កម្ពុជានឹងប្រារព្ធពិព័រណ៍ទេសចរណ៍ម៉ូស្លីមកម្ពុជាឆ្នាំ២០២៦ នៅថ្ងៃទី១០ ខែកក្កដា នៅមជ្ឈមណ្ឌល OCIC ជ្រោយចង្វារ រាជធានីភ្នំពេញ។ យោងតាមហ្វេសប៊ុកផេករបស់ក្រសួងទេសចរណ៍។
ក្រសួងទេសចរណ៍ បានលើកឡើងថា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានអនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតតួកគីយ៉េ លោក Mesut Özcan ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី៨ ខែកក្កដា ហើយក្រសួងក៏បានឱ្យដឹងទៀតថា ពិព័រណ៍ទេសចរណ៍ម៉ូស្លីមកម្ពុជាឆ្នាំ២០២៦ នឹងប្រារព្ធឡើងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌល OCIC ជ្រោយចង្វាររ។
ក្រសួងទេសចរណ៍ បានលើកឡើងថា៖ «ឯកឧត្តមឯកអគ្គរដ្ឋទូត [តួកគីយ៉េ Mesut Özcan] ក៏នឹងអញ្ជើញចូលរួមក្នុងវេទិកា និងពិព័រណ៍ទេសចរណ៍ម៉ូស្លីមកម្ពុជាឆ្នាំ២០២៦ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌល OCIC ជ្រោយចង្វារ»។
លោក ហួត ហាក់ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនតួកគីយ៉េ ដែលបានបន្តគាំទ្រ និងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ព្រមទាំងបានស្នើស្ថានទូតតួកគីយ៉េ បន្តដើរតួនាទីជាស្ពានសម្របសម្រួលជាមួយក្រសួងវប្បធម៌ និងទេសចរណ៍តួកគីយ៉េ ដើម្បីពន្លឿនការអនុវត្តអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ តាមរយៈការរៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍កម្ពុជា-តួកគីយ៉េលើកទី១ នាពេលឆាប់ៗ។
លោករដ្ឋមន្ត្រីបានបន្តថា កម្ពុជាកំពុងបន្តជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាតាមរយៈការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់ប្រតិបត្តិករទេសចរណ៍ អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា និងការរៀបចំវេទិកាវិនិយោគទេសចរណ៍កម្ពុជា-តួកគីយ៉េ ដើម្បីជំរុញការវិនិយោគ និងការភ្ជាប់ធុរកិច្ចក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។
លោក ហួត ហាក់ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនតួកគី ដែលតែងតែគាំទ្រ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា «ជាពិសេសការតភ្ជាប់ជើងហោះហើរត្រង់រវាងទីក្រុងអ៊ីស្តង់ប៊ុល និងរាជធានីភ្នំពេញ ដោយក្រុមហ៊ុន Turkish Airlines ដែលពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងការតភ្ជាប់រវាងប្រទេសទាំងពីរ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ខណៈដែលឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិតេជោ បានក្លាយជាកត្តាជំរុញដ៏សំខាន់សម្រាប់ការពង្រីកការតភ្ជាប់ផ្លូវអាកាស និងលើកកម្ពស់វិស័យទេសចរណ៍ និងពាណិជ្ជកម្មរបស់កម្ពុជាទៅកាន់ពិភពលោក»។
លោក Mesut Özcan បានប្តេជ្ញាចិត្តក្នុងការបន្តធ្វើជាស្ពានសម្របសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគីយ៉េ ជាពិសេសលើវិស័យទេសចរណ៍ វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ព្រមទាំងគាំទ្រការអនុវត្តអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ការរៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍កម្ពុជា-តួកគីយ៉េលើកទី១ ការផ្លាស់ប្តូរដំណើរទស្សនកិច្ចសិក្សា (FAM Trip) និងការរៀបចំវេទិកាវិនិយោគទេសចរណ៍កម្ពុជា-តួកគីយ៉េ ដើម្បីរួមចំណែកជំរុញលំហូរភ្ញៀវទេសចរ និងការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែមានសន្ទុះ។
ក្រសួងទេសចរណ៍បានបញ្ជាក់ថា កម្ពុជា និងតួកគី មានទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៥៩ និងបានចុះអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍នៅឆ្នាំ២០១៨ ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រទេសទាំងពីរ ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានផលប្រយោជន៍ទៅវិញទៅមក៕










