លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសន្យាថា ១០០ភាគរយនៃប្រជាពលរដ្ឋ ដែលរស់នៅតាមក្រុង និងទីប្រជុំជននានានៅក្នុងប្រទេសកម្ពុជានឹងមានទឹកស្អាតប្រើប្រាស់នៅត្រឹមឆ្នាំ២០២៥។
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងកាលពីថ្ងៃចន្ទ លោក ហ៊ុន សែន បានថ្លែងថា រោងចក្រនេះ គឺជាជំហានដំបូងក្នុងការដោះស្រាយបញ្ហាផ្គត់ផ្គង់ទឹកក្នុងប្រទេស។ រោងចក្រទីពីរគ្រោងនឹងបើកដំណើរការនៅឆ្នាំ២០២៤ ហើយរដ្ឋាភិបាលកំពុងស្វែងរកជំនួយហិរញ្ញវត្ថុបន្ថែមទៀត ដើម្បីសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតច្រើនទៀត។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា៖ «សម្រាប់ប្រទេសដែលមានសង្គ្រាម គឺមានតែការបំផ្លិចបំផ្លាញ ប៉ុន្តែឥឡូវ សមិទ្ធផលនៅទីនេះអាចនិយាយបានថា ជាសមិទ្ធផលដ៏អស្ចារ្យដូចឯកឧត្តម ចម ប្រសិទ្ធ បានប្រាប់ខ្ញុំអីចឹង។ វា[រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត] គឺជាសមិទ្ធិផលប្រវត្តិសាស្ត្រដែលមិនធ្លាប់មានពីមុនមក ហើយ[កម្ពុជា]មិនមានការផ្គត់ផ្គង់ទឹកស្អាត [បែបនេះ]អស់រយៈពេលជាង១០០ឆ្នាំមកហើយ»។
រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ចំណាយថវិកាសាងសង់អស់២៤៧លានដុល្លារ។ ក្រៅពីថវិការបស់រដ្ឋាភិបាលកម្ពុជា សហភាពអឺរ៉ុបបានផ្តល់អំណោយចំនួន១៥លានដុល្លារ។ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងធនាគារវិនិយោគអឺរ៉ុបបានផ្តល់ ប្រាក់កម្ចីដល់កម្ពុជាសម្រាប់ចំណែកដែលនៅសល់។
រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតទី២ នឹងត្រូវចំណាយថវិកាប្រមាណ៣៨១លានដុល្លារអាមេរិក ចំណែកថ្លៃចំណាយលើគម្រោងសាងសង់រោងចក្រទី៣ កំពុងស្ថិតក្នុងការចរចានៅឡើយ។
ការសម្ពោធដាក់ឱ្យប្រើរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតថ្មីនេះ ធ្វើឡើង បន្ទាប់ពីមានការខ្វះខាតទឹកជាច្រើនឆ្នាំ ជាពិសេសនៅតំបន់ជាយក្រុង និងតាមបុរីនានាក្នុងរាជធានីភ្នំពេញអំឡុងរដូវប្រាំង។
របាយការណ៍របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបញ្ជាក់ថា មានការខ្វះខាតទឹកស្អាតក្នុងទីក្រុងចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០២៣។ តម្រូវការទឹកបានកើនឡើងដល់ជាង ៨៩០ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃក្នុងឆ្នាំ២០២៣ ខណៈដែលសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកមានត្រឹមតែ ៦៥០ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។
របាយការណ៍ដដែលបញ្ជាក់ថា នៅឆ្នាំ២០២៤ ប្រជាពលរដ្ឋរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់ ព្រោះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងអាចផលិតទឹកស្អាតបានជាង១លានម៉ែត្រគូបក្នុងមួយថ្ងៃ។
![](https://b1949157.smushcdn.com/1949157/wp-content/uploads/2023/06/PSR_3894.jpg?lossy=1&strip=0&webp=1)
លោក ឡុង ណារ៉ូ ប្រធានរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មិនអាចទាក់ទងសុំការបំភ្លឺបានទេ។
លោក ហ៊ុន សែន មានប្រសាសន៍ថា ទោះបីជាកម្ពុជាកំពុងអភិវឌ្ឍប្រព័ន្ធទឹកនិងអគ្គិសនីឱ្យកាន់តែទូលំទូលាយក៏ដោយ ក៏ការប្រើប្រាស់នៅក្នុងប្រទេសកម្ពុជានៅតែបន្តកើនឡើង ខណៈដែលចំនួនប្រជាជនកើនឡើង។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្ញុំអាចនិយាយបានថា អតុល្យភាពនៃតម្រូវការទឹកស្អាតនៅតែកើតមាន ហេតុដូច្នេះហើយបានជាយើងត្រូវបន្តការសាងសង់ ដើម្បីបំពេញតម្រូវការ»។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា រដ្ឋាភិបាលបានចាត់ទុកគោលនយោបាយទឹកសម្រាប់ពលរដ្ឋក្រីក្រ ដែលក្នុងនោះ អ្នកដែលប្រើប្រាស់ទឹករហូតដល់ ៧ម៉ែត្រគូបនឹងត្រូវគិតថ្លៃតែ៤០០រៀលប៉ុណ្ណោះក្នុងមួយម៉ែត្រគូប។ អ្នកដែលប្រើពី៨ទៅ១៥ម៉ែត្រគូបនឹងត្រូវគិតថ្លៃខ្ពស់ជាងនេះ គឺ៧២០រៀលក្នុងមួយម៉ែត្រគូប។
លោកបន្តថា ប្រសិនបើកម្ពុជាគ្មានសមត្ថភាពផ្គត់ផ្គង់ទឹក នោះនឹងមិនមានអគារខ្ពស់ៗនោះទេ។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «ខ្ញុំជឿជាក់ថា ដោយមានទឹកប្រើប្រាស់នៅពេលនេះ បូកនឹងទឹកដែលមាននៅឆ្នាំក្រោយ វានឹងដោះស្រាយបញ្ហាទឹកនៅតាមបុរី ដែលកំពុងបន្តសាងសង់ និងកាត់បន្ថយការជីកអណ្តូង»។
អ្នកស្រី សួន រ៉ាមី ប្រជាពលរដ្ឋនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មានប្រសាសន៍ថា គ្មានទឹកស្អាតនៅតំបន់របស់អ្នកស្រី អំឡុងរដូវប្រាំង ដែលនេះជាបញ្ហាប្រឈមសម្រាប់គ្រួសារអ្នកស្រី។ អ្នកស្រីរំពឹងថា រោងចក្រប្រព្រឹត្តិទឹកស្អាតបាក់ខែង នឹងជួយដោះស្រាយបញ្ហាកង្វះទឹកនៅតំបន់ជាយក្រុងក្នុងរដូវប្រាំងខាងមុខ។
អ្នកស្រីបន្តថា៖ «រដូវប្រាំងឆ្នាំទៅ មុនចូលឆ្នាំថ្មី អត់មានទឹកទេ។ វាពិបាកណាស់យើងបារម្ភ ប៉ុន្តែដោយមានរោងចក្រផលិតទឹកថ្មី ខ្ញុំសង្ឃឹមថា យើងនឹងមានទឹកគ្រប់គ្រាន់»។
លោក សឿង សារ៉ន នាយកប្រតិបត្តិសមាគមធាងត្នោត (STT) មានប្រសាសន៍ថា លោកគិតថា រដ្ឋាភិបាលកំពុងខិតខំផ្តល់ទឹកស្អាតដល់រាជធានីភ្នំពេញ។
លោកបន្តថា រដ្ឋាករទឹកស្វយ័ត និងក្រសួងពាក់ព័ន្ធ ទទួលខុសត្រូវពិនិត្យមើលរាល់គម្រោងសាងសង់ ដូចជា បុរី ដើម្បីដឹងថា កម្រិតនៃការផ្គត់ផ្គង់ទឹកអាចឆ្លើយតបនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ។
លោក សារ៉ន បានមានប្រសាសន៍ថា៖ «គួរតែមានការកំណត់ជាក់លាក់មួយ ដើម្បីចៀសវាងការបង្កើនបរិមាណប្រើប្រាស់ ខណៈដែលសមត្ថភាពផ្គត់ផ្គង់ទឹកមានកម្រិត ដូច្នេះ[រដ្ឋាភិបាល]គួរតែពិគ្រោះជាមួយភាគីពាក់ព័ន្ធអំពីការផ្គត់ផ្គង់ទឹក»។
លោក យ៉ង គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពជឿថា ការបង្កើតរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនៅកម្ពុជា គឺជាសមិទ្ធផលដែលគួរឱ្យស្វាគមន៍។
លោកបានបន្តថា ប៉ុន្តែអ្វីដែលសំខាន់ ដើម្បីពិចារណានោះគឺថាតើរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតអាចបំពេញតម្រូវការរបស់ប្រជាពលរដ្ឋបានឬអត់។ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតប្រឈមនឹងហានិភ័យធំនៃការខ្វះខាតទឹក ជាពិសេសនៅរដូវប្រាំង ប្រសិនបើទឹកស្រកចុះ ឬរីងស្ងួតតាមដងទន្លេមេគង្គនិងទន្លេសាប។
លោក គិមអេង មានប្រសាសន៍ថា៖ «ទន្លេមេគង្គ ឬទន្លេសាប កំពុងប្រឈមនឹងភាពរីងស្ងួត ហើយមិនអាចប្រើប្រាស់សម្រាប់ផលិតទឹកស្អាតបានទេ ដែលនេះ គឺជាបញ្ហាប្រឈមដ៏ធំ»។
លោក គិមអេង បានថ្លែងថា ការខ្វះខាតទឹកនៅតាមបុរីមួយចំនួន ជាពិសេសអគារដែលទើបនឹងសាងសង់ថ្មី កើតឡើងស្ទើរតែរាល់ថ្ងៃនៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញមួយចំនួន។ លោកបន្តថា ម្ចាស់គម្រោងបុរីទាំងអស់គួរតែសហការជាមួយរដ្ឋាករទឹកស្វយ័ត ដើម្បីឱ្យរដ្ឋអាចពិចារណាពីលទ្ធភាពនៃការបង្កើតប្រព័ន្ធទឹកស្អាត ដើម្បីបំពេញតម្រូវការក្នុងតំបន់។
លោក គិមអេង បានបន្ថែមថា៖ «រដ្ឋាភិបាលត្រូវសិក្សាពីការរីកលូតលាស់បុរីនៅពេលអនាគត រួមទាំងកន្លែងណា ដែលត្រូវការទឹក និងភ្លើងចាំបាច់ និងថា តើផ្តល់ជូនពួកគាត់តាមរបៀបណា»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodian Government Promises Cities 100% Clean Water by 2025