អ្នកសម្របសម្រួលជនជាតិខ្មែរម្នាក់ដែលបម្រើការឲ្យក្រុមការងារទូរទស្សន៍បរទេសបានទទួលសិទ្ធិជ្រកកោននយោបាយនៅសហរដ្ឋអាមេរិក បន្ទាប់ពីត្រូវបានឃុំខ្លួនក្នុងពន្ធនាគារកាលពីឆ្នាំ២០១៨ ដោយសារលោកជួយការងារផលិតភាពយន្តឯកសារអំពីការជួញដូរផ្លូវភេទលើក្មេងស្រីមិនទាន់គ្រប់អាយុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក រ៉ាត់ រត្នមុនី ធ្លាប់ធ្វើការជាមួយក្រុមការងាររបស់បណ្តាញព័ត៌មានរដ្ឋរុស្ស៊ី RT ដែលក្នុងនោះ លោកបានសម្ភាសន៍ជាមួយស្ត្រីជាម្តាយដែលបានប្រាប់អ្នកសារព័ត៌មានថា ពួកគេបានលក់ព្រហ្មចារីយ៍កូនស្រីរបស់ខ្លួន។ ក្រោយមក នគរបាលបានសាកសួរស្ត្រីជាម្តាយទាំងនោះ ដែលបានបដិសេធសក្ខីកម្មដែលបានផ្តល់នៅចំពោះមុខកាមេរ៉ាកន្លងមក ហើយបានអះអាងថា លោក រត្នមុនី បានផ្តល់ប្រាក់ឲ្យពួកគេ ដើម្បីផ្តល់សក្ខីកម្មទាំងនោះ។
ក្រោយការស៊ើបអង្កេត សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសលោក រត្នមុនី ពីបទញុះញង់ឲ្យមានការរើសអើង។ លោកត្រូវបានដោះលែងពីពន្ធនាគារកាលពីខែធ្នូ ឆ្នាំ២០២០ ហើយប្រហែលមួយឆ្នាំក្រោយមកនៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ លោកបានទៅជួបជុំគ្រួសាររបស់លោកដែលកំពុងរស់នៅជាជនភៀសខ្លួននៅក្នុងប្រទេសថៃ ។
នៅខែកុម្ភៈឆ្នាំនេះ គ្រួសាររបស់លោកបានទៅតាំងទីលំថ្មីនៅរដ្ឋញូម៉ិកស៊ីកូ សហរដ្ឋអាមេរិក។ បើទោះបីជាលោក រត្នមុនី បដិសេធមិនធ្វើអត្ថាធិប្បាយជាមួយ ខេមបូចាក៏ដោយ ក៏អ្នកស្រី ឡុង គីមហ៊ាង ដែលជាភរិយារបស់លោកបាននិយាយទៅកាន់អ្នកសារព័ត៌មានកាលពីសប្តាហ៍មុនតាមរយៈបណ្តាញសង្គម។ ទោះបីជាអ្នកស្រីថា ប្តីរបស់អ្នកស្រីកំពុងព្យាយាមរក្សាភាពស្ងប់ស្ងាត់នៅពេលនេះក៏ដោយ ក៏អ្នកស្រី គីមហ៊ាង បាននិយាយអំពីបញ្ហាប្រឈមរបស់គ្រួសារចាប់តាំងពីការចាប់ខ្លួនលោក រត្នមុន្នី ។ ឥឡូវនេះ អ្នកស្រីមានសុទិដ្ឋិនិយមអំពីអនាគតរបស់គ្រួសារ។
អ្នកស្រី គីមហ៊ាង បាននិយាយថា៖ «គ្រួសារខ្ញុំនិងខ្ញុំបានភៀសខ្លួនទៅសហរដ្ឋអាមេរិក ដោយសារយើងនៅតែបារម្ភថា យើងមិនអាចធ្វើការងារនៅកម្ពុជាបាន ដោយសារតុលាការមិនបានទម្លាក់បទចោទប្រកាន់លើប្តីខ្ញុំ»។
អ្នកស្រី គីមហ៊ាង បានប្រាប់អ្នកសារព័ត៌មានក្នុងឆ្នាំ២០១៩ ថា អ្នកស្រីបានចាកចេញពីប្រទេសកម្ពុជាទៅប្រទេសថៃកាលពីខែឧសភាឆ្នាំនោះ។ អ្នកស្រីបានអះអាងថា នៅពេលនោះ អ្នកស្រីត្រូវបានមន្ត្រីក្រសួងមហាផ្ទៃមិនបញ្ចេញឈ្មោះម្នាក់គំរាមចាប់ខ្លួន ដែលអ្នកស្រី គីមហ៊ាង បាននិយាយថា កំពុងព្យាយាមបញ្ឈប់អ្នកស្រីមិនឲ្យធ្វើការតវ៉ាទាមទារឲ្យមានការដោះលែងប្តីរបស់អ្នកស្រី។

បន្ទាប់ពីបានទៅដល់សហរដ្ឋអាមេរិកកាលពីខែមុន អ្នកស្រី គីមហ៊ាង បាននិយាយថា គ្រួសារអ្នកស្រីកំពុងធ្វើការជាមួយអង្គការភ្នាក់ងាររៀបចំការតាំងទីលំនៅថ្មី ដើម្បីដំណើរការឯកសារដើម្បីទទួលបានសេវាសាធារណៈ និងស្វែងរកការងារធ្វើ។ អ្នកស្រីបានប្រាប់ខេមបូចាថា គ្រួសារអ្នកស្រីបានទទួល «ប្រាក់ស្វាគមន៍» ដើម្បីរ៉ាប់រងការចំណាយប្រចាំថ្ងៃសម្រាប់រយៈពេល៤ខែដំបូងបន្ថែមលើកញ្ចប់ទឹកប្រាក់៦០០ដុល្លារ ក្នុងមួយខែ ដែលនឹងបន្តដំណើរការសម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ។
ពេលនេះ លោក រត្នមុនី កំពុងធ្វើការក្រៅម៉ោងនៅក្នុងហាងស្រាមួយកន្លែងក្នុងរដ្ឋញូម៉ិកស៊ីកូ ខណៈដែលអ្នកស្រី គីមហ៊ាង រង់ចាំទទួលលេខសន្តិសុខសង្គមពីរដ្ឋាភិបាលដើម្បីបានការងារធ្វើ។
អ្នកស្រីបាននិយាយថា កូនប្រុសរបស់អ្នកស្រីនឹងចុះឈ្មោះចូលរៀននៅចុងខែមីនានេះ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបដិសេធមិនធ្វើអត្ថាធិប្បាយ ដោយបានប្រាប់ខេមបូចាឲ្យពិនិត្យមើលសេចក្តីថ្លែងការណ៍របស់អគ្គស្នងការនគរ បាលជាតិដែលថា អ្នកស្រី គីមហ៊ាង បាន «ញុះញង់ពលរដ្ឋខ្មែរឲ្យឈប់គាំទ្ររដ្ឋាភិបាល» នៅក្នុងបទសម្ភាសមួយកាលពីថ្ងៃអាទិត្យជាមួយវិទ្យុអាស៊ីសេរីដែលគាំទ្រដោយរដ្ឋាភិបាលអាមេរិក។
អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា៖ « [យើង] ចាត់ទុកបទសម្ភាសន៍នេះថា មានការរៀបចំក្នុងចេតនាទុច្ចរិត បង្កការភ័នច្រឡំ និងញុះញង់ឲ្យមានការរើសអើងប្រឆាំងនឹងរដ្ឋាភិបាល ដើម្បីកេងចំណេញនយោបាយនិងបង្កអស្ថិរភាពនៅក្នុងប្រទេសកម្ពុជា»។
អ្នកស្រី គីមហ៊ាង បាននិយាយនៅក្នុងបទសម្ភាសន៍អំពីស្វាមីរបស់អ្នកស្រីនិងការមកដល់សហរដ្ឋអាមេរិកហើយបានរិះគន់ការរឹតត្បិតរបស់រដ្ឋាភិបាលកម្ពុជាលើការបញ្ចេញមតិ។
ដំណើរដ៏វែងឆ្ងាយក្នុងការស្វែងរកសិទ្ធិជ្រកកោន
ទោះបីជានៅពេលនេះ អនាគតរបស់គ្រួសារអ្នកស្រីហាក់ដូចជាភ្លឺស្វាងជាងមុននៅ សហរដ្ឋអាមេរិកក៏ដោយ ក៏អ្នកស្រី គីមហ៊ាង បាននិយាយថា ពួកគាត់ជួបការលំបាកអំឡុងពេលរស់នៅប្រទេសថៃ។
អ្នកស្រីបាននិយាយថា៖ «រដ្ឋាភិបាលថៃមិនបានផ្តល់សិទ្ធិគ្រប់គ្រាន់ដល់ជនភៀសខ្លួនក្នុងប្រទេសថៃឲ្យមានសេរីភាពពេញលេញក្នុងការធ្វើដំណើរនោះទេ»។
អ្នកស្រីបានបន្តថា៖ «នៅពេលយើងដើរទៅណាមកណា យើងត្រូវមានឯកសារគ្រប់គ្រាន់ ដូចជាលិខិតឆ្លងដែន ឬបណ្ណការងារជាដើម។ ពេលខ្លះនគរបាលអន្តោប្រវេសន៍បានពិនិត្យឯកសាររបស់យើង ដូច្នេះយើងបន្តប្រឈមមុខនឹងការចាប់ខ្លួន ឬត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ បើទោះជាយើងបង្ហាញកាតរបស់ UN ក៏ដោយ នោះជាបញ្ហាប្រឈមរបស់យើង»។
ទោះបីជា UNHCR បានទទួលស្គាល់ជាផ្លូវការនិងចាត់ទុកគ្រួសាររបស់អ្នកស្រីថាជាជនភៀសខ្លួនក៏ដោយ ក៏ប្រទេសថៃមិនមែនជាភាគីនៃអនុសញ្ញាជនភៀសខ្លួនឆ្នាំ១៩៥១ និងមិនមានក្របខ័ណ្ឌច្បាប់ជាក់លាក់ណាមួយដើម្បីទទួលជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោននោះឡើយ។
ដូចនេះ ពលរដ្ឋទាំងនេះអាចនឹងត្រូវបានចាត់ទុកជាជនបរទេសខុសច្បាប់។ យោងតាមសេចក្តីថ្លែងការណ៍របស់ UNHCR ប្រសិនបើគ្រួសារដូចជាអ្នកស្រី គីមហ៊ាង ត្រូវបានរកឃើញដោយគ្មានទិដ្ឋាការត្រឹមត្រូវ ពួកគាត់អាចប្រឈមនឹងការចាប់ខ្លួន ការកាត់ទោស និងការឃុំខ្លួនក្រោមច្បាប់អន្តោប្រវេសន៍ ដោយមិនគិតពីឋានៈរបស់ពួកគេដែលផ្តល់ឲ្យដោយអង្គការសហប្រជាជាតិនោះទេ។
អ្នកស្រី គីមហ៊ាង បាននិយាយថា៖ «នៅពេលយើងស្វែងរកសេវាសុខភាពដោយបង្ហាញកាតអង្គការសហប្រជាជាតិ ពួកគេមិនបានទទួលស្គាល់ទេ ពួកគេទាមទារលិខិតឆ្លងដែន ខណៈដែលលិខិតឆ្លងដែនរបស់យើងផុតកំណត់»។
អ្នកស្រីបន្ថែមថា៖ «កូនប្រុសខ្ញុំនិងខ្ញុំស្នាក់នៅតែក្នុងផ្ទះ។ យើងមិនហ៊ានដើរចេញដោយសេរីទេ ហើយយើងច្រើនតែចេញទៅក្រៅពេលមានបញ្ហាបន្ទាន់»។
អ្នកស្រីបាននិយាយទៀតថា ប្តីរបស់អ្នកស្រីបានឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់កាលពីឆ្នាំ២០២១ ជាមួយពលករចំណាកស្រុក ដោយសារលិខិតឆ្លងដែននិងអត្តសញ្ញាណបណ្ណខ្មែរត្រូវបានដកហូត។ អ្នកស្រី គីមហ៊ាង បាននិយាយថា ស្វាមីរបស់អ្នកស្រីបានព្យាយាមឆ្លងដែននៅខែធ្នូ ឆ្នាំ២០១៨ មុនពេលគាត់ជាប់ពន្ធនាគារ។
ទោះបីជាយ៉ាងណា នគរបាលបានចាប់ខ្លួនគាត់ហើយបញ្ជូនគាត់ត្រឡប់ទៅឲ្យអាជ្ញាធរកម្ពុជាវិញ ដោយហាមឃាត់គាត់មិនឲ្យត្រឡប់ទៅប្រទេសថៃរយៈពេល៥ឆ្នាំ។
រយៈពេលបីខែបន្ទាប់ពីលោកបានត្រឡប់ទៅប្រទេសថៃវិញ លោកត្រូវបាន UNHCR ផ្តល់ឋានៈជាជនភៀសខ្លួន។ ប៉ុន្តែលោកនៅតែលាក់ខ្លួនដោយខ្លាចនគរបាលអន្តោប្រវេសន៍ចាប់ខ្លួន។
លោក ស៊ឹង សែនករុណា មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុកបានមានប្រសាសន៍ថា រដ្ឋាភិបាលតែងតែការពារខ្លួនពីការរិះគន់រិះគន់។ លោកមើលឃើញថា និន្នាការនេះកើតមាននៅក្នុងរឿងក្តីប្រឆាំងនឹងលោក រត្នមុនី ហើយបាននិយាយថា លោករីករាយដែលក្រុមគ្រួសាររបស់លោក រត្នមុនី បានទទួលសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក។
លោក សែនករុណា មានប្រសាសន៍ថា៖ «ដូចដែលយើងបានដឹងហើយថា រដ្ឋាភិបាលតែងតែបដិសេធនៅពេលដែលពួកគេ [ជនរងគ្រោះ] បាននិយាយថា មានអ្វីកើតឡើងចំពោះពួកគេឬពាក់ព័ន្ធនឹងស្ថានភាពនៅក្នុងប្រទេសកម្ពុជា»។
លោកបានបន្ថែមថា៖ «ករណីរបស់គាត់គឺជារឿងអយុត្តិធម៌តាំងពីដំបូង»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodian documentary fixer finds asylum in the U.S.