សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្ពុជាបដិសេធការរិះគន់របស់UN ចំពោះអនុក្រឹត្យស្តីពីច្រកទ្វារអ៊ីនធឺណិតជាតិ

បុរសម្នាក់បើកបរឆ្លងកាត់មុខក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៅលើមហាវិថីព្រះមុនីវង្សក្នុងរាជធានីភ្នំពេញ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
បុរសម្នាក់បើកបរឆ្លងកាត់មុខក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៅលើមហាវិថីព្រះមុនីវង្សក្នុងរាជធានីភ្នំពេញ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

រដ្ឋាភិបាលកម្ពុជាបានការពារអនុក្រឹត្យស្តីពីច្រកទ្វារអ៊ិនធឺណិតជាតិ បន្ទាប់ពីអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ៣នាក់បានសម្តែងការព្រួយបារម្ភដោយនិយាយថា ច្បាប់នេះអាចត្រូវបានប្រើដើម្បីបង្ក្រាបសេរីភាពបញ្ចេញមតិតាមអ៊ិនធឺណិត។

នៅក្នុងលិខិតចុះថ្ងៃទី២៤ ខែឧសភានិងចេញផ្សាយនៅថ្ងៃចន្ទ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិបានលើកឡើងថា ការរិះគន់នេះគឺជាការសន្មត់គ្មានមូលដ្ឋានហើយបានអះអាងថា គោលបំណងចម្បងរបស់ច្រកទ្វារអ៊ិនធឺណិតជាតិ (NIG) គឺដើម្បីប្រមូលចំណូលនិងទប់ស្កាត់សកម្មភាពបទល្មើសផ្សេងៗ។

លិខិតនេះបានបញ្ជាក់ថា៖ «ព័ត៌មានដែលថា អនុក្រឹត្យនេះអនុញ្ញាតឱ្យអាជ្ញាធរកម្ពុជាត្រួតពិនិត្យនិងតាមដានសកម្មភាពតាមបណ្តាញអ៊ីនធឺណិតនិងត្រួតពិនិត្យការទំនាក់ ទំនងតាមប្រព័ន្ធឌីជីថលនោះ គឺជាការស្រមើស្រមៃនិងត្រូវបានធ្វើឡើងដោយគ្មានការទទួលខុសត្រូវ ប្រឆាំងនឹងរដ្ឋអធិបតេយ្យដោយការសន្និដ្ឋានគ្មានមូលដ្ឋាន» ។

អតីតអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា អ្នករាយការណ៍ពិសេសស្តីពីសេរីភាពនៃការបញ្ចេញមតិនិងអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិឯកជនបានផ្ញើលិខិតមួយច្បាប់ទៅកាន់ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គ ការសហប្រជាជាតិកាលពីខែមេសា ដោយស្នើឲ្យរដ្ឋាភិបាលបន្ថែមមាត្រាខ្លះក្នុងអនុ ក្រឹត្យនេះ ដែលការពារសេរីភាពនៃការបញ្ចេញមតិនិងភាពឯកជនភាពរបស់បុគ្គល។

អ្នករាយការណ៍ពិសេសបានសរសេរថា៖ «យើងបារម្ភថា កង្វះវិធានការបែបនេះ បង្កហានិភ័យដល់សេរីភាពជាមូលដ្ឋានរបស់បុគ្គល ដូចជាសេរីភាពក្នុងការបញ្ចេញមតិនិងសិទ្ធិឯកជនភាព ហើយអាចប៉ះពាល់ដល់ព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗដោយគ្មានការយល់ព្រម ដែលផ្ទុយនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិនិងច្បាប់កម្ពុជា» ដោយទទូចឱ្យរដ្ឋាភិបាលពិនិត្យឡើងវិញនូវអនុក្រឹត្យនេះហើយធ្វើវាឲ្យស្របតាមស្តង់ដាសិទ្ធិមនុស្សអន្តរជាតិ។ ការិយាល័យឧត្តមស្នងសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានផ្សព្វផ្សាយទាំងលិខិតរួមនិងលិខិតឆ្លើយតបរបស់រដ្ឋាភិបាលកាលពីថ្ងៃចន្ទ។

យោងតាមអនុក្រឹត្យនេះ ច្រកទ្វារអ៊ិនធឺណិតជាតិ នឹងតម្រូវឱ្យប្រតិបត្តិករឬ ISP ផ្តល់របាយការណ៍ប្រចាំខែ ប្រចាំត្រីមាសនិងប្រចាំឆ្នាំដល់រដ្ឋាភិបាលនិងផ្តល់សិទ្ធិឱ្យរដ្ឋាភិបាលត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញនិងគ្រឿងសម្ភារៈបរិក្ខាររបស់ក្រុមហ៊ុន។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលមានប្រសាសន៍ថា រដ្ឋាភិបាលមានការទទួលខុសត្រូវក្នុងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា ព្រមទាំងការពារទិន្នន័យផងដែរ។

លោកមានប្រសាសន៍ថា៖«ការព្រួយបារម្ភនេះ  ត្រូវបានធ្វើឡើងដោយហេតុផលនយោបាយនិងជាលក្ខណៈបុគ្គល ពីព្រោះអង្គការសហប្រជាជាតិគ្មានសិទ្ធិជ្រៀត ជ្រែកក្នុងរឿងនេះទេ។ កម្ពុជាជារដ្ឋអធិបតេយ្យ ដែលអាចធ្វើអ្វីៗ ដើម្បីប្រយោជន៍ដល់ប្រទេសជាតិ ដោយអនុលោមតាមគោលការណ៍អន្តរជាតិ»

កាលពីខែមុន នៅក្នុងវេទិកាស្តីពីសេរីភាពសារព័ត៌មានពិភពលោក លោក Vitit Muntarbhorn ជាប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ ដែលទើបត្រូវបានតែងតាំងថ្មីបានសម្តែងការព្រួយបារម្ភស្រដៀងគ្នានេះដែរចំពោះ ច្រកទ្វារអ៊ិនធឺណិតជាតិ ដោយលោកមានប្រសាសន៍ថា៖ «ប្រសិនបើអាជ្ញាធររបស់អ្នកអនុវត្តការរឹតត្បិតលើសិទ្ធិទទួលរបស់អ្នកក្នុងការទទួលបានព័ត៌មានជាសាធារណៈ ដូច្នេះអាជ្ញាធរ [ បានធ្វើ ] ផ្ទុយនឹងការគោរពតាមបទដ្ឋានអន្តរជាតិ ដូចជាភាពស្របច្បាប់ ភាពចាំបាច់និងធម្មនុញ្ញភាព»

ក្រុមអ្នករិះគន់និយាយថា អនុក្រឹត្យនេះនឹងផ្តល់លទ្ធភាពដល់រដ្ឋាភិបាលក្នុងការឃ្លាំមើលសកម្មភាពរបស់អ្នកប្រើប្រាស់និងត្រួតពិនិត្យខ្លឹមសារ ដោយអនុញ្ញាតឱ្យមន្ត្រីធ្វើការគ្រប់គ្រងលើលំហូរព័ត៌មាន។

លោកស្រី ចក់ សុភាព នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានមានប្រ សាសន៍ថា ច្បាប់ណាមួយគួរតែគោរពតាមគោលការណ៍សិទ្ធិមនុស្សជាមូលដ្ឋាន ខណៈរដ្ឋាភិបាលបានដាក់ចេញនូវច្បាប់ជាច្រើន ដែលរឹតត្បិតសិទ្ធិនិងសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។

លោកស្រីបានមានប្រសាសន៍ថា៖ «ដើម្បីការពារឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតរដ្ឋាភិបាលកន្លងមកបានណែនាំឲ្យប្រើច្បាប់ទូរគមនាគមន៍ ហើយយើងឃើញផែន ការរដ្ឋាភិបាលក្នុងការដាក់ឲ្យប្រើច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យា។ យើងមិនដឹងថានឹងមានច្បាប់ប៉ុន្មានទៀតត្រូវបានណែនាំឲ្យប្រើទាក់ទងនឹងអ៊ីនធឺណិតនោះទេ» ដោយបន្ថែមថា«ច្បាប់គួរតែគ្របដណ្តប់លើបទល្មើសបច្ចេកវិទ្យាប៉ុណ្ណោះ ប៉ុន្តែប្រសិនបើយើងក្រឡេកមើលច្បាប់របស់ NIG វាមានលក្ខណៈទូលំទូលាយនិងគ្របដណ្តប់លើសិទ្ធិនិងសេរី ភាពនៃការបញ្ចេញមតិ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodian government refutes UN criticisms of internet gateway law

244 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម