កាលពីថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថារដ្ឋាភិបាលកម្ពុជានឹងចាប់ផ្ដើមអនុវត្តជាថ្មីនូវអនុសារណៈយោគយល់គ្នា (MoU) ជាមួយរដ្ឋាភិបាលម៉ាឡេស៊ីឡើងវិញ ដើម្បីបញ្ជូនពលករខ្មែរទៅធ្វើការតាមផ្ទះនៅទីនោះ។
ប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងនេះក្នុងជំនួបទ្វេភាគីក្នុងទីក្រុងភ្នំពេញរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri Yaakob។ ការសម្រេចចិត្តនេះធ្វើឡើងទាំងដែលសង្គមស៊ីវិលនៅបន្តបង្ហាញក្ដីកង្វល់របស់ខ្លួនអំពីការបន្តរំលោភបំពានលើស្រ្តីធ្វើការតាមផ្ទះក្នុងប្រទេសម៉ាឡេស៊ី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានថា៖ «អំបាញ់មិញ ខ្ញុំជាមួយឯកឧត្តមនាយករដ្ឋមន្រ្តី[Ismail Sabri Yaakob]បានពិភាក្សគ្នាអំពីទាក់ទងនឹងពលករធ្វើការងារតាមផ្ទះ ហើយដែលឯកឧត្តមនាយករដ្ឋមន្រ្តីបាននិយាយយ៉ាងច្បាស់ជាមួយខ្ញុំអំពីការកែសម្រួល MOUនោះ ហើយធានាថានឹងមិនមានការរំលោភបំពានណាមួយនោះទេ»។
អនុសារណៈយោគយល់គ្នារវាងប្រទេសទាំងពីរក្នុងការជ្រើសរើសពលករបម្រើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ីបានផុតសុពលភាពកាលពីឆ្នាំ២០២០។
កាលពីឆ្នាំ២០១១ រដ្ឋាភិបាលកម្ពុជាបានហាមឃាត់ភ្នាក់ងារជ្រើសរើសពលករពីការបញ្ជូនអ្នកធ្វើការតាមផ្ទះទៅកាន់ប្រទេសម៉ាឡេស៊ី ដោយសារតែពេលនោះមានសេចក្ដីរាយការពីករណីរំលោភបំពានរាងកាយ និងផ្លូវចិត្តជាច្រើន។ បន្ទាប់ពីមានបម្រាមនេះអស់រយៈពេលប្រាំឆ្នាំ រដ្ឋាភិបាលកម្ពុជាក៏សម្រេចបញ្ជូលពលករធ្វើការតាមផ្ទះទៅប្រទេសម៉ាឡេស៊ីជាថ្មីក្នុងឆ្នាំ២០១៧។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ មានប្រសាសន៍ថា គិតតាំងពីពេលនោះមក ពលករបម្រើការតាមផ្ទះចំនួន ១៧៥នាក់ត្រូវបានញ្ជូនទៅកាន់ប្រទេសម៉ាឡេស៊ី។
លោក ឲ្យដឹងទៀតថា៖ «ការងារភាគច្រើននៅប្រទេសម៉ាឡេស៊ី គឺជាអ្នកបម្រើការងារតាមផ្ទះ ហើយការងារប្រភេទនេះមិនសូវមានការពេញនិយមសម្រាប់ប្រជាពលរដ្ឋកម្ពុជាដូចពេលមុនទេ»។
អ្នកនាំពាក្យរូបនេះឲ្យដឹងទៀតថា ទោះបីជាយន្តការការពារសិទ្ធិពលករនៅក្នុងប្រទេសម៉ាឡេស៊ីមានភាពល្អប្រសើរជាងមុន តែចំនួនពលករខ្មែរចង់ទៅធ្វើការនៅម៉ាឡេស៊ីមានចំនួនតិច ដោយសារតែកត្តារួមផ្សំមួយចំនួន។ លោកឲ្យដឹងថា កម្ពុជាពេលនេះមានវិស័យឧស្សាហកម្មមួយរឹងមាំ ហើយប្រាក់ឈ្នួលក្នុងស្រុកក៏ល្អប្រសើរ ខណៈប្រាក់ឈ្នួលនៅប្រទេសជិតខាងដូចជាថៃ ក៏មានការកើនឡើង។
លោក ឲ្យដឹងទៀតថា ក្រសួងការងារកម្ពុជានឹងធ្វើការជាមួយអាជ្ញាធរម៉ាឡេស៊ីដោយផ្អែកលើយន្តការអនុសារណៈយោគយល់គ្នាដែលមានស្រាប់កាលពីឆ្នាំ២០១៧ និងកែសម្រួលផ្នែកខ្លះដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ពលករបម្រើការតាមផ្ទះ។
លោក ឌី ថេហូយ៉ា មន្ត្រីគម្រោងកម្មវិធីរបស់អង្គការសង់ត្រាល់ បង្ហាញក្ដីបារម្ភថារដ្ឋាភិបាលម៉ាឡេស៊ីមិនបានចាត់វិធានការឲ្យបានហ្មត់ចត់ដើម្បីធ្វើឲ្យលក្ខខណ្ឌការងាររបស់ពលករបម្រើការតាមផ្ទះរបស់កម្ពុជា បានល្អប្រសើរនៅឡើងក្នុងប្រទេសម៉ាឡេស៊ី។
លោក លើកឡើងថា ជាក់ស្ដែងនៅមិនទាន់មានយន្តការច្បាស់លាស់ដើម្បីធានា និងការពារពលករធ្វើការតាមផ្ទះនៅឡើយ ហើយរដ្ឋាភិបាលម៉ាឡេស៊ីទៀតសោត ក៏បរាជ័យក្នុងការដោះស្រាយបញ្ហារំលោភបំពានដែលធ្លាប់កើតមានកន្លងមកផងដែរ។
លោកបន្តថា ទោះបីជារដ្ឋាភិបាលប្រទេសទាំងពីរបានធានាការថាខ្លួននឹងការពារពលករធ្វើការតាមផ្ទះរបស់កម្ពុជាក្ដី សង្គមស៊ីវិលនៅមិនទាន់មានជំនឿចិត្តលើរឿងនេះនៅឡើង។
លោកបន្តថា៖ «យើងមិនទាន់ជឿនៅឡើយទេ ពីព្រោះយើងមិនទាន់ឃើញវិធានការថ្មី ក្រៅពីវិធានការចាស់ដែលមានស្រាប់»។
លោក ឲ្យដឹងទៀតថា ពលករខ្មែរដែលធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ីរស់នៅជាមួយម្ចាស់ផ្ទះ ហើយក៏គ្មានវិធីដើម្បីអង្កេតលើលក្ខខណ្ឌការងារដែរ ទោះបីជាតាមច្បាប់ពួកគេត្រូវធ្វើការតែប្រាំបីម៉ោងក្នុងមួយថ្ងៃ ហើយលិខិតឆ្លងដែនរបស់អ្នកទាំងនោះត្រូវបានម្ចាស់ផ្ទះដកហូតទុក ឬក៏មិនដឹងថាពួកគេអាចទាក់ទងមកអ្នកផ្ទះនៅកម្ពុជាបានដែរឬអត់។
លោកបន្ថែមថា៖ «សំណួរនៅត្រង់ថា តើពលករកម្ពុជា និងពលករប្រទេសផ្សេងទៀតដែលរងការរំលោភបំពាន និងធ្វើទារុណកម្មនៅក្នុងផ្ទះ[ម្ចាស់ផ្ទះ] នោះបានទទួលយុត្តិធម៌ហើយឬនៅ?»។
លោកលើកឡើងថាករណីកន្លងមកដែលម្ចាស់ផ្ទះធ្វើបាបស្រ្តីបម្រើការតាមផ្ទះ រដ្ឋាភិបាលទាំងពីរមិនទាន់រកយុត្តិធម៌ឲ្យពួកគេ និងដាក់ទោសម្ចាស់ផ្ទះនៅឡើយ។
ស្រ្តីវ័យ ២៩ឆ្នាំម្នាក់ឈ្មោះ ចន្នី ដែលបានត្រឡប់ពីម៉ាឡេស៊ីមកកម្ពុជាវិញកាលពីខែមករា ឆ្នាំមុន បានឲ្យដឹងថាអ្នកស្រី មិនបានទទួលប្រាក់ខែអស់រយៈពេលប្រាំបួនឆ្នាំ ពេលធ្វើការជាអ្នកបម្រើតាមផ្ទះនៅប្រទេសម៉ាឡេស៊ី។
អ្នកស្រី បានទៅធ្វើការនៅម៉ាឡេស៊ីក្នុងឆ្នាំ២០១២ ក្នុងនាមជាអ្នកបម្រើតាមផ្ទះ ដោយមានកិច្ចសន្យាការងារថាបានទទួលប្រាក់ខែ ២៥០ដុល្លារក្នុងមួយខែ ប៉ុន្តែថៅកែ ឬម្ចាស់ផ្ទះមិនបានបើកប្រាក់ខែឲ្យទេ ដោយបានសន្យាថានឹងបើកឲ្យសរុបពេលអ្នកស្រីឡប់មកស្រុកវិញ។ រហូតដល់ប្រាំបួនឆ្នាំក្រោយ អ្នកស្រីបានវិលត្រឡប់មកស្រុកកំណើតវិញក្នុងខេត្តព្រះវិហារ ដោយមិនបានទទួលប្រាក់ខែអ្វីទាំងអស់។
អ្នកស្រីឲ្យដឹងថា៖ «ស្ថានទូត[ខ្មែរ]បានជួយអន្តរាគមន៍»។ កាលពីខែសីហា ឆ្នាំមុន អ្នកស្រីបានរត់ចេញពីផ្ទះថៅកែ និងបានដាក់ពាក្យបណ្ដឹងទៅកាន់នគរបាលម៉ាឡេស៊ី និងចុងក្រោយអ្នកស្រីត្រូវបាននាំទៅកាន់ស្ថានទូតខ្មែរនៅទីនោះ។
អ្នកស្រីបន្ថែមថា៖ «សាច់ញាតិខ្ញុំគិតថាខ្ញុំបាត់ខ្លួន»។ អ្នកស្រីថា ក្រុមគ្រួសារគិតដូចច្នេះព្រោះពួកគាត់មិនដែលបានដឹងដំណឹង និងមិនដែលបានទទួលប្រាក់ពីអ្នកស្រី។
ចន្នី ឲ្យដឹងទៀតថា ដើមឡើយអ្នកស្រីត្រូវជ្រើសរើសឲ្យធ្វើជាអ្នកបម្រើការតាមផ្ទះ ប៉ុន្តែពេលទៅដល់ម៉ាឡេស៊ី អ្នកស្រីត្រូវថៅកែប្រើឲ្យធ្វើជាអ្នកធ្វើការក្នុងហាងបន្ថែមទៀត។
ក្នុងរយៈពេលប្រាំបួនឆ្នាំ អ្នកស្រីមិនអាចស្វែងរកជំនួយបានទេ។ អ្នកស្រីថា៖ «ខ្ញុំមិនស្គាល់អ្នកណាទេ ហើយរបស់របរខ្ញុំ[លិខិតឆ្លងដែន ឯកសារផ្សេងៗ] ត្រូវថៅកែដកហូត»។
អ្នកស្រីបានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាត្រូវគិតឲ្យបានច្បាស់លាស់មុនសម្រេចចិត្តទៅធ្វើជាពលករបម្រើការតាមផ្ទះនៅម៉ាឡេស៊ី។
អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ លោកស្រី មូ សុខហួរ ប្រាប់ខេមបូចា តាមអ៊ីម៉ែលថា រដ្ឋាភិបាលទាំងពីរបរាជ័យក្នុងការការពារសិទ្ធិពលករ និងបានកត់សម្គាល់ថា អនុសារណៈយោគយល់គ្នាត្រូវតែធ្វើឡើងដោយមានតម្លាភាព និងធានាការគាំពារពេញលេញដល់ពលករ ដោយផ្អែកតាមអនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ។
លោកស្រីបន្ថែមថា៖ «ក្នុងប្រទេសទាំងពីរ ប្រព័ន្ធមិនត្រឹមត្រូវ ពុករលួយ មិនអំណោយផលដល់កម្មករទេ…ការរំលោភបំពាននឹងនៅតែអាចបន្តកើតមាន ខ្ញុំបារម្ភលើរឿងនេះ»។
លោក អាន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា(MAC) មានប្រសាសន៍ថា សមាគមគាំទ្រទៅនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានអំពាវនាវឲ្យមានការកែសម្រួលអនុសារណយោគយល់គ្នា ដើម្បីធ្វើឲ្យកាន់តែប្រសើរនូវវិធានការគាំពារផ្នែកច្បាប់ដល់ពលករកម្ពុជាក្នុងប្រទេសម៉ាឡេស៊ី។
លោក បន្ថែមថា៖ «អង្គការពាក់ព័ន្ធគួរជួយផ្ដល់ជាអនុសាសន៍ យន្តការការពារផ្សេងៗ ដាក់ក្នុងអនុសារណៈយោគយល់គ្នាដែលនឹងត្រូវកែសម្រួលថ្មីនេះ និងរួមគ្នាជាមួយរដ្ឋាភិបាល ហើយសមាគមយើងក៏ជួយការពារសិទ្ធិរបស់ពលករដែរ»។
លោកឲ្យដឹងដែរថា តាំងពីមានការលើកបម្រាមមក មានពលករខ្មែរទៅធ្វើការតាមផ្ទះនៅម៉ាឡេស៊ីស្របច្បាប់ប្រហែល ១០០នាក់។ យ៉ាងណាលោកថា បច្ចុប្បន្ននេះ តាមការប៉ាន់ស្មាន មានពលករខ្មែរធ្វើការនៅម៉ាឡេស៊ីប្រហែល ៥០ ០០០នាក់ (ភាគច្រើធ្វើការតាមផ្ទះ) ហើយភាគច្រើននៃអ្នកទាំងនោះជាពលករខុសច្បាប់។
ក្រៅតែពីពិភាក្សាគ្នាលើបញ្ហាពលករបម្រើការតាមផ្ទះ មេដឹកនាំទាំងពីរក៏បានជជែកពីពាណិជ្ជកម្មទ្វេភាគី និងការជំរុញវិនិយោគដើម្បីកំណើនសេដ្ឋកិច្ចផងដែរ។ ក្រៅពីនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិយោបល់គ្នាលើបញ្ហាមួយចំនួន ដូចជាភាពតាននឹងនៅសមុទ្រចិនខាងត្បូង បញ្ហាជនភៀសខ្លួនរ៉ូហ៊ីនយ៉ា និងបញ្ហាមីយ៉ាន់ម៉ា ជាដើម។
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Ismail Sabri Yaakob ថ្លែងក្នុងសន្និសីទនោះដែរថា៖ «ខ្ញុំ និងលោកនាយករដ្ឋមន្ត្រីបានផ្លាស់ប្តូរទស្សនពាក់ព័ន្ធស្ថានការណ៍នៅមីយ៉ាន់ម៉ា។ ម៉ាទ្បេស៊ីនឹងបន្តគាំទ្រការខិតខំរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ក៏ដូចជាប្រសិតពិសេសរបស់អាស៊ានស្តីពីកិច្ចការមីយ៉ាន់ម៉ាដើម្បីដោះស្រាយស្ថានការណ៏នៅមីយ៉ាន់ម៉ា»។
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានលើកពីចំណុចឯកភាពគ្នាទាំងប្រាំចំណុច សម្រាប់ដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។ លោកថ្លែងថា៖ «យើងចង់ឃើញមីយ៉ាន់ម៉ាត្រទ្បប់ទៅប្រក្រតីភាពវិញ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia to resume sending domestic workers to Malaysia despite lack of action on abuse complaints