រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលកំពុងទាមទាររកយុត្តិធម៌ ក្រោយមានព័ត៌មានថា ស្ត្រីខ្មែរជាពលករចំណាកស្រុកម្នាក់ ត្រូវបានទាហាននៃកងទ័ពភូមិន្ទថៃរំលោភបំពាន ខណៈអ្នកជំនាញផ្នែកយេនឌ័រព្រមានថាករណីនេះបង្ហាញពីតម្រូវការបន្ទាន់សម្រាប់កំណែទម្រង់ឆ្លងដែន គណនេយ្យភាពកាន់តែខ្លាំងនៅក្នុងកងកម្លាំងសន្តិសុខថៃ ផ្លូវធ្វើដំណើរចំណាកស្រុកប្រកបដោយសុវត្ថិភាពជាងមុន និងការការពារដែលលើកកម្ពស់សេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពរបស់ស្ត្រី។
យោងតាមក្រសួងមហាផ្ទៃកម្ពុជា ពលករចំណាកស្រុកខ្មែរត្រូវបានរាយការណ៍ថាបានរងនូវអំពើហិង្សាផ្លូវភេទ និងការប្រព្រឹត្តឃោរឃៅពីសំណាក់កងទ័ពថៃ កាលពីថ្ងៃទី១៥ ខែវិច្ឆិ កងទ័ពថៃត្រូវបានចោទប្រកាន់ថា បានឃាត់ពលករចំនួន ១៣នាក់ ដែលកំពុងធ្វើដំណើរត្រឡប់មកកម្ពុជា និងបានបំបែកពួកគេជាពីរក្រុម ដោយដាក់ស្ត្រីម្នាក់នៅក្នុងក្រុមដាច់ដោយឡែក ខណៈបុរសៗស្ថិតនៅក្នុងក្រុមផ្សេងទៀត។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានឱ្យដឹងថាស្រ្តីខ្មែរដែលជាពលករចំណាកស្រុករូបនោះបានប្រាប់ថាគាត់ត្រូវបានទាហានថៃចំនួន ៧នាក់រំលោភនៅពេលនោះ។
បន្ទាប់ពីត្រឡប់ទៅខេត្តបាត់ដំបងវិញ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅនគរបាលខេត្ត។ ក្រសួងបានសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីប្រមូលភស្តុតាង និងពិនិត្យករណីនេះ។
លោក សុខៈ បានថ្លែងថា តាមនីតិវិធីជាស្តង់ដារនោះ ស្នងការនគរបាលជាតិកម្ពុជានឹងដាក់ពាក្យបណ្តឹងទៅស្នងការនគរបាលជាតិថៃតាមរយៈស្ថានទូតថៃ និងជំរុញឱ្យអង្គការអន្តរជាតិស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ដែលបានទៅសួរសុខទុក្ខជនរងគ្រោះកាលពីថ្ងៃទី១៨ ខែវិច្ឆិកា បានមានប្រសាសន៍ថា សភាពដំបូងរបស់គាត់គឺធ្ងន់ធ្ងរ គាត់បានបាត់បង់ការចងចាំនិងមានការរវើរវាយច្រើន ប៉ុន្តែបានធូរស្រាលឡើងវិញ បន្ទាប់ពីទទួលបានការព្យាបាលនៅមន្ទីរពេទ្យ។
ស្ថាប័នរដ្ឋាភិបាល រួមមាន ក្រសួងកិច្ចការនារី ក្រសួងការងារ និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏ដូចជាអង្គការសង្គមស៊ីវិលចំនួន ២៦១ បានថ្កោលទោសទង្វើនេះ ដោយពណ៌នាថាការរំលោភដែលប្រព្រឹត្តដោយជនល្មើសច្រើននាក់នោះជាអំពើដ៏អមនុស្សធម៌។ ពួកគេបានស្នើឱ្យស្ថាប័នអន្តរជាតិតាមដានករណីនេះ និងជំរុញឱ្យអាជ្ញាធរថៃស៊ើបអង្កេតនិងទទួលខុសត្រូវចំពោះជនល្មើស។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា៖ «ក្រសួង [ការងារ] នឹងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដានការវិវត្តលើករណីនេះ និងករណីពាក់ព័ន្ធផ្សេងទៀត ដើម្បីធានាការការពារសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ពលករទេសន្តរប្រវេសន៍ខ្មែរ ដោយអនុលោមតាមលិខិតបទដ្ឋានអន្តរជាតិ»។
