សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្ពុជាប្ដេជ្ញាហាមឃាត់ការប្រើប្រាស់សារធាតុអាសបេស្ដុសត្រឹមឆ្នាំ២០២៥

កម្មករសំណង់ម្នាក់កំពុងធ្វើការក្នុងការដ្ឋានមួយកន្លែងក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)
កម្មករសំណង់ម្នាក់កំពុងធ្វើការក្នុងការដ្ឋានមួយកន្លែងក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

ក្រ​សួង​ការ​ងារ និង​ដៃគូពាក់​ព័ន្ធ​នឹង​អនុវត្តវិធានការ​ហាម​ឃាត់​ការ​ប្រើ​ប្រាស់​សារធាតុអាសបេស្ដុស​ចាប់ពី​ឆ្នាំ​២០២៥ តទៅ ដោយផែន​ការ​នេះ​ស្ថិត​ក្នុង​ផែនការ​មេលើកទី​បី​នៃ​គម្រោង​សុខភាព និង​សុវត្ថិភាព​ការងារ​ (២០២៣-២០២៧)។ រដ្ឋាភិបាល​បាន​ប្រកាស​ការ​ប្ដេជ្ញាចិត្ត​នេះ​កាល​ពី​ខែឧសភា ឆ្នាំ​មុន​។​

អាសបេស្តុស ជា​​រ៉ែ​ស៊ីលីកាត ​​ដែល​ត្រូវ​បានយកពីក្រោមដី​​ ដូច​រ៉ែ​ផ្សេងទៀត​ដែរ។​ សារធាតុអាសបេស្តុសត្រូវ​បាន​ប្រើប្រាស់​យ៉ាងទូលំទូលាយ​អស់​រយៈពេលរាប់ពាន់ឆ្នាំ​​មកហើយ ដោយសារ​តែ​សារធាតុនេះ​ធន់នឹង​កម្តៅ  និងជាសារធាតុគីមី ​ ព្រម​ទាំង​ជួយ​ឲ្យ​សម្ភារៈសំណង់​មាន​ភាព​រឹង​មាំ​ផង​ដែរ​។ ហេតុ​នេះ​ហើយ​ទើប​អាសបេស្ដុស​ជា​សមាសធាតុ​មួយ​ដែល​ពេញ​និយម​ក្នុង​វិស័យ​សំណង់​។​

យ៉ាងណា អាសបេស្ដុស​ត្រូវ​បាន​គេ​រក​ឃើញ​ថា​អាច​បង្ក​ជា​ជំងឺ​មហារីក​ច្រើន​ប្រភេទ និង​ជំងឺ​ផ្លូវ​ដង្ហើម​ផ្សេងៗ​ទៀត ចំពោះ​អ្នក​ដែល​បាន​ប៉ះពាល់​សារធាតុ​នេះ​។​ តួលេខ​របស់​ Global Burden of Disease បង្ហាញ​ថា​នៅ​កម្ពុជ​មាន​អ្នក​ស្លាប់​ដោយសារជំងឺ​ពាក់​ព័ន្ធ​នឹង​អាសបេស្ដុស​ប្រហែល​​១៧០​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ។​

រដ្ឋលេខាធិការ​ក្រសួង​ការងារ លោក ហ៊ុយ ហានសុង មាន​ប្រសាសន៍​ថា​ភាគី​ពាក់​ព័ន្ធ​ត្រូវ​ធ្វើ​ការ​ជាមួយ​គ្នា ដើម្បី​ធានា​ថា​ការ​អនុវត្ត​វិធានការ​ហាមឃាត់​នេះ​អាច​ធ្វើ​ទៅ​បាន​នៅ​គ្រប់​ដំណាក់​កាល​។ លោក​ថា វាមិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ដោយថា​ការ​អនុវត្ត​ការ​ហាម​ឃាត់​នេះ​ត្រូវ​តែ​មាន​ច្បាប់​ចែង ហើយ​នៅ​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​ទាក់​ទង​នឹង​ដំណាក់​កាល​នីមួយៗ​នេះ​នៅ​ឡើយ។ លោក​ថា​នេះជា​រឿង​ពិបាក​មួយ​​។​

លោក​បន្ថែម​ទៀត​ថា៖ «បើ​សិន​ជាយើង [ដាក់​ផែនការហាមឃាត់] អីចឹង​យើងធ្វើ​វាទៅ មិន​មាន​អ្វី​ខុស​ទេ វា​[អាសបេស្ដុស]​ជា​សត្រូវ ហើយ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​អាយុជីវិត​មនុស្ស»។​

ថ្លែង​ក្នុង​សិក្ខាសាលាថ្នាក់​ជាតិ​ស្ដី​ពី​ការ​ហាម​ឃាត់​សារធាតុ​អាសបេស្ដុស លោក ហានសុង នៅ​តែ​អះអាង​​ពី​គ្រោះ​ថ្នាក់​របស់​អាសបេស្ដុស​មក​លើ​សុខ​ភាព​។​

ក្រោម​ការ​ជួយ​ជ្រោម​ជ្រែង​ពី​រដ្ឋាភិបាល​របស់​ប្រទេស​អូស្រ្តាលី និង​ដៃគូពាក់​ព័ន្ធ ក្រ​សួង​ការងារ​បាន​បង្កើត​ផែនការ​មេ​លើក​ទីបី​សម្រាប់​សុវត្ថិភាព និង​សុខ​ភាព​ការងារ​របស់​កម្មករ​។​

លោក ហានសុង មាន​ប្រសាសន៍ទៀត​ថា៖ «យើង​កំពុង​ភ្ញាក់​ខ្លួន​ហើយ និង​បាន​យក​ចិត្ត​ទុក​ដាក់​ពី​គ្រោះថ្នាក់​របស់​អាសបេស្ដុស ដែល​មិន​អាច​បរិយាយ​បាន។ ពេល​យើង​ធ្លាក់​ខ្លួន​ឈឺ​ដោយសារអាសបេស្ដុស វា [ជំងឺ] មិន​អាច​ត្រឡប់​ទៅដូច​ដើម​ទេ ដោយសារ​មិន​អាចព្យាបាល​បាន ហើយ​ជនរងគ្រោះ​នឹង​ស្លាប់​ដោយអាណោចអាធ័ម​បំផុត»។​

លោក​បាន​បញ្ជាក់​ដែរ​ថា​យ៉ាង​ហោចណាស់​សារធាតុអាសបេស្ដុស​៤០០​តោន​ត្រូវ​បាន​នាំ​ចូល បើ​ទោះបីជា​សម្ភារៈផ្សេង​ទៀត​ដែល​មាន​ផ្ទុក​អាសបេស្ដុស​កំពុង​មាន​វត្ត​មាន​នៅ​លើ​ទីផ្សារ។​

បច្ចុប្បន្ន​ ប្រទេស​​ច្រើន​ជាង​៦៧​ បាន​ហាម​ឃាត់​ការ​ប្រើ​ប្រាស់​អាសបេស្ដុស។ ចំណែក​កម្ពុជា​វិញ​មិន​ទាន់​ផ្ដល់​សច្ចាប័ន​លើ​អនុញ្ញា​លេខ​១៦២ ស្ដីពី​អាសបេស្ដុស​ និង​អនុសាសន៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​ឆ្នាំ​២០០៦ ស្ដីពី​ការ​ហាមឃាត់ប្រើប្រាស់​​សារធាតុ​អាសបេស្ដុស​នេះ​នៅ​ឡើយ​។​

លោក ឡេង តុង ប្រធាន​នាយក​ដ្ឋានសុខភាព និង​សុវត្ថិភាព​ការងារ របស់​ក្រ​សួង​ការងារ​បាន​សង្កត់​ធ្ងន់​ថាការ​ប៉ះពាល់​ទៅ​នឹង​សារធាតុអាសបេស្ដុស​អាច​នាំឲ្យ​កើត​ជំងឺ​មហារីក​នៅ​ថ្ងៃខាង​មុខ។ ដូច​នេះ រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់​ព័ន្ធ​គួរ​តែ​ចាត់វិធានការ​តឹង​រឹង និង​ហាម​ឃាត់​ការនាំ​ចូល​។​

លោក​បន្ថែម​ថា៖ «វិស័យ​សំណង់​អាច​ឈប់​នាំ​ចូល​អាសបេស្ដុស។ យើង​ក៏​ត្រូវ​គិត​ផង​ដែរ​ថា​ត្រូវ​ដោះ​ស្រាយ​នឹង​អាសបេស្ដុសដែល​កំពុងប​មាន​នៅ​ក្នុង​ប្រទេស​បែបណា។ យ៉ាងណា ជំហាន​ដែល​ត្រូវ​ធ្វើ​មុន​គេគឺ​ហាម​ឃាត់​ការ​នាំ​ចូល​ជា​មុន​សិន»។​

លោក​ឲ្យ​ដឹង​ទៀតថា៖ «​កម្ពុជា​មិន​មែន​ជា​ប្រទេស​ផលិត​អាសបេស្ដុសទេ។ កម្ពុជា​បា​ន​នាំ​ចូល​អាសបេស្ដុស​២៨៨​តោន​ពី​ប្រទេស​ចិន​ក្នុង​ឆ្នាំ​២០២១ ហើយ​ក៏​បាន​នាំ​ចូលហ្វីប្រូស៊ីម៉ងត៍ ​៥ ១២៤​តោន​ពី​ថៃ រុស្ស៊ី វៀតណាម និង​ចិន​។ រុស្ស៊ី​ជា​ប្រទេស​​ផលិត​អាសបេស្ដុស​ច្រើន​ជាង​គេបំផុត​មួយ​ដែរ​»។​​

តាំងពី​ឆ្នាំ​២០១៤ អង្គការ APHEDA Cambodia (APHEDA) បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ចំនួន​បី​ជាមួយ​ក្រ​សួង​ការងារ​ដើម្បី​អនុវត្ត​ផែនការ​សកម្ម​ភាព​លើ​គម្រោង​រារាំង​ការ​ប្រើ​ប្រាស់​អាសបេស្ដុស​នៅ​កម្ពុជា ដោយ​អប់រំ​ដល់​វិស័យ​សំណង់ និង​សហជីព​ឲ្យ​បាន​យល់ពី​គ្រោះ​ថ្នាក់​របស់​សារធាតុ​មួយ​នេះ​។​

បើ​តាម​អង្គការ​CARE អន្តរជាតិ​ប្រចាំ​កម្ពុជា បានប៉ាន់ប្រមាណថា​ក្នុង​វិស័យ​សំណង់មាន​កម្មករ​ប្រហែល​ពី​១៧៥ ០០០ ទៅ​២០០ ០០០​នាក់ ហើយ​ភាគច្រើន​នៃ​អ្នក​ទាំងនោះ​ជាកម្មករ​គ្មាន​ជំនាញ និង​កម្មករ​ក្រៅប្រព័ន្ធ​។​​

លោក យ៉ាន់ ធី អគ្គលេខាធិការ​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃ​ឈើ​កម្ពុជា ស្វាគមន៍​ចំពោះ​ផែនការ​មេលើកទី​បី ក្នុង​ការ​បញ្ចប់​ការ​ប្រើ​ប្រាស់​អាសបេស្ដុស​ក្នុង​ឆ្នាំ​២០២៥​។ លោក​ថា៖ «​ជា​អ្វីដែល​យើង និង​កម្មករ​ចង់​បាន​ពី​រដ្ឋាភិបាល»។​

លោក​ថា​ដើម្បី​បញ្ចប់​ការ​ប្រើ​ប្រាស់​អាសបេស្ដុស កម្ពុជា​គួរ​តែ​បង្កើត​ច្បាប់​ថ្មី ឬ​បទបញ្ញត្តិ​ហាមឃាត់​លើ​ការ​នាំ​ចូល ​បើ​គ្មានច្បាប់ទាំង​នេះទេ វា​នឹង​ពិបាក​ក្នុង​ការអនុវត្ត​។​

លោក ធី បន្ថែម​ថា៖ «​យើង​ត្រូវ​ការ​ប្រកាស ឬ​ច្បាប់​ ដែល​ចែង​ច្បាស់ពី​បញ្ហា​នេះ ដើម្បី​បញ្ជាក់​ថា​យើង​អាច​ការពារ​វា​បាន​។ ជាក់ស្ដែង អាសបេស្ដុស គឺ​មាន​គ្រប់​កន្លែង​ក្នុង​វិស័យ​សំណង់ ដូច​នេះ​បើ​សិន​ជា​ក្នុង​ឆ្នាំ​២០២៥ យើង​អាច​បញ្ឈប់​ការ​នាំ​ចូល​អាសបេស្ដុស​បាន គឺ​ជា​[ការ​ចាប់​ផ្ដើម​ដ៏]ល្អ​មួយ»។​

យ៉ាងណា លោក​ក៏​មាន​ក្ដី​បារម្ភ​ថា​កង្វះ​ការ​យល់​ដឹង​ពី​ផល​ប៉ះពាល់​របស់​អាសបេស្ដុស​លើ​កម្មករ និង​សាធារណជន​ទូទៅ គឺ​ជា​គ្រោះ​ថ្នាក់​មួយ​។ លោក​ថា៖ «​គ្មាន​នរណា​ម្នាក់​អាច​គេច​ផុត​ពី​គ្រោះ​ថ្នាក់​របស់​អាសបេស្ដុស​ទេ ព្រោះ​វាមាន​នៅ​គ្រប់​ទីកន្លែង​»។​

ផែនការ​មេលើកទី​បី​ ឆ្នាំ​២០២៣-២០២៧ មាន​យុទ្ធសាស្រ្ត​ចំនួន​ប្រាំ​មួយ​។ យុទ្ធសាស្រ្ត​ទី​មួយ​គឺ​ពិនិត្យ​លើ​វឌ្ឍនភាព និង​ការ​កែ​សម្រួល​ច្បាប់​ស្ដីពី​សុ​វត្ថិ​ភាព​ការងារ ដែលស្រប​ទៅ​នឹង​គោល​ការ​សុវត្ថិ​ភាព​របស់​អង្គការ​អន្តរជាតិខាង​ការងារ​។​

​ផែន​ការ​មេ​នេះ​មាន​គោល​បំណង​ហាម​ឃាត់​រាល់​ប្រភេទអាសបេស្ដុស រួម​ទាំង​សម្ភារៈមាន​ផ្ទុក អាសបេស្ដុស ជំរុញ​ការ​ប្រើ​ប្រាស់​សម្ភារៈផ្សេង​ជំនួស បង្កើត​បទ​ដ្ឋាន​ច្បាប់​គ្រប់​គ្រង​លើនី​តិវិធី​សុវត្ថិ​ភាពនៃការ​លុប​បំបាត់​សារធាតុអាសបេស្ដុស ធានាការ​តាមដាន​សុខភាព​កម្មករ​ដែល​ប្រឈម​ខ្ពស់ និង​បន្ថែម​ការ​ស្លាប់​ដោយពាក់ព័ន្ធ​នឹង​សារធាតុអាសបេស្ដុស​ក្នុង​បញ្ជី​ជំងឺ​វិជ្ជាជីវៈ​។​

កម្មករប្រមូលកាកសំណល់សំណង់នៅការដ្ឋានមួយក្នុងរាជធានីភ្នំពេញ​​ កាលពីថ្ងៃទី៣​ ខែវិច្ឆិកា​ ឆ្នាំ២០២៣។​ (ខេមបូចា/ព្រីង​ សំរាំង)

អាសបេស្ដុស​បាន​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ប្រមាណ​២៥៥ ០០០​នាក់​ក្នុង​មួយ​ឆ្នាំ​នៅ​ទូទាំង​ពិភព​លោក។ ជំងឺ​អាច​កើត​មាន​ឡើង​នៅ​ប៉ុន្មាន​ឆ្នាំ​ក្រោយប៉ះពាល់​អាសបេស្ដុស ដែល​ជំងឺ​ទាំង​នោះ​មាន​ដូច​ជាមហារីក មហារីក​សួត បំពង់ក ក្រពេញអូវែ ក៏​ដូច​ជា​ជំងឺ​ទាក់ទង​នឹង​អាសបេស្ដុស​ផ្សេង​ទៀត។ ក្រៅ​ពី​នេះ​ក៏​អាច​បង្ក​ជា​ជំងឺ​ជាលិកា​ស្រោម​សួត ដូច​ជា​ជាលិកាសួតឡើងរឹង  ឬក្រាស និង​ទឹក​ដក់​ស្រោម​សួត​ជា​ដើម​។​

ទិន្ន័យ​របស់​អង្គការ​សុខ​ភាព​ពិភព​លោក​ បាន​កត់​ត្រា​ថា​ក្នុង​ឆ្នាំ​២០២០ ជំងឺ​មហារីក​សួត​នៅ​កម្ពុជា​មាន​ចំនួន​១ ៨៩៧ករណី និង​មាន​អ្នក​ស្លាប់​ចំនួន​១ ៦៥៤​នាក់​។​ របាយការណ៍​ក៏​បាន​បង្ហាញ​ពី​ការសិក្សា​ជា​ច្រើន​បាន​ធ្វើ​លើ​ការ​នាំ​ចូល​អាសបេស្ដុស ការ​ប្រើ​ប្រាស់ និង​ផល​ប៉ះពាល់​សុខភាព បើ​ទោះ​បី​មិន​ពាក់​ព័ន្ធ​នឹងការ​ស្លាប់​ដោយជំងឺ​​ជាប់​ពាក់ព័ន្ធ​នឹង​អាសបេស្ដុស រួម​ទាំង​ជំងឺ​មហារីក​ផង​ដែរ​។​

លោក រ៉េត ជា​កម្មករ​សំណង់​ម្នាក់​ក្នុងទី​ក្រុង​ភ្នំពេញ បាននិយាយ​ថា​លោក​មិន​បាន​ដឹង​ថា​សម្ភារៈ​សំណង់​មាន​ផ្ទុក​សារធាតុអាសបេស្ដុស​នោះទេ ប៉ុន្តែ​លោក​គាំទ្រ​ការ​សម្រេច​របស់​រដ្ឋាភិបាល​ក្នុង​ការ​ហាម​ឃាត់​ប្រើ​ប្រាស់អាសបេស្ដុស​នៅ​ឆ្នាំ​២០២៥​។

លោក​ថា៖ «​ខ្ញុំ​មិន​ដឹង​ថា​សម្ភារៈ​សំណង់​មាន​ផ្ទុក​អាសបេស្ដុស​ទេ។ ពេល​ខ្លះ​ដៃ​របស់​ខ្ញុំ​ឡើង​រមាស់ ប៉ុន្តែក្រោយ​មក​ក៏​បាត់​ទៅ​វិញ​។ ខ្ញុំ​ពិត​ជា​គាំទ្រ​រដ្ឋាភិបាល​សម្រាប់​ការ​ធ្វើ​ដូច​នេះ។ វា​ល្អ​សម្រាប់​សាធារណជន​ទូទៅ និង​កម្មករ​»។​

លោកស្រី Justine Ross នាយក​គ្រប់​គ្រង​ភ្នាក់​ងារ​អប់រំ និង​សុវត្ថិភាព​អាសបេស្ដុស​អូស្រ្តាលី (ASEA)​បាន​ប្រាប់​ខេមបូចា​តាម​រយៈ​អ៊ីម៉ែល​ថា គ្រប់​ទម្រង់​ទាំង​អស់​របស់​អាសបេស្ដុស​បង្ក​ឲ្យ​កើត​មាន​ជំងឺ​មហារីក​។​

លោក​ស្រី​មាន​ប្រសាសន៍​ថាកម្ពុជា​គួរ​រៀន​សូត្រ​តាម​អូស្រ្តាលី ដោយ​មិន​ត្រូវ​ពន្យារ​ពេល​ចាត់វិធានការ​នោះទេ ពីព្រោះ​ថា​ការ​ពន្យារពេល​កាន់តែ​យូរ វា​នឹង​មាន​អ្នក​ជំងឺ និង​អ្នក​ស្លាប់​កាន់​តែ​ច្រើន​នៅ​ថ្ងៃ​មុខ​។ កម្ពុជា​អាច​យក​គម្រូ​លើ​ការ​ដាក់​បម្រាម និង​សេចក្ដី​ណែនាំ​ដែល​បាន​បង្កើត​រួច​ហើយ ក្នុង​ការការពារ​ការ​ប៉ះពាល់​អាសបេស្ដុស​តាម​បណ្ដា​ប្រទេស​នានា​។​

​លោក​ស្រី​បន្ថែម​ថា៖ «​យើង​កោត​សរសើរ​រដ្ឋាភិបាល​កម្ពុជាដែល​ចាប់​ផ្ដើម​ចាត់វិធានការ​ការ​ពារ​សុវត្ថិភាព​កម្មករ ជាពិសេស​មុន​ពេល​ដែល​មាន​ឧស្សាហកម្ម​សារធាតុ​គ្រោះ​ថ្នាក់​ទាំង​នោះ​ ដូច​ជា​ហ្វីប្រូស៊ីម៉ងត៍​មាន​នៅ​កម្ពុជា»។​​

លោក​ស្រី​អះអាង​ថា​ហានិភ័យ​វិធានការ​ច្បាប់​ពី​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​អាច​នឹង​មាន​សារសំខាន់​នៅ​ថ្ងៃ​អនាគត ពេល​ជន​រងគ្រោះ​ស្វែង​រក​ទាម​ទារ​សំណង​ដោយសារ​តែ​បញ្ហា​សុខ​ភាព​របស់​ពួក​គេ​។​ ផែន​ការ​មេ ដែល​រៀបចំ​ជា​ជំហាន​ៗនៃ​សកម្ម​ភាព​សំខាន់ៗ និង​ពេល​វេលា​ដែល​បាន​ដាក់ គឺ​ល្អ។​

ដោយសារតែ​បញ្ហា​ប្រឈម​ទាក់ទង​នឹង​អាសបេស្ដុស​គឺ​ជា​បញ្ហាចម្រុះ លោក​ស្រី​ថា៖ «ស្ថាប័ន​នានា​របស់​រដ្ឋាភិបាល​ត្រូវ​ធ្វើ​ការ​រួម​គ្នា​ដើម្បីធានា​ថា​នឹង​មាន​វិធានការ​សម្របសម្រួល​មួយ​ឈាន​ទៅ​ដល់​ការ​ដោះ​ស្រាយ​បញ្ហា​អាសបេស្ដុស​ទាំង​ក្នុង​បរិស្ថាន​ការងារ និងមិន​មែន​ការងារ»។​

ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី មាន​ប្រសាសន៍ថា​កម្មករ​សំណង់​ប្រឈមហានិភ័យ​ខ្ពស់ និង​អាច​មាន​ផលប៉ះពាល់​សុខ​ភាព​ធ្ងន់ធ្ងរ​នៅ​ថ្ងៃខាងមុខ​។ បញ្ហា​ទាំង​នោះ លោកថា​មាន​ដូច​ជា​បញ្ហា​ផ្លូវ​ដង្ហើម ជំងឺ​មហារីក​ស្បែក ជ្រុះសក់ និង​ជំងឺ​ភ្នែក​។​

លោក​បន្ត​ថា​កម្មករ​គួរ​មាន​វិធាការ​ការពារ​ និង​គោល​ការ​សុវត្ថិ​ភាព ពីព្រោះ​ថាអាច​មាន​ហេតុ​ការណ៍​កើត​ឡើង​លើ​កម្មករ​សំណង់​ពេល​កំពុង​ធ្វើ​ការ បើ​មិន​បាន​ការពារ​ត្រឹម​ត្រូវ​។ លោក​ថា​អ្វីទាំង​នោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព ហើយ​លោក​ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​សម្ភារៈគ្រោះ​ថ្នាក់​ទាំង​នេះ​ឲ្យ​បាន​ឆាប់​ ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia Has Committed to Ban Asbestos In 2025, No Move To Ban Imports Yet

157 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម