សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អាជ្ញាធរ​កម្ពុជា​​ជំទាស់​​នឹង​​​របាយ​ការណ៍​របស់​សមត្ថកិច្ច​​ថៃ​អំពី​ការ​សង្គ្រោះ​​ជន​រង​គ្រោះ​​ឆបោកនៅ​​អូរស្មាច់

ប៉ូលិសខេត្តព្រះសីហនុបានឆ្មក់ចូលបង្ក្រាបក្នុងអគារមួយកន្លែងដែលមានការឆបោកតាមអនឡាញខុសច្បាប់នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។ ហ្វេសប៊ុកប៉ូលិសខេត្តព្រះសីហនុ
ប៉ូលិសខេត្តព្រះសីហនុបានឆ្មក់ចូលបង្ក្រាបក្នុងអគារមួយកន្លែងដែលមានការឆបោកតាមអនឡាញខុសច្បាប់នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។ ហ្វេសប៊ុកប៉ូលិសខេត្តព្រះសីហនុ

មន្ត្រី​កម្ពុជា​បាន​ជំទាស់នឹង​របាយការណ៍​របស់​រដ្ឋាភិបាល​ថៃ​ដែល​ថា ​ជនជាតិ​ថៃ ១៩ នាក់​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ពី​ប្រតិបត្តិការ​​ឆបោក​​កាលពី​ថ្ងៃ​សៅរ៍សប្តាហ៍មុន​ ​នៅ​ខេត្ត​ឧត្តរមានជ័យ។

លោក ជា ពិសិដ្ឋ នាយក​​រដ្ឋបាល​​ខេត្ត​ឧត្តរ​មានជ័យ បាន​និយាយ​​ថា​៖ «​តាម​​ព័ត៌មាន​​ដែល​​បាន​រាយការណ៍​មក​ខ្ញុំ​ ​មាន​មនុស្ស​​តែ ១១ នាក់​ប៉ុណ្ណោះ​ដែល​​​បាន​​ជួយ​​សង្គ្រោះ​»។ លោក​បាននិយាយថា មនុស្សចំនួន ៧ នាក់​ត្រូវ​បាន​គេយ​កចេញពីសណ្ឋាគារឡាលីន ហើយលោក​មិនដឹងថា​៤ នាក់​ផ្សេងទៀតត្រូវ​បានជួយសង្គ្រោះពីកន្លែង​ណា​នោះទេ។ ទាំង​​១១​នាក់​​ គឺ​ជា​ជនជាតិ​ថៃ ដោយ​​មាន​៩​នាក់​ចូល​តាម​ច្រក​អូរ​ស្មាច់ និង​២​នាក់​ទៀត​ចូល​តាម​​ច្រក​ប៉ោយ​​ប៉ែ​ត។

លោក​​​​បន្ត​​​​ថា មន្ត្រី​អន្តោប្រវេសន៍​បាន​​​បញ្ជូន​​ជន​ជាតិ​ថៃ​ទាំង​​នោះ​ទៅ​​កាន់​​អធិការ​ដ្ឋាននគរបាលក្រុង​​ ដើម្បី​​សាក​​សួរ​។

លោក ពិសិដ្ឋ បានប្រាប់​ខេមបូចា​ថា រដ្ឋបាលសាលាខេត្តបានទទួលរបាយការណ៍ពីជន​រងគ្រោះចំនួន ១១នាក់ ដែល​ត្រូវបាន​ជួយ​សង្គ្រោះកាលពីថ្ងៃអាទិត្យ ហើយ​ថា នគរបាលខេត្តកំពុងធ្វើការលើករណី​នេះ និង​អនុវត្តទៅតាម​ច្បាប់។ លោក​​ថា ជនជាតិ​ថៃទាំង​នោះ​​បាន​​មក​ដល់​ប្រទេស​​កម្ពុជា​ប្រហែល​​នៅ​ថ្ងៃ​សុក្រ ដោយ​​គ្មាន​លិខិត​ឆ្លង​​ដែន ហើយក៏​​​បាន​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​កាលពី​ថ្ងៃ​​សៅរ៍​។

ការ​អត្ថា​ធិប្បាយ​របស់លោក ពិសិដ្ឋ ផ្ទុយនឹងសេចក្តីថ្លែងការណ៍របស់ក្រុមការងារស៊ូរ៉ាណារីរបស់ប្រទេសថៃ ដែល​ថា មន្ត្រីកម្ពុជា​​ប្រមាណ ៣០នាក់ បានជួយសង្គ្រោះជនជាតិថៃ ១៩នាក់ កាលពីថ្ងៃសៅរ៍ ពីក្នុង​កាស៊ីណូមួយក្បែរ​ច្រកព្រំដែនអូរស្មាច់ ដូចដែលបានរាយការណ៍ដោយកាសែតបាងកកប៉ុស្តិ៍។

យោង​តាម​អត្ថបទ​នេះ មាន​បុគ្គលិក​ប្រហែល ៥០នាក់កំពុង​ធ្វើការ​នៅប្រតិបត្តិការ​ឆ​​បោក ប៉ុន្តែប្រតិបត្តិករ​​ជនជាតិ​តៃវ៉ាន់បាន​​ចាកចេញ​ជាមួយបុគ្គលិក​​ចិន ឥណ្ឌា ឡាវ និង​វៀតណាម ​មុនការ​ចុះ​បង្ក្រាប​។ មន្ត្រី​ថៃ​បាន​​ទទួល​​ទូរសព្ទ​ពី​ជន​​រង​​គ្រោះ​ម្នាក់​​កាល​ពី​ថ្ងៃ​ទី​១៤ មីនា ហើយ​ក៏​ចាប់ផ្តើម​​​​ជួយ​សង្គ្រោះតែ​ម្តង​។ បុគ្គលិក​​ដែល​ត្រូវ​បាន​សង្គ្រោះ​បាន​​និយាយ​​ថា ភាគ​ច្រើន​នៃ​ជ​នជាតិ​ថៃ​បាន​ចូល​មក​កម្ពុជា​តាម​ច្រក​ប៉ោយប៉ែត។

សារព័ត៌មានថៃបានរាយការណ៍ថា បុគ្គលិក​ដែលមិនបានបំពេញតាម​ចំនួន​កំណត់​ទឹក​ប្រាក់​ប្រចាំថ្ងៃនៅប្រតិបត្តិការឆបោកត្រូវ​បាន​បង្ខំឱ្យ «រត់ឡើងចុះពី​លើ​អគារ» ឬត្រូ​វបានឆក់​ដោយខ្សែ​ភ្លើង​។

នៅ​ពេលអ្នកសារព័ត៌មានខេមបូចា សួរអំពីភាព​ខុស​គ្នា​ក្នុង​របាយការណ៍របស់រដ្ឋាភិបាល​ទាំងពីរនោះ លោក ពិសិដ្ឋ បាន​និយាយ​ថា លោកមិនមានព័ត៌មាន​ទាក់ទងនឹងករណីជនរងគ្រោះដែលត្រូវបានសង្គ្រោះចំនួន ១៩ នាក់​នោះទេ។ ស្ថាន​ទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា ក៏​មិន​​បាន​ឆ្លើយ​តប​នឹង​អ៊ីមែល ឬ​ការ​ហៅ​តាម​ទូរសព្ទ​​​ជា​ច្រើន​លើក​ដែរ​។

លោក ពិសិដ្ឋ បាន​បង្វែរសំណួរបន្ថែម​ទៅ​អភិបាលរ​ងខេត្ត លោក អ៊ុន សុភ័ក្រ និងម​ន្ទីរព័ត៌មានខេត្ត។ លោក អ៊ុន សុភ័ក្ត្រ បាន​បដិសេធ​​ធ្វើ​អត្ថាធិប្បាយ​។

លោក ផល លីម ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ឧត្តរមានជ័យ បាន​និយាយ​ថា អាជ្ញាធរ​ព្រំដែន​មិន​បាន​​ស្នើ​ឲ្យ​មន្ទីរ​របស់​លោក​ចូល​រួម​ប្រជុំ​ទាក់ទង​នឹង​ករណី​នេះ​ទេ ដូច្នេះ​ហើយទើប​​លោក​មិន​អាច​ផ្តល់​ព័ត៌មាន​បន្ថែម​បាន​​ទេ។ លោកបាន​​បន្ត​​ថា មន្ត្រី​ព្រំដែន​អូរស្មាច់​បាន​ជួប​ជាមួយ​​អាជ្ញាធរ​ថៃ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា​​ពេល​​ណា​​ទេ។

មាន​ស្ត្រី​​ម្នាក់​ដែល​លើក​ទូរសព្ទ​នៅ​សណ្ឋាគារឡាលីន កាលពី​ថ្ងៃ​អង្គារ ​បាន​​និយាយ​ថា ប៉ូលិស​បាន​ជួយ​សង្គ្រោះ​មនុស្ស ៧ នាក់​ពី​សណ្ឋាគារ ប៉ុន្តែ​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​​បន្ថែម​​ទេ។

លោក ប៉ែន កុសល អភិបាលខេត្តឧត្តរមានជ័យ បានប្រាប់ ខេមបូចា​​នៅថ្ងៃ​អង្គារ​ថា «យើងបាន​ជួយសង្គ្រោះមនុស្ស ១១នាក់​» ប៉ុន្តែ​លោក​បដិសេធផ្តល់ព័ត៌មានលម្អិត​ទេ។

លោក ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បាន​និយាយ​ថា អាជ្ញាធរថៃបានទាក់ទងកាស៊ីណូអូរស្មាច់មួយ​ដែលមានអាជ្ញា​បណ្ណកាលពីថ្ងៃសៅរ៍ ពាក់​ព័ន្ធ​នឹង​ពាក្យ​បណ្តឹង ទោះបីជាលោកអះអាងថាមិនដឹងថាកាស៊ីណូណាមួយ​ក៏ដោយ។ អូរស្មាច់​មានកាស៊ីណូចំនួនពីរដោយ រមណីយដ្ឋានអូរស្មាច់ គ្រប់គ្រងដោយក្រុមហ៊ុន L.Y.P Group របស់ឧកញ៉ា លី យ៉ុងផាត់ និង រ៉ូយ៉ាល់ ហ៊ីល រីសត ដែលជាកម្ម​សិទ្ធិរបស់ឧកញ៉ា លឹម ហេង។ ​តាម​លោក សុធី អាជ្ញាធរ​ថៃ​បាន​​ជួប​ជាមួយ​ម្ចាស់​កាស៊ីណូ ហើយ​បុគ្គលិក​កាស៊ីណូ​បាន​ទាក់ទង​ទៅ​ប៉ូលិស​ព្រំដែន​កម្ពុជា​អំពី​ពាក្យ​បណ្តឹងនោះ​។

លោក សុធី បាន​និយាយ​ថា៖ «ថៃបាន​និយាយថា​មនុស្ស ១៩ នាក់ត្រូវបានជួយសង្គ្រោះ ប៉ុន្តែខ្ញុំបានដឹងថាមានមនុស្សតែ ៧ នាក់​ប៉ុណ្ណោះ»។ លោក​បាន​បន្ត​​ថា៖ «ខ្ញុំ​មិន​ប្រាកដ​ថា​តើ​គេ​បូក​​ដោយ​របៀប​ណា​នោះ​ទេ»។ លោក​បាន​បញ្ជាក់​ថា ជនជាតិ​​ថៃ ៧ នាក់​ប្រហែល​ជា​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​​ថៃ​​វិញ​។

លោក សុធី​ បាន​ជំទាស់​នឹង​របាយការណ៍​ដែល​ថា មាន​​មន្ត្រី​ខ្មែរ​៣០​នាក់​បាន​ចុះ​បង្ក្រាប​​ទីតាំង​​ឆបោក។ លោក​បាន​ប្រាប់​ខេមបូចាទាំង​សើច​​​ថា នៅពេលអាជ្ញាធរថៃបាន​ចូលមក​ដល់​ព្រំដែន​កាលពីថ្ងៃសៅរ៍ ប៉ូលិស​និងមន្ត្រី​កម្ពុជាបាន​ជួប​ជុំ​គ្នា​ ដើម្បីសង្កេត​មើល​អ្វីដែលកំពុង​កើតឡើង ហើយ «គ្រាន់​តែអង្គុយ​ផឹកកាហ្វេនៅជិត​ច្រកព្រំដែន​ប៉ុណ្ណោះ​»។

លោក​​​​ថា មាន «វាការ​យល់ច្រឡំ» ហើយមន្ត្រី​កម្ពុជា​មិន​ត្រូវ​បាន​​អាជ្ញាធរ​ថៃ​ជូន​ដំណឹង​ជាមុនទេ។

លោក​អះអាង​ថា មិន​ដឹង​ថា​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ពី​ណា​​ទេ ព្រោះ​អាជ្ញាធរ​ថៃ​មិន​​បាន​ផ្តល់​ព័ត៌មាន​​ដល់​មន្ត្រី​កម្ពុជា​​ឡើយ​។

លោក ឡុង សាគុន្ធ ស្នងការរងនគរបាលខេត្តទទួលបន្ទុកអន្តោ​ប្រវេសន៍បាននិយាយ​ថា៖ «រឿងនេះមិនបានកើតឡើងទេ ហើយខ្ញុំក៏មិនដឹងអំពីរឿងនេះដែរ»។

លោក​​បាន​និយាយ​ទ​​ថា៖ «ខ្ញុំ​នៅ​ទី​នេះ [នៅ​ខេត្ត] ហើយ​រឿង​ហ្នឹង​មិន​​បាន​កើត​ឡើង​​​ទេ»​។

លោក សុខ វាសនា អគ្គ​នាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​​ថ្លែង​​ថា លោក​មិន​បាន​​ដឹង​ពី​ការ​ជួយ​សង្គ្រោះ​ជនជាតិ​​ថៃ ១៩ នាក់​​នោះ​​ទេ។

លោក ហម សុខ​ហួយ អធិការរង​ក្រុងទទួលបន្ទុក​អន្តោប្រវេសន៍បាន​និយាយ​ថា លោកចាំបាច់ត្រូវមានការណែនាំពីស្នងការនគរបាលក្រុង​សិន មុននឹងធ្វើអត្ថាធិប្បាយ​។ អធិការ​​​ក្រុង​សំរោង លោក ហម​ ភិរុណ បាន​បដិសេធ​​ធ្វើ​អត្ថា​ធិប្បាយ​​។

លោក អ៊ុក ប៊ុនអ៊ុយ នាយ​ប៉ុស្តិ៍នគរបាលសង្កាត់​អូរ​ស្មាច់ បាន​និយាយ​ថា លោកមិនដឹ​ងអំពីជនរងគ្រោះដែល​បានជួយសង្គ្រោះទាំង១៩នាក់នោះទេ​ ហើយលោកក៏មិនបានដឹងអំពីមនុស្ស​ដែលត្រូវ​គេ​បានជួយសង្គ្រោះពីសណ្ឋាគារឡាលីនដែរ។ លោក​​បន្ត​​ថា ក្នុង​អំឡុង​​ពេល​ស៊ើបអង្កេត​កន្លង​មក​នៅ​កាស៊ីណូ​ទាំង​ពីរ​នៅ​ក្នុង​ក្រុង​ អាជ្ញាធរ​មូល​ដ្ឋាន​ដូច​ជា ប៊ុន អ៊ុយ មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឱ្យ​ចូល​​ឡើយ ។

នេះមិនមែនជាលើកទីមួយទេ ដែលអាជ្ញាធរកម្ពុជា បាន​​ជំទាស់នឹងរបាយការណ៍របស់អាជ្ញាធរ​ប្រទេស​ផ្សេងទៀត ពាក់​ព័ន្ធ​នឹង​ការសង្គ្រោះក្នុងទីតាំង​ឆបោក​។ កាល​​ពី​ខែ​ធ្នូ អាជ្ញាធរ​ថៃ​បាន​រាយការណ៍​​ថា មាន​ជន​ជាតិ​ថៃ ៩ នាក់​​បាន​​​បង្ក​អគ្គិសភ័យ​​នៅ​ក្នុង​​កាស៊ីណូ ពូលី (PuLi) ក្នុង​ក្រុង​ប៉ោយប៉ែត ដើម្បី​​គេច​ចេញ​​ពី​ប្រតិបត្តិការ​ឆបោក​ដោយ​​ហិង្សា​ បន្ទាប់​​​ពី​ចាញ់​បោក​​បញ្ឆោតឲ្យ​​ចូល​ប្រទេស​កម្ពុជា​ដោយ​ការ​សន្យា​​មិន​ពិត​​អំពីការទទួល​បាន​​ការងារ​នៅ​​​កាស៊ីណូ។

អាជ្ញាធរ​កម្ពុជា​បាន​ជំទាស់​នឹង​​របាយការណ៍​​នេះ​ ដោយ​អះអាង​​ថា ជនជាតិ​ថៃ​មិន​​មែន​ជា​ជនរងគ្រោះ​នៃ​ការ​ជួញ​ដូរ​មនុស្ស មិន​​ធ្លាប់​ទទួល​រង​អំពើ​​ហិង្សា​ពី​សំណាក់​​ថៅកែ​ទេ ហើយពួក​គេ​​​បាន​ដុត​​បន្ទប់​ក្នុង​អគារ​​ដោយ​សារ​តែ​​ឈ្លោះ​ទាស់​ទែង​គ្នា​។​

កាល​ពី​ខែ​សីហា ស្ថានទូត​ឥណ្ឌូនេស៊ី​នៅ​ភ្នំពេញ​បាន​ប្រកាស​​ថា ពលរដ្ឋ​ឥណ្ឌូនេស៊ី ៤១ នាក់​ត្រូវ​បាន​ធ្វើ​មាតុភូមិ​និវត្តន៍​ ក្រោយពី​​​សង្គ្រោះ​​ពី​​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ​ ប៉ុន្តែ​​មន្ត្រី​ប៉ូលិស​កម្ពុជា​​បាន​អះអាង​ថា ពួក​គេ​​មិន​មែន​ជា​ជន​រងគ្រោះ​​ទេ​។

កន្លង​មក ជន​​បរទេស​ត្រូវ​បាន​​គេ​ជួញ​ដូរ​ទៅ​​អូរ​ស្មាច់ ក្នុង​​ទីតាំង​អគារ​​របស់​​លោក លី យ៉ុងផាត់។ យោង​តាម​របាយការណ៍ពី​កាសែត New York Times នៅក្នុងខែ​សីហា បុគ្គលិក​បានរាយការណ៍ថា «ពួក​គេ​ត្រូវ​បាន​​បង្ខាំង និង​​ជួយសង្គ្រោះជាយថាហេតុ» ពី​ទីតាំង​ទាំ​ង​នេះ។ បុរស​ជន​ជាតិហ្វីលីពីនម្នាក់បានរាយការណ៍ថា ខ្លួន​ត្រូវ​គេ​បោកបញ្ឆោតឱ្យទៅតំបន់នេះជាមួយនឹងការសន្យាមិនពិត​នៃការ​ទទួល​បាន​ការងារផ្នែក​សេវា​អតិថិជន តែ​ផ្ទុយទៅវិញ​ ខ្លួន​ត្រូវ​ជាប់​ឃុំ​នៅក្នុងទីតាំង​ឆបោកក្នុងអគារមួយ ដែលមន្ត្រីមូលដ្ឋាន​បាន​បង្ហាញ​ថាជាកម្មសិទ្ធិរបស់លោក លី យ៉ុងផាត់។ នៅទី​នោះ បុរស​ជន​ជាតិហ្វីលីពីន​បាននិយាយថា ខ្លួន​ត្រូវ​បុរស​ប្រាំ​នាក់​​ទាត់​​ធាក់ ដាល់ និង​វាយនឹងដំបង និងបំពង់ទីប នៅពេលដែល​ខ្លួន​ព្យាយាម​​រត់​ចេញ។

ប្រព័ន្ធ​ផ្សព្វផ្សាយក្នុងស្រុក​បានរាយការណ៍​កាលពីខែតុលាថា មាន​បុរសជនជាតិវៀតណាមម្នាក់បាន​លោតពីលើ​អគារផ្ទះល្វែងក្នុងបរិវេណរមណីយដ្ឋាន​អូរស្មាច់​ ហើយក្រោយមកបានស្លាប់។ ក្នុង​ឆ្នាំ២០២០ សារព័ត៌មាន​ក្នុងស្រុក​ផ្សេងទៀត​បាន​រាយការណ៍​ថា មាន​ស្ត្រីជនជាតិចិនម្នាក់​បានលោតស​ម្លាប់ខ្លួនពីជាន់ទី ២ នៃសណ្ឋាគារក្នុងបរិវេណ​តែមួយ​។ សារព័ត៌មានក្នុងស្រុក​បានរាយការណ៍កាលពីឆ្នាំ ២០១៨ ជនជាតិចិនពីរនាក់ និងស្ត្រីខ្មែរម្នាក់ត្រូវ​ចាប់​ខ្លួន​ពីបទ​លួចទូរសព្ទដៃ​ចំនួន ១៤៣ គ្រឿងពីក្រុមហ៊ុន​អនឡាញមួយ ​ដែល​ប្រតិបត្តិការនៅក្នុង​រមណីយដ្ឋានអូរស្មាច់​។

ការ​ចុះ​បង្ក្រាប​​ថ្មីៗ​នៅ​ខេត្ត​​ព្រះសីហនុ៖ «គ្រាន់​តែជា​​ការ​សម្តែង​ឲ្យ​​​​មើល?»

ការ​​សង្គ្រោះ​​ជន​រង​គ្រោះ​នៅ​ខេត្ត​​ឧត្តរ​មាន​ជ័យ​​​បាន​​ធ្វើ​ឡើង បន្ទាប់​ពី​ការ​ចុះ​បង្ក្រាប​​ទ្រង់ទ្រាយ​ធំ​ចំនួន​​ពីរ​ដែល​បាន​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ដើម​​ខែ​នេះ​។

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា​បាន​បញ្ជាក់​ក្នុង​ហ្វេស​ប៊ុក​ថា​៖ «​គោលដៅ​នៃ​ប្រតិបត្តិការ​បង្រ្កាប ​គឺ​ដើម្បី​លុបបំបាត់​ទីតាំង​ឆបោក​តាម​អនឡាញ​ទាំងអស់​ក្នុង​ខេត្ត​ព្រះសីហនុ»​​។

នាយកដ្ឋានបានរាយការណ៍ថាបានរកឃើញជនបរទេសចំនួន១៧២ នាក់​ក្នុងអំឡុងពេលចុះ​បង្ក្រាប​នៅអតីត​កាស៊ីណូប៉ារាដាយ អាយឡែន កាល​ពីថ្ងៃទី ៩ ខែ​មីនា​។ មនុស្ស​ដែលបានរកឃើញរួមមាន​ជនជាតិវៀតណាមចំនួន១០៩ នាក់ ជនជាតិថៃចំនួន ៥៤ នាក់ ជន​ជាតិតៃវ៉ាន់ ៨ នាក់ និងជនជាតិចិនម្នាក់​ដែលត្រូវ​បានបញ្ជូន​ទៅនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបណ្តេញ​ចេញ​។ ជនជាតិ​វៀតណាម​ទាំង​នោះ​ត្រូវ​បាន​បណ្តេញ​ចេញ​កាលពី​ថ្ងៃ​ទី​១១ មីនា​។ លើស​ពី​​នេះ អា​ជ្ញាធរបាន​បង្ហាញ​អ​ត្តសញ្ញាណ​​​អ្នកគ្រប់គ្រងជនជាតិតៃវ៉ាន់៤នាក់ និងអ្នកគ្រប់គ្រងជនជាតិចិនម្នាក់ ដែលត្រូវបានបញ្ជូន​ទៅតុលាការ​​ខេត្ត។

ខេមបូចា​​បាននិយាយជាមួយអាជីវករ និងអ្នករត់​​កង់បី ដែលធ្វើការនៅខាងក្រៅអតីតកាស៊ីណូ​ ប៉ារាដាយ អាយឡែន​ កាលពីថ្ងៃទី១១ ខែមីនា។ អ្នក​ស្រុក​​បានរាយ​ការណ៍ថា មានការភ្ញាក់​ផ្អើល​នៅពេល​ឮសំឡេង​សារ៉ែន ខណៈដែល​រថយន្ត​កងរាជ​អាវុធ​ហត្ថ និង​ប៉ូលិសបាន​ឡោមព័ទ្ធ​ជុំវិញបរិវេណ​នេះ​ ហើយ​មន្ត្រីបាន​មកដល់​​ដោយ​កាន់​កាំភ្លើង​ជ្រោង​ច្រាង​។

អ្នក​លក់​កាហ្វេ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​ជៀសវាងមាន​​បញ្ហា​នៅ​​ថ្ងៃ​អនាគត​ បាន​និយាយ​ថា​៖ «សមត្ថ​កិច្ច​​​កាន់​កាំភ្លើងគ្រប់​ដៃ​។ តើអ្នក​ណា​មិន​ខ្លាច​ ។ អ្នកស្រីបានបន្ថែមថា៖ «នេះជាលើកដំបូងក្នុងជីវិតរបស់ខ្ញុំដែលឃើញរឿងបែប​នេះ។ ដូច​នៅក្នុងរឿង​កុនអ៊ី​ចឹង ​នៅពេល​ដែល​ពួក​គេស្ទុះ​​​ចេញពីឡាន​ ដោយ​​មាន​​កាំភ្លើងគ្រប់​ដៃ​។ ពួក​​គេ​​​បាន​​​គំរាម​​​ថា​ ​​បើ [​អគារ​] មិន​​បើក​​ទ្វារ​​ទេ​​​នោះ​​នឹង​​បាញ់​​​តែ​ម្តង​»។

អ្នក​ស្រី​​បាន​​​បន្ត​​​ថា កម្លាំងសមត្ថកិច្ច​​​បាន​​​ព្រមាន​​​អ្នក​​​ឈរ​មើល​​​កុំ​ឲ្យ​ថត​​​រូប ឬ​​វីដេ​អូ បើ​​​មិន​​​ដូច្នេះ​​ទេ​​ពួក​គេ​​​នឹង​​មាន​​បញ្ហា​​។

ស្ត្រី​​ម្នាក់​​ទៀត​ដែល​​​លក់​​អាហារ​នៅ​ទី​នោះ​ដែរ​​បាន​និយាយ​ទាំង​លាន់​​មាត់​​ថា៖ «គេ​​មានកាន់​​កាំភ្លើង​គ្រប់​​ដៃ។ មាន​មន្ត្រីម្នាក់​បាន​សួរខ្ញុំថា ខ្លាច​ឬ​អត់។ ខ្ញុំបានប្រាប់គាត់​ថា នេះជា​លើកទីមួយរ​ហើយ​ដែលបាន​ឃើញ​រឿង​​បែប​​នេះ»។

រថយន្ត​កង​រាជ​អាវុធ​​ហត្ថ​បាន​​ចត​​នៅ​មុខ​​អគារ​ដែល​ទើប​ចុះ​​បង្ក្រាប​​​ក្នុង​​ខេត្ត​​ព្រះសីហនុ កាល​​​ពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២៤។ (ខេមបូចា/ម៉ិច ដារ៉ា)

អ្នក​បើកបរកង់​បី​ម្នាក់​ ដែលរត់​កង់​បី​នៅតំបន់នោះ បានប្រាប់ ខេមបូចា​ថា ទីតាំង​ឆបោកនៅអតីតកាស៊ីណូ ប៉ារាដាយ អាយឡែន បាន​ដំណើរការ​អស់រយៈពេលប្រាំមួយ​ឆ្នាំមក​ហើយ​ ហើយ​ជាកម្មសិទ្ធិរបស់មន្ត្រីយោធាដ៏មានឥទ្ធិពល​ម្នាក់​។

លោក​បាន​បន្ត​ថា​៖ «​ទោះ​ជា​វា​ជា​កម្មសិទ្ធិ​របស់​បុគ្គល​មាន​អំណាច​ក៏​ដោយ ក៏​ពួកគេ​​បាន​ចុះ​បង្ក្រាប​ដែរ​។ ប៉ុន្តែ​ការ​ចុះ​បង្ក្រាប​នេះ ​គឺ​គ្រាន់​តែ​ជា​ការ​សម្តែង​ឲ្យ​យើង​​ឃើញ​​ប៉ុណ្ណោះ។ វា​ជា​អ្វី​ដែល [រដ្ឋាភិបាល] ចង់​ឲ្យ​យើង​​ឃើញ»​។

​តាម​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ការ​ចុះ​បង្ក្រាប​​មួយ​​ទៀត​ត្រូវ​​បាន​ធ្វើ​ឡើង​កាល​​ពី​ថ្ងៃ​ទី​១០ ខែ​មីនា នៅ​ទីតាំង​មិន​បញ្ចេញ​ឈ្មោះ​​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​ស​មត្ថកិច្ច​បាន​​រក​ឃើញ​ជនជាតិ​ខ្មែរ​ចំនួន ២៧៩ នាក់។ ជនជាតិ​មីយ៉ាន់ម៉ា​ម្នាក់ និង​ជនជាតិ​​ចិន ២៧​នាក់​ក៏​​ត្រូវ​បាន​រក​ឃើញ​​ដែរ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​នាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​បណ្តេញ​ចេញ​។

ពលរដ្ឋមូលដ្ឋានបានប្រាប់អ្នកយកព័ត៌មានខេមបូចា​​ថា ការចុះ​បង្រ្កាបលើកទី២ បានកើតឡើងនៅភូមិ៣ ភូមិ២ ក្នុងក្រុងព្រះសីហនុ។ អ្នក​រត់ម៉ូតូឌុប និង​កង់​បី​នៅខាងក្រៅសណ្ឋាគារហួង​គ័ន រីសត បាន​និយាយ​ថា ការចុះ​បង្ក្រាប​ទ្រង់​ទ្រាយ​ដ៏ធំមួយបានកើតឡើងនៅទីតាំង​នេះ​កាលពីថ្ងៃទី១០ ខែមីនា។

មាន​ប៉ូលិស និង​កង​រាជ​អាវុធ​ហត្ថ​មួយ​ចំនួន​​​នៅ​តែ​​ឈរ​ជើង​នៅ​ខាង​ក្នុង​សណ្ឋាគារ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា ដោយ​​មាន​រថយន្ត​ប៉ូលិស​ចត​នៅ​​ខាង​​ក្រៅ។ អ្នកយកព័ត៌មានខេមបូចា​ បាន​និយាយជាមួយ​អ្នករត់ម៉ូតូ​ឌុប និងអ្នករត់​កង់​បី៣នាក់ ដែលរត់​នៅតំបន់នោះ។

យោងតាមអ្នករត់​ម៉ូតូឌុប នៅថ្ងៃ​ចុះ​បង្ក្រាប​នោះ មាន​រថយន្តប៉ូលិសជា​ច្រើន​ ហើយ​សមត្ថកិច្ច​សុទ្ធតែ​កាន់​កាំភ្លើង​គ្រប់​ដៃ​ គឺ​បានមកដល់សណ្ឋាគារហួងគ័ន រីសត។ រថយន្តក្រុងក៏​បាន​មក​ដល់​ដែរ​ បន្ទាប់​​ពីការ​ចុះ​​បង្ក្រាប​ ហើយ​បានដឹ​​កកម្មករខ្មែរភាគច្រើនទៅកាន់ស្រុកកំណើតរបស់ពួកគេវិញ​។ អ្នក​រត់ម៉ូតូឌុប​ម្នាក់ដែល​សុំមិនបញ្ចេញឈ្មោះ ព្រោះខ្លាច​មាន​បញ្ហាទៅថ្ងៃមុខ​​ជា​មួយ​​សមត្ថ​កិច្ច បាន​និយាយថា ពល​ករ​ខ្មែរ​ខ្លះ​​បាន​​ចេញ​ពីបរិវេណមុន​មន្ត្រី​មក​ដល់។

អ្នករត់​ម៉ូតូឌុប​បាននិយាយ​ថា ប្រតិបត្តិការ​ឆបោកបានដំណើរការជិតមួយឆ្នាំមក​ហើយ ហើយមានប្រ​តិបត្តិការឆបោកតាមអនឡាញ​ជាច្រើនទៀតដែលនៅតែដំណើរការនៅក្នុងតំបន់​នេះ។ បុគ្គ​លិក​​មក​​​​ពី​សណ្ឋាគារ​​បាន​​ប្រាប់​​អ្នក​​រត់​ម៉ូតូ​ឌុប​​​ថា ពួក​​គេ​​មិន​​ទាន់​បាន​បើក​​​ប្រាក់​ខែ​នៅ​ឡើយទេ​។ បុគ្គ​លិក​ជាច្រើនមាន​អាយុច​ន្លោះពី ១៥ ទៅ២០ ឆ្នាំ ហើយ​បានប្រាប់អ្នករត់​ម៉ូតូ​ឌុប​ថា ពួកគេបាន​ប្រឡង​​វិទ្យាល័យ​ធ្លាក់។ ពួក​គេមក​ពីខេត្តកំពង់ស្ពឺ ព្រៃវែង ស្វាយរៀង កំពង់ចាម កំពង់ឆ្នាំង និង​កំពត។

អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​​បាន​និយាយ​ថា៖ «អ្នក​ដែល​រស់​នៅ​ក្នុង​អគារ​កម្រ​ឃើញ​ចេញ​មក​ខាង​ក្រៅ​ណាស់។ មាន​តែ​​​បុគ្គលិក​​ខ្មែរ​​ពីរ​បី​នាក់​ប៉ុណ្ណោះ​ដែល​ឃើញ​ចេញ​ចូល»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស Cambodian Authorities Dispute Thai Government’s Account of Scam Compound Rescue in O’Smach

836 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម