UPDATE:
ម៉ោង ១៧:២១ ៖ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភក្ត្រា មេបញ្ជាការតំបន់សឹករងខេត្តព្រះវិហារ បានផ្តល់បទសម្ភាសន៍ជូនដល់មន្ត្រីអនុព័ន្ធយោធាបរទេសចំនួន១៣ប្រទេសប្រចាំកម្ពុជា ថា គាត់ជាមេដឹកនាំសមរភូមិប្រចាំតំបន់អានសេះ ទីតាំងដែលលោកផ្តល់បទសម្ភាសន៍នេះ ជាទីតាំងសមរភូមិប្រយុទ្ធគ្នា ហើយអស់លោកអាចមើលឃើញ ទីតាំងរណ្ដៅនេះជាកន្លែងដែលយោធាថៃបានទម្លាក់គ្រាប់ និងរូបសំណាកដែលកសាងដោយប្រជជនកម្ពុជា ក៏ត្រូវបានបំផ្លាញខ្ទេចខ្ទី។
លោកបានបន្តទៀតថា ដូច្នេះ ស្ថានភាពបាញ់គ្នារយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅតាមបណ្ដោយព្រំដែនត្រូវបានបាញ់ស្រោចដោយយោធាថៃមកលើកម្លាំងយោធាកម្ពុជា អំឡុងពេលសម្រាករយៈពេល១០ទៅ១៥នាទី រូបលោកដែលឈរជើងនៅតំបន់នេះតែងតែព្យាយាមចរចាជាមួយភាគីថៃដោយសន្តិវិធី ប៉ុន្តែភាគីថៃមិនយល់ព្រមឈប់ ហើយភាគីថៃនៅតែប្រើប្រាស់អាវុធមកលើកងកម្លាំងកម្ពុជាជានិច្ច។
លោកឱ្យដឹងថា លោកនិយាយនេះមិនមែនចោទលើភាគីថៃទេ ប៉ុន្តែភាគីកម្ពុជាមានភស្តុតាងជាក់ស្តែងដូចដែលបានឃើញស្រាប់ហើយ។ អ្វីដែលថ្នាក់ដឹកនាំបញ្ជាឱ្យឈប់ គឺភាគីកម្ពុជាគោរពតាមកិច្ចព្រមព្រៀងឈប់បាញ់។ ជាក់ស្តែងនៅពេលមានបទបញ្ជាមួយឱ្យឈប់បាញ់នៅវេលាម៉ោង១២:00 ពាក់កណ្តាលអធ្រាត្រថ្ងៃទី២៩ ខែកក្កដាកន្លងមក ភាគីកម្ពុជាបានបញ្ឈប់ទាំងស្រុង។
លោក សុភក្ត្រា បន្តទៀតថា ផ្ទុយទៅវិញ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ភាគីថៃបានប្រើប្រាស់រថពាសដែនមួយគ្រឿង ជាមួយនឹងកម្លាំប្រហែលជាង៣០នាក់ បានបាញ់មកលើកម្លាំងលោកនៅទិសបុស្បូវ ជាំតែ ពួកគាត់បានបាញ់មកលើកម្លាំងលោកចំនួនពីរគ្រាប់នៃអាវុធធុនធ្ងន់ រួចហើយកម្លាំងថ្មើរជើងបានបាញ់មកលើកម្លាំងលោក។ ពេលនោះ លោកបានសុំបទបញ្ជាថ្នាក់លើថា តើឱ្យលោកធ្វើយ៉ាងម៉េច បើកម្លាំងថៃនៅតែបាញ់មកលើកម្លាំងកម្ពុជាបែបនេះ? ប៉ុន្តែថ្នាក់ដឹកនាំបានបញ្ជាថា កុំបាញ់តបត ត្រូវរត់ចូលលេណដ្ឋានលាក់ខ្លួន។ ភាគីថៃនៅពេលដែលភាគីកម្ពុជាមិនតបត ភាគីថៃបានសម្រុកបាញ់បន្ថែមមកលើកម្លាំងកម្ពុជា នៅចម្ងាយប្រមាណប្រហែល៣០ម៉ែត្រ ដូច្នេះកូនចៅលោក បានសួរលោក មេ តើត្រូវធ្វើយ៉ាងម៉េចបើពួកគេនៅតែបាញ់មកលើកម្ពុជា? លោកបានឆ្លើយថា កុំតបត ត្រូវចូលាក់ខ្លួនក្នុងលេណដ្ឋាន ព្រោះថ្នាក់លើបានបញ្ជាថា កុំឱ្យបាញ់ ព្រោះមានបទឈប់បាញ់ចូលជាធរមានហើយ។ ផ្ទុយទៅវិញ បានបង្ខំឱ្យកម្លាំងកម្ពុជាត្រូវរត់គេចខ្លួនសិន។
លោកបានបញ្ជាក់ថា កងទ័ពថៃបានកាន់កាប់លេណដ្ឋានរបស់កម្ពុជាប្រហែល៣០ម៉ែត្រ រួចភាគីថៃបានបក់ដៃឱ្យភាគីកម្ពុជាចូលទៅចរចា កម្លំាងកម្ពុជា ក្រោយពីឃើញកម្លាំងថៃបក់ដៃឱ្យឈប់ ដើម្បីចរចា កម្លាំងកម្លាំងកម្ពុជាបានត្រឡប់ទៅចរចារ។ ហើយពេលដែលចូលទៅចរចាជាមួយពួកគាត់ កម្លាំងកម្ពុជាមិនចូលទាំងស្រុងទេ «យើងចូលទៅជួបពួកគាត់តែប្រាំទៅប្រាំមួយនាក់ នៅពេលដែលជួបភាគីគាត់ គាត់ហាក់បញ្ចេញនូវដែលហៅថាកាយវិការ ទឹកចិត្តសប្បាយរីករាយជាមួយយើង ចាប់ដៃចាប់ជើង និយាយជាមួយគ្នាល្អណាស់ ប៉ុន្តែផ្ទុយទៅវិញ ក្រោយពេលយើងធ្វើសហការសន្ទនា ចរចាគ្នា ឱ្យឈប់បាញ់ទៅវិញទៅមក គេក៏ហៅថត ដើម្បីរក្សាទុកជារូបថតអនុស្សាវរីយ៍រវាងកម្ពុជា និងថៃ កងទ័ពកម្ពុជា-ថៃ ក្រោយពីមានបទឈប់បាញ់គ្នា»។
«នៅដែលឈរថត គាត់ក៏បានបញ្ជាកម្លាំងគាត់ដែលនៅក្នុងព្រៃឱ្យផ្ជុងកម្លាំងខ្ញុំដែលនៅពីក្រោយ»។ លោកបានសួរជាសំណួរទៅកាន់មន្ត្រីអនុព័ន្ធយោធាដែលមកពីប្រទេសផ្សេងៗថា តើអស់លោកឈឺចាប់ទេ នៅពេលដែលមានបទបញ្ជាឈប់បាញ់ហើយ ភាគីថៃបានប្រើកលល្បិចថោកទាបបំផុតដែលផ្ជុងមកលើកម្លាំងរបស់លោក នៅពេលដែលលោកបញ្ចេញកាយវិការស្មោះត្រង់ជាមួយគេ?។
លោក សុភក្ត្រា បន្ថែមថា៖ «ក្រោយពេលចាប់កម្លាំងខ្ញុំទាំងអស់២០នាក់យកទៅ ត្រូវបានរត់រួចម្នាក់ នៅសល់១៩នាក់ ប៉ុន្តែនៅពេលអ្នករត់រួច គាត់រត់មកដល់ លឺព័ត៌មាន គាត់ប្រាប់ថា ប្រហែលជាបាញ់សម្លាប់មុខគាត់២នាក់ទៀត»។
ម៉ោង ១៤:៣០ ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រុមផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមបានទៅដល់គ្រប់គោលដៅជនភៀសសឹក ដើម្បីអប់រំផ្សព្វផ្សាយនិងការបង្ការគ្រោះថ្នាក់ពីសំណល់គ្រាប់មិនទាន់ផ្ទុះនៅតាមគេហដ្ឋាន និងដីស្រែចម្ការភូមិស្រុករបស់គាត់ដែលរងផលប៉ះពាល់ដោយសង្គ្រាមខ្មែរ-សៀម!!។ យោងតាមការថ្លែងរបស់លោក ហេង រតនា ប្រធានអង្គការ ស៊ីម៉ាក់ (CMAC)។
មន្ត្រីអនុព័ន្ធម៉ាឡេស៊ីប្រចាំកម្ពុជា និងថៃ នឹងដឹកនាំកងកម្លាំងចុះពិនិត្យតំបន់តាមបណ្តោយព្រំដែនកម្ពុជា និងថៃដែលរងការបំផ្លាញដោយការប្រយុទ្ធគ្នាយ៉ាងសាហាវបានកើតឡើងកាលពីសប្តាហ៍មុន ខណៈប្រទេសជិតខាងទាំងពីរបានរក្សាបទឈប់បាញ់គ្នា បន្ទាប់ពីការប្រយុទ្ធគ្នាប្រាំថ្ងៃ។ យោងតាមការធ្វើសន្និសីទសារព័ត៌មានរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល និងក្រសួងពាក់ពន្ធ័នៅព្រឹកថ្ងៃពុធនេះ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បានថ្លែងថា៖ «ថ្ងៃនេះ ថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជាបានដឹកនាំអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធ ដើម្បីទៅឃ្លាំមើលទាំងទីកន្លែងទាំងការជាក់ស្តែងនៃបញ្ហាព្រំដែនកម្ពុជា-ថៃ»។
មេដឹកនាំថៃ និងកម្ពុជា បានជួបប្រជុំគ្នានៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃចន្ទ ហើយបានយល់ព្រមលើបទឈប់បាញ់ ដើម្បីបញ្ឈប់ជម្លោះដ៏សាហាវបំផុតរបស់ពួកគេក្នុងរយៈពេលជាងមួយទសវត្សរ៍ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៤៣នាក់ ភាគច្រើនជាជនស៊ីវិល និងជាង ៣០០ ០០០នាក់បានផ្លាស់ទីលំនៅនៅក្នុងប្រទេសទាំងពីរ។
មេបញ្ជាការយោធាភាគីទាំងពីរក៏បានជួបគ្នាកាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីបញ្ហាព្រំដែនជាជំហានដើម្បីរក្សាបទឈប់បាញ់។
លោកស្រីបានឱ្យដឹងថា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី លោក Mohd Nizam បានលើកឡើងថាលោកនឹងបង្កើតក្រុមអង្កេតការណ៍ចំនួនពីរ ដែលមួយក្រុម មានអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជាជាប្រធាន និងមួយក្រុមទៀត មានអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំប្រទេសថៃជាប្រធាន ដើម្បីចេញអង្កេតការណ៍នេះផងដែរ។
បន្ទាប់ពីពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរៈភូមិន្ទកម្ពុជា ហើយលោក Mohd Nizam បានដឹកនាំកម្លាំងធ្វើដំណើរទៅព្រំដែនកម្ពុជា-ថៃ កាលពីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីធ្វើការជាមួយអគ្គមេបញ្ជាការយោធភូមិភាគទី១ទី២ របស់ថៃ និងមេបញ្ជាការយោធភូមិភាគទី៣ ទី៤ និងទី៥ របស់កម្ពុជា។
អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានសម្តែងសុទិដ្ឋិនិយម និងជឿជាក់យ៉ាងមុតមាំថា សន្តិភាពនឹងកើតមានពិតប្រាកដ និងមានរយៈយូរវែង តាមរយៈកិច្ចខិតខំប្រឹងប្រែងដោយស្មោះត្រង់ តម្លាភាព និងទំនុកចិត្តគ្នាទៅវិញទៅមក។ លោកស្រីបានបន្តថា កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ និងម៉ឺងម៉ាត់ ក្នុងការគោរពនិងអនុវត្តលក្ខខណ្ឌនៃសេចក្តីប្រកាសរួមនៃបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។
លោកស្រី សុជាតា មានប្រសាសន៍ថា៖ «កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ ការរួមរស់នៅជាមួយគ្នាដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងការដំណោះស្រាយដោយយុត្តិធម៌ និងយូរអង្វែងចំពោះស្ថានការណ៍»។
នាយករដ្ឋមន្ត្រីស្តីទីរបស់ប្រទេសថៃ លោក Phumtham Wechayachai បានចោទប្រកាន់កងទ័ពកម្ពុជាថា បានបំពានបទឈប់បាញ់កាលពីព្រឹកថ្ងៃអង្គារ។ កម្ពុជាបានបដិសេធការអះអាងនេះ ដោយលើកឡើងថា កងកម្លាំងរបស់ខ្លួនបានអនុវត្តយ៉ាងតឹងរឹងចំពោះបទឈប់បាញ់តាំងពីពាក់កណ្តាលអធ្រាត្រមក នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី មានប្រសាសន៍ថា ក្រសួងបានចេញសេចក្តីថ្លែងការណ៍មួយ ដែលបដឹសែធនឹងការចោទប្រកាន់របស់ប្រទេសថៃ អំពីការរំលោភលើបទឈប់បាញ់ ហើយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តពេញលេញ និងឥតងាករេរបស់ខ្លួនក្នុងការបញ្ចប់កិច្ចព្រមព្រៀងឈប់បាញ់នេះ។
លោកបានថ្លែងថា៖ «កម្ពុជាបដិសេធជាដាច់នូវការចោទប្រកាន់របស់ប្រទេសថៃអំពីការរំលោភបំពានទៅលើកិច្ចឈប់បាញ់គ្នា អាចជាការចោទប្រកាន់មិនត្រឹមត្រូវសម្ដៅបង្កនូវការយល់ច្រឡំ យល់ខុស ហើយនិងពោរពេញទៅដោយគ្រោះថ្នាក់ សម្រាប់ដំណើរដ៏ភុយស្រួយដល់ការកសាងទំនុកចិត្តរវាងប្រទេសទាំងពីរ»។
លោក សុន្ទរី មានប្រសាសន៍ថា កម្ពុជាគាំទ្រការបង្កើតនូវយន្តការផ្ទៀងផ្ទាត់ និងត្រួតពិនិត្យដ៏រឹងមាំមួយ ហើយស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ម៉ាឡេស៊ីក្នុងការបញ្ជូនគណៈប្រតិភូមួយមកកាន់ប្រទេសទាំងពីរដើម្បីរៀបចំបង្កើតនូវយន្តការនេះ។
កម្ពុជាជំរុញឲ្យមានការបង្កើតក្រុមសង្កេតការណ៍ឯករាជ្យឱ្យបានលឿន ដើម្បីធានាតម្លាភាព ផ្ទៀងផ្ទាត់ការអនុលោមតាម និងគាំទ្រការអនុវត្តបទឈប់បាញ់។ កម្ពុជាគូសបញ្ជាក់ថា កម្ពុជាគោរពច្បាប់អន្តរជាតិក្នុងការដោះស្រាយទំនាស់ដោយសន្តិវិធី ហើយនិងបន្តការចូលរួមស្ថាបនាជាមួយប្រទេសថៃដើម្បីសម្រេចបាននូវសន្តិភាពដ៏ស្ថិតស្ថេរមួយ។
លោក សុន្ទរី បានបន្តថា កម្ពុជាបានបញ្ជូនសេចក្តីថ្លែងការណ៍នេះទៅជូនម៉ាឡេស៊ីជាប្រធានអាស៊ាន សហរដ្ឋអាមេរិក ចិន អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ព្រមទាំងស្ថានតំណាងអចិន្ត្រៃយ៍របស់ប្រទេសទាំងអស់ប្រចាំនៅអង្គការសហប្រជាជាតិ នាទីក្រុងញូយ៉ក។
ក្រសួងបានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា រាជរដ្ឋាភិបាលកម្ពុជា អរគុណម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន សម្រាប់តួនាទីរៀបចំ និងគាំទ្រកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីកាត់បន្ថយភាពតានតឹងរវាងកម្ពុជា និងថៃ។
លោក លឹម ម៉េងហួរ អគ្គនាយកនៃគណៈកម្មការកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃរដ្ឋសភាកម្ពុជា ដែលបានគូសបញ្ជាក់ពីតម្រូវការអ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីតាមដានបទឈប់បាញ់បានថ្លែងថា យោធាទាំងពីរបានព្រមព្រៀងគ្នាមិនដាក់ពង្រាយទាហានបន្ថែមទៀតនៅតាមព្រំដែនដែលមានជម្លោះរបស់ពួកគេ។
គំនិតផ្តួចផ្តើមនេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអនុព័ន្ធយោធា ដែលតំណាងឱ្យរដ្ឋសមាជិកអាស៊ាន និងមហាអំណាចមួយចំនួនមកពី១៣ប្រទេស។ ឆ្លុះបញ្ចាំងពីការទទួលស្គាល់ និងការគាំទ្រជាអន្តរជាតិយ៉ាងទូលំទូលាយចំពោះវិធីសាស្រ្តជំរុញប្រកបដោយសុច្ឆន្ទៈ និងស្ថាបនារបស់កម្ពុជាចំពោះការដោះស្រាយជម្លោះ និងតួនាទីរបស់កងកម្លាំងប្រដាប់អាវុធកម្ពុជា។
កម្ពុជាបានអំពាវនាវឱ្យមានការបង្កើតក្រុមសង្កេតការណ៍ឯករាជ្យមួយជាប្រញាប់ ដើម្បីធានាតម្លាភាព ផ្ទៀងផ្ទាត់ការអនុលោមតាមច្បាប់ និងគាំទ្របទឈប់បាញ់។
កងទ័ពថៃបាននិយាយថា ការចរចាបន្ថែមទៀតគ្រោងនឹងបន្តនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនៅថ្ងៃទី៤ ខែសីហា នៅកម្ពុជា។ គណៈកម្មាធិការដែលដោះស្រាយបញ្ហាព្រំដែន បទឈប់បាញ់ និងការដាក់ពង្រាយកងទ័ព រួមមាន រដ្ឋមន្ត្រីការពារជាតិ និងមេបញ្ជាការយោធាជាន់ខ្ពស់មកពីប្រទេសទាំងពីរ៕










