ប្រទេសកម្ពុជានៅថ្ងៃនេះបានសាទរខួប១៧ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលបង្ហាញថាអង្គការសហប្រជាជាតិបានទទួលស្គាល់អធិបតេយ្យភាពរបស់កម្ពុជាលើប្រាសាទនេះ។ ការប្រារព្ធខួបនេះបានធ្វើឡើងស្របពេលដែលមានភាពតានតឹងព្រំដែនជាមួយប្រទេសថៃសារជាថ្មី។
ស្ថានការណ៍នេះហាក់ធ្វើឱ្យគេនឹកដល់ជម្លោះដែលបានកើតឡើងរវាងឆ្នាំ២០០៨ និង២០១១ ដែលកើតមានក្រោយការចុះបញ្ជីបេតិកភណ្ឌរបស់ប្រាសាទនេះ។ វិបត្តិបច្ចុប្បន្ននេះបានកើតឡើងបន្ទាប់ពីមានជម្លោះប្រដាប់អាវុធមួយជុំវិញបញ្ហាទឹកដីនៅតំបន់ព្រំដែនមុំបី ដែលបានបណ្តាលឱ្យទាហានកម្ពុជាម្នាក់បាត់បង់ជីវិតនៅព្រឹកព្រលឹមថ្ងៃទី ២៨ ខែឧសភា។
ការប្រារព្ធខួបនាថ្ងៃទី៧ ខែកក្កដា នៅខេត្តព្រះវិហារ បានបញ្ជាក់ជាថ្មីនូវអធិបតេយ្យភាពរបស់កម្ពុជាលើប្រាសាទនេះ ដែលត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់នៅឆ្នាំ២០០៨ នៅពេលដែលប្រាសាទនេះត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌរបស់ខ្លួន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ខណៈសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ហើយអង្គការសហប្រជាជាតិបានទទួលស្គាល់កម្មសិទ្ធិរបស់កម្ពុជាលើប្រាសាទនេះរួចហើយ ប៉ុន្តែប្រទេសថៃនៅតែបន្តជំទាស់ ទោះបីជាតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានវិនិច្ឆ័យផ្តល់ជ័យជម្នះឱ្យកម្ពុជាកាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ១៩៦២ ក៏ដោយ។
លោក ហ៊ុន ម៉ាណែត បានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកថា៖ «ការការពារបេតិកភណ្ឌវប្បធម៌របស់យើង គឺជាកាតព្វកិច្ចរួមរបស់ប្រជាជនកម្ពុជាទាំងអស់»។
នៅរវាងឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ កងទ័ពកម្ពុជា និងថៃបានប៉ះទង្គិចគ្នានៅតំបន់មួយចំនួននៅជិតប្រាសាទព្រះវិហារ ដូចជាប្រាសាទតាមាន់ធំ តាមាន់តូច និងប្រាសាទតាក្របីជាដើម បន្ទាប់ពីប្រាសាទបុរាណនេះត្រូវបានដាក់បញ្ចូលក្នុងបញ្ជីរបស់អង្គការយូណេស្កូតាមសំណើរបស់កម្ពុជា។
រីឯជម្លោះព្រំដែនថ្មីៗនេះ បានជំរុញឱ្យកម្ពុជាស្វែងរកដំណោះស្រាយពីតុលាការយុត្តិធម៌អន្តរជាតិ (ICJ) លើតំបន់ចំនួនបួនដែលមិនទាន់ដោះស្រាយអស់រយៈពេលយូរ ប៉ុន្តែប្រទេសថៃបានបដិសេធមិនចូលរួមក្នុងដំណើរការនេះ ក៏ដូចជាការចរចាតាមរយៈគណៈកម្មការព្រំដែនរួម ស្របតាមកិច្ចព្រមព្រៀងដែលបានសម្រេចនៅឆ្នាំ២០០០។
ក្រសួងការបរទេសកម្ពុជាបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដែលចេញកាលពីថ្ងៃទី៧ ខែកក្កដានេះថា៖ «កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការដោះស្រាយជម្លោះព្រំដែន ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ»។
យោធាថៃបានចាប់ផ្តើមបិទច្រកព្រំដែនគោកជាមួយកម្ពុជានៅថ្ងៃទី២៤ ខែមិថុនា ខណៈភាពតានតឹងបានកើនឡើង។
កាលពីចុងសប្តាហ៍នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានជំរុញឱ្យប្រទេសថៃប្រគល់វត្ថុបុរាណខ្មែរចំនួន២០ឱ្យមកកម្ពុជាវិញ ដែលថៃបានអះអាងថា «មិនមានថវិកាគ្រប់គ្រាន់» ដើម្បីសម្រួលដល់ដំណើរការបញ្ជូនមកកម្ពុជា។ ប៉ុន្តែត្រូវភាគីកម្ពុជាឆ្លើយតបថាខ្លួននឹងរ៉ាប់រងថ្លៃដឹកជញ្ជូន។
ក្រសួងក៏បានច្រានចោលសេចក្តីថ្លែងការណ៍របស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ដែលបច្ចុប្បន្នកាន់តំណែងជារដ្ឋមន្ត្រីវប្បធម៌ថៃ បន្ទាប់ពីត្រូវបានព្យួរពីតំណែងជានាយករដ្ឋមន្ត្រី ដែលបានអះអាងថា ក្រុមប្រាសាទតាមាន់ស្ថិតនៅក្នុងទឹកដីថៃ។
លោក ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ បានអះអាងថាក្រសួងពិតជាបានផ្ញើលិខិតមួយទៅលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា កាលពីថ្ងៃអាទិត្យមែន ប៉ុន្តែមិនទាន់មានការឆ្លើយតបណាមួយពីភាគីថៃនៅឡើយទេ។ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទៀតទេ។
តាមអភិបាលរងខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ បានប្រាប់ថា ក្នុងបរិបទមានស្ថានការណ៍តានតឹងតាមបណ្តោយព្រំដែន ពលករចំណាកស្រុកខ្មែររាប់ពាន់នាក់បានត្រឡប់មកផ្ទះវិញ។
ចាប់តាំងពីពេលបិទព្រំដែនទាំងស្រុងមក ពលរដ្ឋខ្មែរចំនួនសរុប ១១២ ៦៧៨នាក់ រួមទាំងកម្មករចំណាកស្រុក ៥ ៨៣៦នាក់ បានឆ្លងកាត់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតត្រឡប់មកប្រទេសវិញ។
សារព័ត៌មានខេមបូចា មិនទាន់អាចទាក់ទងសុំការឆ្លើយតបពី លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិអំពីបច្ចុប្បន្នភាពលើសំណុំរឿងដែលកម្ពុជាដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)បាននៅឡើយទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia Celebrates Preah Vihear Temple Anniversary as Border Tensions Renew with Thailand










