កម្ពុជាសម្រេចបានគោលដៅមួយដ៏អស្ចារ្យដោយទទួលបានមេដាយសរុបបណ្តោះអាសន្នច្រើនជាងគេក្នុងការប្រកួតស៊ីហ្គេមលើកទី៣២ ខណៈព្រឹត្តិការណ៍មួយនេះទើបតែបើកជាផ្លូវការបានរយៈពេលជិតមួយសប្តាហ៍។
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២(CAMSOC) បានបង្ហាញថា គិតត្រឹមព្រឹកថ្ងៃទី៩ ខែឧសភានេះ កម្ពុជាឈរនៅលំដាប់លេខមួយជាប្រទេសដែលឈ្នះមេដាយបណ្តោះអាសន្នច្រើនជាងគេនៅក្នុងក្រកួតតាមប្រភេទកីឡាផ្សេងៗ ដែលខ្លួនធ្វើជាម្ចាស់ផ្ទះ ដោយទទួលបានមេដាយសរុបចំនួន១០០គ្រឿង។ ក្នុងនោះ មានមេដាយមាស៣៧គ្រឿង ប្រាក់២៩គ្រឿង និងសំរិទ្ធ៣២គ្រឿង ខណៈទើបដំណើរការប្រកួតវិញ្ញាសាបានប្រមាណពាក់កណ្តាលប៉ុណ្ណោះ។
តួលេខនេះក៏កំពុងតាមពីក្រោយដោយអត្តពលិកវៀតណាម ដែលទទួលបានមេដាយសរុបចំនួន៩៣គ្រឿង ក្នុងនោះមានមេដាយសំរិទ្ធ៣៥គ្រឿង ប្រាក់២៩គ្រឿង និងមេដាយមាសចំនួន២៩គ្រឿង។ បន្ទាប់ពីវៀតណាម ក៏មានអត្តពលិកថៃដែលមានមេដាយសរុបចំនួន៨២គ្រឿង ក្នុងនោះមានមេដាយសំរិទ្ធ៣៣គ្រឿង ប្រាក់២២គ្រឿង និងមេដាយមាស២៧គ្រឿង។
ក្នុងចំណោមវិញ្ញាសាពេញនិយមដែលកម្ពុជាទទួលបានមេដាយមាសមានដូចជា វិញ្ញាសាអុកចត្រង្គ ល្បុកតោ បាល់បោះ ការ៉ាតេ វ៉ូវីណាម និងវិញ្ញាសាជឺជីតស៊ូ ព្រមទាំងវិញ្ញាសាកីឡាមួយចំនួនទៀត។ ជាក់ស្តែងកីឡាការិនីកម្ពុជា ខាន់ ចេសា ឈ្នះបានមេដាយប្រាក់ និងមាសបន្ថែមមួយគ្រឿងទៀត លើវិញ្ញាសាជឺជីតស៊ូ ខណៈ អេវីរៈខាំឈីត ភូថង(ម៉ឺន មេឃា) ក៏នៅតែបន្តជាម្ចាស់មេដាយមាសលើវិញ្ញាសាវ៉ូវីណាម ដូចទៅនឹងការប្រកួតស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាមដែរ។
ជុំវិញលទ្ធផលនេះ អគ្គលេខាធិការCAMSOC លោក វ៉ាត់ ចំរើន បានលើកឡើងថា សមិទ្ធផលដែលទទួលបានគិតត្រឹមថ្ងៃទី៩ ខែឧសភានេះ គឺជាការសម្រេចគោលដៅដែលកម្ពុជាចង់បានមេដាយឱ្យច្រើនជាងការប្រកួតស៊ីហ្គេមនៅប្រទេសវៀតណាម ដោយកាលនោះមេដាយសរុបបានត្រឹមតែ៦៣គ្រឿងប៉ុណ្ណោះ។ ដោយឡែកនៅឆ្នាំ២០២៣នេះ កម្ពុជាទទួលបានមេដាយបណ្តោះអាសន្នចំនួន១០០គ្រឿងហើយ ក្រោយបើកព្រឹត្តិការណ៍ស៊ីហ្គេមជាផ្លូវការបានរយៈពេល៤ថ្ងៃ ដែលនេះអាចបង្ហាញថា កីឡាកម្ពុជាចាប់ផ្តើមរីកចម្រើនគួរឱ្យកត់សម្គាល់។
លោកបញ្ជាក់ថា៖ «ជាសញ្ញាណមូលដ្ឋានរឹងមាំរបស់យើងមួយដែលយើងបានលទ្ធផលល្អជាបន្តបន្ទាប់នេះ[…]វាជាកត្តាកិត្យានុម័តទៅលើអ្វីដែលជាលទ្ធផលចេញមកពីការខិតខំប្រឹងប្រែង។ បើវាចេញមកយ៉ាងម៉េច គឺវាបញ្ជាក់ពីការរីកចម្រើនហើយ»។
លោក ចំរើន ថ្លែងថា ការដែលអត្តពលិកកម្ពុជាទទួលបានលទ្ធផលល្អជាបន្តបន្ទាប់នេះ ដោយសារតែពួកគេបានតៀមខ្លួន និងមានកម្លាំងចិត្តគ្រប់គ្រាន់ក្នុងការធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍នេះ ហើយក៏ទទួលបានភាពកក់ក្តៅពីមហាជនជាងការចេញទៅប្រកួតនៅក្រៅប្រទេស។
លោកបន្ថែមថា៖ «កីឡាកររបស់យើងមានចិត្តសាស្ត្រល្អក្នុងការប្រកួត កម្លាំងចិត្តរបស់គាត់ក្នុងនាមជាម្ចាស់ផ្ទះហ្នឹងវាល្អជាងយើងទៅប្រកួតនៅប្រទេសគេ ហើយសំខាន់គឺការគាំទ្ររបស់ប្រជាជន យុវជន មហាជនហ្នឹងវាផុសផុលគ្រប់ទីកន្លែងទាំងអស់»។
ជាក់ស្តែងកីឡាបាល់ទះផ្នែកបុរសកម្ពុជាបានបង្កើតប្រវត្តិសាស្ត្រថ្មីដោយបានយកឈ្នះហ្វីលីពីន សិង្ហបុរី និងថៃ និងបានចាញ់ឥណ្ឌូនេស៊ីក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយទទួលបានត្រឹមមេដាយប្រាក់។
មិនតែប៉ុណ្ណោះ ក្រុមអត្តពលិករបស់កម្ពុជាជាច្រើនរូបទៀតក៏កំពុងតែប្រជែង និងបានកក់មេដាយជាច្រើនទៀត ដូចជាអត្តពលិកប្រដាល់គុនខ្មែរដែលកំពុងកក់មេដាយប្រាក់ជាច្រើនរូប និងត្រៀមទៅប្រកួតដណ្តើមមេដាយមាសនាពេលឆាប់ៗខាងមុខនេះ។
អគ្គលេខាធិការសហព័ន្ធប្រដាល់គុនខ្មែរ និងជាប្រធានសហព័ន្ធប្រដាល់ឃីកបុកស៊ីងកម្ពុជា លោក ហេង សុឃន បានមើលឃើញថា កីឡាកម្ពុជាបានហក់ឡើងគួរឱ្យកត់សម្គាល់ ជាក់ស្តែងដូចជាការឈ្នះបានមេដាយមាសជាបន្តបន្ទាប់ត្រឹមរយៈពេលដ៏ខ្លី។ ជាមួយគ្នានេះ លោកបានមានរំពឹងយ៉ាងមុតមាំថា វិញ្ញាសាប្រដាល់របស់កម្ពុជានឹងទទួលបានមេដាយជាច្រើននៅក្នុងព្រឹត្តិការណ៍មួយនេះ ដោយសារតែកីឡាសុទ្ធតែបានហ្វឹកហាត់គ្រប់គ្រាន់តាមបច្ចេកទេស។
លោក សុឃន បញ្ជាក់ថា៖ «ច្រើនណាស់(មេដាយ)! គ្រាន់តែ៣ថ្ងៃយើងបានមេដាយមាសរហូតដល់ជាង២០មាសបាត់ទៅហើយ។ ដូច្នេះយើងនៅច្រើនថ្ងៃទៀត ជាពិសេសវិស័យប្រដាល់គុនខ្មែរតែម្តង ដែលជាកេរ្តិ៍មរតកពីដូនតាយើង ដែលយើងធ្វើបានល្អបំផុត ដែលអាចបានមេដាយជាច្រើន»។
ទន្ទឹមនោះ ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា លោក សៅ សុខា បានសាទរចំពោះអត្តពលិកនៃកីឡាផ្សេងៗដែលយកបានមេដាយជាច្រើន ប៉ុន្តែលោកបានបង្ហាញការសោកស្តាយ និងបានប្រកាសលាលែងពីតំណែងនេះភ្លាមៗ ដោយសារលោកធ្លាប់បានសន្យាថានឹងចុះចេញពីតំណែងនេះ ប្រសិនបើមិនអាចដឹកនាំបាល់ទាត់កម្ពុជាឆ្លងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាន។ ការប្រកាសលាលែងនេះ ដោយលោកចាត់ទុកថា សមត្ថភាពរបស់ខ្លួននៅមានកម្រិតក្នុងការដឹកនាំនៅឡើយ។
លោក សុខា ថ្លែងថា៖ «កំហុសធំជាងគេគឺថាខ្ញុំមិនអាចនាំជោគជ័យជូនជាតិបាន[…]អញ្ចឹងការដែលមិនអាចយកមេដាយយកមកជូនជាតិ។ មិនបានយកកិត្តិយកមកឱ្យជាតិ នោះគឺជាការទទួលខុសត្រូវរបស់ខ្ញុំមួយ»។
ការប្រកាសរបស់លោក សៅ សុខា បែបនេះ ក្រោយក្រុមបាល់ទាត់បុរសកម្ពុជារងបរាជ័យពីសំណាក់ក្រុមបាល់ទាត់មីយ៉ាន់ម៉ាក្រោមលទ្ធផល០ទល់នឹង២ មិនអាចឡើងទៅវគ្គពាក់កណ្តលផ្តាច់ព្រ័ត្របាន។
លោក សុខា គូសបញ្ជាក់ដែរថា ការប្រកាសលាលែងពីតំណែងនេះលោកមិនហ៊ានអះអាងថាជាគំរូល្អសម្រាប់អ្នកដ៏ទៃនោះទេ ព្រោះអាចមានការគិត២ផ្សេងគ្នា គឺចាត់ទុកថាជាគំរូ ខណៈមនុស្សមួយចំនួនទៀតចាត់ទុកថាជាការកំសាកទៅវិញ។ ប៉ុន្តែយ៉ាងណាលោកថានេះជាការហ៊ានទទួលយកការពិតនូវអ្វីដែលលោកបានសន្យា។
ក្រោយការប្រកាសមិនដល់មួយថ្ងៃផង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈសារសម្លេងបានសំណូមពរឱ្យលោក សៅ សុខា បន្តធ្វើជាប្រធានសហព័ន្ធបាល់ទាត់បន្តទៀតព្រោះលោកមើលឃើញថា ចាប់តាំងពីប្រធានសហព័ន្ធរូបនេះចូលដឹកនាំមក កីឡាបាល់ទាត់កម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់។
លោកលើកឡើងថា៖ «ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមនាយឧត្តមសេនីយ៍ សៅ សុខា បន្តការដឹកនាំកីឡាបាល់ទាត់តទៅទៀត ដើម្បីការរីកចម្រើនរបស់ប្រទេសជាតិ»។
ភ្លាមៗក្រោយការអំពាវនាវនេះ លោក សៅ សុខា បានឆ្លើយតបតាមរយៈលិខិតមួយថា នឹងនៅបន្តតួនាទីជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាតទៅទៀតតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមហាជនអ្នកគាំទ្រ។ ជាមួយគ្នា លោកក៏បានស្មើឱ្យភាគីពាក់ព័ន្ធក្នុងវិស័យបាល់ទាត់កម្ពុជាទាំងអស់បង្កើនការយកចិត្តទុកដាក់ និងកែទម្រង់ឡើងវិញ ដើម្បីនិរន្តភាពនៃវិស័យនេះ។
លោកថ្លែងក្នុងលិខិតថា៖ «ខ្ញុំសូមធ្វើការអំពាវនាវចំពោះក្លិប សមាគមជាសមាជិកសហព័ន្ធកីឡាករបាល់ទាត់កម្ពុជា មន្ត្រី បុគ្គលិក គ្រូបង្វឹក អាជ្ញាកណ្តាល កីឡាករ ត្រូវបន្តធ្វើកំណែទម្រង់លើគ្រប់ផ្នែក ដើម្បីភាពជឿនលឿនថ្មីសម្រាប់វិស័យបាល់ទាត់នៅកម្ពុជា»។
រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការCAMSOCមានប្រសាសន៍កាលពីថ្ងៃបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២នៅពហុកីឡដ្ឋានមរតកតេជោ ថា ការធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២នេះ មិនត្រឹមតែសំដៅលើការរៀបចំព្រឹត្តិការណ៍កីឡាមួយមុខប៉ុណ្ណោះទេ ប៉ុន្តែត្រូវបង្ហាញពីទស្សនីយភាពជាប្រវត្តិសាស្ត្រដែលមានការទាក់ទាញ និងភាពអស្ចារ្យដែលជាលក្ខណៈពិសេសមួយនៃវប្បធម៌ខ្មែរ និងជាអត្តសញ្ញាណជាតិ ដើម្បីផ្សព្វផ្សាយដល់ពិភពលោក។
លោកបន្ថែមថា ការរៀបចំនេះនឹងធ្វើឱ្យពិភពលោកចងចាំពីទឹកចិត្តរបស់កម្ពុជាដែលទទួលស្វាមគមន៍ ចំពោះអត្តពលិកបរទេស និងគណៈប្រតិភូ ដែលចូលរួមទាំងអស់ដោយមិនគិតថ្លៃ។
លោកបន្ថែមថា៖ «កីឡាអាស៊ីអាគ្នេយ៍ដែលរៀបចំនៅឆ្នាំ២០២៣ នឹងត្រូវបានគេចងចាំដល់កិច្ចខិតខំប្រឹងប្រែង និងការលះបង់កម្ពុជាតាមរយៈការមិនគិតថ្លៃសំបុត្រទស្សនាពិធីបើក–បិទ សំបុត្រទស្សនាការប្រកួតកីឡា សិទ្ធិផ្សព្វផ្សាយទូរទស្សន៍ ព្រមទាំងការហូបចុក និងដឹកជញ្ជូន»។
គួរជម្រាបថា ប្រភេទកីឡាដែលបានដាក់ចូលក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ មានចំនួន៣៦ប្រភេទ ដោយមានវិញ្ញាសាសរុបចំនួន៥៧៩ ខណៈអត្តពលិក និងមន្ត្រីពាក់ព័ន្ធ រួមនិងគណៈប្រតិភូដែលចូលរួមសរុបមានចំនួន ១០ ៨៩០នាក់។
មន្ត្រីផ្នែកស្រាជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ លោកបណ្ឌិត ឈត ប៊ុនថង បានមើលឃើញថា ការយកចិត្តទុកដាក់ក្នុងការរៀបចំព្រឹត្តិការស៊ីហ្គេមនាឆ្នាំនេះ កម្ពុជាទទួលបានផលវិជ្ជមានជាច្រើនដែលបានបង្ហាញទៅកាន់ពិភពលោកពីទឹកចិត្តនៃការរៀបចំ និងទទួលភ្ញៀវចូលរួមដោយមិនគិតថ្លៃនៅក្នុងវេទិកាដ៏ធំមួយនេះថែមទៀត។
ជាពិសេស លោកអះអាងថា វាក៏បានបង្ហាញពីលទ្ធភាព និងសមត្ថភាពរបស់អត្តពលិកកម្ពុជាដែលអាចដណ្តើមបានមេដាយជាច្រើន ដែលអាចសបញ្ជាក់ថាកីឡាកម្ពុជាបានបោះជំហានទៅមុខហើយ។
លោកបណ្ឌិត ឈត ប៊ុនថង ថ្លែងថា៖ «យើងបានច្រើនណាស់! បានបង្ហាញនូវសមត្ថភាពរបស់យើង បទពិសោធន៍របស់យើង លទ្ធភាពរបស់យើង ក៏ដូចជាបានផ្សព្វផ្សាយនូវវប្បធម៌ អរិយធម៌របស់យើងក្នុងវេទិកាដ៏ធំនេះ[…]លទ្ធផលប៉ុន្មានថ្ងៃបន្តបន្ទាប់មកនេះ វាបង្ហាញឱ្យឃើញថាវិស័យកីឡារបស់យើងនឹងក៏មានការអភិវឌ្ឍដែរ»។
ពលរដ្ឋដែលបានចូលរួមពិធីបើកនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ កាលពីថ្ងៃទី៥ ខែឧសភាកន្លងទៅ គឺអ្នកស្រី សារុំ ស្រីណាត បានរៀបរាប់ថា កម្ពុជាបានរៀបចំយ៉ាងល្អប្រសើរជាច្រើន ពោលគឺការរៀបចំសណ្តាប់ធ្នាប់នៅក្នុងបរិវេណពហុកីឡដ្ឋាន និងការរក្សាសន្តិសុខជាដើម។ ប៉ុន្តែអ្វីដែលអ្នកស្រីមើលឃើញបញ្ហាខ្លះៗដែលគួរយកចិត្តទុកដាក់បន្ថែមគឺបញ្ហាកកស្ទះចរាចរណ៍ និងកង្វះមធ្យោបាយធ្វើដំណើរចេញពីពហុកីឡដ្ឋានមរតកតេជោ ខណៈទីតាំងរៀបចំមានចម្ងាយឆ្ងាយពីចំណតយានយន្ត។
អ្នកស្រីលើកឡើងថា៖ «អ្វីដែលមើលឃើញថានៅមានភាពខ្វះចន្លោះគឺការរៀបចំផ្លូវសម្រាប់ទៅហើយ និងពេលមកវិញ គឺមានមនុស្សច្រើនដែលពួកគាត់ពិបាកក្នុងការធ្វើដំណើរត្រឡប់មកវិញ»។
អ្នកស្រីបានស្នើឱ្យមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធទាំងអស់បង្កើនការយកចិត្តទុកដាក់ ដើម្បីឱ្យការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះទទួលបានជោគជ័យ និងកុំឱ្យមានការរិះគន់ពីមហាជននូវចន្លោះប្រហោងណាមួយ។
យ៉ាងណា បើតាមលោក វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា មន្ត្រីពាក់ព័ន្ធបានយកចិត្តទុកដាក់ល្អប្រសើរហើយ ទាំងការបម្រើសេវាដឹកជញ្ជូន សម្រួលការកកស្ទះចររាចរណ៍ និងរៀបចំចំណតយានយន្តផងដែរ ពោលគឺគ្មានបញ្ហាចោទនោះទេ។
រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី៥ ខែឧសភា បានចេញសេចក្តីជូនដំណឹងមួយដោយបានបញ្ជាក់ថានឹងបម្រើដល់ការធ្វើដំណើរទៅទស្សនាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារាហ្គេមលើកទី១២ ដោយមិនគិតថ្លៃចាប់ពីថ្ងៃទី៥ ខែឧសភា រហូតដល់ថ្ងៃទី៩ ខែមិថុនា៕