ហេតុការណ៍នេះបានក្លាយជាចំណុចសំខាន់នៃការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពលករចំណាកស្រុក និងការរួចផុតពីទោសទណ្ឌរបស់កងកម្លាំងសន្តិសុខថៃ។ អ្នកជំនាញផ្នែកយេនឌ័របានលើកឡើងថា ការរំលោភដែលបានចោទប្រកាន់នេះ មិនមែនជាករណីតែឯងនោះទេ ប៉ុន្តែជាផ្នែកមួយនៃទម្រង់ទូលំទូលាយជាងមុននៃអំពើហិង្សា និងការបំភិតបំភ័យនៅតាមព្រំដែន ដែលបញ្ហាទាំងនេះនៅតែបន្តកើតមានឡើងដោយសារកិច្ចសហប្រតិបត្តិការទ្វេភាគីមានភាពខ្សោយ គណនេយ្យភាពយោធានៅមានកម្រិត និងកង្វះការការពារដែលគិតគូរពីបញ្ហាយេនឌ័រនៅក្នុងគោលនយោបាយចំណាកស្រុក។

លោកស្រី អេង ចាន់ឌី នាយិកាប្រតិបត្តិនៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា(GADC) មានប្រសាសន៍ថា ករណីនេះគឺធ្ងន់ធ្ងរខ្លាំងណាស់ ដែលឆ្លុះបញ្ចាំងពីភាពងាយរងគ្រោះយ៉ាងខ្លាំងដែលស្ត្រីចំណាកស្រុកប្រឈមមុខនៅតាមច្រកព្រំដែន ជាពិសេសនៅក្នុងតំបន់យោធា។ លោកស្រីបានកត់សម្គាល់ថា អំពើហិង្សានេះធ្វើឲ្យខូចដល់បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងរួមចំណែកដល់ការភ័យខ្លាច របួសផ្លូវចិត្ត និងការមិនទុកចិត្តឆ្លងកាត់ព្រំដែន។
លោកស្រីបានបន្ថែមថា GADC មានការព្រួយបារម្ភជាពិសេសចំពោះលំនាំនៃនិទណ្ឌភាពចំពោះឧក្រិដ្ឋកម្មបែបនេះ និងផលវិបាករយៈពេលវែងសម្រាប់យុត្តិធម៌ សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីចំណាកស្រុកកម្ពុជា។
លោកស្រីបាននិយាយថា៖ «ជនរងគ្រោះពីអំពើហិង្សាផ្លូវភេទសមនឹងទទួលបានការកាត់ក្តីដោយយុត្តិធម៌ និងការទទួលខុសត្រូវជាសាធារណៈ។ មិនត្រូវអនុញ្ញាតឱ្យមាននិទណ្ឌភាពឡើយ។ រដ្ឋាភិបាលទាំងពីរត្រូវតែថ្កោលទោសទង្វើនេះជាសាធារណៈ និងបញ្ជាក់ថា អំពើហិង្សាប្រឆាំងស្ត្រី ជាពិសេសស្ត្រីចំណាកស្រុក គឺមិនអាចទទួលយកបានទេ ហើយនឹងត្រូវផ្តន្ទាទោស»។
GADC បានអំពាវនាវឱ្យមានការស៊ើបអង្កេតជាបន្ទាន់ ប្រកបដោយតម្លាភាព និងឯករាជ្យ ដោយអាជ្ញាធរថៃធានាសុវត្ថិភាពជនរងគ្រោះ និងផ្តល់សំណង។ អង្គការនេះកំពុងធ្វើការជាមួយដៃគូសង្គមស៊ីវិលនៅប្រទេសថៃ ដើម្បីតាមដានដំណើរការផ្លូវច្បាប់ គាំទ្រគណនេយ្យភាព និងបង្កើនការយល់ដឹងជាសាធារណៈអំពីការការពារជាប្រព័ន្ធសម្រាប់ស្ត្រីចំណាកស្រុក។
លោកស្រី ចាន់ឌី បានកត់សម្គាល់ថា ករណីនេះបង្ហាញពីតម្រូវការបន្ទាន់សម្រាប់ការកែទម្រង់ជាប្រព័ន្ធរយៈពេលវែង ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងដែន វិធានការបណ្តុះបណ្តាល និងគណនេយ្យភាពសម្រាប់យោធាថៃ និងអាជ្ញាធរព្រំដែន។ លើសពីនេះ គួរតែពង្រីកផ្លូវសម្រាប់ការធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិភាព បញ្ចូលការការពារអំពើហិង្សាផ្អែកលើយេនឌ័រទៅក្នុងកិច្ចព្រមព្រៀងទ្វេភាគី និងបង្កើនការត្រួតពិនិត្យកងកម្លាំងសន្តិសុខ ដែលក្នុងនោះរួមមានការស៊ើបអង្កេតដោយឯករាជ្យ និងការរាយការណ៍ជាសាធារណៈ។
លោកស្រីបានមានប្រសាសន៍ថា៖ «សិទ្ធិរបស់ស្រ្តី និងការការពារជនស៊ីវិល ត្រូវតែជាចំណុចស្នូល នៅក្នុងគោលនយោបាយដោះស្រាយជម្លោះ និងគោលនយោបាយទេសន្តរប្រវេសន៍នាពេលអនាគត»ដោយជំរុញឱ្យរដ្ឋទាំងពីរគោរពតាមការប្តេជ្ញាចិត្តក្នុងតំបន់ និងអន្តរជាតិ ដោយក្នុងនោះរួមមានយន្តការសិទ្ធិមនុស្សអាស៊ាន និងរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ។
លោកស្រី ចាន់ឌី បានបន្ថែមថា៖ «យើងខ្ញុំសូមអំពាវនាវឱ្យមានការយកចិត្តទុកដាក់លើជនរងគ្រោះជាចម្បង និងផ្អែកលើសិទ្ធិជាមូលដ្ឋាន ក្នុងការគ្រប់គ្រងទេសន្តរប្រវេសន៍ និងសន្តិសុខព្រំដែន ដើម្បីការពារសេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពរបស់ស្ត្រីទាំងអស់»។
ក្រសួងការងារបានរំលឹកដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅប្រទេសថៃឱ្យបន្តប្រុងប្រយ័ត្នចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងស្វែងរកជំនួយពីអាជ្ញាធរកម្ពុជា ឬអង្គការដៃគូ ដើម្បីសុវត្ថិភាពពេលគ្រោងធ្វើដំណើរត្រឡប់ផ្ទះ។
ទោះជាយ៉ាងណាក៏ដោយ យោងតាមការរាយការណ៍ពីសារព័ត៌មានថៃ កងទ័ពជើងទឹកថៃបានបដិសេធការចោទប្រកាន់នេះ ដោយចាត់ទុកថា ជា«ព័ត៌មានក្លែងក្លាយ»។ ឆ្លើយតបនឹងបញ្ហានេះ លោក សុខៈ បានមានប្រសាសន៍ថា លទ្ធផលនឹងត្រូវបានបង្ហាញក្នុងពេលឆាប់ៗខាងមុខនេះ ខណៈដែលអាជ្ញាធរកម្ពុជាកំពុងប្រមូលភស្តុតាង និងទិន្នន័យកោសល្យវិច័យដោយប្រើប្រាស់វិធីសាស្ត្រវិទ្យាសាស្ត្រ។ លោកបានបន្តថា ពួកគេនឹងដាក់ពាក្យបណ្តឹងផ្លូវច្បាប់ទៅកាន់នគរបាលជាតិថៃ តាមរយៈស្ថានទូតថៃ និងអង្គការអន្តរជាតិ។
លោក សុខៈ បានថ្លែងថា៖ «ការយកករណីរំលោភសេពសន្ថវៈមកធ្វើជារឿងលេងសើច ដោយចោទថាជនរងគ្រោះក្លែងបន្លំរឿងរំលោភ គឺជារឿងដែលមិនអាចទទួលយកបានដាច់ខាត។ កម្ពុជាគ្មានគោលការណ៍ណាមួយអនុញ្ញាតឱ្យបង្កើតខ្លឹមសារមិនពិត ដែលប្រើប្រាស់ប្រពៃណីខ្មែរដើម្បីធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីកម្ពុជានោះទេ»។
លោកបានបន្ថែមថា អាជ្ញាធរថៃគួរតែបង្ហាញឈ្មោះជនល្មើសទាំងប្រាំពីរនាក់ និងអ្នកពាក់ព័ន្ធផ្សេងទៀត ធ្វើការផ្សព្វផ្សាយលទ្ធផលជាសាធារណៈ និងដាក់ទណ្ឌកម្មពួកគេ។ លោក សុខៈ ក៏បានកត់សម្គាល់ផងដែរថា ភស្តុតាងបន្ថែមទៀតអាចមាននៅលើទឹកដីថៃ រួមទាំងសក្ខីកម្មរបស់សាក្សី និងវីដេអូឃ្លាំមើលផងដែរ។
គិតត្រឹមពេលចេញផ្សាយ ស្ថានទូតថៃប្រចាំនៅភ្នំពេញ មិនទាន់ធ្វើការឆ្លើយតបមកកាន់សំណួររបស់អ្នកសារព័ត៌មានខេមបូចានៅឡើយទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia Demands Thailand Probe Migrant Worker’s Rape, Calls for Reforms to Prevent Gender-Based Violence










