សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កម្ពុជាបញ្ជូនលិខិតផ្លូវការរឿងព្រំដែន​ទៅ​កាន់ICJ ស្របពេល​មានកិច្ចប្រជុំជាមួយភាគីថៃ​

នគរបាលកម្ពុជាបិទទ្វារព្រំដែននៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតបន្ទាប់ពីទាហានថៃកែប្រែពេលវេលាបិទច្រកព្រំដែននៅម៉ោង៤ល្ងាច។ (ខេមបូចា/ព្រីង សំរាំង)
នគរបាលកម្ពុជាបិទទ្វារព្រំដែននៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតបន្ទាប់ពីទាហានថៃកែប្រែពេលវេលាបិទច្រកព្រំដែននៅម៉ោង៤ល្ងាច។ (ខេមបូចា/ព្រីង សំរាំង)

កម្ពុជាបានដាក់លិខិត​ផ្លូវ​ការ​ទៅ​កាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយ​នៅ​ថ្ងៃនេះ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ជម្លោះព្រំដែន​ជាមួយ​ភាគីថៃ​​នៅ​តំបន់​ប្រសាទបុរាណមួយ​ចំនួន​ និង​តំបន់មុំបី ទោះបើ​ប្រទេស​ទាំងពីរ​កំពុង​បន្ត​ជជែក​គ្នា​តាម​រយៈ​គណៈកម្មការព្រំដែនចម្រុះ​នៅ​ភ្នំពេញ​ក៏​ដោយ​។​

ការបញ្ជូនលិខិតផ្លូវការទៅ​តុលាការយុត្តិធម៌អន្តរជាតិ​រួម​បញ្ចូល​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និង​តំបន់​មុំ​បី​។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ាណែត សរសេរ​លើទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ថា៖ «កម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំឲ្យកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា»។

ការ​ដាក់​ពាក្យ​បណ្ដឹង​នេះ​កើត​ឡើង​ចំពេល​ដែល​ គណៈកម្មការព្រំដែនចម្រុះ​​ (JBC) កម្ពុជាថៃ​កំពុង​ជួបប្រជុំ​នៅ​ទី​ក្រុងភ្នំពេញ​នៅ​ចុងសប្ដាហ៍​នេះ ក្រោយពី​មាន​ការ​ប៉ះទង្គិច​នៅ​ព្រំដែន​ដែល​បណ្ដាល​ឲ្យ​ទាហានកម្ពុជាម្នាក់ពលី ហើយ​ស្ថានភាព​នៅ​តាម​ព្រំដែន​នៅ​តែមាន​សភាព​តានតឹង​។​

យ៉ាងណា លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត បាន​បញ្ជាក់ថា​តំបន់​ជម្លោះ​មិន​បាន​ដាក់​ចូល​ក្នុង​របៀបវារៈកិច្ច​ពិភាក្សា​នៃ​កិច្ច​ប្រជុំ​គណៈកម្មការព្រំដែនចម្រុះ​ទេ ដោយថា​បញ្ហា​ទាំង​នោះ​បាន​ដាក់​ទៅ​កាន់​តុលាការ​យុត្តិធម៌អន្តរជាតិ​ហើយ​។​ លោក​សង្កត់​ធ្ងន់ថា​ គណៈកម្មការព្រំដែនចម្រុះ​​ក៏នឹងមិនពិភាក្សាបញ្ហាតានតឹងនៃការបិទបើកច្រកព្រំដែន ពីព្រោះភាគីថៃបិទដោយឯកតោភាគី ។

ការ​បញ្ជូនលិខិតផ្លូវការ​ទៅ​កាន់​តុលាការ​យុត្តិធម៌អន្តរជាតិ​នេះ​កើត​មាន​ចំពេល​ដែល​ស្ថានភាព​នៅ​ព្រំដែន​មាន​ភាព​តានតឹង​ ក្រោយ​ពី​មានការប៉ះទង្គិចគ្នា​នៅ​ជិត​តំបន់​ជម្លោះ និង​បាន​បណ្ដាល​ឲ្យ​ទាហាន​កម្ពុជាម្នាក់ពលី​។ ​ទោះបី​ប្រទេស​ទាំងពីរ​បាន​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​តាម​ផ្លូវការទូត ក៏​ប្រទេស​ថៃ​បាន​កាត់បន្ថយ​ម៉ោង​ចេញ​ចូល​តាម​ច្រក​ព្រំដែន​មួយ​ចំនួន​ដែរ​កាលពី​ថ្ងៃសៅរ៍​សប្តាហ៍មុន​។​

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ ការ​ដាក់​លិខិត​ទៅ​តុលាការយុត្តិធម៌អន្តរជាតិនេះ​ធ្វើ​ឡើង​ចំ​ខួប​៦៣​ឆ្នាំ​ដែល​កម្ពុជាបាន​ឈ្នះ​ក្ដី​សំណុំ​រឿង​ប្រាសាទព្រះ​វិហារ និង​តំបន់ជុំ​វិញ​ប្រាសាទព្រះ​វិហារជាមួយ​ថៃ​កាលពី​ឆ្នាំ​១៩៦២​។ លោក​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើងថា​កម្ពុជា​ជ្រើស​រើស​យកវិធី​នេះ គឺ​បង្ហាញ​ថា​កម្ពុជាតាំងចិត្ត​ស្វែងរក​​ការ​ដោះស្រាយ​ជម្លោះដោយ​សន្ដិវិធី និង​ផ្អែក​ទៅ​តាម​ច្បាប់អន្តរជាតិ​។​

លោក​បន្ថែម​ថា៖ «សូមបងប្អូនជនរួមជាតិទាំងអស់ ផ្ដល់ការទុកចិត្តមកលើរាជរដ្ឋាភិបាល ក្នុងការខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះប្រកបដោយឆន្ទៈនិងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជនកម្ពុជា»។

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia Files Border Case with ICJ Amid JBC Meeting in Phnom Penh

ព័ត៌មានថ្មី

អត្ថបទពេញនិយម