សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្ពុជាគ្រោងជ្រើសរើសមន្ត្រីជំនាញកិច្ចសន្យា ចំពេលមានការខ្វះខាតមន្ត្រីតាមមូលដ្ឋាន

មន្ត្រីរដ្ឋាភិបាល និងមន្ត្រីរាជការចូលរួមពិធីប្រគល់ជ័យលាភីជូនសាលានិងមណ្ឌលសុខភាពគំរូ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ (ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត)
មន្ត្រីរដ្ឋាភិបាល និងមន្ត្រីរាជការចូលរួមពិធីប្រគល់ជ័យលាភីជូនសាលានិងមណ្ឌលសុខភាពគំរូ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ (ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត)

ខណៈពេលដែលធនាគារពិភពលោកបានបង្ហាញរបាយការណ៍កាលពីសប្តាហ៍មុនថា ការចំ​ណាយរបស់ប្រទេស​កម្ពុជាបានកើនឡើងដែល​ភាគច្រើន​ទៅលើ​​ប្រាក់បៀវត្សរ៍ក្នុងវិស័យរាជការស៊ីវិលដែលមិនបានផ្ដល់​គុណផល​ការងារ​​ប្រសើរ​ឡើង​ នៅពេល​នេះកម្ពុជាគ្រោងនឹងពង្រីកឱកាសសម្រាប់មន្រ្តីកិច្ចសន្យាដែល​មាន​ជំ​នាញ ដើម្បីបង្កើន​ប្រសិទ្ធភាពរដ្ឋបាលសាធារណៈ។

បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រដ្ឋាភិបាលនឹងផ្តោតលើកំណែទម្រង់ថ្នាក់​ជាតិចំនួនបី។ ទីមួយគឺកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលរួមមានការជ្រើស​រើសមន្ត្រីថ្មី។ ទី២ កំណែទម្រង់អប់រំ និងទី៣គឺ​កំណែទម្រង់សុខាភិបាល​។ លោក​បន្ថែម​ថា កំណែទម្រង់​ទាំង​បី​នេះ​មាន​សារៈ​សំខាន់ ព្រោះ​កម្ពុជា​ត្រូវ​​ការ​សេវា​សាធារណៈ​ដែល​មាន​ប្រសិទ្ធភាព។

លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ក្នុងពិធីប្រគល់ជ័យលាភី​ដល់សាលា និង​មណ្ឌលសុខភាពគំរូ​កាលពីថ្ងៃព្រហស្បតិ៍ថា ការជ្រើសរើសមន្ត្រីថ្មីក៏នឹងរួមបញ្ចូលផងដែរនូវការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា។

លោកបានមានប្រសាសន៍ថា៖ «និយមន័យនៃមន្រ្តីកិច្ចសន្យា មិនគួរគ្រាន់តែជាមន្ត្រីកិច្ចសន្យាផ្នែក​រដ្ឋបាល ឬជំនួយការប៉ុណ្ណោះទេ វាគួរតែរួមបញ្ចូលឱកាសសម្រាប់មន្រ្តីកិច្ចសន្យាដែល​មាន​ជំនាញផងដែរ។ ប្រសិន​បើ​មន្ត្រី​ទាំង​នោះ​មាន​ជំនាញ និង​បំពេញ​មុខងារ​ស្រដៀង​នឹង​មន្ត្រី​រាជការ​ដទៃ​ទៀត ពួកគាត់​ត្រូវ​តែ​ទទួល​បាន​ប្រាក់​ខែ​ដូច​មន្ត្រី​រាជការ​ធម្មតាដែរ»។

ការ​កើន​ឡើង​នៃ​មន្ត្រី​កិច្ចសន្យា​គឺ​ជា​ទម្រង់​មួយ​នៃ​ការ​វិវត្តន៍​របស់​ពិភពលោក។ នៅ​ក្នុងប្រទេសជាច្រើន រដ្ឋបាល​ស៊ីវិលត្រូវបានកាត់បន្ថយ ហើយការងារខ្លះផ្អែកលើកុងត្រា។

លោក ហ៊ុន ម៉ាណែត មាន​ប្រសាសន៍​ថា តាមពិត មន្ត្រីចូលនិវត្តន៍ក៏អាចវិលមកជា​មន្ត្រីជាប់កិច្ចសន្យាបានដែរ ដូច្នេះ​កម្ពុជានឹងមិន​ជួបប្រទះការខ្វះខាតធនធានមនុស្ស​ទេ​។ លោកថ្លែងថា៖«យើង​ត្រូវ​តែ​ចាប់ផ្តើម​​ជ្រើសរើស​ [​មន្ត្រី​ជាប់​កិច្ចសន្យា]។ យើង​ត្រូវ​ផ្តល់​​​សិទ្ធិ​និង​ឱកាស​ដល់​ [​ពលរដ្ឋ​​ដើម្បី​ដាក់​ពាក្យ​ធ្វើ​ការងារ​រដ្ឋ]»។

លោក​បាន​មាន​ប្រសាសន៍​បន្ថែមថា៖ «យើង​បាន​ពិចារណា​លើ​ក្របខណ្ឌ​ថ្មី។ ដូច្នេះ ទោះបីមន្ត្រីរាជការមានតិចក៏ដោយ ក៏យើងមិនខ្វះបុគ្គលិកដែរ ព្រោះយើងមានភាពបត់បែន [ក្នុងការជ្រើសរើស] មន្ត្រីជាប់កិច្ចសន្យា»។

លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កំណែទម្រង់នេះក៏គិតដល់ការរៀបចំឡើង​វិញនូវតម្រូវមន្រ្តីនិងផ្តោតលើការរក្សាមន្ត្រីនៅថ្នាក់មូលដ្ឋាន ដោយកត់សម្គាល់ថា អាណត្តិនេះគឺជាអាណត្តិ​ពង្រឹងប្រសិទ្ធភាព មិនមែនពង្រីកមន្រ្តីនោះទេ​។ ​ទោះបី​ជាយ៉ាងណាក៏ដោយ ប្រសិនបើក្រសួង ឬនាយកដ្ឋាននៅថ្នាក់ក្រោមជាតិត្រូវការមន្ត្រី ពួកគេត្រូវតែបង្ហាញអំណះអំណាងរបស់ខ្លួន ហើយបង្ហាញថា មុខតំ​ណែងណាខ្លះដែលខ្វះមន្ត្រី។

លោក​មាន​ប្រសាសន៍​​ថា៖«​មណ្ឌល​សុខភាព និង​សាលា​បឋម​សិក្សា​ខ្វះ​មនុស្ស [មន្ត្រី​] ដូច្នេះ​ត្រូវ​តែ​មាន​មធ្យោបាយ​បញ្ជូន​មនុស្ស​និង​​​រក្សា​ទុកពួក​គាត់​​នៅ​ទីនោះ​»។

​ការត្រួតពិនិត្យសារពើពន្ធរបស់ធនាគារពិភពលោកលើ​វិស័យអប់រំកាលពីសប្តាហ៍​​មុនបានរកឃើញការគ្រប់គ្រងធនធានមនុស្សគ្មានប្រ​សិទ្ធ​ភាព និងថវិកាត្រូវបានចំណាយច្រើន​លើប្រាក់ខែ។ ប្រាក់​ឈ្នួល​មាន​ចំនួន៧៨% នៃ​ថវិកាសម្រាប់​​អប់រំ ដោយ​វិស័យ​នេះ​មាន​ការ​បែង​ចែក​គ្រូ​មិន​ស្មើគ្នា។

ចន្លោះឆ្នាំ២០១៨​ដល់ឆ្នាំ២០២១ រាជធានីភ្នំពេញមានចំនួន​គ្រូបង្រៀនលើស​សេចក្តី​ត្រូវ​ការ​ ខណៈតំបន់ផ្សេងទៀតមាន​ការខ្វះខាតគ្រូបង្រៀន​។ នៅឆ្នាំ២០២១ មានការខ្វះខាតគ្រូបង្រៀនចំនួន១៩៨៦៧នាក់នៅតំបន់ជនបទ។ ជារួម មានទាំងចំនួន​លើស​ និងកង្វះគ្រូបង្រៀន​តាម​មុខវិជ្ជាជាក់លាក់។​

អាស្រ័យហេតុនេះ ធនាគារពិភពលោកបានស្នើឱ្យរដ្ឋាភិបាលពង្រឹងការជ្រើសរើសគ្រូបង្រៀននិងការ​បណ្តុះបណ្តាល។

ធនាគារពិភពលោកមិនបានឆ្លើយតបនោះទេ នៅពេលអត្ថបទនេះត្រូវបាន​​ចេញផ្សាយ​។

លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID) មានប្រសា​សន៍​ថា ការជ្រើសរើសមន្ត្រីចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ​អាចធ្វើឡើងតាម​ពីរទម្រង់ គឺការជ្រើសរើសមន្ត្រីក្របខ័ណ្ឌ និងមន្ត្រីជាប់កិច្ចសន្យា។

ការងាររដ្ឋបាលសាធារណៈនាពេលបច្ចុប្បន្ននេះនៅទូទាំងពិភពលោកបានផ្លាស់ប្តូរទៅរក​ប្រព័ន្ធជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ហើយថា ការជ្រើសរើសបុគ្គលិកដែលមានជំនាញឯកទេសមានសារៈសំខាន់ណាស់ក្នុងការពង្រឹងការអនុវត្តការ​ងារ ជាពិសេសក្នុងវិស័យអប់រំ និងសុខាភិបាល​។

លោក ច័ន្ទរឿន បានមានប្រសាសន៍ថា៖ «ខ្ញុំជឿជាក់ថា ការដាក់ចេញនូវគោលនយោបាយជ្រើសរើសមន្ត្រី​កិច្ចសន្យាជំនាញ គឺចាំបាច់ទាំងក្នុង​ការផ្តល់ឱកាសដល់អ្នកជំនាញ ដើម្បី​បម្រើការងារក្នុងស្ថាប័នរដ្ឋ​ និងមួយផ្នែក​ទៀត​ ដើម្បីបំពេញចន្លោះប្រហោងក្នុងស្ថាប័នរដ្ឋ​ និងបង្កើនប្រសិទ្ធភាព»។

ទោះបី​ជាយ៉ាងណាក៏ដោយ ដំណើរការជ្រើសរើសត្រូវតែមានតម្លាភាព និងគ្មាន​ការ​រើសអើង ដើម្បីទទួលបានមន្រ្តីកិច្ចសន្យាដែលមានជំនាញ និងប្រសិទ្ធភាពខ្ពស់​។

ដោយ​យល់ស្របនឹងការ​លើក​ឡើង​របស់​លោក ចាន់រឿន លោក អ៊ឹម នរិន្ទ នា​យក​កម្មវិធីនៅអង្គការ​តម្លាភាពកម្ពុជាមានប្រសាសន៍ថា ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាដែល​មាន​ជំនាញ​ នឹងជួយកែលម្អចំណុចខ្វះខាតរបស់ស្ថាប័នរដ្ឋ។

លោក នរិន្ទ បានបន្ថែមថា៖ «ប៉ុន្តែ ដើម្បីឱ្យការងារ​ដំណើរការប្រកបដោយប្រសិទ្ធភាព ការជ្រើសរើសត្រូវតែ [ធ្វើ] ប្រកបដោយតម្លាភាព តាមរយៈសេចក្តីប្រកាសជ្រើសរើសបុគ្គលិកដោយបើកចំហ ការបង្ហាញ [ច្បាស់​លាស់] ​អំពី​ភារកិច្ច​ការងារ និងជៀសវាងជម្លោះផលប្រយោជន៍»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia To Hire Contractual Public Servants, Experts Amid Local Officer Shortage

416 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម