សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

របាយការណ៍អង្គការតម្លាភាពអន្តរជាតិ៖ កម្ពុជាជាប់ចំណាត់ថ្នាក់ទាបលើសន្ទស្សន៍អំពើពុករលួយ និងមិនមានការវិវត្តទៅមុខច្រើន

សន្ទស្សន៍នៃយល់ឃើញពីអំពើពុករលួយនៅកម្ពុជាបង្ហាញថា អំពើពុករលួយនៅតែមានខ្លាំងនៅក្នុងវិស័យសាធារណៈ និងវិស័យឯកជន ទោះបីជាមានច្បាប់ប្រឆាំងនឹងអំពើពុករលួយក៏ដោយ។ បញ្ញា ឆព័ណ្ណ
សន្ទស្សន៍នៃយល់ឃើញពីអំពើពុករលួយនៅកម្ពុជាបង្ហាញថា អំពើពុករលួយនៅតែមានខ្លាំងនៅក្នុងវិស័យសាធារណៈ និងវិស័យឯកជន ទោះបីជាមានច្បាប់ប្រឆាំងនឹងអំពើពុករលួយក៏ដោយ។ បញ្ញា ឆព័ណ្ណ

កម្ពុជា​បន្ត​នៅ​ជា​ប្រទេស​ពុករលួយ​​ជាង​គេ​បំផុត​នៅ​តំបន់​អាស៊ាន ដោយ​មាន​អំពើ​ពុករលួយ​ចាក់ឬស​ទាំង​ក្នុង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន នេះ​បើ​យោង​ទៅ​តាម​របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ។

អង្គការ​តម្លាភាព​អន្តរជាតិ​បាន​ចុះ​ផ្សាយ​​សន្ទស្សន៍​នៃ​ការ​យល់ឃើញ​ពី​អំពើ​ពុករលួយ​ ដែល​បាន​កំណត់​​ចំណាត់ថ្នាក់​លើ​បណ្តា​ប្រទេស​ចំនួន ១៨០ ដោយ​ប្រើប្រាស់​នូវ​ការ​ស្ទង់មតិ​ដែល​មាន​ស្រាប់​មួយចំនួន​ គួបផ្សំ​ជាមួយ​នឹង​គំនិត​របស់​​ក្រុម​អ្នកជំនាញ​នៅ​តាម​​បណ្តា​ប្រទេស​នីមួយៗ​។ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ ១៦០ ក្នុង​ចំណោម​ប្រទេស​​ចំនួន ១៨០ នៅ​ទូទាំង​ពិភពលោក ហើយ​នេះ​ជា​ចំណាត់ថ្នាក់​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន។

កម្ពុជា​ទទួល​បាន​ពិន្ទុ ២១​ លើ​​ពិន្ទុ​សរុប​ ១០០ ដែល​មាន​មួយ​ពិន្ទុ​ប្រសើរ​ជាង​មុន​ប៉ុណ្ណោះ​ពី​ពិន្ទុ​ទទួល​បាន​កាល​ពី​ឆ្នាំ​មុន។ ការ​វាយតម្លៃ​កាល​ពី​ឆ្នាំ​មុន​បង្ហាញ​ថា កម្ពុជា​គឺ​ជា​ប្រទេស «ពុករលួយ​ខ្លាំង»។

របាយការណ៍​បាន​សរសេរ​ថា៖ «នៅកម្រិតតំបន់ ប្រទេសកម្ពុជា​បន្ត​ស្ថិតក្នុង​ចំណោមប្រទេសមានពិន្ទុទាបជាងគេទី៣ នៅតំបន់​អាស៊ី​ប៉ាស៊ីហ្វិច នៅលើតែប្រទេស​អាហ្វហ្គានីស្ថាន និងកូរ៉េខាងជើងតែ​ប៉ុណ្ណោះ ហើយ​ក៏ជាប្រទេសមានពិន្ទុ​ទាប​ជាង​គេបំផុត​​ក្នុងតំបន់​អាស៊ានផងដែរ»។

របាយការណ៍​ខាង​លើ​​ក៏​បាន​ទទួលស្គាល់​ថា កំណែទម្រង់​មួយ​ចំនួន​នៅ​វិស័យ​ឯកជន និង​ការ​ផ្លាស់ប្តូរ​មួយ​ភាគ​តូច​ទៅ​លើ​អភិបាលកិច្ច​សាធារណៈ​បាន​ជួយ​ជ្រោមជ្រែង​​ការ​ចាត់ចំណាត់ថ្នាក់​មក​លើ​កម្ពុជា​ ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ និង​ធុរជន​យល់​ថា ស្ថានភាព​ទាំងមូល​នឹង​មិនផ្លាស់ប្តូរ​នោះ​ទេ ប្រសិន​​មិនមាន​ការ​ដោះស្រាយ​បញ្ហា​ពុករលួយ​ផ្នែក​នយោបាយ និង​បញ្ហា​ពាក់ព័ន្ធ​នឹង​នីតិរដ្ឋ។ ​

បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ដទៃ​ទៀត​ ដូចជា មីយ៉ាន់ម៉ា វៀតណាម និង​ម៉ាឡេស៊ី មាន​ពិន្ទុ​​ទាបជាង​មុន​ចំពោះ​ការ​យល់ឃើញ​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​​បើ​​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ ខណៈ​ថៃ ឡាវ និង​ព្រុយនេ​រក្សា​ពិន្ទុ​​ដូច​កាល​ពី​ឆ្នាំ​ ២០១៩។

លោក​ ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាពអន្តរជាតិ​ប្រចាំ​នៅ​​កម្ពុជា បាន​និយាយ​ថា៖ «ការបន្តទទួលបានពិន្ទុទាបក្នុងសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយបង្ហាញពីកង្វះខាតជាលក្ខណៈនយោបាយ និងស្ថាប័នដែលចាក់ឫសនៅក្នុងប្រទេសមួយ។ ក្នុងអំឡុងពេលរិបត្តិកូវីដ១៩នេះ អំពើពុករលួយកាន់តែបង្កការគំរាមកំហែងទ្វេដងចំពោះប្រទេសជាច្រើនដែលមានសេដ្ឋកិច្ចចំណូលទាប»

របាយការណ៍​បាន​បន្ត​ថា កម្ពុជា​ត្រូវ​ពង្រឹង​បន្ថែម​ទៀត​លើ​ច្បាប់​ប្រឆាំង​អំពើពុករលួយ ជាពិសេស​លើ​អនុវត្ត​ការ​ប្រកាស​ទ្រព្យ ​អនុម័ត​សេចក្តីព្រាងច្បាប់​សិទ្ធិទទួល​ព័ត៌មាន​ ដែល​បាន​​អូសបន្លាយ​ពេល​យ៉ាង​យូរ​ និង​ប្រកបដោយ​ភាព​ចម្រូងចម្រាស ក៏ដូចជា ពង្រឹង​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ទទួល​ខុសត្រូវ​លើ​ការ​អនុវត្ត​ច្បាប់​នីតិរដ្ឋ។

​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មិន​អាច​ទាក់ទង​សុំ​យោបល់​បាន​ទេ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​ លោក តុប សំ ប្រធាន​ក្រុមប្រឹក្សាជាតិ​ប្រឆាំង​អំពើ​ពុករលួយ និង​លោក​កែវ រ៉េមី អ្នកនាំពាក្យ​ក្រុមប្រឹក្សាជាតិ​ប្រឆាំង​អំពើ​ពុករលួយ បដិសេធ​សុំ​មិន​បញ្ចេញ​មតិ​លើ​របាយការណ៍​​របស់​អង្គការ​តម្លាភាព​កម្ពុជា។

លោក​ ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​ចោទសួរ​ទៅ​លើ​ការ​វាយតម្លៃ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​មក​លើ​កម្ពុជា ដោយ​លោក​បាន​លើកឡើង​ថា ប្រសិន​បើ​មាន​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ

 តើការ​វិនិយោគ​អាច​ហូរ​ចូល​ក្នុង​ប្រទេស​ និង​ចូល​ទៅ​ក្នុង​កញ្ចប់​ថវិកា​ជាតិ​បាន​យ៉ាង​ដូចម្តេច។

​លោក​បាន​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​យើង​ពុករលួយ នោះ​លុយ​មិន​ហូរ​ចូល​ក្នុង​ថវិកា​ជាតិ​ទេ។ របាយការណ៍​នេះ​គឺ​គ្រាន់​តែ​ជា​ការ​បំភ្លៃ​ដ៏​គួរ​ឲ្យ​អស់សំណើច​មួយ​ប៉ុណ្ណោះ»

លោក​ សុខ ឥសាន សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចម្អក​លើ​ពាក្យ «តម្លាភាព» របស់​អង្គការ​តម្លាភាព​អន្តរជាតិ ប៉ុន្តែ​មិនបាន​ឆ្លើយតប​នឹង​បញ្ហា​លើកឡើង​ដោយ​របាយការណ៍​របស់​អង្គការ​នេះ​នោះ​ទេ។

លោក​បាន​ថ្លែង​ថា៖ «ការ​វាយតម្លៃ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​បង្ហាញ​ថា អង្គការ​នេះ​មិនមាន​តម្លាភាព​នោះ​ទេ ដូច្នេះ​ពួកគេ​គួរផ្លាស់ប្តូរ​ឈ្មោះ​ពី​ឈ្មោះ​អង្គការ​តម្លាភាពអន្តរជាតិ​វិញ​ទៅ»។​

លោកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​មានប្រសាសន៍ថា អំពើ​ពុករលួយ​ដ៏​ញាំញី​​បាន​ក្លាយ​ជា​បញ្ហា​ដ៏​ធំ​មួយ​នៅ​កម្ពុជា។

លោកស្រី​បាន​បន្ត​ថា អំពើពុករលួយ​បាន​ចាក់ស្រេះ​​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​តុលាការ ​ឯកសាររដ្ឋបាល​ដីធ្លី នគរបាល និង​សេវាកម្ម​សាធារណៈ ហើយ​ត្រូវ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ក្នុង​ទម្រង់​ជា​ផលប្រយោជន៍​បុគ្គល ការ​លម្អៀង និង​បក្សពួក​និយម។

លោកស្រី​បាន​ថ្លែង​ថា៖ «ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ដែល​អំពើពុករលួយ​មាន​ទៅ​លើ​ជំនឿ​ទុកចិត្ត​របស់​សាធារណជន​គឺ​ ត្រូវ​បាន​ធ្វើឲ្យ​កាន់​តែ​អាក្រក់​ជាង​មុន ដោយសារ​វប្បធម៌​និទណ្ឌភាព​ដែល​មាន​ជាមួយ​នឹង​អំពើ​ពុករលួយ​នៅ​កម្ពុជា។ មន្រ្តី​សាធរណៈ​ចូលរួម​នៅ​ក្នុង​សកម្មភាព​ពុករលួយ​ដោយ​សឹង​តែ​មិនមាន​ទោសទណ្ឌ ខណៈ​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​មាន​ភាព​ខ្សត់ខ្សោយ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia ranks lowly on corruption index, little improvement reported

384 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម