សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ស្ថានភាពអំពើពុករលួយនៅកម្ពុជានៅតែខ្ពស់ ទោះបីពិន្ទុល្អជាងឆ្នាំកន្លងទៅបន្តិចក៏ដោយ

ក្រុមអង្គការសង្គមស៊ីវិលចូលរួមសន្និសីទសារព័ត៌មានរបស់អង្គការតម្លាភាពកម្ពុជាស្ដីអំពីសន្ទស្សន៍អំពើពុករលួយនៅកម្ពុជាឆ្នាំ២០២២ រៀបចំឡើងក្នុងទីក្រុងភ្នំពេញថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង
ក្រុមអង្គការសង្គមស៊ីវិលចូលរួមសន្និសីទសារព័ត៌មានរបស់អង្គការតម្លាភាពកម្ពុជាស្ដីអំពីសន្ទស្សន៍អំពើពុករលួយនៅកម្ពុជាឆ្នាំ២០២២ រៀបចំឡើងក្នុងទីក្រុងភ្នំពេញថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

ពិន្ទុសន្ទស្សន៍អំពើ​ពុករលួយ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២២ បាន​ល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លង​ទៅ​​បន្តិច នេះ​បើតាម​​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​តម្លា​ភាព​កម្ពុជា ប៉ុន្តែ​ថា​កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ប្រទេស​ដែលមាន​អំពើ​ពុក​រលួយ​ខ្លាំង​ក្នុង​សកល​លោក​ដដែល​។​

កម្ពុជា​បាន​ពិន្ទុ​២៤​លើ​១០០ ក្នុង​តារាង​សន្ទស្សន៍​អំពើ​ពុករលួយ​(CPI) ដែល​នេះ​មាន​ន័យ​ថា​កម្ពុជា​បាន​ពិន្ទុ​ល្អ​ប្រសើរជាង​ឆ្នាំ​កន្លង​ទៅ​បន្តិច ដែល​កាល​នោះ​បាន​ត្រឹម​២៣​លើ​១០០។ ទោះ​យ៉ាង​ណា​ផ្អែក​តាម​ពិន្ទុក​នេះ កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ប្រទេស​ដែល​មាន​អំពើ​ពុករលួយ​ខ្លាំង​ប្រចាំ​អាស៊ីប៉ាស៊ីហ្វិក គឺ​នៅ​កម្រិត​ទាបជាង​គេ​ទី​បី​ ដោយ​មាន​តែ​មីយ៉ាន់ម៉ា លេខរៀងទី​១៥៧ និង​កូរ៉េខាង​ជើងនៅលេខ​រៀងទី​១៧១ នៅ​ក្រោម​កម្ពុជា។​ កម្ពុជា​ឈរ​នៅ​លេខ​រៀងទី​១៥០ លើ​ប្រទេស​ និង​ដែន​ដី​សរុប​១៨០​នៅ​ទូទាំង​ពិភព​លោកសម្រាប់​សន្ទស្សន៍​ឆ្នាំ​២០២២ តែបើ​ធៀប​ទៅ​នឹង​ឆ្នាំ​កន្លងទៅ​កម្ពុជា​​បាន​ឈរ​នៅ​លេខ​រៀង​ទី​១៥៧​។​ យ៉ាងណា កម្ពុជា​ក៏​បាន​បង្ហាញ​ពី​ភាព​ល្អ​ប្រសើរ​របស់​ខ្លួន​នារយៈ​ពេល​ប្រាំ​ឆ្នាំ​កន្លង​មកនេះ ដោយ​ងើប​ពី​ពិន្ទុ​២០​នៅ​ឆ្នាំ​២០១៨ មក​ដល់​២៤​សម្រាប់​​ឆ្នាំ​២០២២។​

លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា មាន​ប្រសាសន៍​ថាអំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​នៅ​តែ​កើត​មាន​​ដែល​នេះ​ជា​បញ្ហា​ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​រេចរឹល​។​ លោក​កត់​សម្គាល់​ឃើញ​ថា​កម្ពុជា​បាន​រឹតត្បិត​លើ​សិទ្ធិជាមូល​ដ្ឋាន​មួយ​ចំនួន ដូច​ជា​ធ្វើ​ឱ្យបាត់​បង់​នូវ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​អំពើ​ពុក​រលួយ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌។​

លោក​លើក​ឡើង​ថា៖ «​បើ​សិន​ជា​យើង​មើល​លើ​វិស័យ​សេដ្ឋកិច្ច យើង​គឺ​ល្អ​ប្រសើរ ប៉ុន្តែ​បើ​យើង​មើល​លើ​ដំណើរ​ការ​ប្រ​ជា​ធិបតេយ្យ នីតិរដ្ឋ និង​ការ​រំលោភ​អំណាច គឺ​នៅ​តែជា​បញ្ហា»។ លោក​បន្ថែម​ថា៖ «ខ្ញុំ​សង្កត់​ធ្ងន់​លើ​អំពើ​ពុករលួយ​ជា​ប្រព័ន្ធដែល​មាន​ទ្រង់​ទ្រាយ​ធំ ជាពិសេស​គឺ​ការ​ជំពាក់​ជំពិន​គ្នាជា​បណ្ដាញ​រវាង​អ្នក​មាន​អំណាច និង​អ្នករកស៊ី​ ដែល​បាន​បំពាន​អំណាច​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​»។​

លោក​បន្ត​ថា៖ «អំពើ​ពុក​រលួយ​ប្រភេទ​នេះ គឺ​យើង​ឃើញ​ថា​មិន​ទាន់​មាន​ការ​ប្រែ​ប្រួល​ជា​វិជ្ជមាន​ច្រើន​ទេ ហើយ​វា​ក៏​ជា​បញ្ហា​ចម្បង​រាំងស្ទះ​ដល់ការ​អភិវឌ្ឍ​នៅ​កម្ពុជា»។​

សន្ទស្សន៍​អំពើ​ពុក​រលួយ​នេះ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើទិន្ន័យ​បាន​ពី​ស្ថាប័ន​អន្តរជាតិចំនួន​ប្រាំ​បី រួម​ទាំងធនាគារ​ពិភព​លោក​ផង​ដែរ​។​

បណ្ដាប្រទេស​នៅ​តំបន់​អាស៊ាន ប្រទេស​មីយ៉ាន់ម៉ា​ក្រោយ​មាន​ព្រឹត្តិការណ៍​រដ្ឋប្រហារយោធា ពិន្ទុ​ក្នុង​សន្ទស្សន៍​បាន​ធ្លាក់​ចុះពី​២៨ មក​២៣​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ​​ ដែល​ធ្វើ​ឱ្យ​ប្រទេស​នេះក្លាយ​ជា​ប្រទេស​មានអំពើពុករលួយ​ខ្លាំង​ជាង​គេនៅ​​តំបន់​អាស៊ាន។​

ទន្ទឹម​នឹង​នេះ​ប្រទេស​សិង្ហបុរី ជាប់​ក្នុង​ប្រទេស​លំដាប់​ខ្ពស់​ទាំង​ប្រាំ​ដែល​មាន​អំពើ​ពុក​រលួយ​តិច​តួច​លើ​ពិភព​លោក​។​

សម្រាប់​ប្រទេស​ឥណ្ឌូណេស៊ី​ធ្លាក់​ពិន្ទុ​ពី​៣៨​មក​​៣៤ ហើយ​ប្រទេស​ម៉ាឡេស៊ី​ធ្លាក់​ពិន្ទុពី​៤៨ មក​៤៧​។ ដោយ​ឡែក​ប្រទេស​ថៃ​វិញ​បាន​ពិន្ទុ​ល្អ​ប្រសើរ​ដែរ​ដោយ​ឡើងពី​៣៥​ទៅ​៣៦ និង​ឡាវ​ឡើងពី៣០​ទៅ​៣១ ហើយ​ប្រទេស​ហ្វីលីពីន​វិញ​នៅ​រក្សា​ពិន្ទុ​ដដែលគឺ​៣៣។​

អ្នក​នាំ​ពាក្យ​ក្រ​សួង​យុត្តិធម៌​លោក ជិន ម៉ាលីន មាន​ប្រសាសន៍​ថា​គ្មានទេ​អំពើ​ពុក​រលួយ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌ ដោយ​លោក​ថា​រដ្ឋមន្ត្រី​ក្រ​សួង​យុត្តិធម៌​មាន​គោលនយោបាយ​ច្បាស់​លាស់​ប្រឆាំង​​នឹង​អំពើ​ពុក​រលួយ ដោយ​រួម​ទាំង​បាន​ធ្វើ​កិច្ច​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ផង​ដែរ​។​​

លោក ម៉ាលីន ​ឱ្យ​ដឹង​ថា​៖ «យើង​បាន​អនុវត្ត​[គោលនយោបាយ]ជា​បន្ត​បន្ទាប់លើ​មន្ត្រី​យុត្តិ​ធម៌​ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ពួកគេ​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ និង​ទោស​ទណ្ឌ»​។ លោក​បន្ថែម​ថា៖ «យើង​មាន​យន្តការ​សម្រាប់​ប្រឆាំង​អំពើពុករលួយ បើ​សិន​ជា​មាន​ភស្តុតាង​ច្បាស់​លាស់​បង្ហាញ​ថា​មន្ត្រី​ប្រព្រឹត្ត​អំពើ​ពុករលួយ[សាធារណជន] អាច​រាយការណ៍ ហើយ​ស្ថាប័ន​ទទួល​ខុស​ត្រូវ​នឹង​ចាត់​វិធានការ»។​

ប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បដិសេធធ្វើ​អត្ថាធិប្បាយ​​​លើ​រឿង​នេះ​៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖​ Cambodia Perceived as Highly Corrupt, Despite Incremental Improvement

344 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម