សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

យុទ្ធនាការរកយុត្តិធម៌ករណីឃាតកម្ម លោក ឈុត វុទ្ធី៖ កូនខ្មែរមិនភ្លេចលោកទេ ទោះកន្លងផុត៩ឆ្នាំ

សកម្មជនបរិស្ថានលោក ឈុត វុទ្ធី បានចុះពិនិត្យឧទ្យានជាតិបុទុមសាគរក្នុងខេត្តកោះកុងកាលពីថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១២។ ខេមបូចា/ ព្រីង សំរាំង
សកម្មជនបរិស្ថានលោក ឈុត វុទ្ធី បានចុះពិនិត្យឧទ្យានជាតិបុទុមសាគរក្នុងខេត្តកោះកុងកាលពីថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១២។ ខេមបូចា/ ព្រីង សំរាំង

កាលពីថ្ងៃចន្ទ អង្គការសង្គមស៊ីវិលបានលើកឡើងថា រដ្ឋាភិបាលត្រូវតែបញ្ចប់និទណ្ឌភាពនិងស្វែងរកយុត្តិធម៌ពិតប្រាកដជូនលោក ឈុត វុទ្ធី ដែលត្រូវបានបាញ់សម្លាប់ស្របពេលលោកកំពុងស៊ើបអង្កេតការកាប់ឈើខុសច្បាប់កាលពីឆ្នាំ២០១២ ខណៈរូបភាពប្រូហ្វាលហេ្វសប៊ុកត្រូវបានគេប្តូរ ដើម្បីសម្តែងការគោរពចំពោះសកម្មជនបរិស្ថានដ៏ល្បីល្បាញរូបនេះ អំឡុងខួបគម្រប់៩ឆ្នាំនៃមរណភាពរបស់លោក។

មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជាបានចាប់ផ្តើមយុទ្ធនាការដោយចោទជាសំណួរថា តើប្រជាពលរដ្ឋចង់និយាយអ្វីខ្លះទៅកាន់លោក ឈុត វុទ្ធី ដែលជាអ្នកអភិរក្សគ្មានការ ភ័យខ្លាច ហើយជារឿយៗធ្វើឲ្យអាជ្ញាធរមិនសប្បាយចិត្តអស់រយៈពេលជាច្រើនឆ្នាំរហូតដល់លោកត្រូវបានសម្លាប់ដោយមន្រ្តីកងរាជអាវុធហត្ថ ខណៈពេលកំពុងធ្វើដំណើរជាមួយអ្នកយកព័ត៌មានកាសែត ឌឹខេមបូឌា ដេលី នៅតំបន់ជួរភ្នំក្រវាញក្នុងខេត្តកោះកុង។

អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់បានឆ្លើយតបតាមរយៈសារថា៖ «ខ្ញុំចារឈ្មោះលោកលើថ្ម ថាកូនខ្មែរមិនភ្លេចលោកទេ»។

ក្រុមអ្នកឃ្លាំមើលមានការសង្ស័យជាយូរមកហើយចំពោះការបកស្រាយរបស់រដ្ឋាភិ បាល ដែលថា លោក អ៊ិន រតនា បានបាញ់សម្លាប់លោក ឈុត វុទ្ធី ដោយចៃដន្យមុនពេលលោកបាញ់សម្លាប់ខ្លួនឯង អំឡុងពេលមានជម្លោះនៅប៉ុស្តិ៍ត្រួតពិនិត្យដែលកង រាជអាវុធហត្ថនិងទាហានបានរឹបអូសម៉ាស៊ីនថតពីលោក វុទ្ធី និងអ្នកយកព័ត៌មាន។

ក្រុមសង្គមស៊ីវិលបានអំពាវនាវម្តងទៀតឲ្យមានការស៊ើបអង្កេតជាថ្មីទៅលើការស្លាប់នៅមុនថ្ងៃគម្រប់ខួបនៃមរណភាពរបស់លោក ប៉ុន្តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានប្រាប់ខេមបូចាថា គ្មានភស្តុតាងណាមួយ ដើម្បីគាំទ្រដល់ការធ្វើបែបនេះទេ។

លោកស្រី ចក់ សុភាព នាយកប្រតិបតិ្តនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមានប្រសា សន៍ថា៖ «តាមរយៈយុទ្ធនាការរបស់យើងសម្រាប់លោក ឈុត វុទ្ធី យើងសង្ឃឹមថា នឹងរក្សារូបលោកនៅក្នុងស្មារតីរួមរបស់យើង ប៉ុន្តែក៏បង្ហាញពីការដឹងគុណនិងការគោរពរបស់យើងចំពោះសកម្មជនបរិស្ថានដទៃទៀត ដែលប្រថុយជីវិតរបស់ពួកគេដើម្បីប្រយោជន៍ដ៏ធំធេងរបស់ប្រជាជនកម្ពុជា»។

លោកស្រីមានប្រសាសន៍ថា ខណៈព្រៃឈើនៅកម្ពុជានៅតែបន្តត្រូវបានគេកាប់បំផ្លាញ ឆ្នេរសមុទ្រត្រូវបានគេរំលោភយក និង បឹងត្រូវបានគេចាក់ដីលប់ សកម្មជនបរិ ស្ថាន ដែលដើរតាមគំរូរបស់លោក ឈុត វុទ្ធី បន្តប្រឈមនឹងការយាយីតាមផ្លូវតុលា ការ។

លោកស្រីបានមានប្រសាសន៍ថា៖ « ការងារដែលសកម្មជនកំពុងធ្វើនេះគួរតែត្រូវបានគេកោតសរសើរជាជាងរារាំង ហើយសម្លេងរបស់ពួកគេគួរតែត្រូវបានស្តាប់ជាជាងបំបិទមាត់ពួកគេ» ។

ប្រហែល៦ខែ បន្ទាប់ពីលោក ឈុត វុទ្ធី ត្រូវបានសម្លាប់ លោក រ៉ាន់ បូរ័ត្ន សន្តិសុខឯក ជនរបស់ក្រុមហ៊ុនកាប់ឈើ Timber Green ដែលមានវត្តមានជាមួយកងរាជអាវុធហត្ថនិងទាហាន ដែលបានឃាត់ខ្លួនអ្នកការពារបរិស្ថាន ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំចំពោះករណីស្លាប់របស់លោក ឈុត វុទ្ធី។

ទោះយ៉ាងណា លោក ខឹម សុផារី ចៅក្រមសាលាដំបូងខេត្តកោះកុងភា្លមៗនោះបានព្យួរទោសភាគច្រើនដោយគ្មានការពន្យល់ ហើយឃាតករដែលត្រូវបានផ្តន្ទាទោសត្រូវបានដោះលែងឲ្យរួចខ្លួនផងដែរ។

ភរិយារបស់លោក ឈុត វុទ្ធី ដុតធូបក្នុងពិធីបុណ្យសពសកម្មជនបរិស្ថានរូបនេះនៅឯផ្ទះរបស់លោកក្នុងខេត្តកណ្តាលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១២។ ខេមបូចា / បញ្ញា ឆព័ណ្ណ
ភរិយារបស់លោក ឈុត វុទ្ធី ដុតធូបក្នុងពិធីបុណ្យសពសកម្មជនបរិស្ថានរូបនេះនៅឯផ្ទះរបស់លោកក្នុងខេត្តកណ្តាលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១២។ ខេមបូចា / បញ្ញា ឆព័ណ្ណ

កូនប្រុសរបស់ វុទ្ធី គឺលោក ឆឺយ ឧត្តមរស្មី ដែលសព្វថ្ងៃរស់នៅសហរដ្ឋអាមេរិកបាននិយាយថា លោកមានភស្តុតាងថ្មីនិងមានហត្ថលេខា៧ម៉ឺន ដើម្បីបង្ហាញទៅការិយា ល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនិងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។

លោកបាននិយាយថា៖ «ខ្ញុំនៅតែមិនទទួលយកយុត្តិធម៌ដែលផ្តល់ដោយតុលា ការខេត្តកោះកុង។ ខ្ញុំគិតថា មានអ្នកនៅពីក្រោយការបញ្ជាឲ្យសម្លាប់គាត់»។

លោកបានអំពាវនាវឱ្យរដ្ឋាភិបាលបង្ហាញថា តើមន្ត្រីជាន់ខ្ពស់ណាខ្លះ ដែលពាក់ព័ន្ធនឹងករណីនេះ ហើយបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យជួយបញ្ចប់និទណ្ឌភាពនៅប្រទេសកម្ពុជា។

លោកបាននិយាយថា៖ «ខ្ញុំគ្មានជំនឿថា រដ្ឋាភិបាលបច្ចុប្បន្នអាចរកឃើញថានរណាជាឃាតកពិតនោះទេ ពីព្រោះអ្នកទាំងនោះស្និទ្ធនឹងមេដឹកនាំរដ្ឋាភិបាល»។

អាជ្ញាធរបានច្រានចោលការរិះគន់ចំពោះការស៊ើបអង្កេតទៅលើឧប្បត្តិហេតុដែលនាំឱ្យលោក ឈុត វុទ្ធី ទទួលមរណភាព ហើយរហូតមលទល់សព្វថ្ងៃនេះ នៅតែឈរលើសាលក្រមរបស់តុលាការ ដោយអះអាងថា ការរិះគន់ណាមួយ គឺជាផ្នែកមួយនៃរបៀប វារៈនយោបាយ ដើម្បីធ្វើឱ្យប្រទេសកម្ពុជាមានអស្ថិរភាព។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រាប់ខេមបូចាថា៖ «ប្រសិនបើពួក គេនៅតែមិនទទួលយកសេចក្តីសម្រេចនេះ ពួកគេអាចស្វែងរកភស្តុតាងថ្មី ដើម្បីបញ្ជាក់ថា អ្វីដែលប៉ូលីសរកឃើញនោះ គឺមិនត្រឹមត្រូវ» ដោយលោកជំរុញឲ្យសមាជិកគ្រួសារចេញមកហើយដាក់ពាក្យបណ្តឹង។

លោកបានបន្ថែមថា៖ «ពួកគេគ្មានភស្តុតាងណាមួយឡើយ។ ពួកគេគ្រាន់តែចោទ ប្រកាន់និងសង្ស័យ ពីព្រោះពួកគេមិនអាចទទួលយកស្ថានភាពនេះបាន»។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ចំណែកលោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានបដិសេធមិនធ្វើអត្ថាធិប្បាយ។

ជាអ្នកធ្វើយុទ្ធនាការបរិស្ថានដ៏លេចធ្លោ លោក ឈុត វុទ្ធី ធ្លាប់បម្រើការមួយរយៈនៅអង្គការ Global Witness និងអភិរក្សអន្តរជាតិ ប៉ុន្តែតួនាទីរបស់លោកជាស្ថាបនិកនៃក្រុមការពារធនធានធម្មជាតិទៅវិញទេ ដែលធ្វើឱ្យលោកទទួលបានការចាប់អារម្មណ៍បំផុត ក៏ដូចជាការមិនសប្បាយចិត្តផងដែរ។

លោកបានជំរុញឱ្យមានសកម្មភាពផ្តោតលើប្រជាជននិងបានលើកទឹកចិត្តឲ្យមានការល្បាត ទីដែលអ្នកភូមិរាប់រយនាក់បានរឹបអូសរណារ ឃាត់ខ្លួនអ្នកកាប់ឈើនិងបានដុតបំផ្លាញឈើដែលកាប់ដោយខុសច្បាប់រាប់រយម៉ែត្រ។

យោងតាមការប៉ាន់ប្រមាណរបស់ក្រុមតស៊ូមតិ Global Forest Watch នៅចន្លោះឆ្នាំ ២០០១-២០១៨ ប្រទេសកម្ពុជាបានបាត់បង់គម្របព្រៃឈើចំនួន៥៥៧,០០០ហិកតានៅក្នុងតំបន់ការពារ ដែលស្មើនឹងការបាត់បង់១១,៧% នៃព្រៃឈើសរុបនៅតំបន់ការ ពារនិងស្មើអត្រាមួយចំនួននៃអត្រាការកាប់បំផ្លាញព្រៃឈើខ្ពស់បំផុតនៅលើពិភពលោក។

អ្នកឃ្លាំមើលព្រៃឈើពិភពលោកបានកត់សំគាល់ឃើញការកើនឡើងនៃការកាប់បំ ផ្លាញព្រៃឈើនៅតំបន់ការពារព្រៃឡង់ អំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ប៉ុន្តែក្រសួងបរិស្ថាននៃប្រទេសកម្ពុជាបដិសេធរបាយការណ៍នេះថា មិនពិត។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានមានប្រសាសន៍ថា៖ «ស្ថានភាពនៃធនធានធម្មជាតិនៅកម្ពុជាមិនអាក្រក់ដូចក្រុមជនសកម្មជននយោបាយមួយក្តាប់តូចតែងតែលាបពណ៌ បំភ្លៃតាមរយៈការរៀបចំធ្វើយុទ្ធនាការផ្សេងៗដែលជាការធ្វើអាជីវកម្ម រកស៊ីរបស់អង្គការសង្គមស៊ីវិលមួយចំនួនដើម្បីបង្គ្រប់កិច្ចចាយលុយគម្រោងរបស់ម្ចាស់ជំនួយឱ្យអស់ ព្រោះខ្លាចម្ចាស់ជំនួយដកលុយយកទៅវិញទេ»។

ទោះបីជាយ៉ាងណា លោក ហេង ស្រស់ សកម្មជនការពារបរិស្ថានមានប្រសាសន៍ថាអ្នកដើរតាមលោក ឈុត វុទ្ធី នឹងបន្តការងាររបស់ខ្លួន ដើម្បីបង្ហាញការគោរពដល់វីរៈបុរសដែលបានបាត់បង់ជីវិតទៅ។

លោកបាននិយាយថា៖ «យើងជាខ្មែរ យើងមានមោទនភាពដែលលោក ឈុត វុទ្ធី បានលះបង់ជីវិតរបស់លោក ដើម្បីការពារធនធានធម្មជាតិ» ដោយលោកកត់ សម្គាល់ថា ការកាប់ឈើខុសច្បាប់កំពុងកើតមានយ៉ាងអាណាធិបតេយ្យ រួមទាំងនៅតំបន់ការពារព្រៃឡង់ផងដែរ។

លោកបានបន្ថែមថា៖ «យើងអំពាវនាវទៅរដ្ឋាភិបាលកុំបិទខ្ទប់តែប្រជាពលរដ្ឋនៅភ្នំពេញ ប៉ុន្តែត្រូវបិទខ្ទប់ការដឹកជញ្ជូនឈើផងដែរ»៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ ‘Cambodian children won’t forget’: Nine years on, new calls for justice in Chut Wutty murder

243 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម