សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

មន្រ្តីជាន់ខ្ពស់បង្ហាញក្តីបារម្ភខ្លាំង ខណៈកម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩លើកដំបូង

បុរសម្នាក់មានជំងឺកូវីដ១៩ ដែលត្រូវបានយកទៅព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែលើ ហើយត្រូវបានផ្លាស់ទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បន្ទាប់ពីស្ថានភាពសុខភាពចុះទ្រុឌទ្រោម។ខេមបូចា/ព្រីង សំរាំង
បុរសម្នាក់មានជំងឺកូវីដ១៩ ដែលត្រូវបានយកទៅព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែលើ ហើយត្រូវបានផ្លាស់ទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បន្ទាប់ពីស្ថានភាពសុខភាពចុះទ្រុឌទ្រោម។ខេមបូចា/ព្រីង សំរាំង

បន្ទាប់​ពី​កម្ពុជា​រាយការណ៍​ពី​ការ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​លោកស្រី ឱ វណ្ណឌីន បាន​ពណ៌នា​ស្ថានភាព​ជំងឺ​កូវីដ១៩ ជា «រឿង​គួរ​ឲ្យ​ព្រួយបារម្ភខ្លាំង» ជាពិសេស​ដោយសារ​វត្តមាន​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ ដែល​អាច​ឆ្លងលឿន និង​មាន​​គ្រោះថ្នាក់​ដល់​អាយុជីវិត​ខ្លាំង​ជាង​មុន។

ក្រសួងសុខាភិបាល​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ដូចនេះ​ផង​ដែរ​ថា បុរស​វ័យ​ ៥០​ឆ្នាំ​ម្នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នៅមន្ទីរពេទ្យ​​មិត្តភាព​ខ្មែរ​-សូវៀត​ ដែល​នេះ​ជា​ការស្លាប់​​ដោយសារ​​ជំងឺ​កូវីដ១៩​ ដំបូង​នៅ​កម្ពុជា​ចាប់តាំង​ពី​មាន​ការ​ផ្ទុះ​ជំងឺ​នេះ​កាល​ពី​ខែ​មករា ឆ្នាំ​២០២០​មក។ ​

​បុរស​ដែល​ស្លាប់​រូប​នោះ​បាន​ធ្វើ​ការ​ឲ្យ​ជនបរទេស​ម្នាក់ ដែលត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​ជំងឺ​កូវីដ១៩ ហើយ​រស់​នៅ​ខេត្ត​ព្រះសីហនុ។ ​

សេចក្តីថ្លែងការណ៍​របស់​ក្រសួង​សុខាភិបាល​ចេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​បាន​សរសេរ​ថា៖ «មានបុរស​ជនជាតិ​ខ្មែរ អាយុ ៥០​ឆ្នាំ បាន​ទទួលមរណៈភាព​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត​ ដែល​ជា​ករណីស្លាប់លើកទី១​​នៅ​កម្ពុជា»

​ថ្លែងប្រាប់​ទូរទស្សន៍​បាយ័ន ដែល​ជា​កម្មសិទ្ធិ​របស់​លោកស្រី ហ៊ុន ម៉ាណា​ កូន​ស្រី​របស់​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន អ្នក​នាំពាក្យ​ក្រសួងសុខាភិបាល ​លោកស្រី ឱ វណ្ណឌីន បាន​មានប្រសាសន៍​ថា បុរស​ដែល​បាន​ស្លាប់​នោះ​ បាន​ទទួល​ការ​ព្យាបាល​ដំបូង​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​លើ មុន​ពេល​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​​មិត្តភាព​ខ្មែរ​សូវៀត​ បន្ទាប់​ពី​ស្ថានភាព​សុខភាព​បាន​ចុះទ្រុឌទ្រោម​កាល​ពី​ថ្ងៃ​ទី០៥ ខែ​មីនា។ លោកស្រី​ ឱ វណ្ណឌីន បាន​បកស្រាយ​ថា ជំងឺកូវីដ១៩ បាន​ប៉ះពាល់​មក​លើ​សួត​របស់​អ្នកជំងឺ​រូប​នោះធ្ងន់ធ្ងរ។

​លោកស្រី​បាន​ថ្លែង​ថា៖ «យើង​មាន​ការ​សោកស្តាយ​ដែល [គ្រូពេទ្យ] មិន​អាច​ជួយ​គាត់​បាន ពីព្រោះ​វីរុស​កូវីដ១៩ បាន​វាយប្រហារ​លឿន​ពេក ហើយ​រាងកាយ​របស់​គាត់​មិន​អាច​ទ្រាំទ្របាន​ ហើយ​វា​បាន​វាយប្រហារ​មក​លើ​សួត​របស់​គាត់»

លោកស្រី​ ឱ វណ្ណឌីន បាន​លើកឡើង​ថា អ្នក​ជំងឺ​ដែល​កំពុង​ស្នាក់​នៅ​មន្ទីរពេទ្យ​កំពុង​បង្ហាញ​នូវ​រោគសញ្ញា​កាន់​តែ​ធ្ងន់ធ្ងរ​ពី​ជំងឺ​កូវីដ១៩ ហើយ​ជំរុញ​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​មាន​ការ​ប្រុងប្រយ័ត្នខ្ពស់។ លោកស្រី​បាន​បន្ត​ថា វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​មក​ពី​ចក្រភព​អង់គ្លេស​កំពុង​ឆ្លង​រាលដាល​ពាសពេញ​​ក្រុង​ភ្នំពេញ។

​លោកស្រីមានប្រសាសន៍​ថា៖ «យើង​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​អំពី​ស្ថានភាព​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​នា​ពេល​បច្ចុប្បន្ន។ យើងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដោយសារបញ្ហា​ជំងឺ​កូវីដ១៩​នេះ»

​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ចុះ​ផ្សាយ​នៅ​ក្នុង​របាយការណ៍​សុខាភិបាល​របស់​ប្រទេស​អង់គ្លេស​បាន​បង្ហាញ​ថា វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ពី​ចក្រភព​អង់គ្លេស​អាច​ឆ្លង​បាន​យ៉ាងលឿន និង​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​ខ្លាំង​ជាង​វីរុស​កូរ៉ូណា​ប្រភេទ​ដើម​ពី ៣០ ទៅ​១០០​ភាគរយ។

គិតត្រឹមថ្ងៃព្រហស្បតិ៍ ​កម្ពុជា​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ចំនួន ១.១៦៣ ចាប់តាំង​ពី​ករណី​ឆ្លង​ដំបូង​កាល​ពី​ខែ​មករា ឆ្នាំ២០២០ ដែល​ក្នុង​នោះ​ ៦២៥​ករណី​គឺ​ មក​ពី​ការ​ឆ្លង​នៅ​ក្នុង​សហគមន៍​នា​ពេល​ថ្មីៗ​នេះ។

​លោក ម៉េត មាសភក្តី អ្នក​នាំពាក្យ​សាលារាធានី​ភ្នំពេញ បាន​បដិសេធ​ធ្វើអត្ថាធិប្បាយហើយ​បាន​បង្វែរ​សំណួរ​មក​កាន់​ក្រសួង​សុខាភិបាល​វិញ។ លោក ងី មានហេង ប្រធាន​មន្ទីរ​សុខាភិបាល​ក្រុង​ភ្នំពេញ​ មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​នោះ​ទេ។

​​លោកស្រី Li Ailan តំណាងអង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា មិន​បាន​ឆ្លើយ​​តប​នឹង​សំណើ​ដើម្បី​សុំ​យោបល់​នោះ​ទេ។

​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក ផៃ ស៊ី​ផាន បាន​មានប្រសាសន៍ថា រដ្ឋាភិបាល​កំពុង​ប្រឹងប្រែង​ដើម្បី​គ្រប់គ្រង​ការ​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​កម្ពុជា និង​ជំរុញ​ឲ្យ​ពលរដ្ឋ​ចាក់វ៉ាក់សាំង។

លោក​មានប្រសាសន៍ថា៖ «យើង​មាន​ការ​ព្រួយបារម្ភ​ ចាប់​តាំង​ពី​ជំងឺ​នេះ​មក​ដល់​កម្ពុជា»

​រដ្ឋាភិបាល​បាន​ចាប់ផ្តើម​ចាក់​យុទ្ធនាការ​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ជាមួយ​នឹង​វ៉ាក់សាំង​ផលិត​នៅ​ចិន​ឈ្មោះ​ Sinopharm និង​ AstraZeneca ផលិត​នៅ​ឥណ្ឌា។ កម្ពុជា​ទទួល​បាន​វ៉ាក់សាំង AstraZeneca ចំនួន ៣២៤.០០០​ដូស និង​វ៉ាក់សាំង Sinopharm ចំនួន ៦០០.០០០​ដូស ខណៈ​ ៤០០.០០០​ដូស​ទៀត​​ត្រូវ​បាន​រំពឹង​ថា នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ។

​ការ​ស្លាប់​របស់​អ្នកជំងឺ​ម្នាក់​នៅ​​ថ្ងៃ​ព្រហស្បតិ៍​បាន​កើតឡើង​​ ស្រប​ពេល​ដែល​​​​លោក​នាយករដ្ឋមន្រ្តីហ៊ុន សែន​បាន​បញ្ជា​ឲ្យ​មាន​ការ​សាងសង់​កន្លែង​បូជា​សព​នៅ​ក្នុង​កាលៈទេសៈ​មាន​ការ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩។ នា​ពេល​ថ្មីៗ​នេះ បុរស​ជនជាតិ​ចិន​ម្នាក់​ ដែល​កើត​ជំងឺ​កូវីដ១៩ ក៏​បាន​ស្លាប់​នៅ​មណ្ឌល​ចត្តាឡីស័ក​នៅ​ក្រុង​ភ្នំពេញ ហើយ​​មន្រ្តី​សុខាភិបាល​​បាន​និយាយ​ថា ការ​​ស្លាប់​នោះ​គឺ​ដោយសារ​ប្រតិកម្ម​ពី​​ការ​ប្រើប្រាស់​ថ្នាំញៀន។

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន កាល​ពី​ថ្ងៃ​ពុធ​បាន​បញ្ចេញ​សារជាសំឡេង​មួយ​ទៀត ដោយ​ប្រកាស​ថា​ សណ្ឋាគារ​ចំនួន​ពីរ​ទៀត​នឹង​ត្រូវ​ប្រែផ្លាស់​ជា​កន្លែង​សម្រាប់​ព្យាបាល​អ្នក​ជំងឺកូវីដ១៩ ហើយ​​ឥឡូវ​នេះ គ្រូពេទ្យ​យោធា​ប្រមាណ ៣០០​នាក់​នឹង​ចូលរួម​ចំណែក​ជាមួយ​គ្រូពេទ្យ​ស៊ីវិល​ដើម្បី​ព្យាបាល​អ្នក​ជំងឺ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia registers its first COVID-19 death, senior official sounds the alarm

562 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម