សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្ពុជាត្រៀមខ្លួនទទួលការវិលត្រឡប់មកវិញរបស់ទេសចរចិន ខណៈសង្គមស៊ីវិលទទូចឱ្យពង្រឹងសន្តិសុខ

ភ្ញៀវទេសចរទស្សនាព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៣។ ខេមបូចា/ព្រីង សំរាំង
ភ្ញៀវទេសចរទស្សនាព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៣។ ខេមបូចា/ព្រីង សំរាំង

ខណៈពេលដែលប្រទេសចិនបើកព្រំដែនរបស់ខ្លួនឡើងវិញ ដោយដកចេញនូវលក្ខខណ្ឌធ្វើ​ចត្តាឡីស័ក និងការធ្វើតេស្តសម្រាប់អ្នកដំណើរត្រឡប់មកវិញ រដ្ឋាភិបាលកម្ពុជាបាន និយាយ​ថា ខ្លួន​ត្រៀម​ជា​ស្រេច​ក្នុងការស្វាគមន៍ភ្ញៀវទេសចរ និងវិនិយោគិនចិនមកវិញ ខណៈអង្គការ​សិទ្ធិមនុស្សបានទទូច​ឱ្យរដ្ឋាភិបាលធ្វើការ​ងារ​បន្ថែមទៀត ដើម្បីទប់ស្កាត់​ឧក្រិដ្ឋកម្មឆ្លងដែន។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន​ដែលបានចេញផ្សាយកាលពីថ្ងៃទី៥ ខែមករា ក្រសួង​ទេសចរណ៍​បានអះអាងថា កម្ពុជា​ត្រៀមខ្លួនជាស្រេច ដើម្បីស្វាគមន៍ភ្ញៀវទេសចរ​ចិនរាប់លាននាក់ បន្ទាប់ពីទីក្រុងប៉េកាំងថ្មីៗនេះបាន ដកបំរាមលើការរឹតត្បិតកូវីដ ១៩។

ក្រសួង​បាន​អះអាងថា៖ «​កម្ពុជាមាន​សេចក្តី​​រីករាយ​ទទួល​​ស្វាគមន៍​ទេសចរ​ចិន​មក​ទស្សនា​កម្ពុជា ​ដោយ​ឥត​លក្ខខណ្ឌ​ផ្នែក​សុខាភិបាល​​។ សូម​​អំពាវនាវ​ឲ្យគ្រប់​​ភាគី​ពាក់ព័ន្ធ​​បន្ត​ជំរុញ​ការបង្កើត​​ព្រឹត្តិការណ៍​ទេសចរណ៍​ទាំង​ក្នុង​ប្រទេស​កម្ពុជា និង​ចិន និង​ដើម្បី​ផ្តល់​សេវាកម្ម​កាន់តែ​ប្រសើរ និង​បដិសណ្ឋារកិច្ចប្រកប​ដោយ​ភាព​​កក់ក្តៅ​ដល់​ទេសចរ​ចិន​»

ជំងឺរាតត្បាតបានជះឥទ្ធិពលដល់ឧស្សាហកម្មទេសចរណ៍របស់កម្ពុជា ប៉ុន្តែចំពោះភ្ញៀវចិន ដែលគោលនយោបាយទប់ស្កាត់ជំងឺ កូវីដ-១៩ ដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាលបានធ្វើឱ្យការធ្វើ ដំណើរពិបាកយ៉ាងខ្លាំង។ ក្នុងឆ្នាំ២០១៩ កម្ពុជាទទួលបាន​ទេសចរចិនចំនួន ២,៣ លាននាក់ ដែលរកចំណូល​បានប្រហែល១,៨ពាន់លានដុល្លារ។ ទោះបីជា​យ៉ាងណា​ក្នុងចំណោមភ្ញៀវ​ទេសចរអន្តរជាតិ១,៩លាននាក់ដែលបានមកនៅចន្លោះខែមករាដល់ខែវិច្ឆិកាឆ្នាំ២០២២ ទេសចរចិនដីគោកមានចំនួនត្រឹមតែ៩០ ៦៤៨នាក់ប៉ុណ្ណោះ។

លោក ធួន ស៊ីណាន ប្រធានទីភ្នាក់ងារទេសចរណ៍ក្នុងស្រុក Pacific Asia Travel Association Cambodia Chapter បាន​និយាយថា ការបើកដំណើរការឡើងវិញរបស់ប្រទេសចិន គឺជា​សញ្ញា​វិជ្ជមានសម្រាប់សេដ្ឋកិច្ចសកល​ ជាពិសេសវិស័យទេសចរណ៍។

លោក​បាន​និយាយ​ថា៖ «ខ្ញុំ​ជឿ​ជាក់​ថា ផ្អែក​លើ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ ប្រទេសចិន​នឹង​ជួយ​ជំរុញចំនួន​​ភ្ញៀវ​ទេសចរ​ចិន​មក​កម្ពុជា»។

លោក ស៊ីណាន បាននិយាយថា លោករំពឹងថា ការវិលត្រឡប់មកវិញនៃទេសចរចិន​នឹងផ្តល់​អត្ថប្រយោជន៍ដ៏ធំធេងដល់សេដ្ឋកិច្ច។

លោក​បាននិយាយថា៖ «​ជនជាតិ​ចិន​ចំណាយ​ប្រាក់​ច្រើន​ បើ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​បរទេស​ផ្សេង​ទៀត ហើយ​ជនជាតិ​ចិន​ប្រើប្រាស់​គ្រប់​សេវាកម្ម​ទាំង​ក្នុងស្រុក និង​បរទេស​» ដោយ​បន្ថែម​ថា ​ភ្ញៀវ​ទេសចរមក​​ពី​ប្រទេស​ផ្សេង​តែងតែ​នាំ​មគ្គុទ្ទេសក៍​ផ្ទាល់​របស់ខ្លួន​។

មន្ត្រី​ក្រសួងទេសចរណ៍បាននិយាយថា ប្រទេសកម្ពុជាបានដាក់ចេញនូវកម្មវិធីមួយចំនួន ដើម្បីទាក់ទាញទេសចរចិន ដែលជាផ្នែកនៃយុទ្ធសាស្ត្រ «China Ready» យូរអង្វែង​របស់ខ្លួន។ កម្មវិធី​ទាំងនេះរួមមានការបង្កើន​ជំនាញភាសាចិនក្នុងចំណោមមគ្គុទ្ទេសក៍ទេសចរណ៍ ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងការកែលម្អគុណភាពសេវាកម្មទេសចរណ៍។

ភ្ញៀវទេសចរមកទស្សនាសារមន្ទីរជាតិក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង​ សំរាំង

លោក តាំង សុជាតិ​គ្រឹស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុមាន​ប្រ​សា​សន៍​​ថា ខណៈ​ពេល​នៅ​មិន​ទាន់​មាន​សញ្ញា​នៃ​ការ​កើន​ឡើង​នៃ​វិស័យ​ទេសចរណ៍​នោះ លោក​ជឿជាក់​ថា ការ​វិល​ត្រឡប់​មក​វិញ​នឹង​ចាប់​ផ្តើម​ជា​បណ្តើរៗ​ចាប់​ពី​ខែ​ក្រោយ។

លោកបានមានប្រសាសន៍ថា៖ «ក្រសួងកំពុងចរចា ដើម្បីភ្ជាប់ជើងហោះហើរឡើងវិញ ប៉ុន្តែខ្ញុំមិនគិតថា នឹងមានលំហូរចូលច្រើនដូចកាលពីប៉ុន្មានឆ្នាំមុននោះទេ»។

លោក គ្រឹស្នា​ បានមាន​ប្រសាសន៍ថា មុនពេលផ្ទុះជំងឺកូវីដ-១៩ ក្រុមហ៊ុនអាកាសចរណ៍ចិន ចំនួន១២បានហោះត្រង់មកកាន់ខេត្តព្រះសីហនុ ដោយក្នុងមួយថ្ងៃ​មាន​​ជើងហោះហើរចំនួន​៣៥មកដល់​ពីទីក្រុងចំនួន២៦នៃ​ប្រទេសចិន។ ប៉ុន្តែខណៈដែលក្រុម​ហ៊ុន​​ទេសចរណ៍​ត្រៀម​ខ្លួន​យ៉ាងអន្ទះសារសម្រាប់ការ​វិល​ត្រឡប់​របស់​ភ្ញៀវទេសចរ អ្នកសង្កេតការណ៍​សង្គម​បាន​ទទូច​ឱ្យរដ្ឋាភិបាលដាក់វិធានការឱ្យកាន់តែប្រសើរជាងមុន​ ដើម្បីទប់ស្កាត់ការកើនឡើងនៃបទ​ឧក្រិដ្ឋ​។

ជា​ក់ស្តែង ការហូរចូលដ៏គំហុកនៃប្រាក់ចិន និងការអភិវឌ្ឍក្នុងក្រុងព្រះសីហនុ ក៏​នាំមក​នូវ​ការកើនឡើងនៃឧក្រិដ្ឋកម្ម​ឆ្លងដែនផងដែរ​ ដោយមានមន្ត្រីមូលដ្ឋាន​ធ្វើសកម្មភាព​តិចតួច​ក្នុង​ការបង្រ្កាបការជួញដូរមនុស្ស និងទីតាំង​ឆបោកដែលដឹកនាំដោយក្រុមឧក្រិដ្ឋជនដែលមាន​ការ​ចាត់តាំង។

លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាមានប្រសាសន៍ថា ខណៈ​ពេល​ដែលការវិលត្រឡប់របស់ជនជាតិចិននឹងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចតាមរយៈការជំរុញ​វិស័យទេសចរណ៍ គម្រោងសាងសង់ និងការបណ្តាក់ទុនលើ​វិស័យអចលនទ្រព្យ រដ្ឋាភិបាល​ត្រូវតែតាមដានឲ្យបានដិតដល់នូវសកម្មភាពខុសច្បាប់។

លោក​បាន​បន្ត​ថា៖​ «​យើង​មើល​ឃើញ​ថា [​ឧក្រិដ្ឋកម្ម​​] ភាគ​ច្រើន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ហូរ​ចូល​នៃ​ជនជាតិ​ចិន ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លេង​ល្បែង ការជួញដូរ​​ខុស​ច្បាប់ និង​ការ​ឆបោក»។

លោក ពិសី បានមាន​ប្រសាសន៍ថា រដ្ឋាភិបាលគួរតែពង្រឹងការអនុវត្តច្បាប់អន្តោប្រវេសន៍​របស់ខ្លួន និងតាមដានភ្ញៀវ​មកដល់ឱ្យកាន់តែប្រសើរឡើង ដើម្បីធានាថាអ្នកដែលមក​ គឺ​មក​សម្រាប់គោលបំណងទេសចរណ៍ឬអាជីវកម្មស្របច្បាប់។

លោក​បាន​មាន​ប្រសាសន៍ថា៖ «ការ​ធ្វើ​បែប​​នេះ​នឹង​ធានា​ថា ​ពួកគេ​ធ្វើ​អាជីវកម្ម​ដោយ​ស្រប​ច្បាប់​​ដោយ​មិន​ប្រព្រឹត្ត​បទល្មើស​ ដូចជា​ការ​លាង​លុយ​កខ្វក់ ការ​ជួញដូរ​មនុស្ស​ឬ​ការ​ជួញដូរ​គ្រឿងញៀន​»។

របាយការណ៍ដែលចេញដោយអង្គការសិទ្ធិការងារសង់​ត្រាល់​កាលពីឆ្នាំមុនបង្ហាញថាល្បែង អនឡាញនៅខេត្តព្រះសីហនុបានបន្តកើត​មាន​ បើទោះបីជាត្រូវបានហាមឃាត់នៅឆ្នាំ២០១៩​ ក៏ដោយ ដោយផ្លាស់ប្តូរប្រតិបត្តិការរបស់ខ្លួនក្រោមគំរូអាជីវកម្មផ្សេងទៀតដូចជា​តាម​ទីតាំង​អចលនទ្រព្យ និងបច្ចេកវិទ្យាជា​ដើម​។

ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ជនជាតិចិនរាប់រយនាក់ និងពលករបរទេសផ្សេង​ទៀតដែលត្រូវបានជួញដូរ និងបង្ខំឱ្យធ្វើការជាអ្នក​ឆបោកឬនៅក្នុងឧស្សា​ហកម្មហ្គេម​ខុសច្បាប់ត្រូវបានរកឃើញថា ត្រូវ​បាន​ចាប់​បង្ខាំងនៅក្នុង​ទីតាំ​ងអគារធំៗដែល​ដំណើរ​ការដោយបណ្តាញឧក្រិដ្ឋជនចិន។

លោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការ​សម្ព័ន្ធគណនេយ្យភាពសង្គមមានប្រ​សាសន៍ថា រដ្ឋាភិបាលត្រូវតែធ្វើឱ្យប្រាកដថា ច្បាប់ត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង។

លោកមានប្រសាសន៍ថា៖ «កន្លង​មក យើង​ឃើញ​ជនជាតិ​ចិន​ជា​ច្រើន​​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​​ដោយសារ​ពួកគេ​​បង្កើត [​ល្បែងស៊ីសង​] ខុសច្បាប់​និង​ជំរិតទារ​ប្រាក់​​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​»។​

លោក សន ជ័យ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ត្រូវ​តែ​ធានា​ថា ​ជនជាតិ​ចិន​ទាំងអស់​ដែល​មក​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា ​គឺ​ស្របច្បាប់ ហើយ​ការ​ធ្វើ​បែប​នេះ​នឹង​អាច​បង្កើន​​ចំណូល​ពន្ធ​បន្ថែម​ទៀត​​។

លោក​បាន​បន្ត​ថា៖​ «​នៅ​ពេល​ពួកគេ​អនុវត្ត​តាម​ច្បាប់ និង​មាន​ការ​ចុះ​បញ្ជី​អាជីវកម្មរបស់​ខ្លួន​​បាន​ត្រឹមត្រូវ វា​នឹង​ជា​អត្ថប្រយោជន៍​សម្រាប់​ចំណូល​ពន្ធ​របស់​ប្រទេស​កម្ពុជា​»​។

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃបាននិយាយសម្រាល​ការ​ព្រួយ​បារម្ភ​ដោយ​អះអាង​ថា អាជ្ញាធរ​បាន​និង​កំពុង​ពង្រឹង​សន្តិសុខ​សង្គម។

លោក​មាន​ប្រសាសន៍​ថា៖​ «​ប្រសិន​បើ​រក​ឃើញ​ថា ​មាន​ការ​ប្រព្រឹត្តបទ​ល្មើស​នោះ​អាជ្ញាធរ​នឹង​ចុះ​ទៅ​ដល់​ទីតាំង​។ អាជ្ញាធរ​បន្ត​ល្បាត​ជា​រៀង​រាល់​ថ្ងៃ ហើយ​នឹង​បន្ត​ល្បាត​បន្ថែម​ទៀត​ ដើម្បី​រកអន្តោប្រវេសន៍​ខុស​ច្បាប់»។

លោក កែវ វណ្ណ​ថន អ្នក​នាំ​ពាក្យអគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសាសន៍​ថា អគ្គនាយកដ្ឋាន​បាន​ត្រៀម​​ធ្វើ​ការ​ត្រួត​ពិនិត្យ​អន្តោប្រវេសន៍ ​ខណៈ​ភ្ញៀវ​ទេសចរ​និង​វិនិយោគិន​ចិន​ត្រឡប់​មក​វិញ។

លោកបានមានប្រសាសន៍ថា៖ «[យើង] ក៏ចាត់វិធានការត្រួតពិនិត្យកន្លែងស្នាក់​នៅ​របស់​ជនបរទេសជាប្រចាំ ដើម្បីតាមប្រមាញ់អ្នកដែលបានចូលប្រទេសដោយខុសច្បាប់ និង​និរទេសពួកគេចេញពីប្រទេសកម្ពុជា» ប៉ុន្តែ​​លោកបានបន្ថែមថាលទ្ធភាពនៃការឆ្លង​ព្រំដែនខុសច្បាប់អាចធ្វើឱ្យការត្រួតពិនិត្យជួប​ការលំបាក។

លោក​បាន​មាន​ប្រសាសន៍ថា៖ «​ដោយសារ​ព្រំដែន​វែង​ ជន​ល្មើស​តែងតែ​គេច​ពី​ការ​ត្រួតពិនិត្យ​របស់​អាជ្ញាធរ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស ៖ Cambodia Prepares for the Return of Chinese Tourists and Visitors

735 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម