សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្ពុជា​-ថៃ នឹង​ប្រជុំ​គណៈកម្មាធិការកិច្ចការព្រំដែនទូទៅ​នៅ​ម៉ាឡេស៊ី ខណៈកិច្ចព្រមព្រៀងសន្តិភាព​ត្រៀម​ចុះហត្ថលេខា​

អ្នកភូមិព្រៃចាន់ដែលត្រូវទាហានថៃបណ្ដេញចេញពីភូមិកំពុងរងការរំខានដោយសំឡេងខ្មោចដែលចាក់រំខានដោយភាគីថៃ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។ (ខេមបូចា/ យ៉ន សូវៀត)
អ្នកភូមិព្រៃចាន់ដែលត្រូវទាហានថៃបណ្ដេញចេញពីភូមិកំពុងរងការរំខានដោយសំឡេងខ្មោចដែលចាក់រំខានដោយភាគីថៃ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។ (ខេមបូចា/ យ៉ន សូវៀត)

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ ម៉ាណែត នៅ​ថ្ងៃចន្ទនេះ បានមាន​ប្រសាសន៍​ថា ​កម្ពុជា និង​ថៃ​ មាន​គម្រោង​​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ថ្ងៃទី២៦-២៨ ខែ​តុលា ដោយមាន​វត្តមាន​របស់ភាគី​អាមេរិក​ចូល​រួម ដើម្បី​បញ្ចប់​ជម្លោះ​ព្រំដែន និង​ស្ដារទំនាក់ទំនង​ទ្វេភាគី​ឡើង​វិញ​។​

លោក​មាន​ប្រសាសន៍ក្នុងឱកាស​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​​ថា៖ «នឹង​មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​នៅ​ប្រទេស​ម៉ាឡេស៊ី»។ លោកបន្តទៀថា៖ ​«​ខ្ញុំសូមឱ្យបងប្អូនជឿទុកចិត្តនៅអភិក្រមដែលយើងបន្តដោះស្រាយ ចង់បញ្ចប់បញ្ហា បញ្ចប់ជម្លោះ ហើយនឹងការពារប្រជាពលរដ្ឋយើង ការពារទឹកដី ការពារកងទ័ងយើង»។​

លោក​បន្ថែម​ថា៖ «​យើង​ប្ដេជ្ញា​ដោះស្រាយ​​បញ្ហា​បូរណភាព​ទឹក​ដី ដោយមិន​តាម​រយៈការ​ប្រើ​កម្លាំង ប៉ុន្តែតាម​រយៈ​យន្តការ​ច្បាប់ យន្តការ​ទ្វេភាគី និង​តាមរយៈកិច្ចព្រមព្រៀង និង​សន្ធិសញ្ញា​ដែល​មាន​ស្រាប់»។​

លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា អភិក្រម​ចំនួន​បី​ត្រូវ​បាន​ដាក់ចេញ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ អភិក្រម គឺមាន៣ រួមមាន (ទី១) គឺកន្លែងណាដែលមានបញ្ហាដូចជាការប្រយុទ្ធគ្នា ដូចជាបាតុភាពនៅបន្ទាយមានជ័យ ឬយុទ្ធជន១៨នាក់ យើងត្រូវធ្វើយ៉ាងណាទប់កុំឱ្យរីករាលដាល (ទី២)រកវិធីនៅកន្លែងកើតហេតុកាត់បន្ថយនូវផលប៉ះពាល់ជាអតិបរមាឱ្យបានលឿនបំផុត និង(ទី៣) រកវិធីស្តារឡើងវិញនៅកន្លែងនោះ ពេលជាមួយគ្នាត្រូវរកវិធីបញ្ចប់ជម្លោះឱ្យបានឆាប់។​

កាល​ពី​ថ្ងៃអាទិត្យ​យោធភូមិភាគ​៤និង​៥ របស់​កម្ពុជា​បានជូនដំណឹង​​ទៅ​កងទ័ព​ភូមិ​ភាគ​១ និង​២របស់​ថៃ​អំពីការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ​ ថា​នឹង​មាន​កិច្ច​ប្រជុំ​នេះ ប៉ុន្តែ​កិច្ចប្រជុំ​នោះត្រូវ​លើក​​ទៅ​ពេលក្រោយ​កិច្ចប្រជុំពិសេសលើកទី២ នៃគណៈ​កម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ​ដែល​នឹង​ចាប់​ផ្ដើម​កិច្ច​ប្រជុំ​នៅ​ថ្ងៃទី​២០ ខែតុលា នេះ​ ក្នុង​ទីក្រុង​កូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី​។​

ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ក្នុង​ការ​រៀប​ចំ​កិច្ច​ប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ​ឡើង​វិញ ក្រោយ​ទទួល​លទ្ធផល​ពី​កិច្ច​ប្រជុំ​​គណៈ​កម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ អនុវត្តបទឈប់បាញ់ និង​លើក​កម្ពស់​សន្តិភាព និង​ស្ថិរភាព​នៅ​តាម​បន្ទាត់​ព្រំដែន​។​

រដ្ឋមន្ត្រី​ក្រ​សួង​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​បញ្ជាក់ថា ​កម្ពុជា និង​ថៃ​​យល់​ព្រម​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព ដែល​នាយក​រដ្ឋ​មន្ត្រី​ប្រទេស​ទាំង​ពីរ​នឹង​ចុះហត្ថលេខា​នៅ​​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​ចំពោះ​មុខ​​វត្ត​មាន​របស់​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ផង​ដែរ។​​

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃអាទិត្យ បាន​លើក​ពី​កង្វល់​របស់​មហាជន​មួយ​ចំនួនដែល​បារម្ភ​​អំពី​លទ្ធភាព​ដែល​កម្ពុជា​អាច​បាត់បង់ទឹក​​ដី​ទៅ​ឱ្យ​ភាគី​ថៃ​តាម​រយៈ​ការ​ចុះ​កិច្ចព្រម​ព្រៀង​ខាង​មុខ​នេះ​។ លោក​សរសេរ​​លើ​ទំព័រហ្វេស​ប៊ុក​ថា ​កិច្ចព្រមព្រៀង​បទឈប់​បាញ់ គឺ​និយាយអំពីលក្ខខណ្ឌ និងក្រមប្រតិបត្តិនានាដើម្បីបញ្ចៀសកុំឱ្យ​មានការបាញ់គ្នាឡើងវិញ និង​ធានានូវបរិយាកាសអំណោយផល ដើម្បីឈានទៅការបញ្ចប់ជម្លោះនិងស្តារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោក​​សរសេរ​ទៀត​ថា៖ «ទោះជាក្នុងកិច្ចព្រមព្រៀងទាំងពីរនេះមិនមាននិយាយអំពីបញ្ហាពាក់ព័ន្ធនឹងទឹកដី ឬព្រំដែន ក៏មិនមែនបានន័យថាភាគីណាមួយត្រូវយល់ព្រមបោះបង់សិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងទឹកដីដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួននោះទេ»។​

លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ទៀតថា ​កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ ដោយ​រាប់ទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព ដែលនឹងធ្វើឱ្យ​បាត់បង់​ដែនអធិបតេយ្យភាព និង​បូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ។ កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំ​ដែន​ចម្រុះ​កម្ពុជា-ថៃ នឹង​រៀប​ចំ​ដោះស្រាយ​បញ្ហា​ព្រំ​ដែន​ដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។ ​

កាល​ពី​សប្ដាហ៍​មុន សារព័ត៌មាន​ Khaosod របស់​ថៃ​បានរាយការណ៍​ថា​រថយន្ត​ដែល​បំពាក់​​ដោយ​​ប្រព័ន្ធ​ឧបករណ៍​បំពង​សំឡេង​ធំ ត្រូវ​បាន​រៀប​ចំ​​នៅ​ក្នុង​ភូមិ​បានណងចាន់ ខេត្ត​ស្រះកែវ ប្រទេស​ថៃ ដើម្បី​ផ្សាយ​ពី​កម្រងឯកសារ​នានា និង​បញ្ហា​ផ្សេង​ៗ​ទៀត​ដែល​ចោទ​ថា​ខ្មែរបាន​ចូល​ទន្ទ្រាន​ទឹក​ដី​ថៃពី​ថ្ងៃទី​១៧ ទៅ​១៩ ខែ​តុលា​។​

ទាក់ទង​នឹង​ការចាក់​ឧបករណ៍​បំពង​សំឡេងរំខាន​នេះ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ផ្ញើ​​បណ្ដឹង​​បន្ទាន់​មួយ​ទៅ​កាន់​ឧត្តម​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្សអង្គការ​សហប្រជាជាតិ​ ឱ្យ​ពិនិត្យ​លើ​បញ្ហា «​កា​ររំខាន​ដោយ​សំឡេង» ដែល​ភាគី​ថៃ​បាន​ប្រើ និង​ចាត់ទុក​ថា​នេះ​ជា​ការ​បំពារបំពាន និង​ធ្វើទុក្ខបុក​ម្នេញ​លើ​ប្រជា​ពល​រដ្ឋ​ខ្មែរ​។​

ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​សរសេរ​ថា៖ «ប្រព័ន្ធ​បំពង​សំឡេង​នេះ គឺ​បាន​បំពង​នូវ​សំឡេង​ខ្លាំងៗ​លើស​កម្រិត​សុវត្ថិភាព​ដែល​មនុស្ស​ជាតិ​អាច​ទទួល​យក​បាន»។​

កុមារាម្នាក់​កំពុង​គេង​ក្នុង​តង់​ក្នុង​ភូមិ​ព្រៃចាន់ ដែល​កំពុង​មាន​សំឡេង​រំខាន​ខ្លាំង​ពី​ឧបករណ៍​បំពង​សំឡេង​របស់​ទាហាន​ថៃ​​ក្នុ​ងពេល​រាត្រី ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២៥​។ (ខេមបូជា/ យ៉ន សូវៀត)

អ្នក​ភូមិ​ព្រៃ​ចាន់ អ្នកស្រី ហ៊ុល ម៉ាលិះ ឱ្យ​ដឹងថា​ ទាហាន​ថៃ​បាន​ឈូសឆាយ​ដី​ភូមិ​របស់​អ្នកស្រី​ដែល​នៅជាប់​បន្ទាត់ព្រំដែន។ អ្នកស្រី​បន្ថែម​ថា ពួក​ទាហាន​ថៃ​ក៏​បាន​ចាក់​សំឡេង​រំខាន​ពី​ម៉ោង​១០​យប់ ដល់​ម៉ោង​៣ ឬ៤​ទៀប​ភ្លឺ ពី​ថ្ងៃទី​១០ ដល់​១៤ ខែតុលា​។​

អ្នកស្រី​បានបញ្ជាក់​ថា៖ «​យើងមិន​​​បាន​ដេក​ទេ ព្រោះ​សំឡេង​ថ្លង់ពេក ហើយ​វា​រំខាន​ដល់​គ្រប់​គ្នា ​រួម​ទាំង​មនុស្ស​ចាស់ និង​កូន​ក្មេង។ អ្នកខ្លះ​បាន​ធ្លាក់​ខ្លួន​ឈឺ។ ពួកគេ​បាន​ធ្វើឱ្យ​យើង​លំបាក​ក្នុង​ការ​សម្រាកពេល​យប់។ ពួក​គេ​ចង់​បណ្ដេញ​ពួក​យើង​ចេញ​ពី​ដី​របស់​យើង»។​​

អភិបាល​រង​ខេត្ត​បន្ទាយ​មានជ័យ​លោក លី សុវណ្ណារិទ្ធិ បញ្ជាក់​នៅ​ថ្ងៃចន្ទ នេះថា ​​ការ​ចាក់​សំឡេង​រំខាន​មិន​ទាន់​បញ្ឈប់​នៅ​ឡើយ​ទេ​។​

ភាព​តាន​តឹង​នៅ​តាម​ព្រំ​ដែន​នៅ​មាន​កម្រិត​ខ្ពស់​​នៅ​ឡើយ ជាពិសេស​នៅ​ភូមិ​ព្រៃចាន់ និង​ភូ​មិ​ជោគជ័យ ​ក្នុងខេត្ត​បន្ទាយ​មានជ័យ ក្រោយ​ពី​ភាគី​ថៃ​បាន​បញ្ជា​ឱ្យ​អ្នក​ភូមិ​ខ្មែរ​ចាកចេញ​ពីភូមិ ដែល​ភាគី​ថៃអះអាងថា ​ជា​ទឹក​ដី​របស់​ពួក​គេ​។ ភាគី​ថៃ​ហៅ​តំបន់​ទាំង​នោះ​ជា​ភាសាថៃថា​ ណងចាន់ ណងយ៉ាកែវ និង​តាផាក់យ៉ា​ ដែល​ជា​ផ្នែក​មួយ​នៃ​ខេត្ត​ស្រះ​កែវ​។​

ការ​ផ្ទុះ​អាវុធ​រយៈពេល​ខ្លី​មួយ​ក៏​បាន​កើត​ឡើង​ផង​ដែរ​កាលពី​ចុង​ខែ​កញ្ញា នៅ​ជិត​ព្រំដែន​ខេត្តព្រះវិហារ ខណៈ​​ច្រក​ទ្វារ​ព្រំ​ដែន​ប្រទេស​ទាំងពី​រ​នៅ​បន្ត​បិទ​មិនឱ្យ​មានការធ្វើពាណិជ្ជកម្ម​នៅ​ឡើយ​៕​​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia-Thailand Hold GBC Meeting in Malaysia Amid Upcoming Peace Agreement

164 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម