សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ការប៉ះទង្គិចរវាងកម្ពុជា-ថៃបានឈានចូលថ្ងៃទី១១ ខណៈអ្នកស្លាប់ជាជនស៊ីវិលបានកើនឡើងដល់១៧នាក់ Updated

ទាហាន​កម្ពុជា​ម្នាក់ដែល​រង​របួស​​មក​ដល់​មន្ទីរពេទ្យ​ក្នុង​ខេត្ត​ព្រះវិហារ​បន្ទាប់​ពី​ប៉ះ​ទង្គិច​គ្នាជាមួយ​កង​ទ័ពថៃ។ រូបថតថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥។ (ខេមបូចា/ Coby Hobbs)
ទាហាន​កម្ពុជា​ម្នាក់ដែល​រង​របួស​​មក​ដល់​មន្ទីរពេទ្យ​ក្នុង​ខេត្ត​ព្រះវិហារ​បន្ទាប់​ពី​ប៉ះ​ទង្គិច​គ្នាជាមួយ​កង​ទ័ពថៃ។ រូបថតថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥។ (ខេមបូចា/ Coby Hobbs)
UPDATES:

ម៉ោង ៦:០២ រសៀល៖ ក្រសួងការពារជាតិ​បាន​លើកឡើង​ថា យោធា​ថៃ​បាន​បន្ត​បាញ់​ប្រហារ​លើ​ទីតាំង​សំខាន់ៗ​ក្នុង​ទឹកដី​កម្ពុជា​ចាប់ពី​ម៉ោង ៤:៤៥ ព្រឹក​ដល់​ម៉ោង ៣:០០ រសៀល​ថ្ងៃ​ពុធ ដោយ​កំណត់​គោលដៅ​តំបន់​នានា​រួមមាន ភូមិ​គោល៨ តាក្របី ប្រាសាទព្រះវិហារ ជាំតែ តាស៊ឹម និង​ភ្នំ៣៣៣ ក្នុង​ខេត្តឧត្តរមានជ័យ និង​ខេត្តព្រះវិហារ។

នៅ​ខេត្តបន្ទាយមានជ័យ និង​ខេត្តពោធិ៍សាត់ ក្រសួង​បាន​បន្តថា កងកម្លាំងយោធា​ថៃ​បាន​វាយប្រហារ​ភូមិ​ព្រៃចាន់ និង​ភូមិ​ជោគជ័យ ចាប់ពី​ម៉ោង ៨:០០ ព្រឹក ​ដល់​ម៉ោង ៣:០០ រសៀល ដោយ​ប្រើប្រាស់​កាំភ្លើងធំ ​រថក្រោះ និង​យន្តហោះចម្បាំង ​ដ្រូន ហើយ​ក្រសួង​បាន​ពិពណ៌នា​ថា​ជា «ឧស្ម័ន​ពុល» ស្រដៀង​គ្នា​នឹង​របាយការណ៍​មុនៗ​អំពី «ផ្សែង​ពុល»។ ចាប់ពី​ម៉ោង ៦:២៥ ព្រឹក​ដល់​ម៉ោង ៤:០០ រសៀល ក្រសួង​បានឱ្យដឹង​ថា កងកម្លាំង​ថៃ​បាន​បន្ត​បាញ់​កាំភ្លើងធំ និង​ទម្លាក់​គ្រាប់បែក​ដោយ​យន្តហោះ​ដ្រូន​នៅ​តំបន់​អូរ​ផ្លុក​ដំរី។

ក្រសួង​ក៏បានលើកឡើងទៀត​ថា យោធាថៃ​បាន​ប្រើប្រាស់​អាវុធ​ធុនធ្ងន់ យន្តហោះ​ចម្បាំង F-១៦ កាំភ្លើង​បាញ់​រ៉ុកកែត DTI-២ គ្រាប់​បែក​ចង្កោម ឧស្ម័ន​ពុល និង​ការ​ដាក់​ពង្រាយ​កងទ័ព​មួយ​ចំនួន​ធំ ដែល​ខ្លួន​បាន​ពិពណ៌នា​ថា ​ជា​ការ​រំលោភ​លើ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ធម្មនុញ្ញ​អាស៊ាន និង​ច្បាប់​អន្តរជាតិ។

លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានមានប្រសាសន៍ថា៖ «សកម្មភាព​បែបនេះបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ យើងសូមអំពាវនាវដល់ប្រទេសថៃឱ្យបញ្ឈប់សកម្មភាពឈ្លានពានទាំងអស់ និងបញ្ឈប់ការវាយប្រហារដោយមិនរើសអើងលើជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល និងទីតាំងប្រវត្តិសាស្ត្រ»​។

ម៉ោង ៤:២៤ រសៀល៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានសម្តែងអំពីក្តីបារម្ភដែលលើកឡើងដោយសហគមន៍ធុរកិច្ចអាមេរិកនៅកម្ពុជា ជុំវិញផលប៉ះពាល់ដែលអាចកើតមាននៃការរឹតបន្តឹងថ្មីរបស់ថៃលើផ្លូវដឹកជញ្ជូនតាមសមុទ្រ។

នៅក្នុងលិខិតមួយចុះថ្ងៃទី១៦ ខែធ្នូ និងផ្ញើទៅកាន់លោក Casey Barnett នាយកសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា ស្ថានទូតបានលើកឡើងថា ខ្លួនកំពុងលើកទឹកចិត្តយ៉ាងសកម្មទាំងកម្ពុជា និងថៃ ឱ្យគោរព និងវិលត្រឡប់ទៅរកគោលការណ៍នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ។

ម៉ោង ៤:០៩ រសៀល៖ គិតត្រឹមថ្ងៃពុធនេះ ក្រសួងព័ត៌មានកម្ពុជាបានលើកឡើងថា ប្រជាពលរដ្ឋចំនួន ១៣៤ ៦៦៨គ្រួសារ ស្មើនឹង ៤៤៧ ៥០៩នាក់ ដោយសារការប៉ះទង្គិចគ្នាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ត្រូវបានភៀសសឹកទៅកាន់ខេត្តចំនួនប្រាំបី។

ដោយឡែក ប្រទេសថៃបានលើកឡើងថា យ៉ាងហោចណាស់មានពលរដ្ឋរបស់ខ្លួនចំនួន ២៦៣ ២៨៥នាក់មកពីតំបន់ព្រំដែនត្រូវបានភៀសសឹក ដោយគិតត្រឹមថ្ងៃអង្គារ។

ម៉ោង ៤:៤០ រសៀល៖ សាលារាជធានីភ្នំពេញនៅថ្ងៃពុធនេះ បានចេញសេចក្តីណែនាំហាមដាច់ខាតការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន)ទាំងអស់នៅក្នុងរាជធានី ដោយលើកឡើងពីតម្រូវការដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងអំឡុងពេលមានជម្លោះព្រំដែនជាមួយប្រទេសថៃ។

សាលារាជធានីបានបន្តថា អ្នកណាដែលរំលោភលើសេចក្តីណែនាំ ឬប្រើប្រាស់អាកាសយានគ្មានមនុស្សបើកដោយគ្មានការអនុញ្ញាត នឹងត្រូវទទួលខុសត្រូវតាមច្បាប់។ សាលារាជធានីក៏បានជំរុញឱ្យប្រជាពលរដ្ឋរាយការណ៍ពីសកម្មភាពអាកាសយានគ្មានមនុស្សបើកណាមួយនៅក្នុងតំបន់ហាមឃាត់ទៅអាជ្ញាធរផងដែរ។

ម៉ោង ១១:០៧ ព្រឹក៖ ស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កងកម្លាំងយោធាថៃបន្តការបាញ់ប្រហារលើដែនអធិបតេយ្យកម្ពុជា នៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥។

ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា គិតត្រឹមម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥។

  • ម៉ោង ៤:៤៥ ព្រឹក៖ យោធាថៃបានបាញ់ផ្លោង ដោយប្រើប្រាស់កាំភ្លើង DK និងប្រភេទ ១០០មមលើរថក្រោះបាញ់ចូលភូមិសាស្ត្រតាថាវ និងបានបាញ់ផ្លោងកាំភ្លើងធំ រួមទាំងដ្រូនទម្លាក់ គ្រាប់ចូលភូមិសាស្ត្រប្រាសាទតាក្របី, ប្រាសាទតាមាន់, ថ្មដូន។
  • ម៉ោង ៧:០០ ព្រឹក៖ យោធាថៃបានបន្តបាញ់ផ្លោង និងប្រើប្រាស់ដ្រូនទម្លាក់គ្រាប់ចូលភូមិសាស្ត្រ ប្រាសាទតាក្របី, ថ្មដូន និងប្រាសាទតាមាន់

ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា គិតត្រឹមម៉ោង៨:០០នាទីព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២៥។

  • ម៉ោង ៦:២៤ ព្រឹក៖ យោធាថៃបានបន្តប្រើប្រាស់កាំភ្លើងធំបាញ់ចូលភូមិសាស្ត្រអូរភ្លុកដំរី​។
  • ម៉ោង ៦:២៥ ព្រឹក៖ យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចូលភូមិ សាស្រ្តភូមិជោគជ័យ។
  • ម៉ោង ៦:៤៦ ព្រឹក៖ កម្លាំងថ្មើរជើងរបស់យោធាថៃបានព្យាយាមរុលចូលមកខាងមុខភូមិសាស្រ្តភូមិ ជោគជ័យ។
  • ម៉ោង ៦:៤៩ ព្រឹក៖ កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះបានព្យាយាមរុលចូលមកខាងមុខភូមិសាស្ត្រភូមិព្រៃចាន់។
  • ម៉ោង ៦:៥៣ ព្រឹក៖ យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យ កម្ពុជានៅភូមិសាស្រ្តភូមិជោគជ័យ។
  • ម៉ោង ៦:៥៦ ព្រឹក៖ យោធាថៃបានបាញ់ផ្សែងពុលនៅភូមិសាស្រ្តភូមិព្រៃចាន់។
  • ម៉ោង ៧:១១ ព្រឹក៖ កម្លាំងថ្មើរជើងរបស់យោធាថៃបានព្យាយាមរុលចូលមកខាងមុខភូមិសាស្រ្តភូមិ ជោគជ័យ។
  • ម៉ោង ៧:២១ ព្រឹក៖ យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយ ចេក ខេត្តបន្ទាយមានជ័យ។

ជម្លោះព្រំដែនកម្ពុជា-ថៃបានអូសបន្លាយចូលដល់ថ្ងៃទី១១ ដោយយោធាថៃបានប្រើប្រាស់កាំភ្លើងធុនធ្ងន់ ដ្រូនទម្លាក់គ្រាប់ និងយន្តហោះចម្បាំង F-១៦ មកលើដែនអធិបតេយ្យកម្ពុជា បណ្តាលឱ្យការស្លាប់ និងរបួសរបស់ជនស៊ីវិលកើនឡើង និងទ្រព្យសម្បត្តិជាច្រើនត្រូវបានបំផ្លិចបំផ្លាញ។

ក្រសួងមហាផ្ទៃកម្ពុជាបានឱ្យដឹងថា ប្រជាពលរដ្ឋកើនឡើងដល់ចំនួន ១៧នាក់បានស្លាប់ និង ៧៧នាក់ផ្សេងទៀតរងរបួស គិតត្រឹមម៉ោង ៦ល្ងាច នៅថ្ងៃទី១៦ ខែធ្នូ ចាប់តាំងពីការប៉ះទង្គិចគ្នាឡើងវិញកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។

ក្រសួងមហាផ្ទៃបានលើកឡើងទៀតថា ជនភៀសសឹកកើនឡើងដល់ចំនួន ១៣១ ៦៧២គ្រួសារ ស្មើនឹង ៤៣៨ ៩៥៣នាក់ ត្រូវបានភៀសខ្លួន​ ក្នុងនោះមានស្ត្រី ២២៥ ៥៧២នាក់ និងកុមារ ១៣៤ ៦០២នាក់។

ការវាយប្រហាររបស់កងកម្លាំងយោធាថៃ បណ្តាលឱ្យទ្រព្យសម្បត្តិត្រូវបានបំផ្លិចបំផ្លាញ ដូចជា ផ្ទះប្រជាពលរដ្ឋជាង៥០ខ្នង សាលារៀន១ទីតាំង មណ្ឌលសុខភាព១ទីតាំង ប្រាសាទបុរណ១ វត្តអារាម៤ទីតាំង សាលាឆទាន១ទីតាំង កុដិព្រះសង្ឃ១ទីតាំង អគារការិល័យគយ និងរដ្ឋាករចំនួន១អគារ អគារកាស៊ីណូ៤ទីតាំង សណ្ឋាគារ៣ទីតាំង អគារ៣ខ្នង មណ្ឌលកសិកម្មសហគមន៍១ទីតាំង ស្ពានថ្ម១ ស្ពានដែក១ ក្បាលស្ពាន១កន្លែង ស្ថានីយ៍ប្រេង១ទីតាំង មធ្យោបាយដឹកជញ្ជូន៥គ្រឿង ឃ្លាំងទិញដំឡូង១ទីតាំង និងស្ពានបុរាណ១កន្លែង។ ក្រសួងមហាផ្ទៃបានលើកឡើង។

ក្រសួងមហាផ្ទៃបានបន្ថែមថា សេវាមូលដ្ឋាន ដូចជា រដ្ឋបាល សុខាភិបាល និងអប់រំតាមក្រុង ស្រុក ឃុំ-សង្កាត់ តាមបណ្តោយខេត្តព្រំដែនត្រូវបានផ្អាកទាំងស្រុង ដោយសារតែភាគីថៃបង្កើនការវាយប្រហារមកលើតំបន់ស៊ីវិល ទាំងតាមជើងជោគ ជើងទឹក និងជើងអាកាស។

ស្ពានមេទឹក ដែលត្រូវបានគេស្គាល់ផងដែរថាជាស្ពានជ័យជម្នះ ក្នុងស្រុកថ្មដា ខេត្តពោធិ៍សាត់ ត្រូវបានបំផ្លាញទាំងស្រុង បន្ទាប់យន្តហោះចម្បាំង F-16 របស់ភាគីថៃបានទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ នេះបើយោងតាមលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ (រូបថតពីទំព័រហ្វេសប៊ុក លោក នេត្រ ភក្ត្រា)

ក្រសួងការពារជាតិ នៅព្រឹកថ្ងៃ១៧ ខែធ្នូ បានចេញសេចក្តីអំពាវនាវ ជាសាធារណៈថា ដើម្បីចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ ព័ត៌មាន វីដេអូ ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា ផែនទី ការបង្ហាញពីការចល័ត ឬការដាក់ពង្រាយកងទ័ព ទីតាំងឈរជើង លេណដ្ឋាន (ត្រង់សេ) ជំរំជម្រក ការចល័តសព្វាវុធ ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហាររបស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, TikToK, Youtube ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត។

ក្រសួងការពារជាតិបានលើកឡើងថា ស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ យោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ និងម៉ោង៦:២៥នាទីព្រឹក យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចូលក្នុងភូមិសាស្ត្រ ភូមិព្រៃចាន់។

ព័ត៌មានថ្មី

អត្ថបទពេញនិយម