ប្រទេសកម្ពុជាបានធ្លាក់ទៅក្នុងបញ្ជីខ្មៅសហរដ្ឋអាមេរិកជាថ្មី។ នៅក្នុងរបាយការណ៍ស្តីពីការជួញដូរមនុស្សរបស់ខ្លួន ទីក្រុងវ៉ាស៊ីនតោនបានទម្លាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាមកកម្រិត៣ ជាកម្រិតទាបបំផុតនៅក្នុងចំណោមកម្រិតទាំងបី ដោយលើកឡើងពីអំពើពុករលួយជាប្រព័ន្ធនិងការគ្មានឆន្ទៈក្នុងការបង្ក្រាបក្រុមជួញដូរមនុស្ស។
របាយការណ៍នេះបានសរសេរថា៖ «រដ្ឋាភិបាលកម្ពុជាមិនបានឆ្លើយតបពេញលេញទៅតាមបទដ្ឋានអប្បបរមា ដើម្បីលុបបំបាត់ការជួញដូរមនុស្សទេ ហើយក៏មិនបានខិតខំប្រឹងប្រែងគួរឲ្យកត់សម្គាល់ក្នុងការធ្វើដូច្នេះដែរ»។
ប្រទេសកម្ពុជារួមជាមួយប្រទេសចិន វៀតណាម ម៉ាឡេស៊ី ភូមា កូរ៉េខាងជើង ស៊ីរី អាហ្គានីស្ថាន សូដង់ខាងត្បូងនិងប្រទេស១៤ផ្សេងទៀតស្ថិតនៅក្នុងចំណាត់ថ្នាក់ទាបបំផុត។
កាលពីខែវិច្ឆិកា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើមន្ត្រីយោធាពីររូបជុំវិញការចោទប្រកាន់ពាក់ព័ន្ធអំពើពុករលួយនៅមូលដ្ឋានទ័ពជើងទឹករាម។ កាលពីឆ្នាំ២០១៨ ទីក្រុងវ៉ាស៊ីនតោនបានដាក់មេបញ្ជាការម្នាក់នៅក្នុងកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងបញ្ជីខ្មៅ ដោយចោទប្រកាន់មេបញ្ជាការរូបនេះថាបានរំលោភសិទ្ធិមនុស្ស។
ការទម្លាក់ចំណាត់ថ្នាក់នេះធ្វើឡើងស្របពេលនៃការចេញផ្សាយភាពយន្តឯកសារដ៏គួរឲ្យរន្ធត់រយៈពេល៤០នាទី របស់បណ្តាញព័ត៌មានអាល់ចាហ្ស៊ីរ៉ា (Al Jazeera) ដែលបង្ហាញរូបភាពបុគ្គលិកបរទេសត្រូវបានគេបង្ខាំងផ្ទុយពីឆន្ទៈរបស់ពួកគេនិងរងការវាយដំដោយសារព្យាយាមរត់គេច។
ចាប់តាំងពីឆ្នាំ២០២០មក សេចក្តីរាយការណ៍របស់បណ្តាញព័ត៌មាននិងរបាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាលបានពណ៌នាលម្អិតដ៏គួរឲ្យរន្ធត់គឺថា ជនរងគ្រោះត្រូវបានគេអូសទាញតាមរយៈការឃោសនាតាមប្រព័ន្ធអ៊ីនធើណិតដោយសន្យាផ្តល់ប្រាក់ខែខ្ពស់និងការងារងាយៗ។
ប៉ុន្តែនៅពេលពួកគេមកដល់ លិខិតឆ្លងដែនរបស់ពួកគេត្រូវបានដកហូត ហើយពួកគេត្រូវបានបង្ខំឲ្យធ្វើសកម្មភាពឆបោកតាមប្រព័ន្ធអ៊ីនធើណីត ដែលជារឿយៗពាក់ព័ន្ធនឹងលុយគ្រីបតូ (រូបិយបណ្ណឌីជីថល) ទំនាក់ទំនងស្នេហា ឬការប្រើល្បិចជម្រិតយកប្រាក់។ អ្នកដែលខកខានមិនបានធ្វើតាមត្រូវបានគេវាយដំឬលក់ទៅឲ្យក្រុមអ្នកលេងផ្សេងទៀត។
អង្គការចាត់តាំងដែលគ្រប់គ្រងដោយក្រុមឧក្រិដ្ឋជនចិនដែលដំបូងឡើងបានលេចមុខនៅខេត្តព្រះសីហនុ។ វត្តមានរបស់ពួកគេបានរីករាលដាលមកទីក្រុងភ្នំពេញ ក្រុងបាវិត ក្រុងប៉ោយប៉ែតនិងក្រុងដទៃទៀត។ ពួកគេជារឿយៗធ្វើការចេញពីអគារដែលកាន់កាប់ឬមានទំនាក់ទំនងជាមួយនឹងមន្ត្រីរដ្ឋាភិបាលនិងអ្នកជំនួញធំៗ។
ការសិក្សាមួយរបស់អង្គការគំនិតផ្តួចផ្តើមសកលប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនបានចេញផ្សាយកាលពីឆ្នាំមុនបានបង្ហាញថា គម្រោងវិនិយោគនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ចិននៅក្នុងប្រទេសកម្ពុជាបានបង្កហានីភ័យនៃពាណិជ្ជកម្មខុសច្បាប់នៅខេត្តព្រះសីហនុ។
អង្គការសង់ត្រាល់ជាអង្គការការពារសិទ្ធិមនុស្សនិងសិទ្ធិការងារបានកត់ត្រាករណីជួញដូរមនុស្ស៣២ករណីនៅក្នុងឆ្នាំ២០២២ ដែលពាក់ព័ន្ធនឹងពលករក្នុងស្រុកនិងបរទេសរាប់រយនាក់។
របាយការណ៍ដដែលបានលើកឡើងថា ទីតាំង«ទាសករ» ចិនទទួលបានការចាប់អារម្មណ៍បំផុត។ ទោះបីជាយ៉ាងណា រៀងរាល់ឆ្នាំ ប្រជាជនកម្ពុជារាប់ពាន់នាក់ត្រូវបានគេជួញដូរ ដើម្បីធ្វើការងារនៅតាមសិប្បកម្មឡឥដ្ឋនិងតាមឧស្សាហកម្មកម្សាន្ត នៅក្នុងប្រទេស។
ផ្អែកតាមរបាយការណ៍នេះ រដ្ឋាភិបាលកម្ពុជាបរាជ័យក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះដោយសារការជួញដូរនៅក្នុងចំណោមប្រជាពលរដ្ឋរងគ្រោះ ហើយមិនបានផ្តល់សេវាការពារគ្រប់គ្រាន់ដល់ជនរងគ្រោះទេ។ ផ្ទុយទៅវិញ រដ្ឋាភិបាលពឹងផ្អែកខ្លាំងលើម្ចាស់ជំនួយបរទេសនិងអង្គការក្រៅរដ្ឋាភិបាលក្នុងការផ្តល់ការគាំទ្រដែលគេត្រូវការចាំបាច់បំផុតនោះ។
របាយការណ៍នេះបានលើកឡើងថា៖ «អាជ្ញាធរមិនបានស៊ើបអង្កេតឬដាក់ឲ្យទទួលខុសត្រូវព្រហ្មទណ្ឌចំពោះមន្ត្រីណាម្នាក់ដែលពាក់ព័ន្ធច្រើននៅក្នុងរបាយការណ៍ការដ៏គួរឲ្យជឿទុកចិត្តស្តីពីការចូលដៃរបស់ពួកគេទេ។ ជាពិសេសជាមួយម្ចាស់អាជីវកម្មដែលមិនស្មោះត្រង់ដែលបានបង្ខំបុរស ស្ត្រី និងកុមាររាប់ពាន់នាក់នៅទូទាំងប្រទេសធ្លាក់ទៅក្នុងការជួញដូរមនុស្សនៅតាមឧស្សាហកម្មកម្សាន្ត សិប្បកម្មឡឥដ្ឋនិងប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៊ីនធើណិត»។
លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានមានប្រសាសន៍ថា របាយការណ៍របស់សហរដ្ឋអាមេរិកមិនបាននិយាយអំពីរឿងទាំងមូលទេ។
លោកស្រីបានមានប្រសាសន៍ថា៖ «យើងមិនសប្បាយចិត្ត [នឹងរបាយការណ៍នេះទេ]យើងបានខិតខំប្រឹងប្រែងហើយអ្នកណាក៏ទទួលស្គាល់ដែររហូតដល់អន្តរជាតិទទួលស្គាល់ថាគ្មានការជួញដូរមនុស្សមកកម្ពុជាទេ»។
លោកស្រីបាននិយាយសម្រាលអំពីរបាយការណ៍ដែលថា មានពលករបរទេសជាប់នៅក្នុងចំណងនៃបំណុលដោយលោកស្រីហៅបញ្ហានេះថាជាជម្លោះការងារ។
លោកស្រីបានមានប្រសាសន៍ថា៖ «ករណីពាក់ព័ន្ធនឹងករណីបង្ក្រាបជនបរទេសនៅកម្ពុជាវាចូលទៅនឹងបទល្មើសផ្សេង ដូច្នេះវាមិនចូលក្នុងរបាយការណ៍នៃការជួញដូរទេ ហើយយើងកំពុងពិភាក្សាថាតើរឿងហ្នឹងវាពាក់ព័ន្ធស្អីខ្លះដល់ការជួញដូរ។ យើងកំពុងរៀបចំឲ្យមានកិច្ចប្រជុំជាមួយជំនាញ ជាមួយខេត្តដើម្បីឲ្យបានព័ត៌មានពេញលេញ» ។
លោកស្រីបានបន្តថា បណ្តាញព័ត៌មានបរទេសចង់ធ្វើឲ្យកម្ពុជាមើលទៅអាក្រក់។
លោកស្រីមានប្រសាសន៍ថា៖ «ខ្ញុំជឿងថារឿងខ្លះវាអាចពិត ប៉ុន្តែខ្លះវាអាចជាសេនារយោ វាហាក់ដូចជារៀបចំជើងព្រួលត្រូវគ្នាម្ល៉េះ» ដោយលោកស្រីយោងទៅលើវីដេអូដែលបង្ហាញពីការវាយដំមកលើកម្មករ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានមានប្រសាសន៍ថា អាជ្ញាធរខេត្តព្រះសីហនុបានសម្រេចជោគជ័យក្នុងការខិតខំប្រឹងប្រែងទប់ស្កាត់ការជួញដូរមនុស្សយ៉ាងច្រើនក្នុងប៉ុន្មានខែថ្មីៗនេះ ប៉ុន្តែសមិទ្ធផលទាំងនោះមិនត្រូវបានរាប់បញ្ចូលនៅក្នុងរបាយការណ៍របស់សហរដ្ឋអាមេរិកទេ។
លោកបានហៅភាពយន្តឯកសាររបស់បណ្តាញព័ត៌មានអាល់ចាហ្ស៊ីរ៉ាថា ជាការផ្សាយព័ត៌មានមិនពិត ដែលធ្វើឡើងក្នុងបំណងបង្ខូចកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា។
លោកមានប្រសាសន៍ថា៖ «យើងខ្ញុំមិនជឿនិងមិនអាចទទួលយកបានទេចំពោះវីដេអូអំពីការវាយដំនៅក្នុងខេត្តព្រះសីហនុនេះ។ សព្វថ្ងៃយើងកំពុងខិតខំប្រឹងប្រែងធ្វើការងាររៀងរាល់ថ្ងៃ ដើម្បីទប់ស្កាត់និងបង្ក្រាបបទឧក្រិដ្ឋ។ ប្រសិនបើរឿងនេះពិតជាកើតឡើងមែន យើងសុំឲ្យជនរងគ្រោះចេញមកប្តឹងសមត្ថកិច្ចបាន»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ ជាអង្គការសិទ្ធិមនុស្សក្នុងស្រុកបានមានប្រសាសន៍ថា ការទម្លាក់ចំណាត់ថ្នាក់មកកម្រិត៣ដោយទីក្រុងវ៉ាស៊ីនតោនគឺជាសញ្ញាដ៏គួរឲ្យបារម្ភថា ស្ថានភាពជួញដូរមនុស្សនៅកម្ពុជាកាន់តែអាក្រក់ទៅៗ។
លោកមានប្រសាសន៍ថា៖ «ការជួញដូរមនុស្សគឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ យើងបារម្ភថា ប្រទេសកម្ពុជានឹងត្រូវចាត់ចូលក្នុងបញ្ជីជាគោលដៅទីផ្សារងងឹតសម្រាប់ការជួញដូរមនុស្ស។ ប្រសិនបើយើងមានក្នុងរបាយការណ៍រំលោភសិទ្ធិមនុស្សច្រើន វាអាចគំរាមកំហែងដល់ការអនុគ្រោះពាណិជ្ជកម្មជាមួយអឺរ៉ុបនិងសហរដ្ឋអាមេរិកនិងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់យើង» ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia falls to bottom rank on U.S. human-trafficking index