សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្ពុជាទទួលបានដំណក់ប្រេងលើកដំបូង បន្ទាប់ពីបានពន្យាពេលជាច្រើនឆ្នាំ

ទិដ្ឋភាពនៅអណ្ដូងប្រេង ដែលប្រតិបត្តិការដោយក្រុមហ៊ុន KrisEnergy និងរដ្ឋាភិបាលកម្ពុជាក្នុងឈូងសមុទ្រថៃ។ KrisEnergy
ទិដ្ឋភាពនៅអណ្ដូងប្រេង ដែលប្រតិបត្តិការដោយក្រុមហ៊ុន KrisEnergy និងរដ្ឋាភិបាលកម្ពុជាក្នុងឈូងសមុទ្រថៃ។ KrisEnergy

កម្ពុជាចាប់​ផ្ដើម​បូមប្រេង​លើក​ដំបូង​របស់​ខ្លួន​ ដែល​ការអភិវឌ្ឍ​នេះ ត្រូវ​​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ហៅ​ថា «ជាពរជ័យ» ខណៈ​ក្រុម​អ្នក​ឃ្លាំ​មើល​ទាមទារ​ឲ្យ​មាន​តម្លាភាព​លើ​ការ​គ្រប់គ្រង​ចំណូលបានពី​ប្រេង ដើម្បី​ចៀង​វាង​ «បណ្ដាសារប្រេង» ដែលអាច​បំផ្លាញ​ដល់​ផលិត​កម្មធំៗ​ផ្សេង​ទៀត​របស់ជាតិ​។​

​​បើ​តាម​ក្រុម​ហ៊ុន​ចុះ​បញ្ជី​​នៅ​ប្រទេស​សិង្ហបុរី​ KrisEnergy ដែល​នឹង​ត្រូវ​ប្រតិបត្តិការ​រួម​គ្នា​ជា​មួយរដ្ឋាភិបាល​ក្នុងការ​បូម​ប្រេង​ បានឲ្យដឹងថា ដំណក់​ប្រេង​ដំបូង​​គឺ​បាន​បូប​យក​ពី​តំបន់​ប្លុកA ​កាលពី​ថ្ងៃទី​២៨ ខែ​ធ្នូ។  

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេស​ប៊ុក​កាល​ពី​ថ្ងៃអង្គារ​ថា៖ «ទោះយើងមិនបានសប្បាយរីករាយដូចឆ្នាំមុនៗដោយសារតែកូវីដ-១៩ តែយើងទទួលបានកាដូដ៍ធំសម្រាប់ជាតិយើង ​​​​​​​​​​​​​​​​​​​​នោះគឺប្រេងដែលផលិតចេញលើកដំបូងក្នុងទឹកដីយើង​ក្នុង​ឆ្នាំ​២០២១នេះ​»។​

លោក​បន្ថែមថា៖«ការចាប់​ផ្តើម​អាជីវកម្មធនធានរ៉ែប្រេងនៅកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិ មិនមែនជាបណ្តាសារដូចការលើកឡើង​​​របស់ជនអគតិមួយចំនួននោះទេ»។​

ក្រុម​ហ៊ុន KrisEnergy ​ ​កាលពី​ឆ្នាំ​២០១៧ បាន​ចុះ​កិច្ច​ព្រម​ព្រៀងជា​មួយ​រដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ និង​ធ្វើ​អាជីវកម្ម​ប្រេង​​លើ​ផ្ទៃ​សមុទ្រ ​៣ ០៨៣​គីឡូម៉ែការ៉េ​ក្នុង​ប្លុកA  បន្ទាប់​ពី​បាន​ទទួល​​សិទ្ធិ​បន្តពី​ក្រុម​ហ៊ុន​​ Chevron Corp ក្នុង​តម្លៃ​៦៥​លាន​ដុល្លារ​​កាលពី​ឆ្នាំ​២០១៤ ក្រោយពី​កម្ពុជា​បរាជ័យ​ទទួល​បាន​ដំណក់​ប្រេង​លើក​ដំបូង​ក្នុង​ឆ្នាំ​២០១២។​

ប្រ​ធាន និងនាយក​ប្រតិបត្តិក្រុម​ហ៊ុន KrisEnergy ​ លោក Kelvin Tang ​បានថ្លែងការណ៍​ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុម​ហ៊ុន នៅថ្ងៃអង្គារថា៖  «វាគឺ​ជា​មេរៀន​ដ៏​ស្រួច​ស្រាល​មួយ​សម្រាប់​អ្នក​ពាក់​ព័ន្ធទាំងអស់​នៅ​ក្នុងអ្វីដែលជា​​ព្រឹត្តិការណ៍​ដ៏​សំខាន់​បំផុត​មួយ​របស់​ប្រ​ជា​ជន​កម្ពុជា និង​ក៏ជា​យុទ្ធសាស្រ្ត និង​ប្រតិបត្តិការ​សំខាន់​មួយ​របស់​ក្រុម​ហ៊ុន​ KrisEnergy »

បើ​តាមក្រុម​ហ៊ុន​ ផលិតកម្ម​​ប្រេង​ដែល​អាច​បូប​បានច្រើន​បំផុត​​មាន​រហូត​ដល់​​៧ ៥០០​បារ៉ែល​ក្នុង​មួយ​ថ្ងៃ នៅ​ពេល​ដែល​កម្ម​វិធី​ខួង​ប្រេង​ត្រូវ​បញ្ចប់​ត្រឹម​ពាក់​កណ្ដាល​ខែ​កុម្ភៈ ឆ្នាំ២០២១។​

ក្រុម​ហ៊ុន KrisEnergy ​កាន់​កាប់​ភាគហ៊ុន​ចំនួន​៩៥​ភាគ​រយ​ក្នុងអាជីវកម្មនេះ ហើយ​ដ្ឋាភិបាល​កាន់​កាប់​ភាគហ៊ុន​ចំននួន៥ភាគរយ​។​

ក្រុម​អ្នក​ឃ្លាំ​មើល​សង្គម​បាន​អំពាវ​នាវ​ឲ្យ​មាន​តម្លាភាព​លើ​ចំណូល​បា​នពីការ​បូម​ប្រេង​នេះ ដោយ​ថា​ដើម្បី​ចៀសវាង «បណ្ដាសារប្រេង» ព្រោះថា​ភាព​ទន់ខ្សោយ​ខាង​នយោបាយ និង​សេដ្ឋ​កិច្ច​បានធ្វើ​ឲ្យ​ការ​គ្រប់​គ្រង​ចំណូល​បាន​ពី​ប្រេង​របស់​ប្រទេស​ផលិត​ប្រេងធំជាច្រើន​ធ្វើ​មិន​បាន​ល្អ។​

លោក សន ជ័យ ជា​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​​មាន​ប្រ​សាសន៍​ថា​៖ «​ប្រ​ជា​ពល​រដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​ពី​ចំណូល​បានពីប្រេងប្រើ​ប្រាស់​មិន​បាន​ត្រឹម​ត្រូវ និង​ធ្លាក់​ទៅ​ក្នុង​ដៃ​អ្នកមាន​ឥទ្ធិពល និងអ្នក​មាន​​អំណាចមួយក្រុម»

លោក រ៉ា ចន្ទរ័ត្ន អ្នក​គ្រប់​គ្រង​គំរោង​អភិវឌ្ឍ​ប្រកប​ដោយចិរភាព​​របស់​អង្គការ​តម្លាភាព​កម្ពុជា បាន​លើក​ឡើងថា​ «បណ្ដាសារប្រេង» គឺ​កើត​មាន​ច្រើន​នៅប្រទេស​ដែល​មិន​ប្រកាន់​លទ្ធិប្រជា​ធិបតេយ្យ ហើយ​អ្ន​កមាន​អំណាច​អាច​កាន់​អំណាច​បាន​ដោ​យ​មិន​បាច់​មានការ​បោះ​ឆ្នោត។​

លោក​បន្ថែមថា៖ «អ្នក​កាន់អំណាច​ប្រ​ទេស​ខ្លះ​ប្រើ​ប្រាស់​ចំណូល​បាន​ពីធនធានធម្មជាតិ​ដើម្បី​ទិញ​ភាព​ស្រប​ច្បាប់​របស់​ខ្លួន។ រដ្ឋាភិបាល​ណា​ដែល​មិន​ប្រកាន់​របប​លទ្ធិប្រជា​ធិបតេយ្យ​ មាន​ការ​ខ្វះខាត​យន្ត​ការ​សម្រាប់​ពល​រដ្ឋ​តាម​ដាន​ពី​តម្លាភាព​របស់​មន្ត្រី​សាធារណៈ​»។​

កម្ពុជា​បាន​​អះអាង​ថា​ខ្លួនក៏បានត្រៀមខ្លួន​រួចរាល់​ហើយ​ដែរ​ក្នុងការ​ចរចារជាមួយ​ភាគី​ថៃ​លើ​តំបន់​ត្រូវ​អភិវឌ្ឍ​ប្រេង និង​ឧស្ម័ន ដែល​ត្រូវបាន​អះអាង​ថា​ជា​តំបន់​ត្រួតស៊ីគ្នា​លើ​ផ្ទៃ​ក្រឡា២៦ ០០០​គីឡូម៉ែត្រ ក្នុង​ឈូង​សមុទ្រថៃនេះ។​

ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​ថ្នាក់​រដ្ឋ​មន្ត្រី​លើក​ទី​៣៧ លើ​វិស័យ​ថាមពលនៅទីក្រុង​បាងកក​ក្នុង​ឆ្នាំ​២០១៩ ភាគីទាំងពីរ​បានព្រម​ព្រៀង​គ្នា​បើក​កិច្ច​ចរចារជា​ថ្មី ប៉ុន្តែ​ការ​ចរចារ​បាន​ពន្យា​ពេល​ដោយ​សារ​វិបត្តិ​កូវីដ​១៩​។​​

អនុស្សារណៈយោគយល់​គ្នា​មួយ​រវាងកម្ពុជា​ និង ថៃ​លើ​ការ​រុក​រក​ប្រេង​រួមគ្នាត្រូវ​បាន​​ចុះហត្ថលេខា​​ក្នុង​ឆ្នាំ​២០០១ តែ​ភាគីថៃបាន​លុបចោលវិញ​នៅ​ឆ្នាំ​២០០៩។ តំបន់​ដែល​ភាគីទាំងពី​ទាមទារ​រៀងៗ​ខ្លួន​នេះ​​ត្រូវគេ​ប៉ាន់​ប្រមាណ​ថា​មាន​ប្រេង និង​ឧស្ម័ន​រហូត​ដល់​៥០០​លាន​បារ៉ែល​នៅ​ក្រោម​បាទសមុទ្រ។​​

កិច្ច​ព្រម​ព្រៀង​លើការ​រុក​រក​ប្រេង​ដំបូង​របស់​កម្ពុជា​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០០២​ជាមួយ​ក្រុម​ហ៊ុន​អាមេរិក​ Chevron ។ មក​ដល់​ឆ្នាំ​២០១០ ក្រុម​ហ៊ុន​​ Chevron ​ក៏​បានធ្វើ​ការ​​រួម​គ្នា​ជាមួយ​ក្រុម​ហ៊ុន LGCaltex Oil Corporation និង​ Mocco Cambodia Co., Ltd ​ហើយ​បាន​ប្រកាស​ពីការ​រក​ឃើញ​ជម្រក​រ៉ែ​ប្រេង​លក្ខណៈពាណិជ្ជកម្ម​លើក​ដំបូង​នៅ​កម្ពុជា និង​មាន​បំណង​បូម​យក​ដំណក់ប្រេង​ដំបូង​នៅ​ឆ្នាំ​២០១២។

ប៉ុន្តែ​ក្រុម​ហ៊ុន​ទាំង​នេះ​បាន​ដក​ខ្លួន​ជាបន្ត​បន្ទាប់​នៅ​ឆ្នាំ​២០១៤ និង​២០១៦ បន្ទាប់ពី​មិន​អាច​ចរចារ​ត្រូវ​គ្នា​ទាក់​ទង​នឹង​ការ​បែង​ចែក​ភាគលាភ​ជាមួយ​រដ្ឋាភិបាល​។

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia extracts first crude oil from Thai Gulf after years of delays

233 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម