកុមារ និងយុវវ័យនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
ផលិតផលនេះមានផលប៉ះពាល់ខ្លាំងដល់សុខភាពរបស់មនុស្ស ដោយវាប៉ះពាល់ដល់ការលូតលាស់ខួរក្បាល ដែលការណ៍នេះអាចប៉ះពាល់ដល់ការសិក្សារបស់កុមារ និងយុវជន ហើយក៏អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សួត និងសរីរាង្គផ្សេងទៀត។
លោកបន្ថែមថា៖ «បើគ្មានវត្តមានរបស់បារីអេឡិចត្រូនិកនៅកម្ពុជា វាក៏ទំនងជាគ្មានការផ្សព្វផ្សាយ [តាមអនឡាញ] និងគ្មានជនរងគ្រោះដែរ ហើយជនរងគ្រោះទាំងនោះភាគច្រើនជាកុមារ និងយុវវ័យ»។
បើតាមរបាយការណ៍របស់អង្គការចលនាសុខភាពកម្ពុជា យ៉ាងហោចណាស់មានគណនីបណ្ដាញសង្គមចំនួន៦៨៨បានផ្សព្វផ្សាយ និងលក់បារីអេឡិចត្រូវនិក និងផលិតផលបារីអេឡិចត្រូនិក។
ក្រសួងអប់រំបានរកឃើញថា ជាង៨០%នៃអ្នកប្រើប្រាស់បារីអេឡិចត្រូនិក និងថ្នាំជក់ ដែលភាគច្រើនជាកុមារ និងយុវវ័យ បានបញ្ជាទិញផលិតផលទាំងនេះតាមបណ្ដាញសង្គម។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានថ្លែងថា ក្រសួងគាំទ្រពេញទំហឹងទៅនឹងការសម្រេចរបស់រដ្ឋាភិបាលក្នុងការហាមឃាត់ផលិតផលទាំងនេះ ហើយក្រសួងក៏ប្ដេជ្ញាចិត្តក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាព ដែលកិច្ចការនេះនឹងអនុវត្តដោយមន្ត្រីនគរបាល និងអាជ្ញាធរមូលដ្ឋាន។
ក្រសួងនឹងរៀបចំការណែនាំលម្អិតដល់មន្ត្រីអនុវត្តច្បាប់ថ្នាក់ក្រោម រួមទាំងវិធានការរឹតបន្តឹងនៅតាមច្រកចេញចូល ទាំងតាមផ្លូវគោក អាកាស និងផ្លូវទឹក។ លោកបន្ថែមថា មន្ត្រីនគរបាលនឹងអនុវត្តបទបញ្ជាដោយផ្អែកទៅតាមនីតិវិធីដែលបានបង្កើតឡើងនៅពេលឆាប់ៗនេះ។
លោកបន្តថា៖ «យើងនឹងត្រួតពិនិត្យឲ្យបានល្អិតល្អន់នៅតាមកន្លែកស្តុកទុក និង[បណ្ដាញ]ចែកចាយ និង[ស៊ើបអង្កេត]នៅកន្លែងលក់ និងប្រើប្រាស់។ បើមន្ត្រីណានៅក្នុងក្រសួងត្រូវបានរកឃើញថាប្រើប្រាស់ ឬជាប់ពាក់ព័ន្ធក្នុងផ្នែកណាមួយ អ្នកទាំងនោះនឹងត្រូវទទួលវិធានការបទវិន័យ»។
លោកក៏បានព្រមានដែរថា ឈ្មួញនាំចូល ចែកចាយ និងលក់ឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីហ្សា ក៏ត្រូវបញ្ឈប់ជាបន្ទាន់ ឬក៏អាចនឹងត្រូវប្រឈមមុខនឹងផ្លួវច្បាប់។
Additional reporting by Sok Sreymey (រាយការណ៍បន្ថែមដោយ៖ សុខ ស្រីម៉ី)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia Bans E-Cigarettes, Shisha to Protect Public Health as Vaping Numbers Rise Among Children










