សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្ពុជាមានករណីឆ្លងជំងឺកូវីដ១៩ប្រភេទដែលតា ជិត១.០០០ករណី

ស្រ្តីម្នាក់ឈរនៅមុខផ្ទះរបស់ខ្លួនជិតផ្សារចាស់ដែលត្រូវបានបិទខ្ទប់ ក្នុងខណ្ឌដូនពេញ ក្រុងភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
ស្រ្តីម្នាក់ឈរនៅមុខផ្ទះរបស់ខ្លួនជិតផ្សារចាស់ដែលត្រូវបានបិទខ្ទប់ ក្នុងខណ្ឌដូនពេញ ក្រុងភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ក្រសួងសុខាភិបាលបានចេញរបាយការណ៍មួយដោយបង្ហាញថា មានករណីឆ្លង​វីរុស​បំប្លែង​ថ្មី​ដែលតា (Delta) ជិត​ ១.០០០​ករណី ត្រូវ​បាន​រកឃើញ​នៅទូទាំង​ប្រទេស​កម្ពុជា​ចាប់តាំងពី​ចុង​ខែ​មីនា​កន្លងមក។​​

របាយការណ៍​ដែល​ត្រូវ​បាន​ចុះផ្សាយ​ដោយ​ក្រសួង​សុខាភិបាល​បង្ហាញ​ថា គិត​ត្រឹម​ថ្ងៃ​ទី២២ ខែ​សីហា កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស​បំប្លែង​ថ្មី​ដែលតា​ សរុបចំនួន៩៩៩ករណី ដែល​ក្នុង​នោះ​ស្រ្តី​មាន​ចំនួន ៤៩០​នាក់ ចាប់តាំង​ពី​ថ្ងៃ​ទី៣១ ខែ​មីនា​មក។ ហើយ​គ្រប់​ខេត្ត​មាន​ករណី​ឆ្លង​វីរុស​ប្រភេទ​នេះ​ លើកលែង​តែ​ខេត្ត​កែប និង​ក្រចេះ​។

ករណី​ឆ្លង​​វីរុស​បំប្លែង​ថ្មី​ដែលតា​ត្រូវ​បាន​រក​ឃើញ​ភាគច្រើន​នៅ​ក្រុង​ភ្នំពេញ ដែល​ឃើញ​មាន​ការ​ឆ្លង​ចំនួន ២៣៨​ករណី។ ខេត្ត​ឧត្តរមានជ័យ​ឆ្លងចំនួន​ ១៧៦ករណី បន្ទាយមានជ័យឆ្លងចំនួន ១៤៦ករណី និង​សៀមរាបឆ្លងវីរុសនេះចំនួន ១៣៨ករណី។

​​​​លោក​ រឿន សុទ្ធី អនុប្រធាន​មន្ទីរសុខាភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​បានប្រាប់ខេមបូចា​ថា ករណី​ឆ្លង​សរុប១៤៦ករណី ប៉ុន្តែមិនមែន​រាប់បញ្ជូលគ្រប់ករណី​ឆ្លង​វីរុស​ប្រភេទ​ដែលតា​នោះ​ទេ គឺ​ផ្តោត​លើ​តែ​ចំនួន​សំណាក​ ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​វិទ្យាស្ថាន​ប៉ាស្ទើ​ក្នុង​ក្រុង​ភ្នំពេញ​ ដើម្បី​ធ្វើ​តេស្ត​រក​វីរុស​ប្រភេទ​ថ្មី​នេះ​តែ​ប៉ុណ្ណោះ។​

យុវជន​ចំនួន​ជាង ៦០០​នាក់ ដែល​កំពុង​ទទួល​ការ​ព្យាបាល​ការ​ញៀនថ្នាំ​នៅ​មជ្ឈមណ្ឌល​«ជីវិតថ្មី» ភ្នំ​បាក់​ ក្នុង​ក្រុង​សេរីសោភ័ណ​ ខេត្ត​បន្ទាយមានជ័យ បាន​ធ្វើ​តេស្ត​វិជ្ជមាន​ជំងឺ​កូវីដ១៩ ចាប់​តាំង​ពី​ថ្ងៃ​ទី១៦ ខែ​សីហា​មក ហើយ​មនុស្ស​១០​ទៀត​ត្រូវ​បាន​ធ្វើ​តេស្ត​វិជ្ជមាន​កាល​ពី​ថ្ងៃទី២២ ខែ​សីហា។ នៅ​ក្នុង​ចំណោម​សំណាក​ចំនួន​ ២០​ពី​មជ្ឈមណ្ឌល​ខាង​លើ​នេះ​ ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​តេស្ត​នៅ​វិទ្យាស្ថាន​ប៉ាស្ទើ គ្រប់​ករណី​ទាំងអស់​គឺ​មាន​ផ្ទុក​វីរុស​បំប្លែង​ថ្មី​ដែលតា។​

លោក​បាន​ថ្លែង​ថា៖ «នេះ​ជាករណី​ឆ្លង​វីរុស​ប្រភេទ​ដែលតាជាចង្កោម» ដោយ​លោកបន្ថែម​ថា មិនមែន​គ្រប់​សំណាក​ទាំងអស់​អាច​ត្រូវ​បាន​ធ្វើ​តេស្ត​រក​វីរុស​ប្រភេទ​ថ្មី​នោះ​ទេ ដោយសារ​តែ​ធ្វើឲ្យខាត​ពេលវេលា និង​សម្ភារ។ លោក​បាន​ប្រាប់​ ខេមបូចា​ ថាមនុស្ស​សរុប​ចំនួន ១៦.៨៩១​នាក់ ត្រូវ​បាន​ធ្វើ​តេស្ត​វិជ្ជមាន​ជំងឺ​កូវីដ១៩ ក្នុង​ខេត្ត​បន្ទាយមានជ័យ ចាប់តាំង​ពី​ព្រឹត្តិការណ៍​ថ្ងៃ២០ កុម្ភៈ​មក​ ដោយ​មាន​ករណី​ជា​សះស្បើយ​ចំនួន ១២.៦៧៩​ និង​ករណី​ស្លាប់​ចំនួន ១៣០។

​លោក​បាន​ឲ្យដឹង​ថា៖ «មិនមាន​អ្នក​ស្លាប់ដោយសារជំងឺ​វីរុស​ដែលតា ​នៅ​ខេត្ត​បន្ទាយ​មានជ័យ​នោះ​ទេ»

តំបន់​ខ្លះ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ចាត់វិធានការ​បិទខ្ទប់​ដោយ​ផ្នែក​ ដើម្បី​កាត់បន្ថយការ​ឆ្លង​វីរុស​បំប្លែង​ថ្មីនេះ។ ដោយ​ប្រឈម​មុខ​ជាមួយ​នឹង​ករណី​ឆ្លង​វីរុស​បំប្លែង​ថ្មី អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​បិទផ្នែកខ្លះនៃ​ផ្សារ​ចាស់​ក្នុង​ខណ្ឌ​ដូនពេញ ផ្សារ​ដេប៉ូ​ក្នុង​ខណ្ឌ​ទួលគោក ផ្សារ​សេរីភាព និង​ផ្សារ​ឌុយមិច​ក្នុង​ខណ្ឌ​៧មករា ផ្នែកខ្លះនៃផ្សារ​សិនជូរីផ្លាហ្សា ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ ការដ្ឋាន​សំណង់​មួយ​ក្នុង​ខណ្ឌ​ដង្កោ ភូមិ​មួយ​ចំនួន​ក្នុង​ខណ្ឌ​សែនសុខ និង​ឬស្សីកែវ ក៏ដូចជា តំបន់​មួយ​ចំនួន​ក្នុង​ខណ្ឌ​ព្រែកព្នៅ។​

អភិបាល​រង​ក្រុង​ភ្នំពេញ​លោក កើត ឆែ បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​ថា​តើ​វីរុស​បំប្លែង​ថ្មី​នៅ​ពី​ក្រោយ​ការ​ស្លាប់​ណា​មួយ​ក្នុង​រាជធានីភ្នំពេញ ដោយ​បង្វែរ​សំណួរ​នេះ​មក​កាន់​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ​លោកស្រី ឱ វណ្ណឌីន។ លោកស្រី វណ្ណឌីន បាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ ដោយ​លើកឡើង​ថា លោកស្រី​រវល់ខ្លាំង​ ហើយ​មិន​អាច​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​បាន​នោះ​ទេ។

លោក​ កើត ឆែ​ និយាយ​ថា៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​មិនទាន់​បាន​ចាក់វ៉ាក់សាំង​រួច​ សូម​ទៅ​ចាក់វ៉ាក់សាំង​ទាំងអស់​គ្នា»។ លោក​បាន​ស្នើ​ឲ្យសាធារណជន​គោរព​សេចក្តីណែនាំ​របស់​ក្រសួង​សុខាភិបាល ហើយ​មិន​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​មាន​មនុស្សច្រើន បើសិនជា​មិនចាំបាច់។ ​

លោក ឌី រ៉ាដូ អភិបាលរង​និង​អ្នកនាំពាក្យ​ខេត្តឧត្តរមានជ័យ បាន​មានប្រសាសន៍​ថា ការ​រាតត្បាត​ជំងឺកូវីដ១៩ ប្រភេទ​ដែលតា​ក្នុង​ខេត្ត ​ត្រូវ​បាន​បង្កឡើង​ដោយ​ពលករ​ចំណាកស្រុក វិលត្រឡប់​ពី​ប្រទេស​ថៃ ហើយ​បាន​ចម្លង​បន្ត​ដោយ​មិនដឹង​ខ្លួន​ទៅ​ដល់​បុគ្គលិក​សុខាភិបាល​តាម​បណ្តោយ​ព្រំដែន។​

លោក​បាន​ថ្លែង​ថា៖ «ទោះបីជា​វា​បាន​ឆ្លង​ទៅ​សហគមន៍​ក៏ដោយ អាជ្ញាធរ​យើង​បាន​បញ្ឈប់​ការ​រាតត្បាត​វីរុស​ដែលតា​ទាន់ពេលវេលា តែ​គ្រូពេទ្យ​ត្រូវតែ​ការពារ​ខ្លួន​ឯង​ឲ្យ​បាន​តឹងរឹង»។

​លោករ៉ាដូ​បាន​ប្រាប់​ ខេមបូចា ថាករណី​វិជ្ជមាន​មួយ​ចំនួន​គឺ​​ឆ្លង​ពីពលករ​ដែល​ត្រូវ​ឆ្លងកាត់​តាម​ច្រកព្រំដែន​អូស្មាច់។ មាន​ករណី​ឆ្លង​ចំនួន ៦.១១៥​នៅ​ក្នុង​ខេត្ត​មក​ទល់​ពេល​នេះ រួម​មាន​ពលករ​ចំនួន​ ៥.០៤៤​នាក់ ករណី​ជាសះស្បើយ​ចំនួន ២.៥០០ និង​ករណី​ស្លាប់​ចំនួន ១០។ លោក​រ៉ាដូ​បាន​បន្ត​ថា មិនមាន​ពលរដ្ឋ​ណា​ម្នាក់​បាន​ស្លាប់​ដោយសារ​វីរុស​បំប្លែង​ថ្មី​ដែលតា​នោះ​ទេ។

លោក លី សំរិទ្ធ អភិបាល​រង​និង​អ្នកនាំពាក្យ​ខេត្ត​សៀមរាប បាន​និយាយ​ថា ប្រភព​ចម្បង​នៃ​ការ​រាតត្បាត​វីរុស​បំប្លែងថ្មី​ដែលតា​គឺ​ បណ្តាលមកពីពលករ​ចំណាកស្រុក​វិលត្រឡប់​មក​ស្រុក​កំណើត​វិញ បើ​ទោះបី​ជា​មាន​វិធានការ​ចត្តាឡីស័ក​ក៏​ដោយ។

​​លោក​បាន​និយាយថា៖ «យើង​ពិត​ជា​មាន​ការ​ព្រួយបារម្ភ​ពី​វីរុស​ប្រភេទ​ថ្មី​ដែលតា​នេះ។ សូម្បី​តែ​ជំងឺ​កូវីដ១៩ ធម្មតា​គឺ​ពិបាក​នឹង​ទប់ទល់​រួច​ទៅ​ហើយ ហើយ​ឥឡូវ​នេះ​ វីរុស​បំប្លែងថ្មី​ដែលតា​បាន​មក​ដល់ ហើយ​ឆ្លង​យ៉ាង​ឆាប់រហ័ស។ មាន​មនុស្ស​ចំនួន ៦.៧៥០​នាក់ បាន​ឆ្លង [ជំងឺ​កូវីដ១៩] ជា​សះស្បើយ​ចំនួន ៥.២០០​នាក់ និង​ស្លាប់​ចំនួន ៧៥​នាក់»

​ខេត្ត​សៀមរាប​ត្រូវ​បាន​ដាក់ជា​មជ្ឈមណ្ឌល​ព្យាបាល​ករណី​ធ្ងន់ធ្ងរ​មក​ពី​ខេត្ត​ចំនួន​ប្រាំនៅ​ភាគ​ខាង​ជើង​ទន្លេសាប រួម​មាន​ ខេត្ត​បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប បាត់ដំបង និង​កំពង់ធំ ដោយ​មាន​គ្រែ​ផ្ទុក​អ្នកជំងឺ​បាន​ចំនួន ៤០០​នាក់។

លោក យ៉ង គឹមអេង នាយកប្រតិបត្តិ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព បាន​និយាយ​ថា ជា​ទូទៅ​ អាជ្ញាធរ​មិន​អាច​ធ្វើ​តេស្ត​គ្រប់សំណាក​ជំងឺ​កូវីដ១៩ ដើម្បី​រក​វីរុស​បំប្លែងថ្មី​ដែលតា​បាន​នោះ​ទេ ដោយសារ​តែ​ចំនួន​ករណី​ឆ្លង ហើយ​ត្រូវ​ធ្វើ​តេស្ត​លើ​សំណាក​តាម​របៀប​ជ្រើស​យក​មួយចំនួន។

លោក​បាន​ថ្លែង​ថា៖ «នេះ​ជា​រឿង​សំខាន់ យើង​មាន​ការ​ព្រួយបារម្ភ ពី​ព្រោះ​ជំងឺ​កូវីដ១៩ ជា​ក្តី​កង្វល់​ធំ​មួយ​សម្រាប់​​ប្រទេស​ទាំងអស់​នៅ​លើ​ពិភពលោក​ក៏ដូចជាកម្ពុជា​ផង​ដែរ»

លោក​គឹមអេង ​បាន​បន្ថែម​ថា ជា​រឿង​សំខាន់​ផង​ដែរ ដែល​កម្ពុជា​បាន​សម្រេច​ផ្តល់​ដូស​ទី​បី​ទៅ​ដល់​ប្រជាជន។

​លោក​បាន​បន្ថែម​ថា៖ «លើស​ពី​នេះ​ខ្ញុំ​គិត​ថា អាជ្ញាធរ​ត្រូវ​ចាត់វិធានការ​បន្ថែម​ណា​មួយ​ដើម្បី​ទប់ទល់​នឹង​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ …. ដើម្បី​អាច​បើកដំណើរការ​គ្រប់សេវាកម្ម​ផ្សេងៗ [នៅ​ក្នុង​សង្គម] រួម​មានសេវាកម្មសេដ្ឋកិច្ច និង​សេវាកម្ម​ដទៃ​ទៀត។ ហើយ​ស្រប​ពេល​ដូចគ្នា​នេះ​ដែរ​ យើង​ត្រូវ​ត្រួតពិនិត្យ​ច្រកចេញ​ចូល​​តាម​បណ្តោយ​ព្រំដែន​ប្រទេស​ជិត​ខាង ហើយ​គ្រប់គ្រង​ឲ្យ​បាន​ច្បាស់លាស់​លើ​អ្នក​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក»។​

កាល​ពី​ថ្ងៃ​ចន្ទ ក្រសួង​សុខាភិបាល​បាន​កត់ត្រា​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ថ្មី​ចំនួន ៤១០ ក្នុង​នោះ​ករណី​នាំ​ចូល​មាន​ចំនួន ១៣២ ដោយ​ធ្វើ​ឲ្យ​ករណី​ឆ្លង​សរុប​កើន​ដល់​ ៨៩.៦៤១​ករណី ដែល​រួម​មាន​ករណី​នាំចូល​សរុប ១៤.៣០១​ករណី​ ចាប់​តាំង​ពី​មាន​ការ​រាតត្បាត​ជំងឺ​កាល​ពី​ដើម​ឆ្នាំ ២០២០​មក។ ភាគច្រើន​នៃ​ករណី​ឆ្លង​គឺ​មាន​ចាប់តាំង​ពី​ព្រឹត្តិការណ៍​ថ្ងៃ​២០ កុម្ភៈ​មក​ នៅ​ពេល​មាន​ការ​ឆ្លង​ក្នុង​សហគមន៍​ជា​បន្តបន្ទាប់​នៅ​កម្ពុជា។ ក្រសួង​សុខាភិបាល​ក៏​បាន​កត់ត្រា​ករណី​ជា​សះស្បើយ​ចំនួន ៨៥.៦១៨​ និង​ករណី​ស្លាប់ ១.៨០៨​ផង​ដែរ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia records almost 1,000 cases of COVID-19 Delta variant

358 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម