សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កម្ពុជានឹងដាក់ពាក្យបណ្តឹងទៅICJនៅថ្ងៃអាទិត្យសប្តាហ៍នេះ

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកនៅយប់ថ្ងៃសុក្រនេះថា ក្រសួងការបរទេសកម្ពុជានឹងបញ្ជូនលិខិតជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅថ្ងៃអាទិត្យទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ។

លោក ហ៊ុន ម៉ាណែត បានសរសេរថានៅក្នុងកិច្ចប្រជុំ គណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ ដែលនឹងធ្វើនៅថ្ងៃសៅរ៍នេះ ភាគីកម្ពុជារង់ចាំការបញ្ជាក់ជំហររបស់ភាគីថៃក្នុងកិច្ចប្រជុំ JBC ថាតើថៃនិងចូលរួមជាមួយកម្ពុជាក្នុងការយកបញ្ហានៅតំបន់ទាំងបួន ​រួមមាន តំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបីនេះទៅតុលាការយុត្តិធម៌អន្តរជាតិឬទេ ។

លោកបានបញ្ជាក់ថា​ ទោះបីជា​ ភាគីថៃមិនព្រម ឬមិនផ្ដល់ចម្លើយ កម្ពុជានឹងប្ដឹងជាឯកតោភាគីទៅ ICJ នៅតំបន់ទាំងបួននេះ ដោយក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងបញ្ជូនលិខិតជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិ ។

លោកក៏បានលើកឡើងថា ក្នុងកិច្ចប្រជុំ JBC បញ្ហាព្រំដែនពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នឹងមិនត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំ JBC នេះទេ ព្រោះកម្ពុជាបានសម្រេចយកបញ្ហាព្រំដែននៅតំបន់ទាំងបួនទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ។

ចំណែក បញ្ហាការបិទព្រំដែនក៏នឹងមិនយកមពិភាក្សា ក្នុងកិច្ចប្រជុំ JBCនោះដែរ ដោយ​លោក ហ៊ុន ម៉ាណែត លើកឡើងថា៖  «​​​​ខ្ញុំសូមបញ្ជាក់ថា កម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមបញ្ហានេះទេ។ ហេតុដូច្នេះកម្ពុជាក៏មិនត្រូវជាអ្នកដែលបញ្ចប់បញ្ហានេះមុនដែរ។ រឿងដែលកើតឡើងដោយឯកតោភាគី ត្រូវបញ្ចប់វិញដោយឯកតោភាគី។ មិនមានការចាំបាច់ចរចាគ្នានោះទេ។ អ្នកណាចាប់ផ្ដើមមុន អ្នកនោះបញ្ចប់មុនទៅជាការស្រេច» ៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម