កម្ពុជាបានប្រកាសបើកជាផ្លូវការ នូវការដ្ឋានស្ថាបនាព្រែកជីក ហ្វូណន តេជោ ដែលត្រូវចំណាយថវិកា ១ពាន់ ៧រយលានដុល្លារសហរដ្ឋអាមេរិក មុនកាលកំណត់ នៅទី៥ ខែសីហា ឆ្នាំ២០២៤ ។
ថ្លែងក្នុងពិធីសម្ពោធការដ្ឋាន នាភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ថា ពុំមានអាថ៌កំបាំងអ្វី នៅពីក្រោយគំនិតផ្ដួចផ្ដើមស្ថាបនាព្រែកជីក ហ្វូណន តេជោ នេះឡើយ ។ មិនតែប៉ុណ្ណោះ លោកថាគម្រោងនេះគឺជាការបន្តនូវទស្សនវិស័យរបស់បុព្វបុរសនៃសម័យអាណាចក្រភ្នំ ឬ ហ្វូនណន ក្នុងបំណងពង្រីកសក្ដានុពលសេដ្ឋកិច្ចទៀតផង ។
ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល ថ្លែងអះអាងមិនឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគម្រោងព្រែកជីក ហ្វូណន តេជោ ព្រួយបារម្ភនោះទេ គឺរដ្ឋាភិបាលនឹងគិតគូរទូទាត់សំណងជូនយ៉ាងសមរម្យ ។
ទោះបីយ៉ាងណា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងនេះ ដោយអ្នកខ្លះប៉ះចំផ្ទះ អ្នកខ្លះប៉ះចំដី អ្នកខ្លះប៉ះចំទាំងផ្ទះទាំងដី អ្នកខ្លះស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ កំពុងតែបារម្ភ មិនដឹងថាតើនឹងទទួលបានដំណោះស្រាយទូទាត់សំណងសមរម្យ ឬមួយយ៉ាងណា ។
ព្រែកជីក ហ្វូណន តេជោ មានប្រវែង ១៨០គីឡូម៉ែត្រ លាតសន្ធឹងភ្ជាប់ទន្លេមេគង្គ ពីត្រង់ចំណុចព្រែកតាកែវ ស្ថិតក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ដោយឆ្លងកាត់ខេត្តចំនួនបួន គឺខេត្តកណ្តាល តាកែវ កំពត ទៅទល់នឹងសមុទ្រក្នុងខេត្តកែប ។
ទំហំទទឹងមាត់ព្រែកមានប្រវែង ១០០ម៉ែត្រ ទទឺងបាតព្រែកមានប្រវែងប្រមាណ ៨០ម៉ែត្រ ជម្រៅ ៥,៤០ម៉ែត្រ និងមានគន្លងនាវាចរណ៍ចំនួនពីរគន្លង ដែលអាចឱ្យនាវាទម្ងន់ ១ពាន់តោន បើគិតតាមស្ដង់ដារគណៈកម្មការទន្លេមេគង្គ និង ៣តោន បើគិតតាមស្តង់ដារប្រទេសចិន អាចចេញចូលចៀសគ្នាបានដោយសុវត្ថិភាព និងអាចធ្វើនាវាចរណ៍បានគ្រប់ពេលវេលា ។
គម្រោងនេះត្រូវបានអភិវឌ្ឍរួមគ្នា ដោយក្រុមហ៊ុនឯកជនដែលនឹងកាន់កាប់ភាគហ៊ុនចនួន ៥១ភាគរយ គឺកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងវិនិយោគិនបរទេសមួយចំនួនទៀត ក្រោមកិច្ចសន្យាសាងសង់ ប្រតិបត្តិការ និងផ្ទេរ (BOT) ហើយការស្ថាបនានឹងប្រើរយៈពេល ៤ឆ្នាំ ។
ក្រៅពីការថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានបង្ហាញនូវសមានចិត្តសាទរ ចំពោះគណបក្សនយោបាយក្រៅរដ្ឋាភិបាលមួយចំនួនផងដែរ សម្រាប់ការគាំទ្រដល់គម្រោងព្រែកជីក ហ្វូណន តេជោ ៕